រៀប​ចំ​ផ្ទះ​និង​ដាក់​ដំបូល​ថ្មី​សម្រាប់​កម្មវិធី​សរសេរ​ប្លុក

ព្រឹក​នេះ​បើក​ហ្វេសប៊ុគ​ ឃើញ​គេ​ប្រកាស​ពី​កម្មវិធី​សរសេរ​ប្លុក​ទៀត​ហើយ​។ មិន​បង្អង់​យូរ​ ដោយ​សារ​ខាន​សរសេរ​ប្លុក​យូរ​ផង​ ក៏​ប្រញាប់​ប្រញាល់​ដោនឡូដ​ពាក្យ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ តែ​ចៃដន្យ​អី​គេ​តម្រូវ​ឲ្យ​សរសេរ​អត្ថបទ​មួយ​ពី​រមណីយដ្ឋាន​នៅ​កូរ៉េ​ ហើយ​បង្ហាញ​តំណ​ឲ្យ​គេ។ ហេតុនេះ​ហើយ​ទើប​តម្រូវ​ឲ្យ​ខ្ញុំ​នឹក​ចង់​រៀប​ចំ​ប្លុក​សារឡើង​វិញ ព្រោះ​ប្លុក​ខ្ញុំ​ដែល​ទើប​តែ​ប្តូរ​ template នៅ​មិន​ទាន់​សណ្តាប់​ធ្នាប់​រៀប​រយ​នៅ​ឡើយ។ តាម​ពិត​ចង់​ធ្វើ​ header យូរ​ហើយ​ តែ​ចេះ​តែ​ខ្ពិល​ ទាល់​តែ​ពេល​នេះ​ ដោយ​សារ​ចង់​ចូល​កម្មវិធី​គេ​ផង ក៏​សម្រេច​ថា​រៀប​ចំ​តុបតែង​ផ្ទះ​ប្លុក​ខ្ញុំ​បន្តិច​សិន វា​មាន​ទៅ​អត់​ប៉ុន្មាន​!! 😀

2014-05-01 01.44.09

ដំបូង​ចាប់​ខ្មៅ​ដៃ​គូសវាស​ព្រាង​ header ថា​គួរ​ត្រូវ​រៀប​ចំ​យ៉ាង​ម៉េច​ ដោយ​បើក​មើល​រូប​ភាព​ចុះ​ឡើង​​ ក្រែង​លោ​មាន​រូប​ណា​ចូល​ភ្នែក​យក​មក​កែ​ច្នៃ​បាន។​ មើល​ចុះ​ឡើង​ ក៏​រក​ឃើញ​រូប​មួយ​ចំនួន​ដែល​ដឹង​ថា​គួរ​ដាក់​ត្រូវ​ណាខ្លះ។ បន្ទាប់​មក​ចាប់​ផ្តើម​ប្រតិបត្តិការ​រក​រូបភាព​ក្នុង Google ដែល​ត្រូវ​ការ​ ជា​ពិសេស​រក​មើើល​ព្រាវ​ដែល​ទាក់​ទង​នឹង​កូរ៉េ។ រក​មួយ​សន្ទុះ​ក៏​រក​ឃើញ​បី​បួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បន្ទាប់​មក​ទៀត​នៅ​ចាំ​អី​ទៀត គឺ​វគ្គ​បើក​ Photoshop ចាត់​ការ​ទាញ​ចុះ​ទាញ​ឡើង ចេះ​តែ​ពឺត​ៗ​ទៅ តាម​ចិត្ត​នឹក​ឃើញ។ ទី​បំផុត​សម្រេច​បាន​រួប​ចុង​ក្រោយ​ជា​ស្ថាពរ​ដូច​ដែល​ឃើញ​នេះ​​ឯង។

មិន​ទាន់​ដឹង​ថា​ជាប់​ឬ​ធ្លាក់​ទេ​ តែ​បើ​ជាប់​ប្រហែល​ត្រូវ​មក​ពិភព​គន់​វតប្រេស​សារជា​ថ្មី ប៉ប៉ាច់​ប៉បោច​រាល់​ថ្ងៃ​ទៀត​ហើយ = ))) តែ​បើ​ធ្លាក់​វិញ មាន​អី​ គឺ​អត់​អាដែល​ហ្នឹង! =.=

 

Screenshot 2014-05-01 01.48.25

 

blog-

Advertisements

ពង​មាន់​កញ្ចប់​


នៅខ្មែរ​យើង​ក៏​ដូច​ជា​មិន​ទាន់​ឃើញ​មាន​លក់​ពង​មាន់​កញ្ចប់​នេះ​ជា​ទូទៅ​ដែរ​។ គ្រាន់​តែ​ចង់​ណែនាំ​និង​បង្ហាញ​ឲ្យ​ស្គាល់​ប៉ុណ្ណោះ​​សម្រាប់​អ្នក​មិន​ដែល​ដឹង​។ ព្រោះ​អី​ ខ្ញុំ​នេះ​មិន​ដែល​ដឹង​ថា​របស់​បែប​នេះ​មាន​លក់​ទេ​ មុន​ពេល​ដែល​មក​កូរ៉េ​។ អាច​ថា​ជា​អ្នក​ស្រែ​ចូល​ក្រុង​ អ៊‍ីចឹង​កុំ​ឲ្យ​យើង​ត្រូវ​គេ​ប្រមាថ​ថា​ជា​អ្នក​ស្រែ​ចូល​ក្រុង​នេះ​ដូច​ខ្ញុំ​ ទើប​ចង់​ណែ​នាំ​ឲ្យ​ស្គាល់​បណ្តើរ​ៗ​ ក្រែង​លោ​ថ្ងៃ​ណា​មួយ​គេ​និយាយ​ទៅ​ យើង​អត់​ដឹង​អី​ នាំ​ឲ្យ​ខ្មាស​គេ​ 😛
ពង​មាន់​កញ្ចប់​នេះ​ មើល​ទៅ​ដូច​ពង​មាន់​​​ខ​ ព្រោះ​មាន​ពណ៌​ដូច​ដែល​បាន​ឃើញ​នេះ​ ហើយ​រស​ជាតិ​វិញ​ក៏​ប្រៃ​លែម​ៗ​​ ស្រដៀង​នឹង​ពង​ទា​ខ​យើង​មែន​នឹង​​ 😀 ពង​មាន់​កញ្ចប់​នេះ​អាច​ញ៉ាំ​បាន​តែ​ម្តង​ មិន​ចាំ​បាច់បក​​សំបក​អីទេ​ ព្រោះ​គេ​បក​ឲ្យ​ស្រាច់​ហើយ​ :mrgreen: តែ​ដើម្បី​ឲ្យ​ឆ្ងាញ់​ មុន​នឹង​ញ៉ាំ​អាច​យក​ដាក់​កម្តៅ​បន្តិច​ទៅ​​។ នៅ​តាម​ហាង​លក់​ទំនិញ​តូច​ៗ​នៅ​កូរ៉េ​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ម៉ៃ​ក្រូវេវ​ ដូច​នេះ​លោក​អ្នក​អាច​ប្រើ​​ម៉ៃ​ក្រូវេវ​គេ​កម្តៅ​ហើយ​ញ៉ាំ​តែ​ម្តង​ ក្នុង​ករណី​ដែល​ថ្ងៃ​ណា​ដាច់​បាយ​ម្តង​ៗ​ ហាហា :mrgreen:
ពង​មាន់​ធម្មតា​ មួយ​គ្រាប់​ ២៥០​វ៉ុន​ ពីរ​គ្រាប់​ ៥០០វ៉ុន​ រី​ឯ​ពង​មាន់​កញ្ចប់​នេះ​វិញ​ មួយ​គ្រាប់​ ៥០០​វ៉ុន​។ ពង​មាន់​កញ្ចប់​មួយ​គ្រាប់​ទិញ​បាន​​ពង​មាន់​ធម្មតា​ពីរ​គ្រាប់​​ តែ​មួយ​អាច​ញ៉ាំ​បាន​ភ្លាម​ មួយ​ទៀត​​ទាល់​តែ​យក​ទៅ​ស្ងោរ​ឬ​ចំហុយ​សិន​ តើ​លោក​អ្នក​នឹង​សម្រេច​ចិត្ត​ទិញ​មួយ​ណា​? វា​អាស្រ័យ​នឹង​តម្រូវ​ការ​ទេ​ ថា​តើ​ចង់​ទិញ​យក​មក​ធ្វើ​អ្វី​ 😉
បញ្ជាក់​៖ ២៥០​វ៉ុន​ ប្រហែល​ ១០០០​រៀល​ 🙂

បាយ​កំប៉ុង, នៅ​ខ្មែរ​ដូច​មិន​ទាន់​មាន​


មិន​ដឹង​ថា​គួរ​ហៅ​ថា​អ្វី​ទេ​ តែ​ឃើញ​យើង​នាំ​គ្នា​ហៅ​ថា​ មី​កំប៉ុង​(បើ​ទោះ​ជា​ប្រអប់​ក្រដាស​, ជ័រ​ ក៏​នៅ​តែ​ហៅ​ថា​កំប៉ុង​) ដូច​នេះ​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ហៅ​​វា​ថា​ បាយ​កំប៉ុង​។ បាយ​កំប៉ុង​នេះ​ ជា​បាយ​ដាក់​លក់​នៅ​តាម​ផ្សារ​ ម៉ាត​ ជា​​កំប៉ុង​ៗ​(ដូច​ក្នុង​រូប​)។

នៅ​ពេល​ដែល​យើង​ចង់​ញ៉ាំ​ គ្រាន់​តែ​ហែក​គម្រប​ ហើយ​ដាក់​ក្នុង​ម៉ៃ​ក្រូ​វេវ​ (microwave) រយៈ​ពេល​២នាទី​ ជា​ការ​ស្រេច​។ មិន​ចាំ​បាច់​ ដាក់​ទឹក​អ្វីទេ​ ចំណាយ​ពេល​ត្រឹម​តែ​២នាទី​ អាច​ញ៉ាំ​បាន​ភ្លាម​​ 😀
តែ​ចំពោះ​ករណី​ពុំ​មាន​ម៉ៃ​ក្រូវេវ​ អាច​ប្រើ​វិធី​មួយ​ទៀត​ គឺ​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល​១០​នាទី​ នឹង​អាច​ញ៉ាំ​បាន​ហើយ​។

យ៉ាង​ម៉េច​ដែរ​? យល់​ថា​ ល្អ​និង​ងាយ​ស្រួល​ទេ​? 😉
ខ្ញុំ​តាំង​ពី​មក​កូរ៉េ​ ញ៉ាំ​តែ​បាយ​កំប៉ុង​នេះ​ទេ​ ព្រោះ​នៅ​អន្ទេរ​វាសិកដ្ឋាន​ខ្ញុំ​ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ម្ហូប​ឬ​ដាំ​បាយ​ទេ​ តែ​មាន​ម៉ៃ​ក្រូវេវ​ឲ្យ​ប្រើ​។ ដូច​នេះ​ រាល់​ថ្ងៃ​​កុម្ម៉ង់​ម្ហូប​គេ​ឲ្យ​យក​មក​ដល់​កន្លែង​មក​ ហើយ​ញ៉ាំ​ជា​មួយ​បាយ​កំប៉ុង​នេះ​ឯង​។

ចំ​ពោះ​តម្លៃ​​ ជា​មធ្យម​មួយ​កំប៉ុង​ថ្លៃ​ 1000 Won, ទម្ងន់​ ២០០​ក្រាម​, ៣០០កាឡូរី​ ប្រហែល​នឹង​បាយ​មួយ​ចាន​ចង្កឹះ​។ ចំពោះ​ខ្ញុំ​ ញ៉ាំ​តែ​មួយ​កំប៉ុង​ទេ​ឆ្អែត​ហើយ​ តែ​ប្រុស​ៗ​ ប្រហែល​ពីរ​កំប៉ុង​ទើប​ណែន​ពោះ​មើល​ទៅ​។ មិន​ខុស​អី​ ពី​មី​កំប៉ុង​ទេ​ ប្រុស​ៗ​ក៏​តែង​ញ៉ាំ​ច្រើន​ជា​ង​នារី​។

តម្លៃ​នេះ​ បើ​គិត​ជា​លុយ​ខ្មែរ​ ដូច​ជា​ថ្លៃ​បន្តិច​ ព្រោះ​ប្រហែល​៤០០០រៀល​ តែ​បើ​សិន​​ជា​លក់​នៅ​ខ្មែរ​ ក៏​មិន​ជា​ថ្លៃ​ដល់​ប៉ុណ្ណឹង​ដែរ​មើល​ទៅ​។ ឧទាហារណ៍​ កូកា​កូឡា​ នៅ​ទី​នេះ​ មួយ​ដប​តម្លៃ​​ 1000វ៉ុន​ រី​ឯ​នៅ​ខ្មែរ​ក៏​មាន​តម្លៃ​ ១០០០រៀល​ដូច​គ្នា​ (កន្លែង​ខ្លះ​ ១៥០០រៀល​)។

ទទក​ គួរ​បង្កើត​កម្មវិធី​មួយ​ស្រដៀង​នេះ​ “ពាក្យ​ត្រឹម​ត្រូវ​”

ទូរទស្សន៍​ជាតិ​ ទទក គួរ​បង្កើត​កម្មវិធី​មួយ​ស្រដៀង​នេះ​ ដែល​មាន​ឈ្មោះ​ថា​ “ពាក្យ​ត្រឹម​ត្រូវ​”។ មិន​សំដៅ​តែ​ប៉ុស្តិ​ ទទក​ ទេ​ ប៉ុស្តិណា​​ក៏​បាន​ដែរ​ ឲ្យ​តែ​ស្ម័គ្រ​ចិត្ត​បង្កើត​កម្មវិធី​នេះ​ដោយ​សហការ​ជា​មួយ​អ្នក​ឯកទេស​អក្សរ​សាស្ត្រ​ជាតិ​ ខ្ញុំ​នឹង​គាំ​ទ្រ​ជា​និច្ច​។

바른 말, 고운 말 ជា​ឈ្មោះ​នៃ​កម្មវិធី​មួយ ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ “ពាក្យ​ត្រឹម​ត្រូវ​”​​ មាន​​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៃប៉ុស្តិ​មួយ​នៅ​កូរ៉េ​រៀង​រាល់​សប្តាហ៍​ ដែល​មាន​រយៈ​ពេល​ពី​១៥ ទៅ​ ៣០​នាទី​។

កម្មវិធី​នេះ​គេ​តែង​លើក​ឡើង​នូវ​ពាក្យ​ដែល​ប្រជាជន​គេ​ចំណាំ​ប្រើ​ខុស​ ឬ​ប្រើ​ដោយ​ការ​ភ័ន្ត​ច្រលំ​ មក​បក​ស្រាយ​ឲ្យ​ស្តាប់​ថា​មួយ​ណា​ទើប​ជា​ពាក្យ​ត្រឹម​ត្រូវ​ ទាំង​របៀប​នៃ​ការ​សរសេរ​ ការ​អាន​ ជា​ដើម​។

ហើយ​ពាក្យ​ថ្មី​ៗ​ដែល​ត្រូវ​បាន​សម្រេច​ឲ្យ​ដាក់​ប្រើ​​ជា​ផ្លូវ​ការ​ ក៏​ត្រូវ​បាន​ប្រកាស​ផ្សាយ​ក្នុង​កម្មវិធី​នេះ​ដែរ​។

នៅ​ក្នុង​រូប​ដូច​ដែល​បាន​បង្ហាញ​នេះ​ អ្នក​ឃើញ​ទេ​ គេ​ដាក់​ពាក្យ​ពីរ​ទន្ទឹម​គ្នា​ ហើយ​នៅ​ក្បែរ​ពាក្យ​ខាង​ឆ្វេង​​គេ​ដាក់​ អក្សរ​ O (មាន​ន័យ​ថា​ត្រឹម​ត្រូវ​), ក្បែរ​ពាក្យ​ខាង​ស្តាំ​គេ​ដាក់​ អក្សរ​ X (មាន​ន័យ​ថា​ខុស​)។

ខ្ញុំ​យល់​ថា​ កម្មវិធី​នេះ​ពិត​ជា​ល្អ​ណាស់​ ហើយ​ក៏​មាន​ប្រយោជន៍​ខ្លាំង​ទៀត​​ផង​ ព្រោះ​មាន​ពាក្យ​ជា​ច្រើន​ដែល​ខ្មែរ​យើង​នាំ​គ្នា​ប្រើ​ខុស​ឬ​ប្រើ​ឡូក​ឡំ​គ្នា​ មិន​ដឹង​មួយ​ណា​ខុស​ត្រូវ​ពិត​ប្រាកដ​ យូរ​ៗ​ទៅ​ វា​នឹង​ធ្វើ​ឲ្យ​វង្វេង​អស់​។ ជា​ពិសេស​នៅ​ពេល​ដែល​មាន​បរទេស​គេ​សួរ​ថា​ ពាក្យ​ណា​ជា​ពាក្យ​ត្រឹម​ត្រូវ​ ស្រាប់​តែ​ខ្លះ​ឆ្លើយ​ថា​ អា​នេះ​ត្រូវ​ អានោះ​ទើប​ត្រូវ​ ត្រូវ​ទាំង​ពីរ​ “&%^$^$ ប្រកែក​គ្នា​ឲ្យ​រញ៉ៃ​!! ព្រោះ​តែម្នាក់​ៗ​ប្រកាន់​គំនិត​ខ្លួន​ត្រូវ​រៀង​ខ្លួន​ ឬ​មិន​ដឹង​ច្បាស់​ មិន​ដឹង​ទៅ​សួរ​អ្នក​ណា​។

សូម​អស់​យោបល់​…

គំនិត​ច្នៃ​ប្រឌិត​ #2

គំនិត​ច្នៃ​ប្រឌិត​#1 ៖ របៀប​ផឹក​ទឹក​ដោះ​គោ​ជូរ​នៅ​កូរ៉េ​


នេះ​ជា​ការ​ចាប់​អារម្មណ៍​ខ្ញុំ​មួយ​នៃ​របៀប​ផឹក​ទឹក​ដោះ​គោ​ជូរ​នៅ​កូរ៉េ​ ដែល​អាច​ថា​ប្លែក​ ឬ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំធ្លាប់​ធ្វើ​។

គឺ​ពេល​គេ​ទិញ​ទឹក​ដោះ​គោ​មក​មួយ​យួរ​ចឹង​ គេ​មិន​ចាំ​បាច់​ហែក​ថង់​ចេញ​ទេ​ គេ​ទុក​ឲ្យ​នៅ​ជា​ជួរ​អ៊‍ីចឹង​តែ​ម្តង​ ហើយ​ក៏​ប្រើ​ទុយោរ​តែ​មួយ​ដែរ​។ គេ​ប្រើ​ទុយោរ​ពណ៌​លឿង​នេះ​ចោះ​ផឹក​ម្តង​មួយ​ៗ​។ ផឹក​អស់​មួយ​ គេ​យក​ទុក​ក្នុង​ទូទឹក​កក​វិញ(ទាំង​ទុយោរ​នៅ​នឹង​ដប​ដូច​រូប​)​។ ពេល​ណា​គេ​ចង់​ផឹក​ទៀត​ គេ​គ្រាន់​តែដក​ទុយោរ​ដែល​នៅ​នឹង​ដប​នោះ​ មក​ចោះ​ដប​មួយ​ទៀត​ដែល​នៅ​ជាប់​។ គេ​ធ្វើ​របៀប​នេះ​ទាល់​តែ​ផឹក​អស់​ ហើយ​ក៏បោះ​ចោល​ទាំង​បែប​នេះ​(ដូច​ក្នុង​រូប​)។

ហើយ​សូម​បញ្ជាក់​ថា​ រូប​ថត​ដែល​ថត​នេះ​ជា​រូប​ថត​ក្រោយ​ពេល​ផឹក​អស់​ហើយ​ ហើយ​បម្រុង​យក​ទៅ​បោះ​ចោល​ផង​ដែរ​។ តែ​មើល​មើល៎​! សភាព​ដប​មាន​លក្ខណៈ​ដូច​ពេល​ទើប​តែ​ទិញ​មក​ចឹង​ គ្មាន​ខុស​គ្នា​ទេ​ ខុស​តែ​ត្រង់​ខាង​ក្នុង​ដប​លែង​មាន​ទឹក​ដោះ​គោ​ទៀត​^^

ហើយ​នេះ​ជា​ដប​ទឹក​ដោះ​គោ​ជូរ​ដែល​ថត​ដោយ​ខ្ញុំ​ផ្ទាល់​និង​​ផឹក​ដោយ​ខ្ញុំ​ផ្ទាល់​ផង​ដែរ​ 😀 ហាហា..

សារៈប្រយោជន៍​៖

  • ចំនេញ​ដោយ​មិន​ចាំ​បាច់​ប្រើ​ទុយោរ​ច្រើន​ (ល្អ​ដល់​បរិស្ថាន​)
  • ដប​ទឹក​ដោះ​គោ​មិន​រប៉ាត់​រប៉ាយ​ (មាន​សណ្តាប់​ធ្នាប់​ល្អ​)
  • មិន​ចាំ​ហែក​ថង់​ប្លាសិ្ទច​ស្រប​ពី​ក្រៅ​ចេញ​

សម្គាល់​៖ លោក​អ្នក​ដែល​បាន​មើល​រឿង​ភាគ​កូរ៉េ​ “Dream High”, តើ​មាន​កត់​សម្គាល់​ឃើញ​ទេ​? ឈុត​​តួ​ប្រុស​(2pm) ស្រម៉ៃ​កាល​នៅ​ពី​តូច​ ពេល​នោះ​តួ​ស្រី​កំពុង​ផឹក​ទឹក​ដោះ​គោ​ជូរ​នេះ​ដែរ​ ហើយ​ក៏​ចោះ​ផឹក​ដូច​ក្នុង​រូប​នេះ​ដែរ​ 😉