លេង​មួយ​ក្បាច់​ ចង់​surprise មាន​អីទៅ​ជា​ក្រញាញ់​ខួរ​

ភ្លេចប្រាប់ទៅ ថាកាលពីខែមករាដើមឆ្នាំ២០១២នេះ ខ្ញុំបានទៅលេងខ្មែរជាលើកទី២ ដែលលើកទីមួយទើបតែទៅលេងដែរ គឺកាលពីខែកក្កដាឆ្នាំ២០១១។ តែដោយសារទើបតែទៅលេងនេះហើយ ទើបទៅលើកទី២នោះ ខ្ជិលប្រាប់អ្នកផ្ទះ ព្រោះចង់surpriseម្តង ឃឹៗៗ

តែមានឯណា លោកអើយ! មិនទាន់បានសិបប្រ៉ាយពួកគាត់ផង ខ្ញុំឯណេះក៏សិបប្រ៉ាយដែរ ហើយរត់ឆ្លេឆ្លាទាំងមុនដល់ស្រុកនិងពេលដល់ទឹកដីកម្ពុជា។ ឆ្ងល់ណាស់មែនទេ ថាមានរឿងអីកើតឡើង? ចា៎ ចាំបន្តិចទៅ គេរៀបរាប់ឲ្យស្តាប់ឥឡូវនេះហើយ 😛

ដោយហេតុថាចង់សិបប្រ៉ាយគ្រប់គ្នា ខ្ញុំមិនបានផ្តល់ដំណឹងឬប្រាប់នរណាឲ្យដឹងពីកាលដែលខ្ញុំទៅខ្មែរនោះទេ លើកលែងតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ។ ខ្ញុំទិញសំបុត្រយន្តហោះដែលចុះ transit នៅចិន ខេត្តក្វាងចូវ ដែលរំពឹងនឹងទៅដល់ទីក្រុងភ្នំពេញម៉ោងប្រហែល៨កន្លះយប់នាថ្ងៃដែលចេញដំណើរ។ ដូចនេះខ្ញុំបានពឹងមិត្តភក្តិខ្ញុំម្នាក់ ឲ្យមកចាំយកខ្ញុំនៅព្រលានយន្តហោះពោធិ៍ចិនតុងម៉ោងប្រហែល៨កន្លះយប់នាថ្ងៃនោះ។ ចៃដន្យអី ពេលទៅដល់ក្វាងចូវស្រាប់តែគេដាក់ថា ជើងយន្តហោះខ្ញុំត្រូវពន្យាររយៈពេល ៣ម៉ោង ដូច្នេះប្រហែលម៉ោង១១កន្លះយប់ទើបដល់ក្រុងភ្នំពេញ។

គ្រាន់តែឃើញ ការប្រកាសពន្យារពេលនោះភ្លាម ខ្ញុំច្រួលច្របល់ភ្លាម ព្រោះមិនដឹងបានអី Call ទៅប្រាប់មិត្តភក្តិខ្ញុំដែលនឹងកំពុងរង់ចាំខ្ញុំនៅភ្នំពេញម៉ោង៨កន្លះយប់។ ព្រលានយន្តហោះឆ្កួតគេនោះ អត់មានfree wifiទេ ចង់ប្រើwifiទាល់តែចុះឈ្មោះដោយដាក់លេខទូរស័ព្ទអីណា និយាយទៅគឺប្រើwifiអត់បាន។ ណាមួយទៅដល់ទឹកដីចិនប្រើហ្វេសប៊ុគអត់បានទៀត បើទោះជាសុំគេប្រើអ៊ីនធ័រណេត ក៏មិនដឹងជាទាក់ទងម៉េចទៀត។ ខ្ញុំបានសាកសួរអ្នកធ្វើការនៅទីនោះ ពីរបៀបភ្ជាប់អ៊ីនធ័រណេត តែគេថាអត់ដឹង ហើយបើចង់ទិញកាតតេទៅក្រៅប្រទេស ក៏មិនកើតទៀត ព្រោះកាតគេប្រាប់ថាលក់នៅខាងក្រៅ ពេលនោះខ្ញុំចូលដល់ខាងក្នុងហើយ។ សំណាងល្អ ខ្ញុំបានជួបបងស្រីចិនម្នាក់នោះ ក្រោយពីពន្យល់ពីស្ថានភាពខ្ញុំហើយ គាត់ក៏ឲ្យទូរស័ព្ទខ្ចីតេទៅក្រៅប្រទេស តែគាត់ប្រាប់ថាលុយគាត់សល់មិនច្រើនទេ និយាយបានប្រហែល១នាទីអីប៉ុណ្ណោះ។ សប្បាយចិត្តណាស់ ខ្ញុំក៏តេទៅប្រាប់មិត្តខ្ញុំថា មិនបាច់នៅចាំខ្ញុំទេ ព្រោះខ្ញុំទៅដល់យប់ជ្រៅ។

តែរឿងមិនទាន់ចប់ទេ ព្រោះខ្ញុំក៏ចាប់ផ្តើមកង្វល់ថាតើខ្ញុំទៅផ្ទះដោយរបៀបណា? តើបានអីតេហៅមិត្តភក្តិឲ្យមកយក ពេលដល់ភ្នំពេញ? ព្រោះនៅព្រលានភ្នំពេញអត់ឃើញមានទូរស័ព្ទសាធារណៈទេ។ បន្ទាប់មក ខ្ញុំនឹកគិតថា គួរជិះតាក់ស៊ីទៅ តែបញ្ហាក៏ចោទមកជាថ្មី ព្រោះផ្ទះខ្ញុំរាងនៅឆ្ងាយបន្តិច ហើយផ្លូវចូលទៅក៏ស្ងាត់ បើឲ្យតាក់ស៊ីជូនទៅ ដូចជាមិនសូវទុកចិត្តទេ (អត់ទុកចិត្តតៃកុងតាក់ស៊ី)។ បើទៅផ្ទះមិត្តភក្តិដែលនៅក្នុងក្រុង ក៏ដូចជាពិបាក ព្រោះផ្ទះមិត្តភក្តិខ្ញុំភាគច្រើនសុទ្ធតែនៅជាន់ទីមួយឬទីពីរ តើបាននរណាលើកវ៉ាលីឡើងទៅ បើធ្ងន់សឹងអី?!

អង្គុយពិបាកចិត្តលើយន្តហោះម្នាក់ឯងពីរបីម៉ោង ហាហា.. ហើយក៏នឹកគិតអស់សំណើចខ្លួនឯងដែរ ដែលនាំរឿងដាក់ខ្លួន គឹៗៗ :mrgreen: ទីបំផុតម៉ោងប្រហែល១១កន្លះយប់ យន្តហោះដែលខ្ញុំកំពុងជិះ ក៏បានចុះសំចតនៅព្រលានពោធិ៍ចិនតុងភ្នំពេញ។ គេគ្រប់គ្នា ពេលចេញដល់ក្លោងទ្វារសុទ្ធតែមានអ្នកនៅចាំទទួល ចំនែកឯខ្ញុំឯណេះ ដើរចេញមកទុយមុយតែឯង 😦 ហើយមិនដឹងថា គួរទៅណា 😥 គិតមិនទាន់ឃើញ ថាគួរធ្វើយ៉ាងណា ខ្ញុំក៏នៅឈរមើលគេឯងមួយសន្ទុះ និងកំពុងគិតថាតើគួរទៅណា ដោយវិធីណា? ឃើញឈរម្នាក់ឯងមិនយូរប៉ុន្មាន បងៗតាក់ស៊ី ក៏មកសួរនាំ។ តែខ្ញុំមិនដែលជិះតាក់ស៊ីនៅភ្នំពេញទេ មិនដឹងថាតម្លៃប៉ុន្មាន ហើយសុវត្ថិភាពឬអត់។ គេប្រាប់ថាទៅណាក៏ដោយ ឲ្យតែនៅក្នុងក្រុងភ្នំពេញគឺតម្លៃ១០ដុល្លា, ដំបូងពេលឮគិតថា យី អីក៏ថ្លៃម៉េះ? តែមានណា! ដំបូងតថា ៧ដុល្លាបានហើយ តែគាត់នៅត្រឹងត្រឹម១០ដុល្លា។ ដល់ប្រាប់អាស័យដ្ឋានផ្ទះខ្ញុំទៅ លេងគាត់ទារ១២ដុល្លាវិញ @.@ អុញ! ពេលចឹងសុំគាត់ត្រឹមតម្លៃចាស់១០ដុល្លា ខិៗៗ។ ពួកគាត់អត់ព្រម ខ្ញុំក៏ធ្វើជានិយាយស្រឺដាក់ពួកគាត់ថា “ថ្លៃចឹង ខ្ញុំតេហៅគេឲ្យមកយកក៏បានដែរ!” រួចក៏លើក ipod មកចុចចុះចុចឡើង (បន្លំធ្វើជាចុចទូរស័ព្ទប្រុងតេទៅណា :”> ) ង៉ាស់ៗៗ…
បន្តិចក្រោយ ក៏មានគេម្នាក់ស្ម័គ្រចិត្តថាព្រមទៅត្រឹម១០ដុល្លា ហើយខ្ញុំក៏សម្រេចចិត្តថាទៅផ្ទះតែម្តង ខ្ជិលទៅផ្ទះមិត្តភក្តិនាំឲ្យពិបាកលើសដើម។

ទៅដល់ផ្ទះ រកផ្ទះអត់ឃើញទៀត ហាហា ព្រោះភ្លេចលេខផ្ទះ ហើយផ្ទះដូចៗគ្នាពេក ក៏ខ្ចីទូរស័ព្ទតៃកុងឡានតេទៅបងឲ្យបើកទ្វារឲ្យ ដំបូងបងអត់ជឿទេ ថាជាខ្ញុំ គាត់ស្មានតែនរណាច្រឡំលេខ ឬមកបន្លំលេងសើចនឹងគាត់។ តេប្រហែលប្រាំ ប្រាំមួយដងបាននិយាយគ្នាដឹងរឿង ទីបំផុតខ្ញុំក៏បានចូលផ្ទះដោយសុវត្តិភាព តែជាអកុសល ពេលចុះពីឡាន ភ្លេចយកអាវរងារចេញពីឡាន ព្រឹកឡើងតេហៅតៃកុងឡានឲ្យយកអាវមកឲ្យវិញ ហើយក៏ឲ្យ៥ដុល្លាជាសគុណ។

អូ យេស ចប់ត្រឹមនេះ!! អេវ៉ាំងសាំងហ្កាពួរ!!! 😛

Advertisements

“នំ​ពង​ត្រី​” ល្មម​ឈប់​ហៅ​នំ​បាញ់​ចាយ​នឿក​ ឬ​នំ​អ៊ី​ អី​ទៀត​ទៅ​

ខ្ញុំ​ក៏​ដូច​ជា​អ្នក​ទាំង​អស់​គ្នា​ដែរ​ មុន​នេះ​ ខ្ញុំ​តែង​ហៅ​នំ​ពង​ត្រី​នេះ​ថា​ នំ​បាញ់​ចាយ​នឿក​។ ជា​កំហុស​ដ៏​សែន​ធំ​មួយ​ទៀត​នោះ​ គឺ​ការ​យល់​ច្រឡំ​ថា​ នំមួយ​នេះ​មាន​ប្រភព​មក​ពី​វៀត​ណាម​។ ដំបូង​ដែល​ខ្ញុំ​បាន​អាន​អត្ថបទរបស់​អ្នក​មីង​ កែវ​ ច័ន្ទ​បូរណ៍ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​មិន​ដែល​ដឹង​ពី​មុន​មក​សោះ​ថា​ តាម​ពិត​បង្អែម​ដែល​ខ្ញុំ​ទម្លាប់​ហៅ​ នំ​បាញ់​ចាយ​នឿក​ៗ​​នោះ​ ជា​បង្អែម​ខ្មែរសោះ​។ ខ្ញុំ​មិន​ហ៊ាន​ថា​ បង្អែម​នេះ​មាន​ប្រភព​មក​ពី​ណា​ ឬ​អ្នក​ណា​ជា​អ្នក​បង្កើត​មុន​ ហើយ​អ្នក​ណា​ចម្លង​អ្នក​ណា​ទេ​ សំខាន់​ត្រង់​ថា​ បង្អែម​មួយ​នេះ​ ខ្មែរ​យើង​ក៏​មាន​ដែរ​ មាន​ឈ្មោះ​​ជា​ភាសា​ខ្លួន​ ហើយ​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​ខ្លួន​។ វា​មិន​ខុស​អ្វី​​ពី​ ប្រទេស​នា​នា​មាន​ភាសា​រៀង​ខ្លួន​នោះ​ទេ​ យើង​មាន​ភាសា​រៀង​ខ្លួន​ រឿង​អ្វី​ ហេតុ​អ្វី​ ដែល​យើង​ត្រូវ​ទៅ​ប្រើ​ប្រាស់​ភាសា​ដទៃ​? រឿង​អ្វី​ដែល​យើង​ យល់​ច្រឡំ​ ឬ​ខ្លះ​ទទួល​ស្គាល់​ពេញ​មាត់​ថា​ នំ​ពង​ត្រី​នេះ​ ជា​របស់​វៀត​ណាម​ ទាំង​ឈ្មោះ​ ទាំង​ប្រភព​? វា​ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​ណាស់​ ដែល​ខ្លួន​មិន​ស្គាល់​ពីខ្លួន​ឯង​ច្បាស់​។

តែ​ខ្ញុំ​យល់​ថា​ នោះមកពី​យើង​មិន​ដឹង​! បើ​ដឹង​ហើយ​ គួរ​កែ​ប្រែ​និង​ទម្លាប់​ហៅ​​ជា​ភាសា​ខ្លួន​ទៅ​។ កុំ​ឲ្យ​អ្នក​ខ្លះ​ ដឹង​ហើយ​ ឮហើយ​ នៅ​តែ​ប្រកាន់​ខ្លួន​ ឬ​ចង់​ស៊ីវិល័យ​ មិន​ព្រម​ប្តូរ​មក​ហៅ​ឈ្មោះ​ជា​ភាសា​ខ្លួន​វិញ។ ការ​កែប្រែ​នេះ​ ចាប់​ផ្តើម​ពី​អ្នក​ហើយ​ណា៎​!

មួយ​ទៀត​ ខ្ញុំ​យល់​ថា​ ខ្មែរ​យើង​ បាត់​បង់​វប្បធម៌​ និង​ឯកសារ​ចំណេះ​ដឹង​ជា​ច្រើន​ ក្រោយ​សម័យ​ប៉ុលពត​។ ដោយ​សារ​អ្នក​ដែល​ចេះ​ អ្នក​ដែល​ដឹង​ បាន​ស្លាប់​ទៅ​ក្នុង​សម័យ​ប៉ុលពត​ស្ទើរ​គ្មាន​សល់​ ទើប​បាន​ជា​យើង​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់​បែប​នេះ​។ ដូចនេះ​ យើង​រាល់​គ្នា​ គួរ​ពួត​ដៃ​គ្នា​ស្វែង​រក​អត្តសញ្ញាណ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​! អ្វី​ខ្លះ​ជា​របស់​យើង​ អ្វី​ខ្លះ​ជា​របស់​គេ​ អ្វី​ខ្លះ​ដែល​យើង​បាត់​បង់​ អ្វី​ខ្លះ​ដែល​យើង​គួរ​យក​មក​វិញ ត្រូវ​ចែក​ឲ្យ​ដាច់​ 😉

នំកូនត្រី និងនំពងត្រី

នំកូនត្រី និងនំពងត្រី
ខ្លះហៅនំនេះថា បាញ់ចាយនឿក (banh chai nuoc) គឺជាភាសាវៀតណាម សំរាប់ហៅនំរបស់ខ្មែរ នៅពេលគេលុកលុយ ប្រទេសខ្មែរ យកប្រទេសយើង ក្រោមអំណាច បានហើយ ក៏រំលាយអ្វីៗដែលជារបស់ភាសា និងវប្បធម៌ ជាតិយើង ចោលអោយអស់ពីទឹកដីខ្មែរក្រោមទៅ។ ការពិតនំនេះ មានឈ្មោះជាខ្មែរហៅថា នំពងត្រី ធ្វើពីម្សៅអង្ករ ដំណើប មានសណ្តែកបាយ ជាស្នូល ដែលមានពណ៌លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ រោយល្ងលីង។ នៅតំបន់ខ្លះ គេថែមទឹកខ្ទិះដូង មុននឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធាន របស់ខ្មែរ ជនជាតិ កំណើតដើម លើទឹកដីចេនឡា។ ចំណែកនំម្សៅ ដែលគេលុញ តូចៗ បណ្តែតជាមួយនំពងត្រី តែគ្មានស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្ត លើកជើងបញ្ចើចខ្លួន ជាជាតិចិន ចូលចិត្ត ហៅនំកូនត្រី ថាជា នំអ៊ី។ ក្រោយមកទៀត មានខ្មែរយើង ខ្លះដែលចូលចិត្ត បង្អួតបញ្ចេញ ខ្លួន ថា ជាជនដែលចេះភាសាបរទេសច្រើន ឬចូលចិត្តអែបអប បរទេស មិនសូវចូលចិត្ត ហៅឈ្មោះ ជាភាសាខ្មែររបស់ខ្លួនទេ ចេះតែនំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់យើង ក៏ត្រូវរលាយបាត់បង់ទៅ ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្ស ចំណូលថ្មី និងមនុស្ស ដែលចូលចិត្ត ត្រងទទួលវប្បធម៌បរទេស។

ប្រភព​៖ កែវ​ ច័ន្ទ​បូរណ៍

កាហ្វេ​មណ្ឌល​គិរី​

(រូប​ភាព​បក​ទើប​ហ្វឹក​ហាត់​តាម​ សំបុក​អាយធី)

កាហ្វេ​មណ្ឌល​គិរី!!! ខ្ញុំ​មិន​ដែល​ឮ​ពី​មុន​មក​ទេ​។ ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​ណាស់​ ដែល​ខ្ញុំ​ជា​ខ្មែរ​មួយ​រូប​កើត​លើ​ដី​ខ្មែរ​ និង​រស់​នៅ​ទី​នេះ​ជិត​២០​ឆ្នាំ​នឹង​គេ​ដែរ​ តែ​បែរ​ជា​មិន​សូវ​បាន​ដឹង​ពី​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ទៅ​វិញ​។
កាហ្វេ​នេះ ខ្ញុំ​ស្គាល់​តាម​រយៈ​ជនជាតិ​កូរ៉េ​ទេ​​ 😳 ហើយ​ស្គាល់​កាហ្វេ​នេះ​ នៅលើ​ទឹក​ដី​កូរ៉េ​ទៀត​ផង​! តែ​មិន​មែន​តាម​រយៈ​ការ​ដាក់​លក់​នៅ​​ទី​នេះ​ទេ​ គឺ​តាម​រយៈ​កាដូ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បង​ស្រី​ជន​ជាតិ​កូរ៉េ​ដែល​គាត់​ទើប​មក​ពី​ខ្មែរ​។ គាត់​គិត​ថា​ ខ្ញុំ​ច្បាស់​ជា​នឹក​ស្រុក​កំណើត​ ជា​ពិសេស​នឹក​ម្ហូប​ នឹក​នំ​ នឹក​អ្វី​ៗ​នៅ​ខ្មែរ​ ទើប​ពេល​គាត់​មក​ គាត់​ខំ​ខ្ចប់​ កាហ្វេ​មណ្ឌល​គិរី​នេះ​ និង​របស់​ញ៉ាំ​ផ្សេង​ទៀត​ ដូច​ជា​ ផ្លែ​ស្វាយ​ មី​យើង​ មី​ម៉ា​ៗ​ នំ​សណ្តែក​ដី​… តែ​របស់​ទាំង​នោះ​ ខ្ញុំ​ញ៉ាំ​អស់​ហើយ​ :mrgreen: ហាហា… នៅ​សល់​តែ​កាហ្វេ​មណ្ឌល​គិរី​នេះ​ឯង​ ដែល​នៅ​សល់​ក្រោយ​គេ​ ព្រោះ​ខ្ញុំ​មិន​សូវ​ចំណូល​កាហ្វេ​។
តែ​អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា​ តាម​ដែល​ខ្ញុំ​កត់​សម្គាល់​ បង​ៗ​កូរ៉េ​ដែល​គាត់​ត្រលប់​មក​ពីខ្មែរ​ សុទ្ធ​តែ​ស្គាល់​កាហ្វេ​មណ្ឌល​គិរីនេះ​ច្បាស់​ណាស់​ ហើយ​ពួក​គាត់​ចូល​ចិត្ត​ទទួល​ទាន​វា​ទៀត​ផង​។ ថ្ងៃ​មុន​ គ្រាន់​តែ​មិត្តភក្តិ​ខ្ញុំ​ ផ្ញើ​កាហ្វេ​នេះ​យក​មក​ឲ្យ​អ្នក​គ្រូ​កូរ៉េ​ខ្ញុំ​ពីរ​បីកញ្ចប់​ ឃើញ​ទឹក​មុខ​គាត់​ឡើង​អរ​ ដូច​គេ​ឲ្យ​ពេជ្រ​មួយ​ដុំ​ ហិ​ៗៗៗ

ពិត​មែន​! កាហ្វេ​ស្រុក​យើង​ ទ្រង់​ខុស​នឹង​កាហ្វេ​ស្រុក​នេះ​ ហើយ​រស​ជាតិ​ក៏​ម្យ៉ាង​ម្នាក់​ដែរ​ ហេតុ​នេះ​ហើយ​ ទើប​ពួក​គាត់​ចូល​ចិត្ត​ ព្រោះមិន​ដែល​បាន​ផឹក​ពី​មុន​មក​។ ជា​ពិសេស​ គាត់​តែង​តែ​រអ៊ូ​ថា​ឃ្លាន​ចង់​ផឹក​ កាហ្វេ​ទឹក​ដោះ​គោ​ទឹក​កក​!!! កាហ្វេ​មណ្ឌល​គិរី​នេះ​ អាច​ខ្ចប់​ពី​ខ្មែរ​មក​ឲ្យ​គាត់​បាន​ តែ​កាហ្វេ​ទឹក​ដោះ​គោ​ទឹក​កក​​ មិន​ដឹង​ជា​យក​ឲ្យ​គាត់​តាម​ណា​ទេ​ ដូច​នេះ​ចង់​ផឹក​ទាល់​ទៅ​ខ្មែរ​ទើប​បាន​ផឹក​ ហាហា

ចូល​ដល់​កាហ្វេ​មណ្ឌល​គិរី​នេះ​វិញ​ តើ​លោក​អ្នក​ធ្លាប់​ឮ​ ឬ​ពិសារ​ពីមុន​ដែល​ឬ​ទេ​? ចំណែក​ខ្ញុំ​ កំពុង​តែ​ផឹក​​បណ្តើរ​ សរសេរ​អត្ថ​បទ​នេះ​ជូន​លោក​អ្នក​បណ្តើរ ហេហេ​ៗៗ…

រំលឹក​រឿង​អាម៉ាស់​​កាល​ជួប​សាម៉ាឌី​

(អួយ​ សរសេរ​River ខុស​ទៀត​ ព្រះ​ជា​ម្ចាស់​ >.<)
ប្រហែល​ជា​អ្នក​ស្គាល់​ហើយ​ កំលោះ​សាម៉ាឌី​ដែល​​ជា​អ្នក​ល្បី​នៅ​វតប្រេស​ តែ​ទើប​តែ​ត្រូវ​​​ម្ចាស់​ផ្ទះ​​ឈប់​ជួល​ផ្ទះ​ឲ្យ​នៅ​ ឥលូវ​រត់​ទៅ​ទិញ​ផ្ទះ​ខ្លួន​ឯង​ 😆 ហេ​ៗៗ និយាយ​លេង​ទេ​។ ថ្ងៃ​នេះ​ ក្រោយ​ពី​ប្រលង​ឆមាស​អស់​នៅ​សល់​តែ​មួយ​មុខ​ទៀត​នោះ ក៏​ទំនេរ​​ ចង់​បើក​កកាយ​រឿង​អាម៉ាស់​មួយ​កាល​ពី​ខ្ញុំ​ទៅខ្មែរ​នា​ខែ​កក្កដា​នេះ​។ ទៅ​រយៈ​ពេល​មួយ​ខែ​ វា​ហាក់​ដូច​ជា​ខ្លី​ណាស់​សម្រាប់​ខ្ញុំ​ តែ​យ៉ាង​ហោច​ណាស់​ ខ្ញុំ​បាន​ឆ្លៀត​ពេល​ជួប​អ្នក​នេះ​អ្នក​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ជា​ពិសេស​ កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា​ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទាក់​ទង​ជា​មួយ​ប្អូន​សុវិចិត្រ​ រាយ​ការណ៍​ថា​មាន​ការ​ជួប​ជុំ​របស់​ក្រុម​វតប្រេស​នៅ​លើ​ទូក​ =)) ។ ថ្ងៃ​នោះ​ជាប់​ណាត់​ជា​មួយ​មិត្ត​ភក្តិ​ផង​ និង​ចង់​ទៅ​បាន​ឃើញ​ក្រុម​មិត្ត​វតប្រេស​ផង​ ណា​មួយ​អត់​មាន​ម៉ូតូ​ជិះ​ ក៏​បបួល​មិត្ត​ភក្តិ​ឲ្យ​ជួប​គ្នា​នៅ​ម្តុំ​ៗ​កន្លែង​ជិះ​ទូក​នោះ ហើយ​ក៏​ឆ្លៀត​ពេល​ប្រហែល​១៥នាទី​យ៉ាង​មាន​តម្លៃ​ដើម្បី​បាន​ជួប​ក្រុម​វតប្រេស​។

ពេល​ទៅ​ដល់​ ឃើញ​មនុស្ស​ម្នា​ច្រើន​ណាស់​ មិន​ដឹង​ថា​នរណា​នរណី​ខ្លះ​ទេ​ អ្នក​ខ្លះ​ដូច​ប្រហែល​ អ្នក​ខ្លះ​ក៏​មិន​ស្គាល់​សោះ​។ ពេល​ដែល​ខ្ញុំ​ដើរ​កាត់​វ៉ូង​មនុស្ស​ចុះ​ទៅ​លើ​ទូក​នោះ​ ខ្ញុំ​គិត​បណ្តើរ​ៗ​ថា​ បើ​គេ​ឃើញ​ខ្ញុំ​ គេ​មុខ​នឹង​ស្គាល់​ខ្ញុំ​មិន​ខាន​ ព្រោះ​តាម​រយៈ​ប្លក់​ក៏​ដូច​ជា​រូប​ថត​ក្នុង​ហ្វេសប៊ុគ​ដែល​ធ្លាប់​ផុស​កន្លង​មក​។ តែ​ជា​ការ​គួរ​ឲ្យ​ចម្លែក​មួយ ពេល​ដែល​ខ្ញុំ​ឡើង​ដល់​លើ​ទូក​ ខ្ញុំ​ឃើញ​មនុស្ស​បី​បួន​នាក់​ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​ថា​ពួក​គាត់​ជា​នរណា​ តែ​គេ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​សោះ។ ធ្វើ​ដូច​មិន​ឃើញ​!! 😦

អ្នក​ដែលខ្ញុំ​ឃើញ​មុន​គេ​លើ​ទូក​គឺ​កំលោះ​សាម៉ាឌី​ ដែល​ពេល​នោះ​កំពុង​ឈរ​និយាយ​ប្រូក​ប្រាជ​ជា​មួយ​អ្នក​ឯទៀត​។ ខ្ញុំ​ខំ​ដើរ​ទៅ​ក្បែរ​គាត់​ហើយ​ ក៏​គាត់​ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ស្គាល់​ខ្ញុំ​អីបន្តិច​។ ឈរ​រេរា​ៗ ទី​បំផុត​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​និយាយ​ជាមួយ​សាម៉ាឌី​ថា​៖
“យើង​ស្គាល់​ខ្ញុំ​អត់​?”
រំពេច​ដែល​ខ្ញុំ​សួរ​ សាម៉ាឌី​ឆ្លើយ​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​រេរា​អី​បន្តិច​ថា​ “អត់​ផង​!!”
😳 “ឱ ព្រះ​ម្ចាស់​ថ្លៃ​!! ខ្មាស​គេ​ណាស់​លោក​!!” នេះ​ជា​អ្វី​ដែល​លេច​ចេញ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ ពេល​សាម៉ាឌី​ឆ្លើយ​តប​។
រួច​ក៏​ខំ​សម្រួល​ឥរិយាបថ​ និយាយ​មួយ​ឃ្លា​ចុង​ក្រោយ​ ហើយ​បើ​ឃ្លា​ចុង​ក្រោយ​ សាម៉ាឌី​នៅ​តែឆ្លើយ​ថា​ “អត់​ផង​”​ទៀត​ ខ្ញុំ​គ្មាន​អី ក្រៅ​ពី​លោត​ចូល​ទឹក​ទន្លេ​ព្រោង​ ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ​ទាន់​។
សំណួរ​ចុង​ក្រោយ​ដែល​ខ្ញុំ​សួរ​គឺ​ “ខ្ញុំ​គឺ​ឡាវ័ន​។ ស្គាល់​ឡាវ័ន​អត់​?” 👿
ត្រង់​នេះ​ បើ​សាម៉ាឌី​ឆ្លើយ​ថា​ ខ្ញុំ​អត់​ដែល​ស្គាល់​នរណា​ឈ្មោះ​ឡាវ័ន​ផង​ ខ្ញុំ​ប្រាកដ​ជា​អស់​យោបល់​មិន​ខាន​ទេ​ ព្រោះគេ​ចាំ​យើង​អត់​បាន​ផង​ មិន​ដឹង​ជា​ទៅ​និយាយ​ថា​ម៉េច​ទេ​។
តែ​ជា​សំណាង​ល្អ​ គាត់​ថា​ស្គាល់​ :mrgreen:
“ធូរ​ទ្រូង​ខ្ញាក​!!!”

រួច​ហើយ​ ក៏​សំណេះសំណាល​គ្នា​​បន្តិច​ និង​ថត​រូប​បាន​ពីរ​បី​ប៉ុស្តិ​ដែរ​។ រី​ឯ​រូប​ដែល​ថត​ជា​មួយ​ក្រុម​វតប្រេស​ និង​បង្ហាញ​នៅ​ប្រកាស​ក្រោយ​ (to be continued 😀 )

ខ្ញុំ​និយាយ​រឿង​ថ្ងៃ​នោះ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំស្តាប់​កាលណា​ ពួក​គេ​សើច​ឲ្យ​ខ្ញុំ​រហូត​ ហើយ​ក៏​ត្រូវ​គេ​ផា​យ៉ាង​ស្ពឹក​មុខ​រួច​មក​ហើយ​ដែរ ដោយ​សារ​កំលោះ​សាឡាឡា​ សាម៉ាឌី​ 👿

សប្បាយ​ ដក​ទំព័រ​អាណាចក្រ​តារា​ចេញ​អត់​មាន​ប្រាប់​មួយ​ម៉ាត់​

អ្នក​ដែល​តាម​ដាន​ទំព័រ​សប្បាយ​ជា​ប្រចាំ​ ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ពី​កម្មវិធី​អាណាចក្រ​តារា​ បង្កើត​ឡើង​ដោយ​សប្បាយ​។ អាណា​ចក្រ​តារា​ ជា​កម្មវិធី​ស្ទៀប​ស្ទង់​មតិ​ប្រិយ​មិត្ត​ស្នេហា​វិស័យ​សិល្បៈ​ ផ្តល់​សិទ្ធិ​​អាទិភាព​ឲ្យ​ទស្សនិក​ជន​អាច​​បោះ​ឆ្នោត​ជ្រើស​រើស​ អ្នក​សិល្បៈ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​តាម​បី​វិធី​។ ទី​មួយ​ គឺ​តាម​រយៈ​ការ​ផ្ញើរ​សារ​តាម​ទូរស័ព្ទ​ ទី​ពីរ​ តាម​ការ​ចុច​គាំ​ទ្រ​ក្នុង​គេហទំព័រ​សប្បាយ​ផ្ទាល់​ និង​ទី​បី​ តាម​ការ​​ចុច​ Like ពី​ហ្វេស​ប៊ុគ​។ សប្បាយ​បាន​ដាក់​ឲ្យ​ប្រិយ​មិត្ត​​អ្នក​អាន​បោះឆ្នោត​​រើស​អ្នក​សិល្បៈ​ដែល​ខ្លួន​គាំ​ទ្រ​មាន​ដូច​ជា​ អ្នក​ចម្រៀង​ ពិធីករ​ ពិធីការនី​ តារា​សម្តែង​ស្រី​ប្រុស​ ជា​ដើម​។ តែ​នៅ​សុខ​ៗ​ ថ្ងៃ​មួយ​(ពុំ​ចាំ​ថា​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ទេ​) ស្រាប់​តែ​ទំព័រ​អាណាចក្រ​តារា​នោះ​បាន​បាត់​សូន្យ​ឈឹង​ពី​គេហទំព័រ​សប្បាយ​។

ខ្ញុំ​សង្កេត​ឃើញ​មាន​មិត្ត​អ្នក​អាន​សរសេរ​ជា​មតិ​នៅ​ក្នុង​គេហទំព័រ​សប្បាយ​ សួរ​សប្បាយ​ពី​ការ​បាត់​វត្ត​មាន​ទំព័រ​អាណា​ចក្រ​នោះ​ច្រើន​ដែរ​ តែ​សប្បាយ​ពុំ​មាន​ឆ្លើយ​តប​សោះ​ ហើយ​ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​មើល​ ពត៌មាន​ចុះ​ក្នុង​សប្បាយ​ ក្រែង​លោ​សប្បាយ​បក​ស្រាយ​ពី​ការ​ដក​នេះ​ តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ឃើញ​មាន​ការ​ប្រកាស​ឬ​ឲ្យ​ដំណឹង​ពី​ការ​បាត់​ទំព័រ​នេះ​ទេ​។ រហូត​មក​ដល់​ថ្ងៃ​នេះ​ ខ្ញុំ​មិន​អស់​ចិត្ត​ទាល់​តែ​សោះ​ ដោយ​សង្ស័យ​ក្រែង​លោ​មាន​មូល​ហេតុ​អ្វី​នៅ​ក្រោយ​ការ​ដក​ចេញ​នេះ​ ឬ​មួយ​ក៏​សប្បាយ​បាន​ប្រកាស​ប្រាប់​ហើយ​ តែ​ខ្ញុំ​រំលង​ពត៌មាន​នោះ​?

បើ​មាន​ប្រិយ​មិត្ត​ណា​ដឹង​ សូម​ជួយ​ប្រាប់​ផង​។

អ្វី​ដែល​ខ្ញុំ​សង្ស័យ​ គឺមួយ​រយៈ​ចុង​ក្រោយ​មុន​ពេល​សប្បាយ​ដក​ទំព័រ​នោះ​ចេញ​ អត្រា​នៃ​អ្នក​បោះ​ឆ្នោត​គាំ​ទ្រ​តារា​ចម្រៀង​សំណព្វ​របស់​ខ្ញុំ(យក់​ ឋិត​រដ្ឋា​)​កំពុង​តែ​កើន​ស្រឺត​ៗ ហើយ​ថ្ងៃ​ចុង​ក្រោយ​គឺ​កើន​លើស​តារា​ចម្រៀងស្រី​ មាស​ សុខ​សោភា​ទៅ​ទៀត​ ដែល​កន្លង​មក​​ មាស​ សុខ​សោភា​ជា​អ្នក​នាំ​មុខ​គេ​រហូត​។ មក​ពី​ខ្ញុំ​មិន​អស់​ចិត្ត​ ព្រោះ​ពេល​នោះ​ តារា​ចម្រៀង​សំណព្វ​ចិត្ត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​បាន​ច្រើន​ហើយ​វ៉ា​ដាច់​គេ​ហើយ​ ម្តេច​បាន​សប្បាយ​ដក​ចេញ​ទៅ​វិញ​? តើ​វា​មាន​ទាក់​ទង​នឹង​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​នេះ​ទេ​?

ចុះ​អ្នក​ទាំង​អស់​គ្នា​ យល់​យ៉ាង​ណា​ដែរ​?

ទៅ​ខ្មែរ​ឃើញ​អ្វីប្លែក​?​ #1: ​ខ្មែរ​មួយ​ចំនួន​មិន​ចេះ​និយាយ​ទន់​ភ្លន់?​ ឬ​មក​ពី​ប្រកាន់​វណ្ណៈ​?

សួស្តី​! បន្ទាប់​ពី​លា​បង​ប្អូន​មួយ​រយៈ​ពី​ពិភព​វត​ប្រេស​ដើម្បី​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​រយៈ​ពេល​មួយ​ខែ​នោះ​ នាង​ខ្ញុំ​បាន​ថត​រូប​និង​ជួប​មនុស្ស​ជាច្រើន​។ ក្នុង​នោះ​ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ចំនុច​ជា​ច្រើន​ដើម្បី​យក​មក​បរិយាយ​និង​វិភាគ​ទាំង​អស់​គ្នា​ តែ​ដល់​ពេល​មក​កូរ៉េ​វិញ​ភ្លេច​អស់​អា​លីង​!! ដោយ​មិន​បាន​កត់​ទុក​ ដូច​នេះ​ភ្លេច​អស់​ហើយ​ តែ​នៅ​ចាំ​ខ្លះ​ៗ​ អញ្ចឹង​ខ្ញុំ​នឹង​លើក​យក​មក​និយាយ​ម្តង​មួយ​ៗ​ថ្ងៃ​ណា​ខ្ញុំ​នឹក​ឃើញ​វិញ ^^
តែ​ចំនុច​មួយ​ដែល​ខ្ញុំ​​ចាំ​មិន​ភ្លេច​នោះ​គឺ​កាយ​វិការ​និង​ការ​និយាយ​របស់​ប្រជា​ជន​ខ្មែរ​យើង​។
ជា​ដំបូង​ នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ចំនុច​ប្លែក​នៅ​ស្រុក​ខ្មែរ​ដែល​ខ្ញុំ​លើក​ឡើង​នេះ​ ចំនុច​ខ្លះ​អាច​ជា​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ទៅ​នៅ​កន្លែង​ផ្សេង​អស់​ពេល​មួយ​ឆ្នាំ​ ឯ​ចំនុច​ខ្លះ​​ចាប់​អារម្មណ៍​និង​ចង់​សរសេរ​មក​ជា​យូរ​ហើយ​។ វា​ប្រៀប​បាន​នឹង​កង្កែប​ក្នុង​អណ្តូង​មួយ​ដែល​ធ្លាប់​តែ​ស្រែក​យំ​និង​សម្លឹង​ឃើញ​មេឃ​ដ៏​តូច​ បន្ទាប់​ពី​វា​មាន​ឱកាស​បាន​លោត​ចេញ​ពី​អណ្តូង​នោះ​ហើយ​ ទើប​វា​ដឹង​ថា​អណ្តូង​ដែល​វា​ធ្លាប់​រស់​នៅ​នោះ​វា​តូច​ឬ​ធំ​ប៉ុណ្ណា​ ហើយ​អណ្តូង​នោះ​ខុស​ប្លែក​ពី​ពិភព​ខាង​ក្រៅ​ប៉ុណ្ណា​។

ចា៎, ឥលូវ​ចូល​ដល់​សាច់​រឿង​ម្តង​។ នៅ​ថ្ងៃ​ដែល​​ខ្ញុំ​ទៅ​ខ្មែរ​វិញ​នេះ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំជើប​រំជួល​ និង​បុណ្យ​ឲ្យ​តែ​ដល់​ឆាប់​ៗ​ទេ​ ព្រោះ​ខាន​ទៅ​មួយ​ឆ្នាំ​បី​ខែ​។ ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ដែរ​ ដែល​ខ្ញុំ​ត្រលប់​ទៅ​លេង​មាតុ​ភូមិ​បន្ទាប់​ពី​ចាក​ចេញ​នា​ឆ្នាំ​២០១០​នោះ។ រយៈ​ពេល​មួយ​ឆ្នាំ​ជាង​នេះ​ វា​ល្មម​នឹង​អាច​ឲ្យ​ខ្ញុំ​ស៊ាំ​នឹង​ស្រុក​គេ​ ជ្រួត​ជ្រាប​វប្បធម៌​គេ​ខ្លះ​ៗ​ក៏​អាច​ថា​បាន​។ ប្រហែល​មក​ពី​ហេតុ​នេះ​ទេ​ដឹង​ទើប​បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​ជា​មួយ​បុគ្គលិក​ធ្វើ​ការ​នៅក្នុង​ព្រលាន​យន្តហោះ​ពោធិ៍​ចិន​តុង​ភ្លាម​ៗ​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​លើ​ទឹក​ដី​ខ្មែរ​។ ​
ខ្ញុំ​ចាំ​បាន​ថា​ ពេល​ខ្ញុំ​ចុះ​ពីយន្ត​ហោះ​ភ្លាម​ខ្ញុំ​ឃើញ​ជន​បរទេស​គេ​នាំ​គ្នា​តម្រង់​ជួរ​ចាំ​​បង់​ពន្ធ​ឬ​សុំ​វីសារ​អីហើយ​មើល​ទៅ​ ដោយ​ជា​លើក​ទី​មួយ​ហើយ​មិន​ដឹង​ថា​ធ្វើ​អ្វី​ខ្លះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សួរ​ទៅ​លោក​ពូ​ម្នាក់​ក្នុង​សំលៀក​បំពាក់​ឯកសណ្ជាន​និង​មាន​ទឹក​មុខ​ស្រស់​បស់​។ តែ​ព្រះ​អើយ​ ខ្ញុំ​សួរ​គាត់​ដោយ​សម្តី​ទន់​ភ្លន់​ថា​៖
«ពូ​, តើ​ខ្ញុំ​មាន​ត្រូវ​ទៅ​ឈរ​តម្រង់​ជួរ​ដូច​គេ​ទេ​?»
គាត់​ក៏​គំហក​មក​ខ្ញុំ​វិញ​ដោយ​ស្រែក​ឆ្ការ​ដៃ​ឆ្ការ​ជើង​ថា​ ៖ «ក្រែង​អ្ហែង​ជា​ខ្មែរ​តា​ហ្ហី​? អត់​មាន​ត្រូវ​បង់​អី​ទេ​! ទៅ​! ទៅ​ខាងណ៎​! ទៅ​! ទៅ​!!»
គាត់​ស្រែក​ខ្លាំង​ៗ​បណ្តើរ​ចង្អុល​បែប​ដេញ​បណ្តើរ​ ធ្វើ​ឲ្យ​ខ្ញុំ​ហួស​ចិត្ត​ជា​ខ្លាំង​​។ ដេញ​ឯង​ដូច​សត្វ​ធាតុ​! តែ​ខ្ញុំ​អត់​មាន​តប​អី​ជា​មួយ​គាត់​ទេ​ គ្រាន់​តែ​ញញឹមដាក់​គាត់​​ដោយ​ហួស​ចិត្ត​​ហើយ​គ្រវី​ក្បាល​ដើរ​ចេញ​មក​។ យី​អើ​, បើ​បរទេស​វិញ​គាត់​ឆ្លើយ​ដោយ​សុភាព​រាប​សារ​ ខ្ញុំ​ដូច​ជា​មិន​យល់​សោះ​។ ចេញ​មក​ដល់​ខ្លោង​ទ្វារ​ក៏​ត្រូវ​បុគ្គលិក​ម្នាក់​ទៀត​និយាយ​មិន​ពិរោះ​ពិសារ​ដាក់​ខ្ញុំ​ដែរ​ ហើយ​អ៊ំ​ស្រី​ធ្វើ​ដំណើរ​មក​ជា​មួយ​គ្នា​ក៏​គាត់​គ្រវី​ក្បាល​ហួស​ចិត្ត​នឹង​បុគ្គលិក​នៅ​ទៅ​នោះ​ដែរ​។

មិន​មែន​តែ​នៅ​ព្រលាន​យន្ត​ហោះ​ទេ​ សូម្បី​នៅ​តាម​ផ្សារ​ តាម​ហាង​នា​នា​ សម្តី​អ្នក​លក់​ បុគ្គលិក​ខ្លះ​ ស្តាប់​ទៅ​ដូច​ជា​មិន​ចូល​ត្រ​ចៀក​សោះ​ មិន​ដឹង​ថា​មក​ពី​គាត់​រៀន​មិន​បាន​ខ្ពស់​ ឬ​មក​ពី​គាត់​ប្រកាន់​វណ្ណៈ​ ឬ​ក៏​មក​ពី​ទម្លាប់​នោះ​ទេ​។ តែ​ឆ្ងល់​ត្រង់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​នោះ​អាច​និង​តែង​និយាយ​ទន់​ភ្លន់​ទៅ​កាន់​ជន​បរទេស​ឬ​ភ្ញៀវ​ដែល​មើល​ទៅ​ពាក់​អាវ​ស្អាត​បាត​មាន​ឡាន​ជិះ​?

បើ​និយាយ​ពី​នៅ​ទីនេះ​ ប្រទេស​កូរ៉េ​វិញ​ រាល់​អ្នក​លក់​និង​បុគ្គលិក​ទាំង​អស់​តែង​និយាយ​សម្តី​ទន់​ភ្លន់​ និង​យក​ចិត្ត​ភ្ញៀវ​ មិន​ថា​ជន​បរទេស​ឬ​ប្រជា​ជន​គេ​ទេ​។
មូលហេតុ​ខ្ញុំ​យល់​ថា​៖
ទី​មួយ​ មាន​គូ​ប្រជែង​ច្រើន​ បើ​សម្តី​ទៅ​កាន់​ភ្ញៀវ​ដូច​ជះ​ទាំង​កន្ថោរ​មក​យ៉ាង​នោះ​ច្បាស់​ជា​គ្មាន​ភ្ញៀវ​ចូល​ទេ​។
ទី​ពីរ​ គេ​តម្រូវ​និង​បញ្ជារឲ្យ​បុគ្គលិក​គេ​និយាយ​ផ្អែម​ទៅ​កាន់​ភ្ញៀវ​។​ ភាគ​ច្រើន​មាន​កាមេរ៉ា​ CCTV ដូច​នេះ​បុគ្គលិក​ទាំង​នោះ​តែង​ប្រយ័ត្ន​ប្រយែង​រាល់​សកម្មភាព​ខ្លួន​ខ្លាច​ត្រូវ​មេ​ដេញ​ក្បាល​ចោល​។
ទី​បី​ បណ្តាញ​ផ្សព្វ​ផ្សាយ​គេ​លឿន​និង​ទំនើប​ ជា​ពិសេស​គឺ​អ៊ីន​ធើ​ណេត​! បើ​ហាង​ណា​ ឬ​កន្លែង​ណា​គេ​មិន​ពេញ​ចិត្ត​ គេ​អាច​យក​មក​ផ្សព្វ​ផ្សាយ​ក្នុង​អ៊ីន​ធើ​ណេត​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​បាន​ ដូច​នេះ​ម្នាក់​ៗ​តែង​ប្រយ័ត្ន​ខ្លួន​រៀង​ៗ​ខ្លួន​។

នេះ​គ្រាន់​តែ​អ្វី​ដែល​បាន​សង្កេត​និង​ពិចារណា​ពី​ចំនុច​ខុស​គ្នា​ខ្លះ​ៗ​រវាង​កូរ៉េ​និង​ខ្មែរ​។​ ហេតុ​ដែល​ប្រៀប​ធៀប​នេះ​គ្រាន់​តែ​ចង់​ចែក​រំលែក​បទ​ពិសោធ​ខ្លះ​ៗ​និង​យក​មក​ពិចារណា​ទាំង​អស់​គ្នា​ ហើយ​សង្ឃឹម​ថា​ប្រជា​ជន​ខ្មែរមួយ​ចំនួន​នោះ​​នឹង​រៀន​ចេះ​និយាយ​ពិរោះ​ពិសារ​ដាក់​គ្នា​មិន​ថា​អ្នក​មាន​អ្នក​ក្រ​។ ជា​ពិសេស​សង្ឃឹម​ថា​រាល់​អ្នក​ចាត់​ការ​ក្រុម​ហ៊ុន​នឹង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​ខ្លួន​ មិន​គួរ​បណ្តោយ​ឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ការ​តាម​តែ​អារម្មណ៍​អញ្ចឹង​ទេ​។ ដូច​ពាក្យ​គេ​ថា​ “ភ្ញៀវ​ជា​ស្តេច​” តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​ខ្លះ​មិន​មែន​ជា​ស្តេច​ទេ​ គឺ​អ្នក​សុំទាន​ទៅ​វិញ​!!