មើល​រឿង​យ៉ាង​ម៉េច​ឲ្យ​ល្អ​មើលនិង​ជក់​ចិត្ត​?

movies

អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ ប្រាកដ​ជា​មើល​រឿង​មិន​ចេះ​ធុញ​ តែ​អ្នក​ដែល​មិន​សូវ​ចូល​ចិត្ត​ ច្បាស់​ជា​ឆ្ងល់​ថា​ ហេតុអ្វី​អ្នក​ខ្លះ​មើល​រឿង​ Movie រហូត​មិន​ចេះ​ធុញ​? តើ​ពួក​គេ​ទាំង​នោះ​ទំនេរ​អត់​ការងារ​ធ្វើ​ឬ​យ៉ាង​ណា?

លើក​មុន​ខ្ញុំ​ធ្លាប់​សរសេរ​អំពី​ការ​មើល​រឿង​ប្រៀប​ដូច​ការ​អាន​សៀវភៅ​មួយ​ក្បាល​ តែ​ថ្ងៃ​នេះ​ចង់​ចែក​រំលែក​អំពី​ភាព​ខុស​គ្នា​រវាង​អ្នក​ចូល​ចិត្ត​និង​អ្នក​មិន​សូវ​ចូល​ចិត្ត​មើល​រឿង​។ អ្នក​នឹង​ស្វែង​យល់​ថា​ តើ​ចំណុច​ណា​ខ្លះ​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍។

ដំបូង​អ្នក​ត្រូវ​ដឹង​ថា​ រឿង​នីមួយ​ៗ​មុន​នឹង​ចេញ​ជា​វីដេអូ​​ឲ្យ​លោក​អ្នក​អង្គុយ​មើល​ វា​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​ ហើយ​វា​ជា​សមិទ្ធផល​របស់​មនុស្ស​ច្រើន​នាក់​បូក​បញ្ចូល​គ្នា​។ ទោះ​បី​រឿង​មួយ​ វា​មិន​អាច​ល្អ​ពី​១ដល់​១០ តែ​នៅ​ពេល​មើល​ យើង​ជា​អ្នក​មើល​អាច​កត់​សម្គាល់​ថា​តើ​រឿង​នេះ​ធ្វើ​បាន​ល្អ​នៅ​ចំណុច​ល្អ​ត្រង់​ណា​ខ្លះ​ ដែល​នេះ​នឹង​ទាម​ទារ​ឲ្យ​​អ្នក​ចាប់​អារម្មណ៍​គ្រប់​ចំណុច​ពី​ដើម​ដល់​ចប់​និង​មិន​ចេះ​ធុញ។ បើ​រៀប​រាប់​អោយ​ខ្លី​ៗ​ពី​ចំណុច​ដែល​ខ្ញុំ​តែង​ចាប់​អារម្មណ៍​នៅ​ពេល​មើល​រឿងម្តង​ៗ​មាន​ដូច​តទៅ៖

ត្រូវ​ចាំ​ថា​ រឿង​នីមួយ​ៗ​ចាប់​ផ្តើម​ឡើង​ដោយ​ការ​និពន្ធ​របស់​អ្នក​និពន្ធ​បែប​ជា​សៀវភៅ​អាន​ បន្ទាប់​មក​ប្រសិន​បើ​គេ​ចង់​យក​សាច់​រឿង​នោះ​ទៅ​ធ្វើ​ជា​ភាពយន្ត​ គេ​ត្រូវ​ដក​ស្រង់​និង​ជ្រើសរើស​ខ្លឹម​សារ​​ ឈុត​ឆាក​ និង​បន្ថែម​បន្ថយ​សេណារីយ៉ូ(ប៉ារ៉ូល​និយាយ​)របៀប​ជា​Movie ព្រោះ​ការ​បង្ហាញ​ដោយ​ការ​សរសេរ​និង​រូបភាព​ មាន​ពេល​កំណត់​និង​តិចនិកខុស​គ្នា។ បន្ទាប់​មក​ប្រាកដ​ជា​នឹង​ត្រូវ​ជ្រើសរើស​ប្លង់​និង​កន្លែង​ថត​ឲ្យ​សម​ស្រប​នឹង​សាច់​រឿង​និង​ជាទី​ចាប់​អារម្មណ៍​។ ដំណាក់​កាល​បន្ទាប់​ គឺ​ការ​ជ្រើសរើស​តួ​អង្គ​សម្តែង​ ការ​ជ្រើសរើស​តួ​សម្តែង​ឲ្យ​ត្រូវ​នឹង​សាច់​រឿង​ ក៏​ជា​ទេព​កោសល្យ​មួយ​ដែរ​ ទោះ​បី​តួ​សម្តែង​បាន​ល្អ​យ៉ាង​ណាក្តី​​ តែ​បើ​រូប​រាង​គាត់​មិន​ស៊ី​គ្នា​នឹង​សាច់​រឿង នោះ​​ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ​។ ចប់​ពី​នេះ​ គឺ​ចូល​ដល់​ដំណើរ​ការ​ថត ដែល​ជា​ទឹក​ស្នាដៃ​ចេញ​ពី​អ្នក​ដឹក​នាំ​រឿង(Director), ឧបករណ៍ថត​, ការ​រៀប​ចំ​ប្លង់​និង​ចាប់​ប្លង់​ថត​, និង​ការ​សម្តែង​របស់​តួអង្គ​។ ត្រង់​ចំណុច​នេះ​ ខ្ញុំ​យល់​ថា​ឧបករណ៍​ថត​និង​ការ​រៀប​ប្លង់​ថត​គឺ​សំខាន់​ខ្លាំង​ ព្រោះ​គេ​អាច​មើល​និង​វិភាគ​ចំណុច​នេះ​ដោយ​គ្រាន់​តែ​មើល​ឈុត​ខ្លី​ៗ​ក្នុង​ Trailer រឿង​នីមួយ​ៗ​ នោះ​គេ​អាច​ដឹង​បាន​ ហេតុ​នេះ​ប្រសិន​បើ​ចំណុច​នេះ​ខ្សោយ​ នោះ​អ្នក​មើល​ក៏​អាច​សម្រេច​ចិត្ត​មិន​មើល​បាន​ដែរ​។ ចំណុច​បន្ទាប់​គឺ​ការ​កាត់​ត​វីដេអូ បញ្ចូល​បច្ចេកទេស​សម្លេង និង​ប្រើ​ក្រាហ្វិក​កុំព្យូទ័រ​ ដែល​ជា​កិច្ច​បង្ហើយ​បុណ្យ​នៃ​ការ​បង្កើត​​Movie។ ១ចំណុច​ចុង​ក្រោយ​ដែល​ជា​ចំណុច​សំខាន់​មួយ​ដែរ ដើម្បី​ទាក់ទាញ​ឲ្យ​អ្នក​មើល​សម្រេច​ចិត្ត​មើល​រឿងណាមួយ​​ គឺ​ការ​ជ្រើសរើស​ឈុត​​និង​បច្ចេក​ទេស​​ឲ្យ​ចេញ​ជា​Trailerមួយ​គួរ​ឲ្យ​ទាក់​ទាញ​និង​ចង់​មើល​។

ដំណាក់​កាល​ដែល​បាន​រៀប​រាប់​នេះ​ គឺ​មិន​មែន​កើត​ចេញ​ពី​មនុស្ស​តែ​ម្នាក់​នោះ​ទេ​។ ដូច​នេះ​រឿង​មួយ​ល្អ​ឬ​មិន​ល្អ​មិន​មែន​ផ្អែក​លើ​មនុស្ស​ណា​ម្នាក់​ ហើយ​នៅ​ពេល​យើង​មើល​រឿង​ក៏មិន​មែន​មើល​តែ​រឿង​តែ​មួយ​មុខ​នោះ​ឡើយ។ រឿង​ខ្លះ​មើល​ចប់​ខ្ញុំ​សរសើរ​ការ​ជ្រើសប្លង់​ រឿង​ខ្លះ​មើល​ចប់​ខ្ញុំ​សរសើរ​តួ​សម្តែង​ ។ល។ នេះ​គ្រាន់​តែ​ជា​ការ​សង្ខេប​តែ​ប៉ុណ្ណោះ​ តែ​តាម​រយៈ​ការ​សង្ខេប​នេះ​ តើ​លោក​អ្នក​មាន​កត់​សម្គាល់​ថា​ តើ​ចំណុច​មួយ​ណា​ដែល​អ្នក​មិន​ដែល​បាន​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ? គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ គឺ​ពួក​គាត់​ប្រហែល​ដូច​ជា​ខ្ញុំ​ដែរ គឺ​តែង​ចាប់​អារម្មណ៍​ចំណុច​ទាំង​អស់​ដែល​បាន​រៀប​រាប់​ ដូច​នេះ​ពេល​មើល​រឿង​បណ្តើរ​ខ្ញុំ​តែង​ស្ញប់​សរសើរ​ត្រង់​ចំណុច​ដែល​ធ្វើ​បាន​ល្អ​ ពិសេស​គំនិត​ថ្មី​ៗ​ទាំង​សាច់​រឿង​ បច្ចេក​ទេស​ថត​ ការ​សម្តែង​។ល។ ហេតុ​នេះ​ទើប​អ្នក​ខ្លះ​មើល​រឿង​ជក់​ចិត្ត​ពី​ដើម​ដល់​ចប់​ អ្នក​ខ្លះ​គេង​លក់​កំពុង​មើល​ក៏​មាន​។

1. សាច់​រឿង​

មាន​ភាពយន្ត​ខ្លះ​កើត​ចេញដោយ​ផ្អែក​លើ​សៀវភៅ​ដែល​ភាគ​ច្រើន​ជា​Bestseller Books។ ប្រសិន​បើ​ខ្ញុំ​មិន​ដែល​បាន​អាន​សៀវភៅ​នោះ​ពីមុន​ នោះ​ខ្ញុំ​ប្រាកដ​ជា​ស្ញប់​សរសើរ​ត្រង់​ចំណុច​ណាមួយ​ដែល​ប្លែក​និង​អស្ចារ្យ​ចំពោះ​សាច់​រឿង​ដែល​បាន​សរសេរ​។ ទោះ​បី​រឿង​ពិត​ក្តី​ ប្រឌិត​ក្តី​ តែ​គំនិត​និងការ​​ប្រទាក់​សាច់​រឿងឲ្យ​ល្អ​​ មិន​មែន​នរណា​ចេះ​តែ​នឹក​ឃើញ​បាន​ទេ។

2. ការ​ជ្រើស​ឈុត​និង​បន្ថែម​សេណារីយ៉ូ

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​បាន​អាន​សៀវភៅ​រឿង​ដែល​បម្រុង​នឹង​មើល​ហើយ​ក្តី​ តែ​ប្រាកដ​ណាស់​ឈុត​ក្នុង​ភាព​យន្ត​នឹង​មិន​អាច​ក្បោះ​ក្បាយ​ដូច​ក្នុង​សៀវភៅ​នោះ​ទេ​។ ជួន​កាល​ឈុត​ក្នុង​រឿង​ អាច​នឹង​មិន​ទៅតាម​លំដាប់​លំដោយ​ដូច​ក្នុង​សៀវភៅ​ ជា​ពិសេស​ការ​បង្កើត​ប៉ារ៉ូល​និយាយ​ឲ្យ​តួសម្តែង​ដើម្បី​ឲ្យ​លោក​អ្នក​សើច​ឬ​កំសត់​ ក៏​មិន​មែន​ចេះ​តែ​កើត​ចេញ​មក​ស្រាប់​ៗ​នោះ​ដែរ​។ ប្រសិន​បើ​លោក​អ្នក​ចេះ​មើល​និង​កត់​សម្គាល់​នូវ​ថ្វី​អ្នក​រៀបចំ​ ដោយ​មិន​មែន​ចេះ​តែ​មើល​ចោល​ៗ នោះ​អ្នក​នឹង​ថាមើល​រឿង​ដោយ​ជក់​ចិត្ត​មួយ​កម្រិត​ថែម​ទៀត។

3. ប្លង់​និង​ទី​កន្លែង​ថត​

ការ​ជ្រើស​ទី​កន្លែង​ថត​ និង​រៀប​ប្លង់​ថត​ឲ្យ​ត្រូវ​នឹង​សាច់​រឿង​និង​កាលៈទេសៈ​ពិត​ជា​សំខាន់​។ ការ​ចេះ​ចាប់​ប្លង់​ឲ្យ​ប្រទាក់​ក្រឡា​គ្នា​ អាច​ជួយ​ឲ្យ​រឿង​កាន់​តែ​ល្អ​មើល​បន្ថែម​ទៀត។ ឈុត​ខ្លះ​ត្រូវ​ថត​ពី​លើ ឬ​ឈុត​ខ្លះ​ត្រូវ​ថត​យក​ប្លង់​ឆ្ងាយ​ឬ​ជិត​ សុទ្ធ​តែ​រួម​ចំណែក​ឲ្យ​គុណភាព​រឿង​ល្អ​មិន​គួរ​ឲ្យ​ធុញ​។ រឿង​ខ្លះ​សាច់​រឿង​ល្អ​មើល​ តែ​អ្នក​ថត​អន់​ដោយ​មិន​ចេះ​ប្តូរ​ប្លង់​កាមេរ៉ា​ចុះ​ឡើង​អាច​ធ្វើ​ឲ្យ​ភាពយន្ត​ទៅ​ជា​សាំ​និង​មិន​ជក់​ចិត្ត​។​ ពិសេស​ឈុត​វាយ​គ្នា​ប្រភេទ​Action បើ​អ្នក​ថត​មិន​ចេះ​ថត​ ប្រាកដ​ជា​មើល​ទៅ​ភ្លាវ​ៗ​មិន​ដូច​មែន​ទែន​។ បើ​រឿង​ដែល​ថត​បាន​ល្អ នោះ​តួ​សម្តែង​ពុំ​ចាំ​បាច់​វាយ​មែន​ទែន​ ឬ​ដួល​មែន​ទែន​ក៏​បាន​ វា​ស៊ីសង​ទៅ​លើ​ការ​ចាប់​ប្លង់​ឲ្យ​មើល​ទៅ​លឿន​ដូច​មែន​ទែន​។ ត្រង់​ចំណុច​នេះ​ គឺ​បន្ទោស​ទៅ​លើ​អ្នក​ដឹក​នាំ​Director មិន​មែន​តួ​សម្តែង​នោះ​ទេ។

4. តួសម្តែង

តួ​សម្តែង​ចែក​ចេញ​ជា​ការ​ជ្រើស​តួ​ និង​ទេពកោសល្យ​សម្តែង​។ មាន​ភាព​យន្ត​ច្រើន​ក្រែល​ ដែល​ទទួល​បរាជ័យ​ដោយ​សារ​ការ​ជ្រើសតួ​មិន​សម​នឹង​សាច់​រឿង ដូច​ជា​តួ​ត្រូវ​ភ្នែក​ធំ​ បែរ​យក​តួ​ភ្នែក​តឹង ឬ​តួ​ត្រូវ​ស្បែក​ខ្មៅ​ បែរ​យក​តួ​ស្បែក​ស​ ឬ​សូម្បី​តែ​ពណ៌សក់ កំពស់ កាយ​សម្បទា និង​តុង​និយាយ​។ ឧទាហរណ៍​ ភាសា​អង់គ្លេស​ដូច​គ្នា​​ តែ​បើ​តួ​កើត​នៅ​អង់គ្លេស​ នោះ​គាត់​ត្រូវ​និយាយ​តុង​អង់គ្លេស មិន​អាច​ប្រើ​តុង​អាមេរិច​បាន​ទេ។ ជួន​កាល​សាច់​រឿង​ល្អ​មើល​ តែ​តួ​មិន​សូវ​ស្អាត​ឬ​មិន​សម​ នោះ​អ្នក​មើល​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដែរ។ រី​ឯ​ទេព​កោសល្យ​សម្តែង​ ខ្ញុំ​តែង​សម្គាល់​មើល​ត្រង់​ទឹក​មុខ​របស់​តួ​អង្គ​ មិន​មែន​កាយវិការ​ដើរ​ឈរ​អង្គុយ​របស់​គាត់​ទេ។ ជា​ទូទៅ​ បើ​ទឹក​មុខ​គាត់​ធ្វើ​ចេញ​មក​ដូច​ពិត​ៗ​ ហើយ​ប្រើ​សម្លេង​និយាយ​បាន​ល្អ​មិន​ដូច​ទន្ទេញ​នោះ​ នោះ​ខ្ញុំ​សរសើរ​ការ​សម្តែង​គាត់​បាន​ល្អ​។ ហើយ​ជា​ទូទៅ​ ប្រសិន​បើ​ខ្ញុំ​ចាប់​អារម្មណ៍​តួ​ណា​សម្តែង​បាន​ល្អ ខ្ញុំ​តែង​ឆែក​មើល​ពី​រឿង​ផ្សេង​ៗ​របស់​គាត់​ជា​បន្ត​ទៀត។

5. អ្នក​ដឹក​នាំ​រឿង​

អ្នក​ដឹក​នាំ​រឿង​ជា​ជន​សំខាន់​ជាង​គេ​ដែល​គេ​គ្រប់​គ្នា​តែង​ឲ្យ​តម្លៃ​ចំពោះ​រឿង​នីមួយ​ៗ​ តែ​អ្វី​ដែល​អ្នក​មើល​ត្រូវ​ចាប់​អារម្មណ៍​មិន​មែន​បុគ្គល​ដឹកនាំ​រឿង​ទេ​ តែ​ជា​សមិទ្ធផល​របស់​គាត់​ទៅ​វិញ ព្រោះ​ដូច​ដែល​បាន​រៀប​រាប់​ ប្លង់​ថត ប្លង់​កាមេរ៉ា​ និងការ​បញ្ជា​របស់​គាត់​ទៅ​លើ​តួ​សម្តែង​ ជា​អ្វី​ដែល​យើង​នឹង​មើល​​ឃើញ​នៅ​ក្នុង​ភាពយន្ត​ ហេតុនេះ​ប្រសិន​បើ​អ្នក​ដឹក​នាំ​ពូកែ​តែ​ការ​បញ្ជា​និង​ពន្យល់​តួ​សម្តែង​ តែ​មិន​បាន​ស៊ី​ជម្រៅ​ពី​ប្លង់​ថត​និង​ការ​ចាប់​ប្លង់​កាមេរ៉ា​ ឬ​ដែល​ហៅ​ថា​ទេពកោសល្យ​ស្រម័យ​របស់​គាត់​មិន​សូវ​សម្បូរ​បែប នោះ​រឿង​ចេញ​មក​ក៏​មិន​សូវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​។​

6. ឧបករណ៍​ថត​ និង​ក្រាហ្វិក​កុំព្យូទ័រ​

បន្ទាប់​ពី​ចេះ​មើល​រឿង​ច្រើន​មក​ ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​ Budget Movie ប៉ុន្មាន​ទេ​។ ហេតុនេះ​មុន​ពេល​មើល​រឿង​ណា​មួយ​ ខ្ញុំ​តែង​ឆែក​មើល​Trailerសិន​ ដើម្បីពិនិត្យ​មើល​ប្លង់​ថត​ គុណភាព​វីដេអូ និង​ក្រាហ្វិក​កុំព្យូទ័រ​ថា​តើ​ល្អ​ដែរ​ឬ​ទេ។ រឿង​ទាំង​នោះ​ គឺ​ថត​ឲ្យ​តែ​បាន​ៗ​ មិន​សូវ​ជា​ដោយ​សំរិតសំរាំង​នោះ​ទេ។ ឧទាហរណ៍​ ប្លង់​ថត​ចេញ​មក​ទាំង​ដុល​ៗមិន​បាន​ Focus ទៅលើ​អី​មួយ​ឲ្យ​ប្រាកដ, ក្រាហ្វិក​កុំព្យូទ័រ​ទៀត​សោត​បែប​អន់​ៗ ដូច​ជា​ឈុត​ផ្ទុុះ ភ្លើង គ្រាប់​កាំភ្លើង ឬ​ឈាម​ ។ល។ មើល​ទៅ​មិន​ដូច​ពិត​អី​បន្តិច​សោះ​។ រឿង​ទាំង​នោះ​ច្រើន​ចេញ​ពី​ផលិតកម្ម​តូច​ៗដែល​ខ្វះ​ធនធាន​។

7. Trailer

Trailerជា​វីដេអូ​សង្ខេប​ខ្លី​ឲ្យ​យើង​ដឹង​ពី​សាច់​រឿង​ត្រួស​ៗ​ និង​ជា​ឱកាស​បញ្ចុះ​បញ្ចូល​ទស្សនិកជន​ឲ្យ​សម្រេច​ចិត្ត​មើល​រឿង​ណា​មួយ​។ រឿង​ខ្លះ Trailer ជក់​ចិត្ត​ខ្លាំង​ តែ​ដល់​រឿង​មែន​ទែន​ មើល​ទៅ​សាំ​ច្រើន​ខុស​ពី​អ្វី​ដែល​រំពឹង​ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មើល​ខក​ចិត្ត​, តែ​រឿង​ដែល​ល្អ​មើល​សោះ​ តែ​Trailerវិញ​អន់មិន​គួរ​ឲ្យ​ចង់​មើល​ តើ​នរណា​នឹង​មើល​ទៅ? ហេតុនេះ​ចំណុច​នីមួយ​ៗ​សុទ្ធ​តែ​សំខាន់​។

 

សរុប​ទៅ នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​របស់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ មិន​ថា​រឿង​ប្រភេទ​អ្វី (សូម​ដក​រឿង​បែប​រន្ធត់​ខ្មោច​ Horror ចេញ​ ព្រោះ​ខ្លាច​ខ្មោច) គឺ​ខ្ញុំ​តែង​រក​មើល​ជា​និច្ច​។ មួយ​ថ្ងៃ​ខ្ញុំ​រឿង​យ៉ាង​ហោច​ណាស់​ក៏​មួយ ថ្ងៃ​ទំនេរ​មើល​រឿង​ចប់​បាន​3ទៅ​4រឿង​ក៏​មាន​។ មិត្ត​ភក្តិ​តែង​ឆ្ងល់​ថា​ ហេតុអ្វី​ខ្ញុំ​ចូល​ចិត្ត​មើល​រឿង​ម្ល៉េះ​? មើល​រហូត​ចឹង​ មិន​ចេះ​ធុញ​ទេ​អី​? តែ​ខ្ញុំ​ចង់​ប្រាប់​វិញ​ថា​ ការ​មើល​រឿង​ វា​គ្រាន់​តែ​ជា​ការ​រំសាយ​អារម្មណ៍​ត្រឹម​2ទៅ​3ម៉ោង​ក្នង​មួយ​ថ្ងៃ​ឲ្យ​ស្ងប់​ចិត្ត​ ផ្តោត​ទៅ​លើ​សាច់​រឿង។ ហើយ​រឿង​នីមួយ​ៗ​ទៀត​សោត វា​សុទ្ធ​តែ​មាន​តម្លៃ​អប់​រំ អត្ថន័យ​ មេរៀន​ជីវិត ចំណេះដឹង​ថ្មី​ៗ បទពិសោធន៍​ ពិសេស​វា​បង្កើន​ផ្នែក​ភាសា​បរទេស​ផង​ដែរ​។ ខ្ញុំ​មើល​ឃើញ​ផល​ប្រយោជន៍​ជា​ច្រើន​ពីការ​មើល​រឿង​នីមួយ​ៗ ហើយ​វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ពេល​វេលា​អត់​ប្រយោជន៍​នោះ​ទេ 😉

Advertisements

បញ្ចប់បេសកកម្មសិក្សា

image

ភ្លេចប្រាប់ទៅ ថាខ្ញុំពេលនេះរៀនចប់ហើយ! ក្រោយរៀនចប់ ថ្វីត្បិតមិនទាន់ត្រលប់ទៅមាតុភូមិវិញភ្លាម តែក៏នឹងវិលវិញឆាប់នេះឯង មិនយូរទេ យ៉ាងយូរមួយឆ្នាំទៀត ^^

គិតទៅពេលវេលាដើរលឿនដូចផ្លេកបន្ទោរ ៥ឆ្នាំដែលខ្ញុំគិតថាវាយូរណាស់ ឥលូវនេះវាកន្លងផុតបាត់ទៅហើយ។ ក្រោយរៀនចប់ អ្វីដែលខ្ញុំត្រូវធ្វើគឺស្វែងរកគោលដៅនៃជីវិត។ មិនមែនត្រឹមតែមុខរបរមួយមុខដែលខ្ញុំត្រូវគិតគូរនោះទេ ប្រហែលជាច្រើនជំពូក។ គិតទៅមើល ពេលខ្ញុំចាកចេញពីកម្ពុជាដំបូង ត្រឹមជាក្មេងស្រីមិនដឹងខ្យល់អី មិនបាច់ដឹង មិនបាច់គិតគូរពីរឿងច្រើនពេកទេក្រៅតែពីរៀន។ តែពេលនេះ ក្រោយរៀនចប់ វាហាក់ដូចលឿននិងខុសឆ្ងាយខ្លាំងសម្រាប់ចិត្តគំនិតនិងកិច្ចត្រូវធ្វើនិងទំនួលខុសត្រូវ។ ខ្ញុំហាក់រកទិសដៅជីវិតមិនទាន់ឃើញនៅឡើយ អារម្មណ៍ពេលនេះហាក់បីដូចជាមនុស្សម្នាក់កំពុងឈរតែលតោលលើផ្ទាំងទឹកកកតូចមួយក្នុងផ្ទៃសមុទ្រដ៏ធំធេង។

ជោគជ័យក្នុងជីវិតមិនមែនងាយស្វែងរក និងទទួលបាននោះទេ ត្រូវរៀននិងប្រឹងប្រែងដោយខ្លួនឯង។ ទ្រឹស្តីក្នុងសាលានិងភាពជាក់ស្តែងក្នុងសង្គមមានភាពខុសគ្នា ត្រូវចេះបត់បែននិងរៀនសូត្របន្ថែមទៀតពីបទពិសោធន៍ និងអ្នកផ្សេង។ ជូនពរខ្ញុំសំណាងល្អទៅណា៎ ^^ អរគុណទុកជាមុន គិៗៗៗ

ឆមាស​ចុង​ក្រោយនៅ​កូរ៉េ

SAM_2429

ធ្មេច​បើក​ចូល​ដល់​ឆ្នាំ​ទី​បួន​និង​ឆមាស​ចុង​ក្រោយ ថា​ពេល​វេលា​ដើរ​លឿន​ក៏​បាន​ យឺត​ក៏​បាន​ ព្រោះ​រយៈ​ពេល​កន្លង​មក​នេះ ហាក់​ដូច​ជា​មាន​រឿង​ជា​ច្រើន​កើត​ឡើង វា​មិន​លឿន​ពេក​ទេ។ ពី​ក្មេង​ស្រី​ម្នាក់​ដែល​ពុំ​សូវ​ដឹង​ច្រើន​នូវ​ចំណេះ​ដឹង​ផ្សេង​ៗ ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​នៅ​ឡើយ តែ​ត្រឹម​តែ​រយៈ​ពេល​ប្រមាណ​៤ឆ្នាំ​ជាង​នេះ​ នាង​មាន​ការ​យល់​ដឹង​ច្រើន​ ទាំង​ការ​បាន​ពី​ការ​រៀន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​និង​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន។​ ពិសេស​នាង​ចេះ​រៀន​រស់​និង​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ ពី​ក្មេង​ស្រី​ទន់​ខ្សោយ​ទាំង​ស្មារតី​និង​ជំនឿ​ចិត្ត​ ពេល​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ត្រឹម​កម្រិត​មួយ​ដែល​ប្រសើរ​ជាង​មុន​ បើ​ទោះ​ជា​នៅ​មាន​ចំនុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត​ក៏​ដោយ​។

តាម​ការ​សង្កេត​ពី​ខ្លួន​ឯង​ ខ្ញុំ​យល់​ថា​ខ្ញុំ​មាន​ការ​ប្រែ​ប្រួល​ក្រាស់​ក្រែល​ ទាំង​អត្តចរិត​និង​អាកប្បកិរិយា។ មិន​មែន​គ្រប់​ចំនុច​ទាំង​អស់​សុទ្ធ​តែ​អភិវឌ្ឍ​ប្រសើរ​ជាង​មុន​ទាំង​អស់​នោះ​ទេ​ ចំនុច​ខ្លះ​នៃ​ខ្លួន​ខ្ញុំ​បច្ចុប្បន្ន​ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ ឬ​អតីតភាព​ដូច​ជា​ប្រសើរ​ជាង​។ ឧទាហរណ៍​​ ពី​មុន​ដែល​មិន​មែន​ជា​មនុស្ស​ឆាប់​ឆែវ​ឆាវ​ឬ​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​បាន​ភាគ​ច្រើន​ បច្ចុប្បន្ន​ខ្ញុំ​សង្កេត​ឃើញ​ខ្លួន​ឯង​ឆាប់​ឆេវ​ឆាវ​និង​ពេល​ខ្លះ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​។ ទាំង​អស់​នេះ​ មិន​មែន​ខ្ញុំ​ជា​ជ្រើស​រើស​ទេ​ តែ​ប្រហែល​ដោយ​សារ​កាលៈ​ទេសៈ​ ការ​យល់​ឃើញ និង​វ័យ​អាយុ​ផ្លាស់​ប្តូរ​ ធ្វើ​ឲ្យ​ខ្លួន​យើង​ផ្លាស់​ប្តូរ​ទៅ​តាម​នឹង​ដោយ​មិន​ដឹង​ខ្លួន​។

ចូល​ដល់​ប្រធាន​បទ​ឆមាស​ចុង​ក្រោយ​នៅ​កូរ៉េ​នេះ​វិញ ខ្ញុំ​មិ​ន​ដឹង​ថា​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​សម្រាប់​ការ​បញ្ចប់​បរិញ្ញាប័ត្រ​មួយ​នេះ ព្រោះ​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ​ពី​​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​បន្ត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ហាក់​នៅ​វិល​វល់​នៅ​ឡើយ​ មិន​ទាន់​ដឹង​ថា​គួរ​គូស​វាស​គោល​ដៅ​មួយ​ណា​នៃ​ជីវិត​។ ប្រហែល​បណ្តោយ​តាម​យថាកម្ម​ទេ​ដឹង? សង្ឃឹម​ថា​ខ្ញុំ​ស្វែង​រក​ឃើញ​គោលដៅ​ច្បាស់​លាស់​មួយ​ឆាប់​ៗ​នេះ។

ឡាវ័ន

ទី​បំផុត​ប្តូរ​ទូរស័ព្ទ​បាន​សម្រេច

តឹង​ចិត្ត​ណាស់​ តឹង​ចិត្ត​នឹង​ទូរស័ព្ទ​ចាស់​ (LG Optimus LTE) ហ្នឹង​យូរ​ហើយ!!! វា​យឺត​ពេក​ណាស់​ very slow តែ​ដោយ​សារ​តែ​ជាប់​កុងត្រា​ចេះ​តែ​ទ្រាំ​ប្រើ​មក​រហូត។ ខ្ញុំ​មិន​ដែល​ថ្នាក់​ថ្នម​ទូរស័ព្ទ​នឹង​ទេ​ ទោះ​ជ្រុះ​ធ្លាក់​រាប់​រយ​ដង​ក៏​មិន​ដែល​ខ្ចី​ខ្វល់។ ក្រោយ​ពី​ប្រើ​បាន​មួយ​ឆ្នាំ​ ពេល​មក​ពី​ខ្មែរ​ខែ​កញ្ញា​នេះ ខ្ញុំ​ថា​បម្រុង​នឹង​ដូរ​ហើយ តែ​ចៃដន្យ​អី​ នៅ​កូរ៉េ​គេ​ដូរ​ policy ហាម​មិន​ឲ្យ​សិស្ស​ជន​បរទេស​កាន់​វិសា D4 D2 ទិញ​ទូរស័ព្ទ​ដាក់​កុង​ត្រា​ទេ​។ បាន​ន័យ​ថា​ បើ​ចង់​ដូរ​ត្រូវ​បង់​ទូរស័ព្ទ​ពេញ​ថ្លៃ ហើយ​នឹង​ត្រូវ​បង់​សង​ទូរស័ព្ទ​ចាស់​ផង​ ព្រោះ​មិន​ទាន់​ជាប់​កុងត្រា។ ដោយ​សារ​គិត​សរុប​ទៅ​វា​ថ្លៃ​ខ្លាំង​ពេក ខ្ញុំ​សម្រេច​ចិត្ត​ថា​មិន​ដូរ​ ថា​ទ្រាំ​ប្រើ​វា​សិន​ចុះ ចាំ​មើល​ក្រែង​គេ​មាន​ប្រូម៉ូសិន​អី។ ចាំ​ៗៗៗ ចុង​ក្រោយ​ខ្ញុំ​ទ្រាំ​លែង​បាន​ ហើយ​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ដូរ​ថ្មីគឺ​ចំ​ពេល​ប្រលង​ត្រីមាស​តែ​ម្តង។ គិត​ទៅ​រាល់​ដង​តែ​អ៊ីចឹង​! ខ្ញុំ​តែង​ទ្រាំ​លែង​បាន​ពេល​រដូវកាល​ប្រលង​ត្រីមាស​។ ឆ្នាំ​មុន​ពេល​ដូរ​យក​ទូរស័ព្ទ​ LG នឹង​ក៏​ដូរ​ចំ​ពេល​ប្រលងត្រី​មាស​ដែរ​ តែត្រី​មាស​រដូរ​ផ្ការីក (ឧសភា)។

សរុប​ទៅ​ ពេល​នេះ​បាន​ប្រើ​អា​ថ្មី​ហើយ​ យេៗៗៗៗៗ!! ម៉េច​ចុះ​!? គ្រាន់​តែ​ចង់​ប្រាប់​ប៉ុណ្ណឹង! មិន​មែន​អួត​អី​ទេ​ គ្រាន់​តែ​ចង់​ប្រាប់​ឲ្យ​ដឹង : )))

រើ​បន្ទប់​ស្នាក់​នៅ​


ចូល​ដល់​វិស្សមកាល​រយៈ​ពេល​ប្រមាណ​ជា​២ខែ​កន្លះ​ និស្សិត​ជា​​ច្រើន​មាន​ទឹក​មុខ​សប្បាយ​រីក​រាយ​។ ភាគ​​ច្រើន​នៃ​​ពួក​គេ​ត្រលប់​ទៅ​ស្រុក​កំណើត​ខ្លួន​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន​។ ដូចនេះ​ បរិវេណ​សាលា​ដែល​ធ្លាប់​តែ​អ៊ូអរ​ទៅ​ដោយ​និស្សិត​គ្រប់​ច្រកល្ហក​ ប្រែ​សភាព​ជា​ស្ងាត់​ជ្រងំ​ ខុស​ពី​សព​ដង​។ តែក៏​មាន​និស្សិត​ខ្លះ​មួយ​ចំនួន​ ពុំ​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ទេ​ ដោយ​ខ្លះ​បន្ត​នៅ​រៀន​វគ្គ​ខ្លី​ៗ​ដែល​មាន​នា​​វិស្សមកាល​ ខ្លះ​នៅ​ជាប់​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង​ដើម្បី​សន្សំ​លុយ​​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ ឬ​ខ្លះ​សន្សំ​លុយ​ទុក​បង់​ថ្លៃ​សាលា​សម្រាប់​ឆមាស​ក្រោយ​។

នៅ​អន្តេរវាសិកដ្ឋាន​ដែល​ខ្ញុំ​កំពុង​រស់​នៅ​ ម្សិល​មិញ​នេះ​មាន​សភាព​អ៊ូអរ​ខុស​ពី​ធម្មតា​! ហេតុអ្វី​? ព្រោះ​​​ជា​ថ្ងៃ​ដែល​គ្រប់គ្នា​​រើ​បន្ទប់​ចេញ​ ឬ​ខ្លះ​រើ​បន្ទប់​ទៅ​កាន់​បន្ទប់​មួយ​ទៀត​។ អ្នក​ដែល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ ត្រូវ​រើ​ឥវ៉ាន់​ទាំង​អស់​ចេញ​ពី​បន្ទប់​ ឯ​សិស្ស​ដែល​បន្ត​ស្នាក់នៅ​ ខ្លះ​ត្រូវ​រើ​ឥវ៉ាន់​ទៅ​កាន់​បន្ទប់​មួយ​ទៀត​។ បន្ទប់​មួយ​មាន​គ្នា​២នាក់​ ដូចនេះ​រាល់​បន្ទប់​ដែល​នៅ​សល់​តែ​ម្នាក់​ (ម្នាក់​ទៀត​ចេញ​បាត់​) ត្រូវ​រើ​ទៅ​កាន់​បន្ទប់​ដែល​នៅ​សល់​តែ​ម្នាក់​ដែរ​ (សង្ស័យ​គេ​កំពុង​លេង​ល្បែង​ពីរ​ដក​មួយ​ :mrgreen:)

ចៃ​ដន្យ​អី​ ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​រើ​បន្ទប់​នោះ​ដែរ​។ រើ​មួយ​ថ្ងៃ​វិល​ល្ងាច​ទើប​រួច​! ស្លាប់​ហើយ​ មិនដែល​ដឹង​សោះ​ថា​ឥវ៉ាន់​ខ្ញុំ​មាន​ច្រើន​ដល់​ថ្នាក់​នឹង​!! :evil:​ មិន​ដឹង​ជា​អី​ខ្លះ​ទេ​ ចិប​ចុប​ៗ​ពេញ​នឹង​!!
ចាំ​បាន​ថា​ កាល​ខ្ញុំ​មក​កូរ៉េដំបូង​​ ឥវ៉ាន់​មាន​តែ​បី​ដុំ​គត់​! ហាហា 😆


រូប​ថត​នេះ​ថត​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ជាន់​ដី​កូរ៉េ​

បាយ​នៅ​អាហារដ្ឋាន​សាលា​ខ្ញុំ​


កាល​មក​កូរ៉េ​ដំបូង​ៗ ប្រហែល​ជា​រយៈ​ពេល​មួយ​ឆ្នាំ​ ខ្ញុំ​ញ៉ាំ​បាយ​នៅ​អាហារដ្ឋាន​សាលា​ខ្ញុំ​ស្ទើរ​រៀង​រាល់​ថ្ងៃ​ លើក​លែង​តែ​​ចុង​សប្តាហ៍​ ព្រោះ​អាហារដ្ឋាន​នៅ​សាលាខ្ញុំ​ បើក​តែ​ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ រីឯ​ថ្ងៃ​សៅរ៍​បើក​តែ​មួយ​ព្រឹក​ទេ​ គឺ​ត្រឹម​ម៉ោង​១និង​៣០នាទី​រសៀល​។

ជា​ធម្មតា​ អាហារដ្ឋាន​នៅ​សាលា​ខ្ញុំ​​បើក​លក់​ត្រឹម​ម៉ោង​៧និង​៣០​នាទី​ល្ងាច​ រី​ឯ​អាហារ​វិញ ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ខាង​មុខ​អាហារដ្ឋាន​ មាន​ទូ​កញ្ចក់​ដាក់​តាំង​អាហារ​គំរូ​ ដូច​ដែល​បាន​ឃើញ​ក្នុង​រូប​ គឺ​ដាក់​តាំង​ម្ហូប​ពិត​ៗ​ ជា​មួយ​ឈ្មោះ​ និង​តម្លៃ​ផង​ដែរ​។ បើ​លោក​អ្នក​ពេញ​ចិត្ត​អាហារ​ណា​មួយ​ គ្រាន់​តែ​ប្រាប់​ឈ្មោះ​អាហារ​នោះ​ទៅកាន់​អ្នក​គិត​លុយ​ទៅ​ ឲ្យ​លុយ​គេ​ហើយ​ គេ​នឹង​ឲ្យ​គូប៉ុង​មក​យើង​។ យក​គូប៉ុង​នោះ​ ទៅ​ឲ្យ​តូប​អាហារ​ដែល​ធ្វើ​អាហារ​នោះ​ទៅ​ គេ​នឹង​ឲ្យ​ម្ហូប​មក​យើង​ហើយ​។ ដំណាក់​កាល​ និង​របៀប​របប​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អាហារដ្ឋាន​នៅ​ផ្សា​សូរិយា​នោះ​ដែរ​ 😉

ថ្ងៃ​នេះ​ ខ្ញុំ​ជ្រើស​រើស​អាហារ​ដែល​មាន​ឈ្មោះ​ថា​ ប៊ូ​ឌែ​ជីគែ​ (부대찌개) តម្លៃ​ ២៧០០វ៉ុន​។ មាន​អី​ ឆ្ងាញ់​តើ​! 😀