ចេក​នៅ​កូរ៉េ​ លក់​ម៉េច​?


ចេក​នៅ​ខ្មែរ​យើង​លក់​ជា​ស្និត​ និង​ស្ទង​ តែ​ចេក​នៅ​​កូរ៉េ​លក់​ជា​ផ្លែ =))
នៅ​កូរ៉េ​ពុំ​សូវ​មាន​ផ្លែ​ឈើ​លក់​ច្រើន​ទេ​ ហើយ​​ផ្លែ​ឈើ​ដែល​លក់​ទៀត​សោត​ ភាគ​ច្រើន​ជា​ផ្លែ​ឈើ​នាំ​ចូល​ទេ​។​ ដោយ​សារ​ប្រទេស​នេះ​មាន​បួន​រដូវ​ ហើយ​ដី​វិញ​​ភាគ​ច្រើន​ជា​ខ្ពង់​រាប​ ដូច​នេះ​ការ​ដាំ​ដុះ​​ដំនាំ​ផ្លែ​ឈើ​មិន​សូវ​សម្បូរ​ទេ​។
តាំង​ពី​ខ្ញុំ​មក​កូរ៉េ ដូច​ជា​មិន​ដែល​ឃើញ​ចេក​ដាក់​លក់​សម្បក​ពណ៌​បៃតង​ទេ​។ ចេក​ដែល​ដាក់​លក់​ សុទ្ធ​តែ​ពណ៌​លឿង​ដូច​ដែល​ឃើញ​ក្នុង​រូប​នេះ​ ហើយ​ប្រភេទ​វិញ​ ក៏​ប្រហែល​ជា​មាន​តែ​មួយ​ប្រភេទ​នេះ​ដែរ​។ ខុស​ពី​ប្រទេស​យើង​ដែល​មាន​ដំនាំ​ផ្លែ​ចេក​ដាក់​លក់​ពេញ​ផ្សារ​ ប្រភេទ​ចេក​ទៀត​សោត​ ក៏​មាន​រាប់​មិន​អស់​ ប្រហែល​ខ្ញុំ​ស្គាល់​មិន​អស់​ផង​។​ ចេក​ខ្មែរ​ដែល​ខ្ញុំ​ស្គាល់​និង​ធ្លាប់​ញ៉ាំ​មាន​ដូច​ជា​ ចេក​ អំបូង​ ណាំ​វ៉ា​ ពង​មាន់​ …អុញ​? រាប់​បាន​តែ​បី​^^ ស្គាល់​តែ​បី​នឹង​ទេ​ ហេ​ៗៗ… :mrgreen:

ចូល​ដល់​ចេក​នៅ​កូរ៉េ​វិញ​ គឺ​គេ​លក់​ជា​ផ្លែ​ ដែល​ជា​ធម្មតា​​ មួយ​ផ្លែ​ថ្លៃ​ 500 Won ប្រហែល​នឹង​ ២០០០ រៀល​។ ពីរ​ផ្លែ​១០០០វ៉ុន​ដាច់​ថ្លៃ​ អត់​មាន​ចុះ​អី​ទេ​។ ភាគ​ច្រើន​នៃ​ផ្លែ​ឈើ​ដែល​លក់​នៅ​កូរ៉េ​ ឮ​ថា​នាំ​ចូល​មក​ពី​ហ្វ៊ីលីពីន​ និង​ចិន​។

ម្សិល​មិញ​ទិញ​ចេក​មក​ពីរ​ផ្លែ​ ឥលូវ​ញ៉ាំ​អស់​បាត់​ទៀត​ហើយ​ =))

Advertisements

ក្រុម​ SNSDកូរ៉េ​ ជួយ​ដល់​ក្មេង​ស្រី​កម្ពុជា​ពី​ជំងឺ​បេះដូង​


ព្រឹក​នេះ​ក្រោក​ពី​គេង​ ឃើញ​វីដេអូ​នេះ​ក្នុង​ហ្វេសប៊ុគ​ដែល​មិត្ត​ភក្តិ​បាន​ចែក​រំលែក​ត​គ្នា​។ មើល​បណ្តើរ​ខ្ញុំ​យំ​បណ្តើរ​ ព្រោះ​អាណិត​និង​ក្តុក​ក្តួល​ក្នុង​ចិត្ត​​ ជា​ពិសេស​ត្រង់​ឈុត​ម្តាយ​ស្រី​រី​យំ​អាណិត​កូន​ស្រី​។
សុំ​សង្ខេប​ខ្លឹម​សារ​នៃ​វីដេអូ​នេះ​បន្តិច​។ គឺ​និយាយ​កម្មវិធី​មួយ​ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ SNSD (Girls’ Generation) ជួយ​ដល់​​ក្មេង​ស្រី​កម្ពុជា​ឈ្មោះ​ថា​ ស្រី​រី​។ នាង​មាន​អាយុ​១១ឆ្នាំ​ កំពុងប្រឈម​នឹង​ជំងឺ​ប្រហោង​បេះដូង​។ ក្រុម​ SNSD បាន​ជួយ​ចេញ​ថ្លៃ​វះកាត់​ឲ្យ​នាង​តាម​រយៈ​មូល​និធិ​ និង​ថវិការ​ផ្សេង​ទៀត​(បាន​ពី​ខាង​ណា​ខ្លះ​ នាង​ខ្ញុំ​មិន​សូវ​ដឹង​ទេ​)។
តែ​ឃើញ​ថា​ វីដេអូ​នេះ​ពុំមាន​ Subtitle ជា​ភាសា​អង់​គ្លេស​ ដូច​នេះ​វា​អាច​នឹង​ពិបាក​ដល់​បង​ប្អូន​ខ្មែរ​ដែល​ពុំ​ចេះ​កូរ៉េ។ ហេតុ​នេះ​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​អង្គុយ​បក​និង​ដាក់​ subtitle ទៅ​ក្នុង​វីដេអូ​​ រួច​អាប់​ឡូដ​ក្នុង youtube ម្តង​ទៀត​។ តែ​ដោយ​សារ​នាង​ខ្ញុំ​ពុំ​​មែន​ជា​អ្នក​ជំនាញ​កុំព្យូទ័រ​ (គ្មាន​កម្មវិធី​ Edit Video)ច្បាស់​លាស់​ ដូចនេះ​នាងខ្ញុំ​ប្រើ​ត្រឹម​ Window Live Movie Maker ដែល​ជា​កម្មវិធី​តែ​មួយ​គត់​មាន​ក្នុង​កុំព្យូទ័រ​នាង​ខ្ញុំ។ សង្ឃឹម​ថា​ វា​អាច​ប្រើ​ការ​បាន​ ហើយ​ល្មម​នឹង​ឲ្យ​អ្នក​ទាំង​អស់​គ្នាមើល​ហើយ​ ក្តុក​ក្តួល​ដូច​ជា​ខ្ញុំ​ដែរ​។
សូម​អរគុណ​ដល់​ក្រុម​ SNSD ដែល​បាន​ជួយ​ជីវិត​ស្រី​រី​។ គុណ​នេះ​ខ្ញុំ​មិន​ភ្លេច​ទេ​ 😀
ចុះ​លោក​អ្នក​មើល​វីដេអូ​នេះ​ហើយ​ មាន​សារ​អ្វី​ខ្លះចង់​តប​ទៅ​ SNSD ក៏​ដូច​ជា​ស្រី​រី​?

កូរ៉េឲ្យ​តម្លៃ​លើ​ត្របក​ភ្នែក​ខ្លាំង​

មុន​ពេល​មក​កូរ៉េ​ នៅ​ពេល​មើល​មនុស្ស​ម្នាក់​ថា​ស្អាត​ឬ​មិន​ស្អាត​ ខ្ញុំ​ជា​ធម្មតា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ត្របក​ភ្នែក​ទេ​។ ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​ ត្របក​ភ្នែក​វា​​សំខាន់​ខ្លាំង​ ហើយ​ជួយ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​​ស្រី​ស្អាត​ឬ​ប្រុស​ស្អាត​បាន​។ រាល់​ដង​ ពេល​ជួប​នរណា​ម្នាក់​ ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ស្បែក​ និង​ទម្រង់​មុខ​។ ឲ្យ​តែ​នរណា​ម្នាក់​មាន​ស្បែក​មដ្ឋរលោង​​ខៃ (ពុំ​មាន​មុន​មួយ​គ្រាប់​) ទោះ​ស​ឬ​មិន​ស​ក៏​ដោយ​ ហើយ​ទម្រង់​មុខ​ស្អាត​នោះ​ ខ្ញុំ​យល់​ថា​ម្នាក់​នោះ​ស្អាត​ហើយ​។ ខ្ញុំ​មិន​ដែល​ទៅ​ពិនិត្យ​មើល​ទេ​ ម្នាក់​នេះមាន​ត្របក​ភ្នែក​ឬ​អត់​ អត់​ដែរ​សោះ! :D​
តែ​អ្នក​មាន​ដែល​ដឹង​ទេ​ថា​ កូរ៉េ​ស្រលាញ់​ត្របក​ភ្នែក​ប៉ុណ្ណា​?
កូរ៉េ​កំពុង​តែ​ងប់​វង្វេង​នឹង​ ត្របក​ភ្នែក​ និង​ច្រមុះ​ស្រួច​ហើយ​។ តែ​បញ្ហា​ត្រង់​ថា​ ជន​ជាតិ​កូរ៉េ​ជា​ធម្មតា​មិន​មាន​ត្របក​ភ្នែក​ទេ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ភ្នែក​តឹង​! ចិន​ កូរ៉េ​ និង​ជប៉ុន​ មាន​ទម្រង់​ភ្នែក​ស្រដៀង​គ្នា​។​ ដោយ​សារ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ត្របក​ភ្នែក​ខ្លាំង​ ពេល​នេះ​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​ បាន​កំពុង​ជ្រួល​ច្របល់​រឿង​ទៅ​ធ្វើ​ត្របក​ភ្នែក​។ ដើម​ឡើយ​ ជនជាតិ​មួយ​នេះ​ពុំ​មាន​ត្របក​ភ្នែក​ទេ​ (អាច​មាន​​ដែរ​ មិន​មែន​អត់​សោះ​ទេ​ តែមាន​មិន​ច្រើន​) តែ​ឥលូវ​នេះ​បើ​លោក​អ្នក​សាក​ដើរ​ទស្សនា​ក្រុង​សេអ៊ូល​មួយ​ល្ងាច​ ឬ​ទៅ​អង្គុយ​ក្នុង​រថភ្លើង​មួយ​ម៉ោង​ ឃើញ​ថា​ សឹង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ត្របក​ភ្នែក​ ជា​ពិសេស​ស្រី​ៗ​!
អ្នក​ខ្លះ​មាន​ដល់​ពីរ​តង់​ឯណោះ​! អ្នក​ខ្លះ​មើល​ទៅ​​ហាក់​ដូច​ត្របក​ភ្នែក​ធម្មជាតិ​ តែ​អ្នក​ខ្លះ​មើល​ទៅ​ ដឹង​ភ្លាម​តែ​ម្តង​ថា​ជា​ត្របក​ភ្នែក​ធ្វើ​ ព្រោះ​​មិន​សម​នឹង​ទម្រង់​មុខ​សោះ​។

មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​នាំ​ឲ្យ​ជន​ជាតិ​កូរ៉េ​ផ្អើល​នាំ​គ្នា​ទៅ​កែ​សម្ផស្ស​ មុន​ដំបូង​មិន​សូវ​ជា​ខ្លាំង​ក្លា​ប៉ុន្មាន​ទេ​ តែ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ខ្លាំង​ក្លា​សម្បើម​ណាស់​។

បើ​និយាយ​ពី​តារា​ៗ​ ទាំង​អ្នក​ចម្រៀង​ តារា​សម្តែង​ ពិធីករ​ ពិធីការនី​កូរ៉េ​វិញ​នឹង​ មិន​បាច់​និយាយ​ទេ​ សឹង​តែ​ថា​១០០%​នៃ​តារា​ៗ​កូរ៉េ​ធ្លាប់​ឆ្លង​កាត់​ការ​កែ​សម្ផស្ស​។ គ្រាន់​តែថា​ ​អ្នក​ខ្លះ​កែ​ច្រើន​កន្លែង​ (ភ្នែក​ ច្រមុះ​ បបូរ​មាត់​ ចង្ការ​។ល។) អ្នក​ខ្លះ​កែ​តែ​មួយ​ឬ​ពីរ​បី​កន្លែង​ប៉ុណ្ណោះ​ :mrgreen:
ខ្ញុំ​នឹង​​បង្ហាញ​ពី​ប្រកាស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​កែ​សម្ផស្ស​នៅ​កូរ៉េ​នៅ​ប្រកាស​ក្រោយ​ៗ​។ សុំ​អស់​យោបល់​ត្រឹម​នេះ..

អាហារូបករណ៍​មក​កូរ៉េ​ របស់​ខ្ញុំ​ (Korean Government Scholarship Program / NIIED)

សួស្តី​, ដោយ​សង្កេត​ឃើញ​ថា​ កន្លង​មក​មាន​មិត្ត​ភក្តិ​ជា​ច្រើន​ ក៏​ដូច​ជា​សិស្ស​ប្អូន​ទាំង​ឡាយ​ ទាំង​អ្នក​ធ្លាប់​និង​អ្នក​មិន​ធ្លាប់​ស្គាល់​ បាន​សួរ​អំពី​អាហារូបករណ៍​របស់​ខ្ញុំ​ជា​ហូរហែ​មក​ ដូច​នេះ​​ នាង​ខ្ញុំ​ថ្ងៃ​នេះ​សម្រេច​ចិត្ត​សរសេរ​ប្រកាស​មួយ​នេះ​ឡើង​ ទុក​គ្រាន់​​ពេល​បង​ប្អូន​ណា​គាត់​ឆ្ងល់​ គាត់​ចង់​ដឹង​អី​ អាច​មក​មើល​នៅ​ទី​នេះ​បាន​ 😀

ជា​ទូទៅ​ សំនួរ​របស់​ពួក​គាត់​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ ពេល​នេះ​ខ្ញុំ​នឹង​សង្ខេប​សំនួរ​របស់​ពួក​គាត់​ឡើង​វិញ​ ហើយ​ ឆ្លើយ​ម្តង​មួយ​ៗ​ឲ្យ​ស្តាប់​។

  1. តើ​ខ្ញុំ​ជាប់​តាម​អាហារូបករណ៍​អ្វី​?
  2. តើ​ខ្ញុំ​រៀន​អ្វី​ពេល​នៅខ្មែរ​? នៅ​ឯណា​?
  3. តើ​ខ្ញុំ​ស្គាល់​អាហារូបករណ៍​នោះ​តាម​ណា​?
  4. តើ​ខ្ញុំ​ទៅ​យក​ពាក្យ​ និង​ដាក់​ពាក្យ​អាហារូបករណ៍​នៅ​ឯណា​? តាម​របៀប​ណា​?
  5. ដើម្បី​ដាក់​ពាក្យ​អាហារូបករណ៍​នោះ​បាន​ តើ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​អ្វី​ខ្លះ? -ល-

…………………………………………………………………………………………………

តាម​ពិត​នាង​ខ្ញុំ​ក៏​មិន​ចង់​បង្ហាញ​សាវតា​ខ្លួន​​ឯង​ដោយ​លំអិត​និង​ជា​សាធារណៈ​ពេក​ដែរ​ តែ​ពេល​គេ​សួរ​ បើ​យើង​មិន​ឆ្លើយ​តាម​ត្រង់​ គេ​ថា​យើង​ឆ្មើង​អីណឹង​ណា​ 😀

អូខេ​, នាង​ខ្ញុំ​មុន​មកកូរ៉េ​ រៀន​​នៅ​ IFL ដេប៉ាតេ​ម៉ង់​ ភាសា​កូរ៉េ​។ តែ​ក្រៅ​ពី​ IFL នាង​ខ្ញុំ​ក៏​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ (CMU) មុខ​ជំនាញ​…? ដោយ​ហេតុ​ថា​ចុច​ៗ ព្រោះ​មិន​ដឹង​ថា​ប្រាប់​មួយ​ណា​ ^^ ព្រោះ​កាល​ចូល​រៀន​ដំបូង​ឆមាស​ទី​មួយ​ ខ្ញុំ​រៀន​គណនេយ្យ​, តែ​ចូល​ដល់​​ឆមាស​ទី​២ ក៏​ប្រែ​ចិត្ត​ទៅ​រៀន​ អាយ​ធី​ វិញ​។ ហើយ​នៅ​ពេល​យប់​ ខ្ញុំ​រៀន​ជំនាញ​ អង់​គ្លេស​នៅ​ CMU ដែរ​ (រៀន​សរុប​៣ជំនាញក្នុង​ពេល​តែ​មួយ​​)។ ហើយ​ទាំង​៣ជំនាញ​នេះ​ ខ្ញុំ​រៀន​ដោយ​សារ​ខ្ញុំ​ជាប់​អាហារូបករណ៍​១០០%​ ទាំង​បី​ទេ​ ទើប​ខ្ញុំ​រៀន​ កុំ​ច្រលំ​ថា​ខ្ញុំ​មក​ពី​ត្រកូល​អី​ណា​នោះ​អី​ 😉

រៀន​បាន​មួយ​ឆ្នាំ​ ពេល​ចូល​ដល់​ឆ្នាំ​ទី​ពីរ​ ឆមាស​ទី​មួយ​ រៀន​បាន​ពីរ​ ទៅ​បី​ខែ​ក៏​ជាប់​អាហារូបករណ៍​មក​កូរ៉េ​ហើយ​ក៏​បោះ​បង់​ចោល​សិក្សា​ទាំង​អស់​នៅ​ខ្មែរ​ វ៉ិច​បង្វិច​មក​កូរ៉េ​ត្រុក​ៗ​មក​។

  • នរណា​អាច​ដាក់​ពាក្យ​អាហារូបករណ៍​នេះ​បាន​?

ចំពោះ​សំណួរ​នេះ​នាង​ខ្ញុំ​សុំ​ឆ្លើយ​តែ​ចំពោះ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាប័ត្រ​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ដឺម៉ង់​ គេ​បញ្ជាក់​ថា​ បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ​គួរ​តែ​មាន​ពិន្ទុ​ល្អ​នៅ​ពេល​រៀន​នៅ​វិទ្យាល័យ​ ជា​ពិសេស​គឺ​និន្ទេស​ពេល​ប្រលង​បាក់ឌុប​ គឺ​ត្រូវ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​២០%​នៃ​និន្ទេស​សរុប​ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​ គឺ​ទទួល​យក​តែនិន្ទេស​ A និង​ B តែ​ប៉ុណ្ណោះ​។ អ្នក​បាន​និន្ទេស​ក្រោម​នេះ​ ប្រហែល​ជា​អាច​ដាក់​បាន​ តែ​ភាគរយ​សង្ឃឹម​ជាប់​ប្រហែល​តិច​ហើយ​។

ហើយ​លោក​អ្នក​ត្រូវ​ចេះ​ភាសា​អង់​គ្លេស​ឬ​កូរ៉េ​។ បើ​លោក​អ្នក​មិន​ចេះ​កូរ៉េ​សោះ​ គឺ​ត្រូវ​ពូកែ​អង់​គ្លេស​(មិន​តម្រូវ​ឲ្យ​មាន​ TOEFLអី​ទេ​), បើ​លោក​អ្នក​ចេះ​កូរ៉េ​គ្រាន់​បើ​ គួប​ផ្សំ​នឹង​ភាសា​អង់​គ្លេស​ទៀត​ នោះ​រឹត​តែ​ល្អ​។ ការ​ដាក់​ពាក្យ​ប្រលង​ អាច​សរសេរ​ជា​ភាសា​អង់គ្លេស​ក៏​បាន​ កូរ៉េ​ក៏​បាន​ (បើ​អង់​គ្លេស​ អង់​គ្លេស​ទាំង​អស់​, កូរ៉េ​ កូរ៉េ​ទាំង​អស់​)។

  • តើ​ត្រូវ​រៀប​ចំ​ឯកសារ​អ្វី​ខ្លះ​?

រាល់​ឯកសារ​ដែល​គេ​តម្រូវ​ឲ្យ​ដាក់​មាន​ដូច​ជា​ សំបុត្រ​កំណើត​ ព្រឹត្តបត្តិ​ពិន្ទុ​ សញ្ញាប័ត្រ​ទុតិយភូមិ​ លិខិត​ឆ្លង​ដែន​ វិញ្ញាបនប័ត្រ​ផ្សេង​ៗ -ល- ត្រូវ​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​ ដែល​មាន​បោះ​ត្រា​ត្រឹម​ត្រូវ​។ (ទាំង​អស់​នេះ​មាន​បញ្ជាក់​ក្នុង​ដឺម៉ង់​ច្បាស់​ហើយ​)

នៅ​ក្នុង​ដឺម៉ង់​គេ​តម្រូវ​ឲ្យ​អ្នក​សរសេរ​អត្ថបទ​២ ដែល​មួយ​សរសេរ​ពី​ ការ​ណែនាំ​ពី​ខ្លួន​អ្នក​ និង​មួយ​ទៀត​គឺ​ Study Plan អត្ថបទ​ទាំង​ពីរ​នេះ​ជា​អត្ថបទ​សំខាន់​ដែល​​គេ​នឹង​អាន​ហើយ​សម្រេច​ជ្រើស​រើស​អ្នក​ ដូច​នេះ​គួរ​សរសេរ​ដោយ​ផ្ចិត​ផ្ចង់​ និង​ឲ្យ​គេ​ចាប់​អារម្មណ៍​ពី​អ្នក​។ មាន​២ភាសា​សម្រាប់​ជ្រើស​រើស​ក្នុង​ការ​សរសេរ​៖ អង់​គ្លេស​ ឬ​ កូរ៉េ​។

ការ​ដាក់​ពាក្យ​ប្រលង​

អាហារូបករណ៍របស់​ខ្ញុំ​ មាន​ឈ្មោះ​ថា​ NIIED (National Institute for International Education) ឬ​ខ្លះ​ហៅ​ KGSP (Korean Government Scholarship Program) ដែល​ជា​អាហារូបករណ៍​របស់​រដ្ឋាភិបាល​កូរ៉េ​ផ្តល់​ឲ្យ​បណ្តាល​ប្រទេស​លើ​ពិភពលោក​រៀង​រាល់​ឆ្នាំ​ ឲ្យ​មក​សិក្សា​នៅ​កូរ៉េ​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ​។ កាល​ជំនាន់​ខ្ញុំ​ គេ​ជ្រើស​រើស​សិស្ស​ ១៥០​នាក់​ ទូទាំង​ពិភព​លោក​ ក្នុងនោះ​​និស្សិត​កម្ពុជា​ ៤ នាក់​។ តែ​ឆ្នាំ​ក្រោយ​ៗ​មក​ ឮថា​កាត់​បន្ថយ​ត្រឹម​ ១០០ (ខ្មែរ​៣នាក់​)។

  • បើ​អ្នក​ចង់​ដាក់​ពាក្យ​ សូម​ចូល​ទៅ​កាន់​ http://www.niied.go.kr/
  • ចុច​ប៊ូតុង​ English ហើយ​ជ្រើស​រើស​ Korean Government Scholarship Students

អ្នក​នឹង​ឃើញ​បញ្ជី​ប្រកាស​ ហើយ​សូម​ពិនិត្យ​មើល​កាល​បរិច្ឆេទ​នៃ​ប្រកាស​នី​មួយ​ៗ ថា​តើ​គេ​ប្រកាស​តាំង​ពី​ថ្ងៃ​ណា​ ឆ្នាំ​ណា​មក​។

ជា​ធម្មតា​ អាហារូបករណ៍​​សម្រាប់​បរិញ្ញាប័ត្រ​មាន​ប្រកាស​ចាប់​ពី​ខែ​ វិច្ឆិកា​ ឬ​ធ្នូ​ ហើយ​ផុត​កំណត់​ត្រឹម​ខែ​មករា​ ចេញ​លទ្ធផល​ខែ​កុម្ភះ​ ចូលរៀន​ខែ​មេសា​។

រីឯ​ថ្នាក់ឧត្តម​សិក្សា​វិញ​ ជា​ធម្មតា​ចាប់​ប្រកាស​រើស​ខែ​មិនា​ ចូល​រៀន​ខែ​សីហា​។

តែ​គេ​អាច​ដូរ​បាន​គ្រប់​ពេល​វេ​លា​ ដូច​នេះ​អ្នក​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​វិប​សាយ​ដែល​ប្រាប់​ខាង​លើ​ដោយ​ខ្លួន​ឯង​។ (បញ្ជាក់​៖ អាច​មាន​វិបសាយ​ផ្សេង​ទៀត​ តែ​សម្រាប់​ខ្ញុំ​គឺ​ប្រើ​វិបសាយ​នេះ​ ដូច​នេះ​បើ​លោក​អ្នក​ស្គាល់​ឬ​ប្រើ​ប្រាស់​វិបសាយ​ផ្សេង​ គឺ​ស្រេច​តាម​ចំនូល​ចិត្ត​)

  • បើ​ឃើញ​គេ​រើស​ប្រកាស​ជ្រើស​រើស​សិស្ស​អាហារូបករណ៍​នៅ​ក្នុង​បញ្ជី​នោះ​ហើយ​ សូម​ចុច​ទៅ​លើ​ការ​ប្រកាស​នោះ​ទៅ​ ដើម្បី​ធ្វើ​ការ​ដោន​ឡូដ​ពាក្យ​អាហារូបករណ៍
  • ពាក្យ​អាហារូបករណ៍​នោះ​គឺ​មាន​ច្រើន​ទំព័រ​ ព្រោះ​មិន​មែន​មាន​តែ​សន្លឹក​បំពេញ​ពាក្យ​ប៉ុណ្ណោះ​ទេ​ គឺ​មាន​ការ​ពន្យល់​ពី​អាហារូបករណ៍​គ្រប់​ចំនុច​ទាំង​អស់​ ទាំង​ចំនួន​សិស្ស​ត្រូវ​រើស​ ត្រូវ​ការ​អ្វី​ខ្លះ​ ទាម​ទារ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ ឲ្យ​ប្រាក់​ខែ​ប៉ុន្មាន​ ក្លូ​ដឺម៉ង់​ថ្ងៃ​ណា​ ចេញ​លទ្ធផល​ថ្ងៃ​ណា​ ចូលរៀន​ថ្ងៃ​ណា​ ។ល។ គឺ​មាន​ទាំង​អស់​
  • កាល​ខ្ញុំ​ គឺ​ពុំ​មាន​ស្គាល់​អ្នក​ណា​ទេ​ គឺ​ខ្ញុំ​មើល​តែ​ដឺម៉ង់​នោះ​ ហើយ​រត់​ការ​ខ្លួន​​ឯង​ទាំង​អស់​។ ដូច​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ ប្អូន​ៗ​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​ គួរ​ណា​ចំណាយ​ពេល​អាន​ពាក្យ​នោះ​ច្រើន​សារ​និង​ស្វែង​យល់​បន្តិច​ នោះ​នឹង​យល់​និង​អាច​ធ្វើ​បាន​មិន​ខាន​។

ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​​

ការ​ដាក់​ពាក្យ​ មាន​​ ២ ជម្រើស​ គឺ ការ​ដាក់​ពាក្យ​តាម​រយៈ​ ស្ថាន​ទូត​ (ស្ថាន​ទូត​កូរ៉េ​នៅ​ខ្មែរ​) និង​តាម​រយៈ​សាកល​វិទ្យាល័យ​នៅ​កូរ៉េ​។

តាម​រយៈ​ស្ថានទូត​​

បើ​លោក​អ្នក​ចង់​ដាក់​ពាក្យ​​តាម​ស្ថាន​ទូត​ លោក​អ្នក​គ្រាន់​តែ​រៀប​ចំ​ឯកសារ​ទៅ​តាម​តម្រូវ​ការ​ដែល​បាន​បញ្ជាក់​ក្នុង​ដឺម៉ង់​ ហើយ​យក​ទៅ​ដាក់​នៅ​ស្ថាន​ទូត​ជា​ការ​ស្រេច​។ បន្ទាប់​ពី​ដាក់​ពាក្យ​នៅ​ស្ថានទូត​រួច​ លោក​អ្នក​រង់​ចាំ​តែ​ថ្ងៃ​ចេញ​លទ្ធផល​តែ​ប៉ុណ្ណោះ​ ដែល​លទ្ធផល​មាន​ផ្សាយ​នៅ​ក្នុង​វិបសាយ​ខាង​លើ​។

ការ​ដាក់​ពាក្យ​តាម​ស្ថាន​ទូត​នេះ​ដែរ​ លោក​អ្នក​មាន​សិទ្ធិ​ជ្រើស​រើស​មហាវិទ្យាល័យ​ចំនួន​៥នៅ​កូរ៉េ​ ។ បន្ទាប់​មក​ មហា​វិទ្យាល័យ​ទាំង​នោះ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ព្រម​ឲ្យ​អ្នក​រៀន​នៅ​សាលា​គេ​ដែរ​ឬ​ទេ​ ដោយ​ពិនិត្យ​ទៅ​លើ​ជីវប្រវត្តិ​នៃ​ការ​សិក្សា​របស់​អ្នក​។

ប៉ុន្តែ​ថ្មី​ៗ​នេះ​ ឮថា​ខាង​ស្ថាន​ទូត​លែង​ទទួល​ខុស​ត្រូវ​លើ​ការ​ទទួល​ពាក្យ​ទៀត​ហើយ​ ដូច​នេះ​ប្រហែល​​ការ​ដាក់​ពាក្យ​តាម​ស្ថានទូត​នេះ​ពុំ​មាន​នៅ​កម្ពុជា​ទៀត​ទេ​ (តាម​ខ្ញុំ​យល់​ឃើញ​)។

តាម​រយៈ​សាកល​វិទ្យាល័យ​ផ្ទាល់​នៅ​កូរ៉េ​

នៅ​ពេល​គេ​ប្រកាស​ជ្រើស​រើស​ លោក​អ្នក​ត្រូវ​រិះ​រក​សាកល​វិទ្យាល័យ​ដែល​លោក​អ្នក​ចង់​រៀន​នៅ​កូរ៉េ​តែ​មួយ​គត់​ បន្ទាប់​មក​ចូល​ទៅ​កាន់​វិបសាយ​សាលា​នោះ​ស្វែង​រក​ដឺម៉ង់​អាហារូបករណ៍​NIIED ឬ​ក៏​លោក​អ្នក​អាច​ផ្ញើរ​អ៊ីមែល​ទៅ​កាន់​សាលា​នោះ​ ប្រាប់​ថា​លោក​អ្នក​ចង់​ដាក់​ពាក្យ​អាហារូបករណ៍​នៅ​សាលា​នោះ​តាម​រយៈ​NIIED scholarship។

  • រួច​ពេល​គេ​ឆ្លើយ​តប​អ៊ីមែល​អ្នក​ គេ​មុខ​នឹង​ប្រាប់​ពី​របៀប​ដាក់​ពាក្យ​ និង​ផ្ញើរ​ដឺម៉ង់​ឲ្យ​អ្នក​មិន​ខាន​។
  • បន្ទាប់​ពី​បំពេញ​ដឺម៉ង់​និង​រត់​ការ​ឯកសារ​ដែល​គេ​ត្រូវ​ការ​ហើយ​ លោក​អ្នក​ត្រូវ​ផ្ញើរ​ឯកសារ​ដឺម៉ង់​និង​ឯកសារ​ទាំង​នោះ​ទៅ​កាន់​សាលា​នោះ​ដោយ​ផ្ទាល់​(ជា​ Hard copy) តាម​រយៈ​ប្រេសនីយ៍​ ឬ​ EMS តាម​ការ​គួរ​(ធ្វើ​ម៉េច​ឲ្យ​ទៅ​ដល់​សាលា​នោះ​មុន​ថ្ងៃ​កំណត់​)
  • ពេល​ផ្ញើរ​ឯកសារ​ហើយ​ គេ​នឹង​ពិនិត្យ​ និង​ផ្តល់​ចម្លើយ​ទៅ​អ្នក​ថា​គេ​ព្រម​ទទួល​អ្នក​ដែរ​ឬ​ទេ​(តាម​អ៊ីមែល​)។ បើ​គេ​ព្រម​ នោះ​មាន​ន័យ​ថា​លោក​អ្នក​ជាប់​តង់​ទី​១សិន​។
  • បន្ទាប់​ជាប់​តង់​ទី​១ គេ​នឹង​ផ្ញើរ​ឯកសារ​អ្នក​ទៅ​ NIIED ហើយ​ឲ្យ​NIIED ធ្វើ​ការ​សម្រេច​ចិត្ត​ ថា​តើ​ព្រម​ប្រគល់​ឬ​​ផ្តល់​អាហារូបករណ៍​ដល់​អ្នក​ដែរ​ឬ​ទេ​។
  • បើ​NIIED សម្រេច​ជ្រើស​រើស​អ្នក​ដែរ​ នោះ​ទើប​មាន​ន័យ​ថា​ អ្នក​បាន​ជាប់​អាហារូបករណ៍​NIIEDហើយ​ ដែល​លទ្ធផល​ចុង​ក្រោយ​នេះ​ ត្រូវ​រង់​ចាំ​មើល​នៅ​ក្នុង​វិបសាយ​ NIIED ដូច​ដែល​បាន​ប្រាប់​ខាង​លើ​។

ក្រោយ​ជាប់​ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​?

ក្រោយ​ពី​ប្រកាស​លទ្ធផល​ហើយ​ លោក​អ្នក​សល់​ពេល​មិន​ច្រើន​ទេ​ ប្រហែល​មួយ​ខែ​អី​ប៉ុណ្ណោះ​។ ដែល​រយៈ​ពេល​មួយ​ខែ​ លោក​អ្នក​ត្រូវ​រត់​ការ​សុំ​វីសារ​ ទិញ​សំបុត្រ​យន្ត​ហោះ​(សំបុត្រ​យន្ត​ហោះ​គេ​ចេញ​លុយ​ឲ្យ​ តែ​អ្នក​ត្រូវ​ទិញ​និង​ចេញ​លុយ​ខ្លួន​ឯង​សិន​, គេ​នឹង​ឲ្យ​ពេល​ទៅ​ដល់​កូរ៉េ​)។

បញ្ជាក់​៖

  • អាហារូបករណ៍​NIIED​នេះ គេ​តម្រូវ​ឲ្យ​អ្នក​រៀន​ភាសា​កូរ៉េ​មួយ​ឆ្នាំ​សិន​ ទើប​ចូល​រៀន​មហាវិទ្យាល័យ​ ដូច​នេះ​សរុប​គឺ​៥ឆ្នាំ​ (១ឆ្នាំ​រៀន​ភាសា​កូរ៉េ​ ៤ឆ្នាំ​រៀន​មុខ​ជំនាញ​)
  • ករណី​លោក​អ្នក​ចេះ​កូរ៉េ​ស្រាប់​ ដែល​មាន​កំរិត​​តាម​អ្វី​ដែល​គេ​តម្រូវ​ នោះ​លោក​អ្នក​អាច​ចូល​រៀន​មហាវិទ្យាល័យ​តែ​ម្តង​នៅ​ខែ​កញ្ញា​ (បន្ទាប់​ពី​មក​កូរ៉េ​បាន​ ៦ខែ​)។
  • លោក​អ្នក​មិន​អាច​ជ្រើស​រើស​មុខ​ជំនាញ​ណា​ដែល​តម្រូវ​ឲ្យ​រៀន​លើស​ពី​៤ឆ្នាំ​នោះ​ទេ​ (ឧ. ពេទ្យ​ វិស្វករ​..)

សម្គាល់​៖​  នាង​ខ្ញុំ​កាល​ដាក់​ពាក្យ​គឺ​ដាក់​តាម​ស្ថាន​ទូត​ ដូច​នេះ​ចំពោះ​ការ​ដាក់​ពាក្យ​តាម​មហាវិទ្យា​ល័យ​ ក៏​ខ្ញុំ​ដឹង​មិន​សូវ​ច្បាស់​ដែរ​។ អ្វី​ដែល​ខ្ញុំ​ដឹង​ គឺ​មាន​សរសេរ​នៅ​ទីនេះ​អស់​ហើយ​ បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​លំអិត​ផ្សេង​ៗ​ទៀត​ លោក​អ្នក​អាច​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​អ៊ីន​ធ័រណេត​ ឬ​​សួរ​សំណួរ​ទៅ​កាន់​NIIED តាម​រយៈ​វិបសាយ​ខាង​លើ​ (http://www.niied.go.kr/)

អរគុណ​..

លោក​អ្នក​ស្គាល់​នាឡិកា​ព្រះ​អា​ទិត្យ​ទេ​?

នា​ឡិ​កា​ព្រះ​អា​ទិត្យ​នេះ​ត្រូវ​បាន​បង្កើត​ដំ​បូង​ក្នុង​រជ្ជកាល​ស្តេច​សេ​ជុង​ (៥០០ឆ្នាំ​មុន​)។​ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​​តែ​ឮ​​​ឈ្មោះ​ថា​នា​ឡិ​កា​ព្រះ​អាទិត្យ​ៗ តែ​មិន​ដឹង​នឹក​ស្រ​ម៉ៃ​ឃើញថា​តាម​ពិត​វា​មាន​រូប​រាង​បែប​នេះ​ទេ​។

គេ​កំ​ពុង​ចោម​មើល​នាឡិកា​ព្រះ​អាទិត្យ​ តាម​រយៈ​ស្រមោល​នោះ​អាច​ឲ្យ​យើង​ដឹង​ថា​ម៉ោង​ប៉ុន្មាន​ហើយ​។ វ៉ូ… ពិត​ជា​អស្ចារ្យ​មែន​ សូម​កោត​សរសើរ​ចំ​ពោះ​អ្នក​រក​នឹក​ឃើញ​មុន​គេ​នោះ​។

ក្រុម​ហ៊ុន​ហ្យន់​ឌែ​/ Hyun Dai/ 현대 កូរ៉េ​មាន​រោង​ចក្រ​ផលិត​នាវា​ខ្នាត​ធំ​នាំ​ចេញ​នៅ​បរទេស​


គ្រប់​គ្នា​ប្រហែល​ធ្លាប់​លឺ​ហើយ​ពី​ម៉ាក​ឡាន​ល្បីហ្យន់​ឌែ​ Hyun Dai ខ្ញុំ​ក៏​ធ្លាប់​លឺ​និង​ស្គាល់​ពី​មុន​មក​ដែរ​ តែអ្វី​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើល​និ​ង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ​គឺ​ ហ្យន់​ឌែ​ឈាន​ចូល​ដល់​ការ​ផលិត​នាវា​ខ្នាត​ធំ​នាំ​ចេញ​ទៅបរទេស​។ កាល​ទៅ​បោះ​ជំរុំ​ជាមួយ​ក្រុម​ WSKនេះ​ គេ​នាំ​ទៅ​ទស្សនា​ដល់​រោង​ចក្រ​ផលិត​នាវា​នេះ​ផ្ទាល់​តែ​ម្តង​។ សូម​បញ្ជាក់​ថា​ហ្យន់​ឌែ​​ ជា​ក្រុម​ហ៊ុន​មួយ​ដ៏​ធំ​របស់​កូរ៉េ​ដែល​មាន​ផលិត​គ្រឿង​ម៉ាស៊ីន​ ឧបករណ៍ទំនើប​ខ្នាត​ធំ​តូច​ជា​ច្រើន​។ អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​នោះ​គឺ​ថា​ នៅ​ក្នុង​រោង​ចក្រ​ផលិត​នោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ថត​រូប​ទេ​ ដូច​នេះ​មិន​មាន​រូប​ភាព​មក​ជូន​ទស្សនា​ច្រើន​ទេ​ ~

នៅ​ខាង​ក្នុង​នោះ​មាន​ផលិត​គ្រឿង​ម៉ាស៊ីន​ជា​ច្រើន​ គេ​មិន​អនុញ្ញាត​ឲ្យ​ថត​នៅ​ខាង​ក្នុង​នោះ​ទេ​ ៚ ឲ្យ​ថត​តែ​ពី​ខាង​ក្រៅ​នេះ​ឯង​

រូប​តំនាង​វិស្វករ​ចំនាន​របស់​ហ្យន់​ឌែ​

កំពុង​ទស្សនា​វីដេអូ​ស្តី​ពី​ហ្យន់​ឌែ​

នេះ​ជា​នាវា​ទើប​នឹង​ផលិត​រួច​ នា​វា​ពណ៌​ត្នោត​២នេះ ត្រៀម​នឹង​នាំចេញ​ទៅ​ប្រទេស​អាល្លឺ​ម៉ង់​ ៚ ហើយ​គេ​ប្រាប់​ថា​ពណ៌​ខ្មៅ​មួយ​ទៀត​ត្រៀម​នឹង​នាំ​ទៅ​ឥណ្ឌា​ ៚ តែ​នាវា​ពណ៌​ខ្មៅ​ខ្ញុំ​អត់​បាន​ថត​មក​ផង​ ។

សកម្ម​ភាព​ខ្លះ​ៗ​កំពុង​ផលិត​នាវា​

ក្លោង​ទ្វារ​ រោង​ចក្រ​ហ្យន់​ឌែ​

នេះ​ក៏​ជា​ផលិត​ផល​របស់​ហ្យន់​ឌែ​ដែរ​

នេះ​ជា​បន្ទះស្រូប​​ពន្លឺ​ព្រះ​អាទិត្យ​