ចេក​នៅ​កូរ៉េ​ លក់​ម៉េច​?


ចេក​នៅ​ខ្មែរ​យើង​លក់​ជា​ស្និត​ និង​ស្ទង​ តែ​ចេក​នៅ​​កូរ៉េ​លក់​ជា​ផ្លែ =))
នៅ​កូរ៉េ​ពុំ​សូវ​មាន​ផ្លែ​ឈើ​លក់​ច្រើន​ទេ​ ហើយ​​ផ្លែ​ឈើ​ដែល​លក់​ទៀត​សោត​ ភាគ​ច្រើន​ជា​ផ្លែ​ឈើ​នាំ​ចូល​ទេ​។​ ដោយ​សារ​ប្រទេស​នេះ​មាន​បួន​រដូវ​ ហើយ​ដី​វិញ​​ភាគ​ច្រើន​ជា​ខ្ពង់​រាប​ ដូច​នេះ​ការ​ដាំ​ដុះ​​ដំនាំ​ផ្លែ​ឈើ​មិន​សូវ​សម្បូរ​ទេ​។
តាំង​ពី​ខ្ញុំ​មក​កូរ៉េ ដូច​ជា​មិន​ដែល​ឃើញ​ចេក​ដាក់​លក់​សម្បក​ពណ៌​បៃតង​ទេ​។ ចេក​ដែល​ដាក់​លក់​ សុទ្ធ​តែ​ពណ៌​លឿង​ដូច​ដែល​ឃើញ​ក្នុង​រូប​នេះ​ ហើយ​ប្រភេទ​វិញ​ ក៏​ប្រហែល​ជា​មាន​តែ​មួយ​ប្រភេទ​នេះ​ដែរ​។ ខុស​ពី​ប្រទេស​យើង​ដែល​មាន​ដំនាំ​ផ្លែ​ចេក​ដាក់​លក់​ពេញ​ផ្សារ​ ប្រភេទ​ចេក​ទៀត​សោត​ ក៏​មាន​រាប់​មិន​អស់​ ប្រហែល​ខ្ញុំ​ស្គាល់​មិន​អស់​ផង​។​ ចេក​ខ្មែរ​ដែល​ខ្ញុំ​ស្គាល់​និង​ធ្លាប់​ញ៉ាំ​មាន​ដូច​ជា​ ចេក​ អំបូង​ ណាំ​វ៉ា​ ពង​មាន់​ …អុញ​? រាប់​បាន​តែ​បី​^^ ស្គាល់​តែ​បី​នឹង​ទេ​ ហេ​ៗៗ… :mrgreen:

ចូល​ដល់​ចេក​នៅ​កូរ៉េ​វិញ​ គឺ​គេ​លក់​ជា​ផ្លែ​ ដែល​ជា​ធម្មតា​​ មួយ​ផ្លែ​ថ្លៃ​ 500 Won ប្រហែល​នឹង​ ២០០០ រៀល​។ ពីរ​ផ្លែ​១០០០វ៉ុន​ដាច់​ថ្លៃ​ អត់​មាន​ចុះ​អី​ទេ​។ ភាគ​ច្រើន​នៃ​ផ្លែ​ឈើ​ដែល​លក់​នៅ​កូរ៉េ​ ឮ​ថា​នាំ​ចូល​មក​ពី​ហ្វ៊ីលីពីន​ និង​ចិន​។

ម្សិល​មិញ​ទិញ​ចេក​មក​ពីរ​ផ្លែ​ ឥលូវ​ញ៉ាំ​អស់​បាត់​ទៀត​ហើយ​ =))

ទិដ្ឋភាព​ក្រោយ​ភ្លៀង​ម្តង​ៗ​


រាល់​ដង​ឲ្យ​តែ​ពេល​ភ្លៀង​ម្តង​ៗ​ នៅ​ថ្ងៃ​បន្ទាប់​ ក្នុង​អន្ទេរ​វាសិកដ្ឋាន​ខ្ញុំ​តែង​ក្លាយ​ជា​សារមន្ទីរ​ឆ័ត្រ​។ ម្នាក់​ៗ​ពេល​មក​ដល់​បន្ទប់​វិញ​ មិន​បាន​យក​ឆ័ត្រ​ដែល​សើម​ទឹក​ជោគ​នោះ​ ចូល​ទៅ​ក្នុង​បន្ទប់​ជា​មួយ​ទេ​ តែង​តែត្រដាង​ឆ័ត្រ​ហាល​នៅ​មុខ​បន្ទប់​គ្រប់​គ្នា​។ ពណ៌​អី​ក៏​មាន​ដែរ​ ឆ័ត្រ​តូច​ឆ័ត្រ​ធំ​ម៉ូដ​អី​ក៏​មាន​ដែរ​ មើល​ទៅ​ល្អ​គន់​ម្យ៉ាង​ដែរ​ 😀 ដូច​នេះ​ហើយ​ ទើប​ដាច់​ចិត្តថត​​មួយ​ប៉ុស្តិ​យក​ចែក​គ្នា​មើល​^^ ហេ​ៗ… យ៉ាង​ម៉េច​ដែរ​? 😉

បាយ​កំប៉ុង, នៅ​ខ្មែរ​ដូច​មិន​ទាន់​មាន​


មិន​ដឹង​ថា​គួរ​ហៅ​ថា​អ្វី​ទេ​ តែ​ឃើញ​យើង​នាំ​គ្នា​ហៅ​ថា​ មី​កំប៉ុង​(បើ​ទោះ​ជា​ប្រអប់​ក្រដាស​, ជ័រ​ ក៏​នៅ​តែ​ហៅ​ថា​កំប៉ុង​) ដូច​នេះ​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ហៅ​​វា​ថា​ បាយ​កំប៉ុង​។ បាយ​កំប៉ុង​នេះ​ ជា​បាយ​ដាក់​លក់​នៅ​តាម​ផ្សារ​ ម៉ាត​ ជា​​កំប៉ុង​ៗ​(ដូច​ក្នុង​រូប​)។

នៅ​ពេល​ដែល​យើង​ចង់​ញ៉ាំ​ គ្រាន់​តែ​ហែក​គម្រប​ ហើយ​ដាក់​ក្នុង​ម៉ៃ​ក្រូ​វេវ​ (microwave) រយៈ​ពេល​២នាទី​ ជា​ការ​ស្រេច​។ មិន​ចាំ​បាច់​ ដាក់​ទឹក​អ្វីទេ​ ចំណាយ​ពេល​ត្រឹម​តែ​២នាទី​ អាច​ញ៉ាំ​បាន​ភ្លាម​​ 😀
តែ​ចំពោះ​ករណី​ពុំ​មាន​ម៉ៃ​ក្រូវេវ​ អាច​ប្រើ​វិធី​មួយ​ទៀត​ គឺ​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល​១០​នាទី​ នឹង​អាច​ញ៉ាំ​បាន​ហើយ​។

យ៉ាង​ម៉េច​ដែរ​? យល់​ថា​ ល្អ​និង​ងាយ​ស្រួល​ទេ​? 😉
ខ្ញុំ​តាំង​ពី​មក​កូរ៉េ​ ញ៉ាំ​តែ​បាយ​កំប៉ុង​នេះ​ទេ​ ព្រោះ​នៅ​អន្ទេរ​វាសិកដ្ឋាន​ខ្ញុំ​ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ម្ហូប​ឬ​ដាំ​បាយ​ទេ​ តែ​មាន​ម៉ៃ​ក្រូវេវ​ឲ្យ​ប្រើ​។ ដូច​នេះ​ រាល់​ថ្ងៃ​​កុម្ម៉ង់​ម្ហូប​គេ​ឲ្យ​យក​មក​ដល់​កន្លែង​មក​ ហើយ​ញ៉ាំ​ជា​មួយ​បាយ​កំប៉ុង​នេះ​ឯង​។

ចំ​ពោះ​តម្លៃ​​ ជា​មធ្យម​មួយ​កំប៉ុង​ថ្លៃ​ 1000 Won, ទម្ងន់​ ២០០​ក្រាម​, ៣០០កាឡូរី​ ប្រហែល​នឹង​បាយ​មួយ​ចាន​ចង្កឹះ​។ ចំពោះ​ខ្ញុំ​ ញ៉ាំ​តែ​មួយ​កំប៉ុង​ទេ​ឆ្អែត​ហើយ​ តែ​ប្រុស​ៗ​ ប្រហែល​ពីរ​កំប៉ុង​ទើប​ណែន​ពោះ​មើល​ទៅ​។ មិន​ខុស​អី​ ពី​មី​កំប៉ុង​ទេ​ ប្រុស​ៗ​ក៏​តែង​ញ៉ាំ​ច្រើន​ជា​ង​នារី​។

តម្លៃ​នេះ​ បើ​គិត​ជា​លុយ​ខ្មែរ​ ដូច​ជា​ថ្លៃ​បន្តិច​ ព្រោះ​ប្រហែល​៤០០០រៀល​ តែ​បើ​សិន​​ជា​លក់​នៅ​ខ្មែរ​ ក៏​មិន​ជា​ថ្លៃ​ដល់​ប៉ុណ្ណឹង​ដែរ​មើល​ទៅ​។ ឧទាហារណ៍​ កូកា​កូឡា​ នៅ​ទី​នេះ​ មួយ​ដប​តម្លៃ​​ 1000វ៉ុន​ រី​ឯ​នៅ​ខ្មែរ​ក៏​មាន​តម្លៃ​ ១០០០រៀល​ដូច​គ្នា​ (កន្លែង​ខ្លះ​ ១៥០០រៀល​)។

ក្រុម​ SNSDកូរ៉េ​ ជួយ​ដល់​ក្មេង​ស្រី​កម្ពុជា​ពី​ជំងឺ​បេះដូង​


ព្រឹក​នេះ​ក្រោក​ពី​គេង​ ឃើញ​វីដេអូ​នេះ​ក្នុង​ហ្វេសប៊ុគ​ដែល​មិត្ត​ភក្តិ​បាន​ចែក​រំលែក​ត​គ្នា​។ មើល​បណ្តើរ​ខ្ញុំ​យំ​បណ្តើរ​ ព្រោះ​អាណិត​និង​ក្តុក​ក្តួល​ក្នុង​ចិត្ត​​ ជា​ពិសេស​ត្រង់​ឈុត​ម្តាយ​ស្រី​រី​យំ​អាណិត​កូន​ស្រី​។
សុំ​សង្ខេប​ខ្លឹម​សារ​នៃ​វីដេអូ​នេះ​បន្តិច​។ គឺ​និយាយ​កម្មវិធី​មួយ​ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ SNSD (Girls’ Generation) ជួយ​ដល់​​ក្មេង​ស្រី​កម្ពុជា​ឈ្មោះ​ថា​ ស្រី​រី​។ នាង​មាន​អាយុ​១១ឆ្នាំ​ កំពុងប្រឈម​នឹង​ជំងឺ​ប្រហោង​បេះដូង​។ ក្រុម​ SNSD បាន​ជួយ​ចេញ​ថ្លៃ​វះកាត់​ឲ្យ​នាង​តាម​រយៈ​មូល​និធិ​ និង​ថវិការ​ផ្សេង​ទៀត​(បាន​ពី​ខាង​ណា​ខ្លះ​ នាង​ខ្ញុំ​មិន​សូវ​ដឹង​ទេ​)។
តែ​ឃើញ​ថា​ វីដេអូ​នេះ​ពុំមាន​ Subtitle ជា​ភាសា​អង់​គ្លេស​ ដូច​នេះ​វា​អាច​នឹង​ពិបាក​ដល់​បង​ប្អូន​ខ្មែរ​ដែល​ពុំ​ចេះ​កូរ៉េ។ ហេតុ​នេះ​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​អង្គុយ​បក​និង​ដាក់​ subtitle ទៅ​ក្នុង​វីដេអូ​​ រួច​អាប់​ឡូដ​ក្នុង youtube ម្តង​ទៀត​។ តែ​ដោយ​សារ​នាង​ខ្ញុំ​ពុំ​​មែន​ជា​អ្នក​ជំនាញ​កុំព្យូទ័រ​ (គ្មាន​កម្មវិធី​ Edit Video)ច្បាស់​លាស់​ ដូចនេះ​នាងខ្ញុំ​ប្រើ​ត្រឹម​ Window Live Movie Maker ដែល​ជា​កម្មវិធី​តែ​មួយ​គត់​មាន​ក្នុង​កុំព្យូទ័រ​នាង​ខ្ញុំ។ សង្ឃឹម​ថា​ វា​អាច​ប្រើ​ការ​បាន​ ហើយ​ល្មម​នឹង​ឲ្យ​អ្នក​ទាំង​អស់​គ្នាមើល​ហើយ​ ក្តុក​ក្តួល​ដូច​ជា​ខ្ញុំ​ដែរ​។
សូម​អរគុណ​ដល់​ក្រុម​ SNSD ដែល​បាន​ជួយ​ជីវិត​ស្រី​រី​។ គុណ​នេះ​ខ្ញុំ​មិន​ភ្លេច​ទេ​ 😀
ចុះ​លោក​អ្នក​មើល​វីដេអូ​នេះ​ហើយ​ មាន​សារ​អ្វី​ខ្លះចង់​តប​ទៅ​ SNSD ក៏​ដូច​ជា​ស្រី​រី​?

កូរ៉េឲ្យ​តម្លៃ​លើ​ត្របក​ភ្នែក​ខ្លាំង​

មុន​ពេល​មក​កូរ៉េ​ នៅ​ពេល​មើល​មនុស្ស​ម្នាក់​ថា​ស្អាត​ឬ​មិន​ស្អាត​ ខ្ញុំ​ជា​ធម្មតា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ត្របក​ភ្នែក​ទេ​។ ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​ ត្របក​ភ្នែក​វា​​សំខាន់​ខ្លាំង​ ហើយ​ជួយ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​​ស្រី​ស្អាត​ឬ​ប្រុស​ស្អាត​បាន​។ រាល់​ដង​ ពេល​ជួប​នរណា​ម្នាក់​ ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ស្បែក​ និង​ទម្រង់​មុខ​។ ឲ្យ​តែ​នរណា​ម្នាក់​មាន​ស្បែក​មដ្ឋរលោង​​ខៃ (ពុំ​មាន​មុន​មួយ​គ្រាប់​) ទោះ​ស​ឬ​មិន​ស​ក៏​ដោយ​ ហើយ​ទម្រង់​មុខ​ស្អាត​នោះ​ ខ្ញុំ​យល់​ថា​ម្នាក់​នោះ​ស្អាត​ហើយ​។ ខ្ញុំ​មិន​ដែល​ទៅ​ពិនិត្យ​មើល​ទេ​ ម្នាក់​នេះមាន​ត្របក​ភ្នែក​ឬ​អត់​ អត់​ដែរ​សោះ! :D​
តែ​អ្នក​មាន​ដែល​ដឹង​ទេ​ថា​ កូរ៉េ​ស្រលាញ់​ត្របក​ភ្នែក​ប៉ុណ្ណា​?
កូរ៉េ​កំពុង​តែ​ងប់​វង្វេង​នឹង​ ត្របក​ភ្នែក​ និង​ច្រមុះ​ស្រួច​ហើយ​។ តែ​បញ្ហា​ត្រង់​ថា​ ជន​ជាតិ​កូរ៉េ​ជា​ធម្មតា​មិន​មាន​ត្របក​ភ្នែក​ទេ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ភ្នែក​តឹង​! ចិន​ កូរ៉េ​ និង​ជប៉ុន​ មាន​ទម្រង់​ភ្នែក​ស្រដៀង​គ្នា​។​ ដោយ​សារ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ត្របក​ភ្នែក​ខ្លាំង​ ពេល​នេះ​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​ បាន​កំពុង​ជ្រួល​ច្របល់​រឿង​ទៅ​ធ្វើ​ត្របក​ភ្នែក​។ ដើម​ឡើយ​ ជនជាតិ​មួយ​នេះ​ពុំ​មាន​ត្របក​ភ្នែក​ទេ​ (អាច​មាន​​ដែរ​ មិន​មែន​អត់​សោះ​ទេ​ តែមាន​មិន​ច្រើន​) តែ​ឥលូវ​នេះ​បើ​លោក​អ្នក​សាក​ដើរ​ទស្សនា​ក្រុង​សេអ៊ូល​មួយ​ល្ងាច​ ឬ​ទៅ​អង្គុយ​ក្នុង​រថភ្លើង​មួយ​ម៉ោង​ ឃើញ​ថា​ សឹង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ត្របក​ភ្នែក​ ជា​ពិសេស​ស្រី​ៗ​!
អ្នក​ខ្លះ​មាន​ដល់​ពីរ​តង់​ឯណោះ​! អ្នក​ខ្លះ​មើល​ទៅ​​ហាក់​ដូច​ត្របក​ភ្នែក​ធម្មជាតិ​ តែ​អ្នក​ខ្លះ​មើល​ទៅ​ ដឹង​ភ្លាម​តែ​ម្តង​ថា​ជា​ត្របក​ភ្នែក​ធ្វើ​ ព្រោះ​​មិន​សម​នឹង​ទម្រង់​មុខ​សោះ​។

មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​នាំ​ឲ្យ​ជន​ជាតិ​កូរ៉េ​ផ្អើល​នាំ​គ្នា​ទៅ​កែ​សម្ផស្ស​ មុន​ដំបូង​មិន​សូវ​ជា​ខ្លាំង​ក្លា​ប៉ុន្មាន​ទេ​ តែ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ខ្លាំង​ក្លា​សម្បើម​ណាស់​។

បើ​និយាយ​ពី​តារា​ៗ​ ទាំង​អ្នក​ចម្រៀង​ តារា​សម្តែង​ ពិធីករ​ ពិធីការនី​កូរ៉េ​វិញ​នឹង​ មិន​បាច់​និយាយ​ទេ​ សឹង​តែ​ថា​១០០%​នៃ​តារា​ៗ​កូរ៉េ​ធ្លាប់​ឆ្លង​កាត់​ការ​កែ​សម្ផស្ស​។ គ្រាន់​តែថា​ ​អ្នក​ខ្លះ​កែ​ច្រើន​កន្លែង​ (ភ្នែក​ ច្រមុះ​ បបូរ​មាត់​ ចង្ការ​។ល។) អ្នក​ខ្លះ​កែ​តែ​មួយ​ឬ​ពីរ​បី​កន្លែង​ប៉ុណ្ណោះ​ :mrgreen:
ខ្ញុំ​នឹង​​បង្ហាញ​ពី​ប្រកាស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​កែ​សម្ផស្ស​នៅ​កូរ៉េ​នៅ​ប្រកាស​ក្រោយ​ៗ​។ សុំ​អស់​យោបល់​ត្រឹម​នេះ..

Khmer Vs Korea : បវេស្សនកាល​ និង​ វិស្សមកាល​

នៅ​ក្រោម​ប្រកាស​ Khmer  Vs Korea, ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ខ្មែរ​ និង​កូរ៉េ​។ ដែល​ការ​ញែក​ទាំង​នោះ​ ជា​ការ​សង្កេត​ដោយ​ខ្លួន​ខ្ញុំ​​ផ្ទាល់​ និង​តាម​ដឹង​ឮ​ពី​នេះ​ពីនោះ​។

ថ្ងៃ​នេះ​ សូម​លើក​ចំនុច​មួយ​គឺ​ បវេស្សនកាល​ និង​ វិស្សមកាល​ រវាង​កម្ពុជា​និង​កូរ៉េ​។


នៅ​កម្ពុជា​យើង​ ចំពោះ​ថ្នាក់​ទី​១ដល់​ទី​១២ ជា​ធម្មតា​គឺ​គេ​បើក​បវេស្សនកាល​នៅ​ថ្ងៃ​ទី​ ១ ខែ​តុលា​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ខែ​មេសា​មាន​វិស្សមកាល​រយៈ​ពេល​ខ្លី(២សប្តាហ៍​)​ ឬដែល​គេ​ហៅ​ថា​ វ៉ាកង​តូច​ (ជា​ធម្មតា​ ពី​ថ្ងៃទី​៦ខែ​មេសា ដល់​ថ្ងៃ​ទី​ ២០ខែ​មេសា​)។ ចូល​រៀន​វិញ​ថ្ងៃ​ទី​២១ ខែ​មេសា​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ ទើប​មាន​វិស្សមកាល​រយៈ​ពេល​វែង​ ឬ​វ៉ាកង​ធំ​ ដែល​វ៉ាកង​ធំ​នេះ​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១ខែ​ តុលា​ សរុប​ទៅ​ ៣ខែ​គត់​តែ​ម្តង​។
យ៉ាង​ណា​មិញ​ ក៏​កាល​បរិច្ឆេទ​ខាង​លើ​ នៅ​តែ​មាន​ការ​ប្រែប្រួល​ទៅ​តាម​កាលៈ​ទេសៈ​និង​ទីកន្លែង​រៀង​រាល់​ឆ្នាំ​។ សាលា​ខ្លះ​ យុវសិស្ស​យើង​​ធ្វើ​ការ​បះបោរ​ដោយ​ឈប់​មុន​ថ្ងៃ​កំណត់​ក៏​មាន​។ ថ្នាក់​ណា​​ស្រុះ​ស្រួល​គ្នា​មិន​ទៅ​សាលា​ទាំង​អស់​គ្នា​ បាន​ឈប់​មុន​ចឹង​ទៅ​^^ ហាហា… ដូច​ថ្នាក់​ខ្ញុំ​ជា​ដើម​ តែង​បាន​ឈប់​មុន​គេ​រាល់​ឆ្នាំ​ ហ៊ី​ៗ…
ឲ្យ​តែ​បាន​ប្រលង​ឆមាស​លើក​ទី​ពីរ​ហើយ​នឹង​ គ្មាន​នរណា​គេ​ទៅ​រៀន​ទៀត​ទេ​! ជន​ណា​ចចេស​នៅ​តែ​ទៅ​រៀន​ទៀត​ ត្រូវ​រង​ការ​ប្រមាថ​ថា​ “ស្រ៊ែ​ង៉ោង​ៗ!!! ថ្ងៃ​ណេះ​ទៅ​ហើយ​ មាន​ណា​គេ​ទៅ​រៀន​ទៀត​ទេ​!” 😀 😀
ជា​ធម្មតា​ យុវសិស្ស​យើង​ សម្រេច​ចិត្ត​មិន​ទៅ​សាលា​ ចាប់​ពី​ថ្ងៃ​ទី​ ១០ ឬ​ ២០ ខែ​មិថុនា​ ទៅ​ ហ៊ូ​ៗៗ….
បញ្ជាក់​៖ ទាំង​នេះ​ជា​បទ​ពិសោធ​របស់​អ្នក​ភូមិ​ខ្ញុំ​ រីឯ​ភូមិ​អ្នក​មាន​សភាព​យ៉ាង​ណា​ មិន​ដឹង​ទេ​។


នៅ​កូរ៉េ​វិញ​ ជា​ធម្មតា​គេ​បើក​បវេស្សនកាល​ថ្ងៃ​ទី​១ ខែ​កញ្ញា​​ជា​រៀង​រាល់​ឆ្នាំ​។ គេ​ចែក​ជា​ពីរ​ឆមាស​ដាច់​គ្នា​តែ​ម្តង​ គឺ​ឆមាស​ទី​មួយ​ ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២០~២៥ ខែ​ធ្នូ​។ វិស្សមកាល​នៃ​ឆមាស​ទី​មួយ​មាន​រយៈ​ពេល​ ពីរ​ខែ​ជាង​ (ចុង​ខែ​ធ្នូ​ ដល់​ចុង​ខែ​កុម្ភះ​) ដែល​គេ​ហៅ​ថា​ វិស្សមកាល​រដូវ​រងារ​ (Winter vacation)។ ឆមាស​ទី​ពីរ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​មិនា​ ដល់​ចុង​ខែ​មិថុនា​។ វិស្សមកាល​នៃ​ឆមាស​ទី​ពីរ​ ឬ​វិស្សមកាល​រដូវ​ក្តៅ​ (Summer vacation)​ ចាប់​ពី​ចុង​ខែ​មិថុនា​ ដល់​ចុង​ខែ​កញ្ញា​ ដែល​មាន​រយៈ​ពេល​ពីរ​ខែ​ជាង​ (ឬ​ពីរ​ខែ​កន្លះ​)។

ប្រៀបធៀប​ & ចំណាប់​អារម្មណ៍​ ៖ នៅ​កម្ពុជា​យើង​ ឆមាស​ទី​មួយ​ និង​ទី​ពីរ​ គេ​រៀន​ចូល​គ្នា​ គឺ​ប្រលង​ឆមាសលើក​​ទី​មួយ​​ខែ​មករា​ ឬ​កុម្ភះ​​​ ហើយ​បន្ត​រៀន​ឆមាស​ទី​ពីរ​ទៅ​តែ​ម្តង​ មិន​បាន​ញែក​ដោយ​វិស្សមកាល​តូច​ឬ​ធំ​នោះ​ទេ​។ វិស្សមកាល​ទៀត​សោត​ ក៏​មាន​បែង​ចែក​ជា​តូច​និង​ធំ​ ដែល​វិស្សមកាល​នេះ​ បើ​តាម​ខ្ញុំ​គិត​ គឺ​យោង​ទៅតាម​ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ និង​បុណ្យ​ភ្ឌុំ​បិណ្ឌ​។ មួយ​វិញ​ទៀត​ គឺ​អាស្រ័យ​ទៅ​តាម​រដូវ​ភ្ជួរ​រាស់​របស់​បង​ប្អូន​កសិករ​យើង​។
នៅ​កូរ៉េ​វិញ​ ឆមាស​ទី​មួយ​និង​ទី​ពីរ​​ត្រូវ​បាន​ញែក​ចេញ​ជា​ពីរ​ដាច់​ដោយ​ឡែក​ដោយ​វិស្សមកាល​២ គឺ​វិស្សមកាល​វដូវ​រងារ​ និង​វិស្សមកាល​រដូវ​ក្តៅ​។ គេ​អនុញ្ញាត​ឲ្យ​សិស្ស​ឈប់​បន្ទាប់​ពី​ប្រលង​ឆមាស​ចប់​។ លទ្ធផល​ប្រលង​ចាំ​មើល​តាម​អ៊ីន​ធ័រណេត​ ឬ​សាលា​នឹង​ផ្ញើរ​លទ្ធផល​ប្រលង​ទៅ​តាម​ផ្ទះ​សិស្ស​នីមួយ​ៗ​តាម​រយៈ​ប្រេសនីយ៍​។

សូម​ចប់​សេចក្តី​!