ជីវិតត្រូវដើរទៅមុខ

មានពាក្យពីរឃ្លាដែលខ្ញុំបានលឺពីមនុស្សពីរនាក់ផ្សេងគ្នា ហើយដែលខ្ញុំតែងចងចាំនិងដាស់តឿនខ្លួនឯង។
ទីមួយ បងប្រុសខ្ញុំថ្ងៃមួយបានប្រាប់ថា “នៅលើលោកនេះគ្មានអ្វីដែលថិតថេរជារៀងរហូតនោះទេ មិនយូរមិនឆាប់វានឹងបាត់បង់ពីលើលោកនេះ”។ ពាក្យនេះ ខ្ញុំបានឮពេលខ្ញុំនៅតូចនៅឡើយ អាយុប្រហែល ៥ឬ៦ឆ្នាំ។ ពេលលឺដំបូង ខ្ញុំមិនយល់ស្របនោះទេ ព្រោះខ្ញុំយល់ថាយ៉ាងហោចណាស់ក៏មានរបស់ខ្លះលើផែនដីដែលមិនបាត់ទៅណា។ តែក្រោយពីស្តាប់សេចក្តីពន្យល់របស់គាត់ហើយ ខ្ញុំក៏យល់ស្រប ហើយតែងប្រើទស្សនៈមួយនេះលួងចិត្តខ្លួនឯង រាល់ពេលដែលខ្ញុំបាត់បង់អ្វីមួយ។ ពីថ្ងៃនោះមក ខ្ញុំតែងប្រាប់ខ្លួនឯងថា វាជាធម្មជាតិឬរឿងធម្មតាដែលគ្រប់វត្ថុឬរបស់ទាំងអស់ត្រូវបាត់បង់ឬរលាយបាត់ពីផែនដី ហេតុនេះពុំគួរតូចចិត្តនោះទេ។ មិនថាតែវត្ថុ សូម្បីតែការចងចាំ សេចក្តីទុកចិត្ត មនុស្ស មិត្តភាព ឬ អ្វីផ្សេងទៀត ក៏អាចរាប់ចូលបានដែរ។ ហេតុដូចនេះ ចូរអ្នកកុំតូចចិត្តតូចថ្លើមធ្វើអ្វី នៅពេលណាដែលអ្នកបាត់បង់អ្វីមួយសំខាន់ចេញពីជីវិតអ្នក។ វាមិនមែនកើតទៅលើអ្នកតែម្នាក់នោះទេ តែវាកើតទៅលើគ្រប់វត្ថុ សត្វ និងមនុស្សដទៃទៀតដែរ ដូច្នេះគួរណាតែធ្វើចិត្តអោយហើយនៅពេលអ្នកយល់ថាអ្វីមួយបាននឹងកំពុងបាត់បង់។

ទីពីរ ថ្ងៃមួយ នៅពេលដែលមិត្តភក្តិបរទេសជិតស្និទ្ធខ្ញុំរៀនចប់ហើជិតដល់ពេលត្រលប់ទៅស្រុកវិញ ខ្ញុំបានសួរវាថា “ពេលឯងត្រលប់ទៅវិញ ហើយលែងបានជួបគ្នារាល់ថ្ងៃដូចសព្វដង ខ្ញុំគិតថាខ្ញុំធ្វើមិនបានទេ មិនដឹងថារស់ម៉េចទេ?” វាក៏ឆ្លើយមកវិញថា “ត្រូវដើរទៅមុខ ជីវិតវាយ៉ាងនេះឯង។ ថ្ងៃនេះឯងស្គាល់ខ្ញុំ ថ្ងៃក្រោយឯងនឹងស្គាល់អ្នកផ្សេងទៀត ហើយក្លាយជាមិត្តនឹងគ្នាដូចដែលពេលយើងទើបស្គាល់គ្នាដំបូងអញ្ចឹង”។ ពេលនោះខ្ញុំហាក់ដូចជាមិនសូវជឿ ហើយយល់ថា ហេតុអ្វីត្រូវបន្តទៅមុខរហូត ហេតុអ្វីមិនប្រឹងរក្សារបស់ដែលមានឬរបស់ចាស់រហូត។ តែមួយឆ្នាំក្រោយ ខ្ញុំក៏យល់សម្តីវា ហើយស្របថា ជីវិតមនុស្សពិតជាត្រូវបន្តទៅមុខរហូតមែន។ មិនមែនថាត្រូវបោះរបស់ចាស់ចោលរហូតនោះទេ តែដល់ចំនុចណាមួយដែលយើងអស់លទ្ធភាពឬពុំមានលទ្ធភាពនឹងថែរក្សាវា គួរណាទទួលយកការពិតហើយបើកចិត្តអោយទូលាយមើលពិភពលោកក្នុងផ្លូវល្អ ពេលនោះអ្នកនឹងស្វែងរកឃើញផ្លូវថ្មីមួយជំនួសផ្លូវចាស់ដែលបានបាត់បង់នោះមិនខាន។

មិនដឹងថាអ្នកយល់ស្របនឹងការគិតទាំងនេះឬអត់ទេ តែនេះគ្រាន់តែជាការចែករំលែកនូវផ្នត់គំនិតនិងបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ អេវ៉ាំង ខ័ណ្ឌចប់។ ^^

Advertisements

តំណ​ចូល​ទៅ​កាន់​ទី​ផ្ទុក​រូប​ថត​ យក់​ ឋិត​រដ្ឋា​ ដែល​ខ្ញុំ​ខំ​សន្សំ​បាន​

Yuk Thet Ratha

មិត្ត​ភក្តិ​ខ្ញុំ​ ក៏​ដូច​ជា​អ្នក​នៅ​ជុំ​វិញ​ខ្ញុំ​ អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ ថា​ខ្ញុំ​នេះ​ជា​ចៃ​(អ្នក​គាំ​ទ្រ​)អ្នក​ចម្រៀង​ស្រី​ យក់​ ឋិត​រដ្ឋា​ តាំង​ពី​ដើម​រៀង​មក​។ 😀
មិន​ដឹង​ជា​យ៉ាង​ម៉េច​ ឬ​មក​ពី​មូល​ហេតុ​អ្វី​ទេ​ ទើប​ធើ្វ​ឲ្យ​ខ្ញុំ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍បង​ស្រី​ យក់​ ឋិត​រដ្ឋា​ តាំង​ពី​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ មក​ម្ល៉េះ​^^​ ឥលូវ​​នេះ​រៀន​ជិត​សក់​ស្កូវ​វិញ​ហើយ​ នៅ​តែ​ចូល​ចិត្ត​និង​ងប់​នឹង​គាត់​ដដែល​ 😀
កាល​ពី​តូច​ កាត់​រូបថត​របស់​គាត់​​តាម​ទស្សនាវដ្តី​យក​សន្សំ​ទុក​មើល​ និង​ដើរ​អួត​គេ​, ដល់​ឥលូវ​​នេះអស់​មាន​ទស្សនាវដ្តី​មើល​ ដើរ​ឆែក​រូប​បង​ យក់​ ឋិត​រដ្ឋា​ ក្នុង​អ៊ីន​ធ័រ​ណេត​ពី​នេះ​ពី​នោះ​ យក​មក​ទុក​ម្តង​ ^^ ខេ​ៗៗ….
កាល​មុន​ពិបាក​រក​រូប​គាត់​ក្នុង​អ៊ីន​ធ័រ​ណេត​ណាស់​ ព្រោះ​អ៊ីន​ធ័រ​ណេត​ស្រុក​ខ្មែរ​មិន​សូវ​មាន​គេ​លេង​ ហើយ​គាត់​ពុំ​មាន​វិប​សាយ​ផ្ទាល់​ខ្លួន​។ តែ​ចាប់​ពី​មាន​វត្តមាន​ហ្វេស​ប៊ុគ​មក​ អាច​ជួយ​ឲ្យ​ខ្ញុំ​រក​រូប​គាត់​បាន​ក្រាស់​ក្រែល​ដែរ​^^
សុំ​ទោស​ផង​ រូប​ក្នុង​មួយ​អាល់​ប៊ុម​នេះ​ មាន​ប្រហែល​១៨៣រូប​ ហើយ​សុធ​តែ​ដើរ​ប្លន់​ផង​លួច​ផង​ ពី​ណេះ​ពី​ណោះ​ ឲ្យ​តែ​ប្រទះ​ 😀 ​

សប្បាយ​​ចិត្ត​ដែល​បាន​ជួយ​គេ​ច្រើន​

មួយ​រយៈ​នេះ​សែន​មមារ​ញឹក​នោះ​វា​ហួស​នឹង​និយាយ​ កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​មាន​រាប់​រយ​ជំ​ពូក​។ ទន្ទឹម​នឹង​ភាព​មមារ​ញឹក​ដែល​សឹង​រក​តែដក​ដង្ហើម​មិន​បាន​ផង​នោះ​ គាប់​ជួន​អ្នក​ជុំ​វិញ​ខ្ញុំ​ក៏​រវល់​ដែរ​ តែ​ការ​រវល់​របស់​គេ​នោះ​ ត្រូវ​ការ​ជំ​នួយ​របស់​ខ្ញុំ​ទើប​អាច​បញ្ចប់​ទៅ​បាន​។ មិន​មែន​ថា​អត់​ខ្ញុំ​គេ​ធ្វើ​មិន​បាន​ទេ​ តែ​គេ​ត្រូវ​ការ​ជំ​នួយ​ពី​ខ្ញុំ​?? គឺ​ខ្ញុំ​បាន​ជួយ​ជន​ជាតិ​កូរ៉េ​ដែល​ខ្ញុំ​ស្គាល់​នៅ​ស្រុក​ខ្មែរ​។ គាត់​ឈ្មោះ​ ឃូ​ខ្យង់​ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​សាលា​មតេយ្យ​១២មករា​ ខេត្ត​កំ​ពង់​ឆ្នាំង​ តាម​រយៈ​អង្គការ​ កយ​កា​ KOICA របស់​កូរ៉េ​។ ពេល​ដែល​បង​ស្រី​ ឃូ​ខ្យង់​មក​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​ ខ្ញុំ​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ដល់​គាត់​ ដូច​នេះ​អាច​និយាយ​បាន​ថា​ គាត់​ជា​កូន​សិស្ស​ខ្ញុំ​..ហេហេ។ តែ​បាន​កន្លះ​ឆ្នាំ​ខ្ញុំ​ក៏​ជាប់​អាហារូបករណ៍​មក​កូរ៉េ​មក​។ កាល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ ខ្ញុំ​ឧស្សាហ៍​ដើរ​លេង​ជា​មួយ​​គាត់​ណាស់​។​ រាល់​ពេល​ដែល​គាត់​មក​ភ្នំ​ពេញ​ ខ្ញុំ​តែង​តែ​ទៅ​ទទួល​គាត់​ ឬ​ជូន​គាត់​ទៅ​នេះ​ទៅ​នោះ​ ទៅ​ស្គាល់​កន្លែង​ដើរ​លេង​ថ្មី​ៗ​នៅ​ភ្នំ​ពេញ​ដូច​ជា​ កោះ​ពេជ្រ​ ផ្សារ​បង្កើត​ថ្មី​នានា​ និង​ជូន​គាត់​ញ៉ាំ​របស់​ឆ្ងាញ់​ៗ​ល្បី​ៗ​ ដូច​ជា​ លត​ឆា​ល្បី​ក្រោយ​រោង​កុន​លុច្ស​ ស៊ូគី​ស៊ុប​ ភីស្សា​ បុក​ល្ហុក​ ចេក​ចៀន​ល្បី​សំ​នង់​១២ ជា​ដើម​។ តែ​ពេល​ខ្ញុំ​មក​កូរ៉េ​បាត់​ ពុំ​មាន​នរណា​ជូន​គាត់​ដើរ​លេង​ហ្រ្វ៊ី​ៗ​ទៀត​ទេ​ គឺ​បើ​ចង់​ទៅ​ណា​ត្រូវ​រក​ម៉ូតូ​ឌុប​ ឬ​តុក​តុក​ហើយ​ ហាហា..។ ចំ​នែក​ខ្ញុំ​ក៏​ធ្លាប់​ទៅ​លេង​គាត់​ដល់​ខេត្ត​កំ​ពង់​ឆ្នាំង​បាន​២,៣ដង​ដែរ​ ពេល​ទៅ​ម្តង​ៗ​គាត់​តែង​តែ​ធ្វើ​ម្ហូប​កូរ៉េ​ឆ្ងាញ់​ៗ​ឲ្យ​ញ៉ាំ​ ^^

ខែ​មេសា​នេះ​គាត់​នឹង​ត្រលប់​មក​កូរ៉េ​វិញ​ហើយ​​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​រយៈ​២ឆ្នាំ​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​។ តែ​មុន​ត្រលប់​មក​វិញ​គាត់​ចង់​បង្កើត​សៀវ​ភៅ​កម្រង​ចម្រៀង​កុមារ​ ដែល​បក​ប្រែ​ចេញ​ពី​ចម្រៀង​កូរ៉េ​។ គឺ​ការ​បក​ប្រែ​នោះ​ហើយ​ដែល​គាត់​ត្រូវ​ការ​ជំ​នួយ​ពី​ខ្ញុំ​នោះ​។​ ខ្ញុំ​រីក​រាយ​នឹង​ជួយ​គាត់​ តែ​បញ្ហា​ត្រង់​ថា​ គាត់​ពឹង​ខ្ញុំ​ចំអំ​ឡុង​ពេល​ខ្ញុំ​កំ​ពុង​ជាប់​ដៃ​ជា​មួយ​ការ​ដាក់​ពាក្យ​ចូល​មហា​វិទ្យា​ល័យ​នៅ​កូរ៉េ​នេះ​ ហើយ​នៅ​មាន​ការ​សម្ភាស​ និង​ប្រលង​ផ្សេង​ទៀត​ជា​ច្រើន​។ បើ​ខ្ញុំ​អា​ឡៃ​​តែ​បក​ឲ្យ​គាត់​ គឺ​អត់​មាន​ពេល​រៀន​ខ្លួន​ឯង តែ​​បើ​ខ្ញុំ​មិន​ជួយ​គាត់​ក៏​ដូច​ជា​គ្មាន​អ្នក​ណា​​អាច​​ជួយ​គាត់​បាន​ ព្រោះ​បើ​ពឹង​អ្នក​ផ្សេង​ គេ​ទាម​ទារ​កម្រៃ​ថ្លៃ​បក​ប្រែ​ ឬ​ក៏​ឆ្លើយ​ថា​អត់​មាន​ពេល​។​ ​ហើយ​ការ​បក​ប្រែ​នោះ​មិន​មែន​តិច​សន្លឹក​ទេ​ សរុប​ទៅ​ច្រើន​ក្រាស់​ក្រែល​ដែរ​។​ តែ​ទី​បំ​ផុត​ ខ្ញុំ​​អាច​ជួយ​បាន​!!! គឺ​បក​ម្តង​មួយ​ៗ​ និង​ផ្ញើរ​អ៊ី​មែល​ទៅ​ឲ្យ​គាត់​ភ្លាម​ៗ​ម្តង​មួយ​ៗ​ ថ្ងៃ​ខ្លះ​ដល់​ម៉ោង​មួយ​ ពីរ​យប់​ទៅ​។ ខ្ញុំ​បាន​ប្រឹង​ជួយ​គាត់​យ៉ាង​អស់​ពី​សមត្ថ​ភាព​ តាម​តែ​អាច​ជួយ​ទៅ​បាន​។

ម្សិល​មិញ​ក៏​ទើប​តែ​ទទួល​បាន​ការ​ពឹង​ឲ្យ​ជួយ​ឲ្យ​បក​ប្រែ​មួយ​ដែរ​ ពី​ជន​ជាតិ​កូរ៉េ​ម្នាក់​ផ្សេង​ទៀត​ដែល​ស្គាល់​នៅ​កូរ៉េ​នេះ​ តែ​មិន​ច្រើន​ទេ​, ហើយ​ខ្ញុំ​ក៏​បាន​បក​ឲ្យ​គាត់​រួច​ហើយ

ថ្វី​ត្បិត​ថា​​ការ​លះ​បង់​របស់​ខ្ញុំ​វា​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ក៏​ដោយ​ គ្រាន់​តែ​ចង់​ប្រាប់​ថា​ មាន​អារម្មណ៍​ល្អ​ និង​មាន​អារម្មណ៍​ថា​បាន​សាង​បុណ្យ​ច្រើន​​ណាស់​ ហ៊ី​ៗៗ… 😀 តែ​​យ៉ាង​ណា​ខ្ញុំ​ក៏​កំពុង​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ប្រលង​ធ្លាក់​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​ដែរ​ ព្រោះ​អត់​បាន​មើល​មេ​រៀន​អី​ម៉ា​ក្រេប​សោះ​!! ㅠㅠ 😦

នេះ​ហើយ​គឺ​រូប​បង​ស្រី​ ឃូ​ខ្យង់​.. ក៏​មិន​ចាំ​បញ្ជាក់​ប្រាប់​ថា​ជា​រូប​មួយ​ណា​ដែរ​មែន​ទេ​? ឃឹ​ៗ…

My friend: 충우/ Chong Yu/ ឈូងូ​



ខ្ញុំនឹងណែនាំអ្នកដែលខ្ញុំស្គាល់ឲ្យអ្នកបានស្គាល់ ម្តងម្នាក់ៗពេលដែលខ្ញុំមានពេល ហើយអ្នកដែលមិនទាន់មានវត្តមានក្នុងទំព័រនេះ កុំអាលអាក់អន់ស្រពន់ចិត្តអី ព្រោះមិនទាន់ដល់ពេល…។

ថ្ងៃនេះខ្ញុំនឹងណែនាំស្រីស្អាតជាងគេក្នុងថ្នាក់រៀនកូរ៉េកំរិត៣(중급1)របស់ខ្ញុំឲ្យអ្នកបានស្គាល់។ នាងឈ្មោះ “ឈូងូ /(충우) /(Chong Yu)” អាយុ២០ឆ្នាំ ជនជាតិចិន។ នាងមកកូរ៉េរយៈកន្លះឆ្នាំហើយ បន្ទាប់ពីនាងចប់បាក់ឌុប ក៏មករៀនភាសាកូរ៉េនៅកូរ៉េ ព្រោះនាងមានបំណងចង់បន្តការសិក្សានៅទីនេះ ប្រហែលខែ៩ ខាងមុខនេះនឹងចូលរៀននៅមហាវិទ្យាល័យក្យង់ហ៊ីនេះហើយ។ ថ្ងៃទី០១ ខែមករា ជាថ្ងៃកំណើតរបស់នាង ពិតជាមានថ្ងៃកំណើតល្អមែន!

នាងមានមុខគួរឲ្យស្រលាញ់ណាស់ មិត្តភក្តិដទៃក៏ថាបែបនេះដែរ ហើយលេងមិនចេះប្រកាន់ទៀត ដូចមិត្តភក្តិខ្មែរយើងអញ្ចឹង ដូចជា វ៉ៃក្បាល បង្អាប់ថាមុខដូចស្វាជាដើម។ ខ្ញុំចូលចិត្តមនុស្សបែបនេះណាស់ ព្រោះអាចលេងជាមួយដោយសប្បាយមិនបាច់ភ័យច្រើនខ្លាចគេខឹង។ ភាគច្រើនខ្ញុំនិងនាងមានមតិដូចគ្នា ដូចជាពេលបង្អាប់មិត្តរួមថ្នាក់ យើងត្រូវជើងគ្នា…។ មួយទៀតយើងទាំងពីរមានកំពស់ស្របាលគ្នា នាងដូចចង់ទាបខ្ញុំបន្តិចផង! ចំនុចខ្សោយរបស់នាងប្រហែលមានតែកំពស់នេះហើយ តែមិនថ្វីទេព្រោះនាងប្រាប់ថានាងមានសង្សារហើយ។ សង្សាររបស់នាងក៏ជាជនជាតិចិនដែរ(តែសព្វថ្ងៃនៅចិន) គេទាំងពីរសេពគប់គ្នាជាង៥ឆ្នាំហើយ តាំងពីរៀននៅអនុវិទ្យាល័យម៉្លេះ។ ខ្ញុំធ្លាប់ឃើញរូបថតសង្សារនាង មានអីសង្ហាតើ! តែគួរឲ្យសោកស្តាយ ប្រហែលប៉ុន្មានថ្ងៃមុន នាងប្រាប់ថានាងឈ្លោះគ្នាជាមួយសង្សារ។ ឥលូវនេះនាងនឹងគេដាច់គ្នាហើយ តែខ្ញុំគិតថាប្រហែលមិនយូរទេនឹងត្រូវគ្នាវិញហើយ ព្រោះរាប់អានគ្នាយូរហើយ។ សង្ឃឹមថានឹងត្រូវរ៉ូវគ្នាឆាប់ៗនេះ…