ទី​​បំ​ផុត​ខ្ញុំ​មក​ដល់​កោះ​ដូក​ដូ !!

នៅ​ព្រឹក​ដែល​យើង​បម្រុង​នឹង​ចេញ​ទៅ​កោះ​ដូក​ដូ​ ម្នាក់​ៗ​មុខ​ស្រពាប់​ស្រពោន​បែប​អស់​សង្ឃឹម​ជា​ខ្លាំង​ព្រោះ​ពេល​ព្រឹក​ព្រហាម​អ្នក​ចាត់​ការ​ខាង​​ WSK ដើរ​គោះ​គ្រប់​ទ្វារ​បន្ទប់​គេង​ ដោយ​ប្រាប់​នូវ​ដំនឹង​អកុសល​មួយ​គឺ​ ដំ​នើរ​ទៅ​កោះ​ដូក​ដូ​ត្រូវ​រំ​សាយ​ចោល​​ដោយ​សារ​អាកាស​ធាតុ​មិន​អំ​នោយ​ផល​។ នៅ​ថ្ងៃ​នោះ​ ពេល​ព្រឹក​ម៉ោង​៧ មេឃ​ឡើង​ងងឹត​ដូច​ចង់​រក​ភ្លៀង​ដូច​នេះ​ហើយ​ទើប​គេ​ត្រូវ​បង្ខំ​ចិត្ត​រំសាយ​​គម្រោង​ចោល​ព្រោះ​​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​យើង​។ គេ​ប្រាប់​ថា​ បើ​ចង់​ទៅ​លេង​កោះ​ដូក​ដូ​ មិន​មែន​ថ្ងៃណា​នឹក​ឃើញ​ចេះ​តែ​ទៅ​បាន​ទេ​ ត្រូវ​អា​ស្រ័យ​លើ​អា​កាស​ធាតុ​អំ​ណោយ​ផល​ឬ​អត់​។ ហើយ​គេ​ប្រាប់​ទៀត​ថា​ ក្នុង​១ឆ្នាំ​ មាន​តែ១៥​ថ្ងៃ​ប៉ុណ្ណោះ​ដែល​អាច​ទៅ​លេង​កោះ​ដូក​ដូបាន​ ដូច​នេះ​អ្នក​ដែល​អាច​ទៅ​បាន​សុទ្ធ​តែ​សំ​ណាង​ហើយ​។

ជា​សំ​ណាង​ល្អ​រហូត​ដល់​ម៉ោង​៩ព្រឹក​ មេឃ​ក៏ប្រែ​ជា​ស្រលះ​ល្អ​ បើក​ថ្ងៃចេស​!! ឃើញ​ដូច​នេះ​ក៏​មាន​គេ​រាយ​ការណ៍មក​ថា​ ពួក​យើង​អាច​ទៅ​កោះ​ដូក​ដូ​បាន​វិញ​, គ្រាន់​តែ​ឮ​ដំ​នឹង​នេះ​ភ្លាម​ម្នាក់​ៗ​មុខ​រីក​ដូច​គ្រាប់​ជី​ ហើយ​ក៏​ស្ទុះ​ស្ទារ​ទៅ​រៀប​ចំ​ខោ​អាវ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ ព្រោះ​គេ​ត្រូវ​ចេញ​ដំ​នើរ​ម៉ោង​៩កន្លះ​នេះ​ហើយ​។

ពេល​ដែល​ឡើង​ជិះ​កា​ណូត​ឆ្ពោះ​ទៅ​កាន់​កោះ​ដូក​ដូ​នេះ​ ម្នាក់​ៗ​ឡើង​ជិះ​ដោយ​ទឹក​មុខ​ស្រស់​ប្រិម​ប្រិយ​

មាន​ក្រុម​ទូរទស្សន៍​មក​ថត​ពួក​យើង​ទៀត​នែ​ ^^

រូប​កោះ​ដែល​ឃើញ​នេះមិន​មែន​ជា​កោះ​ដូក​ដូ​ទេ​ គឺ​ជា​កោះ​អ៊ូ​លឹង​ដូ​។​ យើង​កំ​ពុង​ចាក​ចេញ​ពីកោះ​អ៊ូ​លឹង​ដូ​ឆ្ពោះ​ទៅកាន់​កោះ​ដូក​ដូ​ ៚ មិន​ជិត​ទេ​ ត្រូវ​ចំ​នាយ​ពេល​៣ម៉ោង​ពេញ​ ទាំង​ទៅ​ទាំង​មក​៦ម៉ោង​។

ពេល​ថត​នេះ​កំ​ពុង​មាន​អារម្មណ៍​ស្រស់​ស្រាយ​នៅ​ឡើយ​ នៅ​ញញឹម​បាន​ស្រស់​ ^^ តែ​ចាំ​មើល​តិច​ទៀត​ណា…ខិ​ៗៗ…

កា​ណូត​ដែល​ជិះ​នេះ​តូច​ជាង​កាណូត​ដែល​ជិះ​ពេល​មក​កោះ​អ៊ូ​លឹង​ដូ​ ៚ ដូច​នេះ​កា​ណូត​មាន​លក្ខណៈ​ឃ្លីង​ឃ្លោង​ៗ​ (ហើយ​បើក​ក្នុង​ល្បឿន​លឿន​ទៀត​) ​……តែ​ដោយសារ​​កាណូត​តូច​នេះ​ហើយ​ទើប​ខ្ញុំ​មាន​ឱកាស​បាន​ចេញ​មក​ក្រៅ​ហើយ​ថត​​យក​ទេស​ភាព​ 😀

កោះ​អ៊ូ​លឹង​ដូ​មើល​ពី​ចម្ងាយ​

គេ​កំ​ពុង​សម្ភាស​​សិស្ស​ WSK យើង​ម្នាក់​ ៚ គាត់​កំ​ពុង​ច្រៀង​បទ​កូ​រ៉េ​

ថ្ងៃ​ទៅ​កោះ​ដូក​ដូ​នោះ​ខ្ញុំ​ពុល​កា​ណូត​… តែ​មិន​មែន​បែប​ធម្មតា​ៗទេ​ គឺ​បែប​ធ្ងន់​ធ្ងរ​ ព្រោះ​ខ្ញុំ​មិន​អាច​រាប់​អស់​ពី​ចំ​នួន​ដង​ដែល​ខ្ញុំ​រត់​ទៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី… ក្អួត​… ㅠㅠ …. ថ្ងៃ នោះ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​វេទនា​ណាស់​ បុណ្យ​ឲ្យ​តែ​ដល់​កោះ​ដូក​ដូ​ឆាប់​ៗ​ទេ​។ ៣ម៉ោង​ក្រោយ​ ក៏​មក​ដល់​កោះ​ដូក​ដូ​!!! គឺ​នេះ​នែ​!!!! សូម​បញ្ជាក់​ថា​ថ្ងៃ​នោះ​គេ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​លើ​កា​ណូត​ (គឺ​សាំង​វិច​ និង​ទឹក​ក្រូច​), តែ​ដោយ​សារ​ខ្ញុំ​ពុល​ខ្លាំង​ពេក​ គ្មាន​អារម្មណ៍ ក៏​ដូច​ជា​កម្លាំង​ដើម្បី​ញ៉ាំ​អា​ហារ​ថ្ងៃ​ត្រង់​នោះ​ទេ​ ក៏​ប៉ុន្តែ​ទាំង​ការ​ពុល​និង​ការ​មិន​ញ៉ាំ​អា​ហារ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​អស់​កម្លាំង​ពី​ខ្លួន​តែ​ម្តង​។ ទៅ​ដល់​កោះ​ដូក​ដូ​នោះ​ប្រហែល​ម៉ោង​២រសៀល​​ ៚ តែ​គ្រាន់​តែ​ក្រលេក​ឃើញ​កោះ​ដូក​ដូ​ភ្លាម​ខ្ញុំ​មាន​កម្លាំង​ព្រឹស​!!! ហើយ​ក៏​ស្ទុះ​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​មើល​ឲ្យ​ច្បាស់​ ។

នេះ​ហើយ​ជា​កោះ​ដូក​ដូ​ ដែលគ្រប់​ជន​បរទេស​ និង​ជន​ជាតិ​កូរ៉េ​ប្រា​ថ្នា​ចង់​ទៅនោះ​ 🙂

នេះ​ក៏​ជា​កោះ​ដូក​ដូ​ដែរ​ ៚ ថ្វី​ត្បិត​ថា​កោះ​នេះ​រាង​តូច​បន្តិច​ ហើយ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ តែ​ក៏​មាន​មនុស្ស​រស់​នៅ​លើ​កោះ​នេះ​ដែរ​។

ចង់​ញញឹម​ឲ្យ​ស្រស់​ដែរ​ តែ​ដោយ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ពេក​ទៅ​ អាច​ញញឹម​បាន​ប៉ុណ្ណេះ​ចាត់​ទុក​ថា​គ្រាន់​បើ​ហើយ​ ^^

ស្រី​ស្អាត​ពីរ​នាក់​នេះ​ជា​អ្នក​ចម្រៀង​កូ​រ៉េ​ណា៎​!

សមា​ជិក​នៃ​ក្រុម​ចម្រៀង​នេះ​មាន​ ៥​នាក់​ ឈ្មោះ​ថា​ Aurora ~

នេះ​ជា​រូប​ថត​ចុង​ក្រោយ​នៃ​ដំ​នើរ​ទៅ​កាន់​កោះ​ដូក​ដូ​ ៚ ដំ​នើរ​កម្សាន្ត​នេះ​ជា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បំ​ភ្លេច​បាន​ទេ​ ពិត​ជា​មិន​អាច​បំ​ភ្លេច​បាន​ទេ​!! ជា​ពិសេស​គឺ​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​ទាំង​ឡាយ​ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​តាំង​ពី​ចាប់​កំ​ណើត​លើ​លោ​កិយ​នេះ​ 😀

បាន​ហត្ថលេខា​និង​ថត​ជា​មួយ​តារា​ចម្រៀង​ល្បី​របស់​កូរ៉េ​!

កាល​ទៅ​កោះ​អ៊ូលឹង​ដូ​នោះ​ នា​យប់​ចុង​ក្រោយ​មាន​ការ​ប្រគំ​តន្ត្រី​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​រ៉ក​ល្បី​របស់​កូរ៉េ​ឈ្មោះ​ យូន​ ដូ​ហ្យ៉ន់​ /윤 도현/ Yoon Do Hyun ហើយ​ក៏​ជា​សមាជិក​នៅ​ក្នុង​ក្រុម​តន្រ្តី​រ៉ក​ឈ្មោះ​ថា​ YB។ គាត់​មិន​សូវ​ចេញ​បទ​ចម្រៀង​ញឹក​ដូច​អ្នក​ចម្រៀង​ដទៃ​ទេ​ តែ​ស្ទើរ​គ្រប់​បទ​របស់​គាត់​​បាន​ទទួល​ការ​គាំ​ទ្រ​ និង​ពេញ​និយម​។​ យូន​ ដូ​ហ្យ៉ន់​បាន​ទទួល​ការ​ពេញ​និយម​បំ​ផុត​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ ហើយ​ក្នុង​ចំ​នោម​បទ​ចម្រៀង​របស់​គាត់​ មាន​បទ​មួយ​នោះ​ដែល​ខ្ញុំ​ស្រលាញ់​និង​តែង​តែ​ច្រៀង​និង​ស្តាប់​ជា​ញឹក​ញាប់​ ស្តាប់​យ៉ាង​ណា​ក៏​មិន​ចេះ​ធុញ​ដែរ​ គឺ​បទ​ សារ៉ាំង​ហ៊ែត​ណា​បា​ (ប្រហែល​ខ្ញុំ​ស្រលាញ់​គេ​)/ 사랑했나봐 ។
នេះ​ជា​វី​ដេ​អូ​របស់​គាត់​ 사랑했나봐, តែ​អត់​មាន​វត្តមាន​គាត់​ចេញ​ក្នុង​វី​ដេ​អូ​ទេ​

និយាយ​ពី​ខ្ញុំ​វិញ​ មូល​ហេតុ​ដែល​អាច​ពួក​ខ្ញុំ​មាន​ឱកាស​បាន​សុំ​ហត្ថលេខា​និង​ថត​ជា​មួយ​គាត់​ដោយ​សារ​គាត់​ស្នាក់​នៅ​រី​សតតែ​មួយ​ជា​មួយ​ពួក​យើង​។ ខ្ញុំ​ប្រហែល​ជា​ធ្លាប់​បាន​ប្រាប់​ហើយ​ថា​រី​សត​ដែល​ពួក​យើង​គេង​នោះជា​រី​សត​ដែល​ថ្លៃ​និង​ល្អ​ជាង​គេ​នៅ​លើ​កោះ​អ៊ូ​លឹង​ដូ​នោះ​ ហេតុ​នេះ​ហើយ​ទើប​តារា​ចម្រៀង​ យូន​ ដូ​ហ្យ៉ន់​ក៏​ត្រូវ​តែ​គេង​នៅរី​សត​នោះ​ដែរ​ ^^ នេះក៏​ដោយ​សារ​តែ​គុណ​បុណ្យ​របស់​ WSK ដែល​​ឲ្យ​យើង​បាន​ស្នាក់​នៅ​ក្នុង​រី​សត​ដ៏​ថ្លៃ​បែប​នេះ​។

នេះ​ជា​ឆាក​តន្ត្រី​នៅ​លើ​កោះ​អ៊ូលឹង​ដូ​នោះ​

យូន​ ដូ​ហ្យ៉ន់​កំ​ពុង​ច្រៀង​លើ​ឆាក​​ ៚ យូន​ ដូហ្យ៉ន់​ច្រៀង​ចុង​ក្រោយ​គេ​បិទ​ឆាក​, គាត់​ច្រៀង​ច្រើន​បទ​ណាស់​។ រហូត​ដល់​ម៉ោង​១១យប់​ក៏​ចប់​ ហើយ​មួយ​ៗ​ក៏​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ រី​ឯ​ពួក​ខ្ញុំ​ក៏​ត្រលប់​ទៅ​រី​សត​វិញ​ដែរ​។

ពួក​យើង​មិន​បាន​ដឹង​មុន​ទេ​ថា​ យូន​ ដូ​ហ្យ៉ន់​នឹង​មក​គេង​នៅ​រី​សត​តែមួយ​ជា​មួយ​ពួក​យើង​ តែពួក​ខ្ញុំ​ចេះ​តែមាន​ប្រផ្នូល​ថា​នឹង​យ៉ាង​នេះ​ហើយ​ ព្រោះ​រី​សត​នេះ​ជា​រី​សត​ថ្លៃ​ជាង​គេ​ប្រាកដ​ជា​មក​គេង​នៅ​ទី​នេះ​មិន​ខាន​។ អង្គុយ​នៅ​ក្នុង​សាល​ទទួល​ភ្ញៀវ​ប្រហែល​១៥នាទី​ ក៏​ឃើញ​រថ​យន្ត​របស់​យូន​ ដូ​ហ្យ៉ន់​មក​ឈប់​ចត​នៅ​ពី​មុខ​រី​សត​ ហើយ​គាត់​ចេញ​ពី​រថយន្ត​ជា​មួយ​សមាជិក​​ YB របស់​គាត់​និង​អង្គរក្ស​អម​សង​ខាង​។ អត់​មាន​នរណា​ហ៊ាន​ទៅ​សុំ​ថត​ជា​មួយ​គាត់​ទេ​ដំបូង​ តែ​ពេល​នោះ​ខ្ញុំ​ក៏​ទៅ​សសៀរ​ក្បែរ​គាត់​ហើយ​និយាយ​ទៅ​កាន់​គាត់​បែប​អស់​សង្ឃឹម​ថា​ “Can I take a photo with u?” ហើយ​គាត់​ក៏​ឆ្លើយ​ថា​ “Of course”។ គ្រាន់​តែ​ឮ​គាត់​ឆ្លើយ​បែប​នេះភ្លាម​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ស្រួល​ដល់​ម្លឹង​ដែរ​ កុំ​អី​សុំ​ថត​ជា​មួយ​តាំង​ពី​យូរ​!! ហើយ​មិត្ត​ភក្តិ​ឯទៀត​ឃើញ​ចឹង​ក៏​រត់​ចូល​មក​ថត​ជា​មួយ​ដែរ​មក​។

ក្តៅ​អ្នក​កាន់​កាមេរ៉ា​ដល់​ហើយ​ កាន់​កាមេរ៉ា​ប៉ុណ្ណឹង​ក៏​មិន​ឲ្យ​នឹង​ដែរ​ ធ្វើ​ឲ្យ​រូប​ព្រាល​អស់​អា​លីង​!!! យ៉ាប់​តា​ម៉ង​ហើយ​!

ក្រោយ​ពី​នោះ​គាត់​ក៏ជាប់​ថត​ជាមួយ​គ្នី​គ្នា​របស់​គាត់​ អ្នក​មាន​មុខ​មាន​មាត់​លើ​កោះ​អ៊ូ​លឹង​ដូ​នោះ​

ក្រោយ​ពី​ថត​ហើយ​ខ្ញុំ​ឃើញ​ពូ​ម្នាក់​នោះ មើល​ទៅក៏​ជា​អ្នក​ធំដែរ​, តែ​គាត់​បាន​ដក​ប៊ិច​និង​ក្រដាស​ហើយ​សុំ​ហត្ថលេខា​ពី​ យូន​ ដូ​ហ្យ៉ន់​។ ប្រហែល​គាត់​សុំ​ឲ្យ​កូន​គាត់​ហើយ​មើល​ទៅ​ 🙂 ពេល​នោះ​ខ្ញុំ​ក៏​ស្ទុះ​ទៅ​ខ្ចី​ប៊ិច​បង​ម្នាក់​នោះ​ជា​អ្នក​គ្រប់​គ្រង​ពួក​យើង​ខាង​ WSK។ ខ្ញុំ​ឃើញ​ប៊ិច​គាត់​ស៊កនៅ​ហោ​ប៉ៅ​អាវ​(ទំ​នង​មើល​ទៅ​ជា​ប៊ិច​ថ្លៃ​) ក៏សួរ​ទៅ​គាត់​ថា​ «បង​! មាន​ប៊ិច​ទេ​ ឲ្យ​ខ្ញុំ​ខ្ចី​មួយ​ភ្លែត​!!», ដឹង​គាត់​ឆ្លើយ​ថា​ម៉េច​ទេ​? គាត់​ឆ្លើយ​ថា​ «អូ​ សុំ​ទោស​ផង​ ខ្ញុំ​អត់​បាន​យក​ប៊ិច​មក​ផង​», ខ្ញុំ​ក៏​ថា​វិញ​ថា​ «អត់​មាន​អី​, នោះ​នៅ​ហោ​ប៉ៅ​អាវ​បង​ជា​ប៊ិច​ហើយ​តើ​!»។ ដោយ​ប្រកែក​ពុំ​បាន​គាត់​ក៏​ដក​ប៊ិច​នោះ​មកឲ្យ​ខ្ញុំ​, តាម​ពិត​ខ្ញុំ​ដឹង​ថា​ មនុស្ស​វា​ច្រើន​ ដូច​នេះ​ហើយ​ទើប​គាត់​ខ្លាច​បាត់​ប៊ិច​គាត់​​ តែ​សុំ​ទោស​ផង​បង​អើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ប៊ិច​ជា​បន្ទាន់​ 🙂

ខ្ញុំ​ក៏​ជា​អ្នក​ទី​មួយ​ដែល​ហ៊ាន​សុំ​ហត្ថលេខា​របស់​គាត់​ដែរ​ (បន្ទាប់​ពី​ពូ​ម្នាក់​នោះ​), ឃើញ​ខ្ញុំ​សុំ​បាន​ មិត្ត​ឯ​ទៀត​ក៏​មក​រោម​សុំ​ដែរ​ តែ​ពួក​គេ​អត់​មាន​ប៊ិច​ទេ​ ក៏ប្រើ​ប៊ិច​ដែល​ខ្ញុំ​ខ្ចី​ពី​គេ​នោះ​។

នេះ​ហើយ​ជា​ហត្ថលេខា​របស់​ យូន​ ដូ​ហ្យ៉ន់​។ ឃើញ​ទេ​ មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​នោះ​ទៀត​ណ៎ !! ^^

បន្ទាប់​ពី​ខ្ញុំ​ និង​មិត្ត​ពីរ​បី​នាក់​ទៀត​សុំ​ហត្ថលេខា​ហើយ​ អង្គរក្ស​និង​អ្នក​ចាត់​ការ​របស់​គាត់​ក៏ចូល​មក​ហាម​ពួក​យើង​ និង​ប្រុង​ជម្លៀស​ យូន​ ដូ​ហ្យ៉ន់​ចេញ​ តែយូន​ ដូ​ហ្យ៉ន់​បាន​ប្រកែក​មិន​ព្រម​ទៅ​ហើយ​ថា​នឹង​ផ្តល់​នូវ​ហត្ថលេខា​ដល់​ពួក​យើង​គ្រប់​ៗ​គ្នា​ ហើយ​ប្រាប់​ថា​កុំ​បារម្ភ​អី​ គាត់​អាច​ធ្វើ​បាន។ ដំ​បូង​ពួក​យើង​អស់​សង្ឃឹម​ជា​ខ្លាំង​ពេល​អ្នក​ចាត់​ការ​នោះ​មក​ ប៉ុន្តែ​គ្រាន់​តែឮ​ពាក្យ​នេះ​ភ្លាម​ពួក​យើង​ហ៊ោរ​និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​!! 😀

មើល​ទៅ​ដូច​អ្នក​កាសែត​រោម​សម្ភាសន៍​គេ​អ៊‍ី​ចឹង​ តែ​តាម​ពិត​មាន​ឯណា​ គឹ​សុទ្ធ​តែ​សិស្ស​ WSK សោះ​!! ហេ​ហេ​….

រី​ឯ​ផ្ទះ​ដែល​ យូន​ ដូ​ហ្យ៉ន់​គេង​ក៏​នៅ​មិន​ឆ្ងាយ​ពី​ពួក​យើង​ដែរ​ អាច​ថា​នៅ​ទល់​មុខ​គ្នា​ក៏​បាន​ 🙂 យប់​នោះ​គេង​អត់​លក់​ទេ​ ហ៊ី​ៗៗ…. *^*

ដក​ដូ​/ 덕도 ថ្លៃ​ដូច​មាស​!!

ក្រុម​ WSK បាន​នាំទៅ​លេង​ចំការ​«ដក​ដូ​/ 덕도» ដែល​ជា​ឈ្មោះ​ដើម​ប្រភេទ​មើម​ម្យ៉ាង​។ ដក​ដូ​ដែល​ដាំ​នៅ​កោះ​អ៊ូ​លឹង​ដូ​នេះមាន​ឱជា​រស​ឆ្ងាញ់​និង​ល្អ​ចំ​ពោះ​សុខភាព​ជាង​គេ​​ ពី​ព្រោះនៅ​លើ​កោះ​អ៊ូ​លឹង​ដូ​ ពុំ​មានផ្សែង​ពុល​ចេញ​ពី​រោង​ចក្រ​​ ក៏​ដូច​ជា​ផ្សែង​ពុល​ចេញពី​យាន​យន្ត​ដែរ​។ ដោយ​សារ​បរិស្ថាន​លើ​កោះ​នេះ​ស្រស់​ស្រាយ​និង​បរិសុទ្ធ​ពិត​ៗ​បែប​នេះ​​ហើយ​ទើប​បាន​ជា​គេ​និយាយ​ថា​ដក​ដូ​ដែល​ដាំ​នៅ​លើ​កោះ​នេះ​មាន​គុណ​ភាព​ល្អ​មិន​មាន​ជាតិ​ពុល​ពី​ឧស្ម័ន​នា​ៗ​នោះ​។ យើង​ធ្លាប់​ស្គាល់​ហើយ​ ប្រភេទ​ដើម​មើម​ជា​ច្រើន​ដូច​ជា​ ដំ​លូង​ជ្វា​ ដំលូង​បារាំង​ រំ​ដេង​…. ភាគ​ច្រើន​ប្រភេទ​មើម​ទាំង​នោះ​លក់​បាន​ក្នុង​តំ​លៃ​​មួយ​មិន​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ហេតុ​ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ដក​ដូ​នេះ​ក៏ខ្ញុំ​​គិត​ថា​វា​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​។ តែ​គេ​ប្រាប់​ថា​ ដក​ដូ​នេះ​ពុំ​សូវ​សម្បូរ​ទេ​ ហើយ​​មើម​មួយ​ថ្លៃ​ ១០​ ០០០ វ៉ុន​ ប្រហែល​ដប់​ដុល្លា​!!! គ្រាន់​តែ​មើម​មួយ​ដប់​ដុល្លា​?? ចុះ​មួយ​ចំ​ការ​នោះ​មាន​ប៉ុន្មាន​មើម​ដែរ​? អញ្ចឹង​លក់​ដក​ដូ​តែ​មួយ​បាវ​ក៏​រស់​ស្រួល​បាន​មួយ​ខែ​ដែរ​!! មិន​ដូច​ប្រភេទ​មើម​នៅ​ស្រុក​យើង​ដូច​ជា​ដំ​លូង​អីវិន​នឹង​ លក់​មួយ​ឡាន​កាំ​ម៉ាស​នៅ​បាយ​ព្រឹក​ខ្វះ​ល្ងាច​ផង​មិន​ដឹង​ ~

ផ្លូវ​ដើរ​ទៅ​កាន់​ចំ​ការ​ដក​ដូ​

អភិបាល​កោះ​អ៊ូ​លឹង​ដូ​កំ​ពុង​មាន​ប្រសាសន៍ស្តី​ពី​ប្រវត្តិ​ និង​ផល​ប្រយោជន៍ខ្លះ​ៗ​ដែល​ទាក់​ទង​នឹង​ដក​ដូ​។ មាន​កិត្តិ​យស​ណាស់​ពួក​ខ្ញុំ​ ^^…. ព្រោះ​មាន​ឱកាស​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អភិ​បាល​កោះ​អ៊ូ​លឹង​ដូ​នេះ​ 😀 អរ​គុណ WSK 🙂

សកម្មភាព​មីង​ៗ​កំ​ពុង​កាយ​គាស់​យក​មើម​ដក​ដូ​ពី​ក្នុង​ដី​យក​ទៅលក់​ ​~

សមាជិក​សិស្ស​ WSK យើង​ក៏បាន​ចូល​រួម​ជួយ​ជីក​ដី​គាស់​យក​ដក​ដូ​នោះ​ដែរ​ ..

សកម្មភាព​កំ​ពុង​ជីក​មើម​ ~ រួច​ហើយ​ពេល​រៀប​នឹង​ចេញ​ពី​ចំ​ការ​នោះ​ពួក​គាត់​ក៏​ចែក​ដក​ដូ​មក​ឲ្យ​ពួក​យើង​ម្នាក់​មួយ​ៗ​ទុក​ជា​អនុ​ស្សាវរីយ៍​ថ្វី​ត្បិត​ថា​វា​ថ្លៃ​បន្តិច​ក៏​ដោយ​។ ជា​មួយ​នឹង​ដក​ដូ​នេះ​យើង​អាច​បក​សម្បក​វា​ចេញ​ហើយ​យក​វា​ទៅ​ក្រលុក​ក្នុង​ម៉ា​ស៊ីន​ទឹក​ក្រលុក​ផឹក​ក៏​បាន​, បើ​មិន​អញ្ចឹង​គ្រាន់​តែ​អាច​យក​ទៅ​ស្ងោរ​ញ៉ាំ​ ឬ​ញ៉ាំ​ទាំង​ឆៅ​ក៏​បាន​ ។

ចេញ​ពី​នោះ​ក៏​ទៅ​ញ៉ាំ​សាច់​អាំង​ ង៉ាញ់​ៗៗ….. ^^ ង៉ាញ់​ណាស់​!!! :D​

រោង​ចក្រ​ទឹក​សុទ្ធ​តែ​មួយ​គត់​លើ​កោះ​អ៊ូ​លឹង​ដូ​

នៅ​លើ​កោះ​អ៊ូ​លឹង​ដូ​នេះ​មាន​រោង​ចក្រ​ទឹក​សុទ្ធ​នេះ​ដែល​ធំ​ជាង​គេ​ ហើយ​គុណ​ភាព​ស្តង់​ដារ​អន្តរ​ជាតិ​។ ដោយ​មើល​ឃើញ​កោះ​អ៊ូ​លឹង​ដូ​ ជា​កោះ​ដាច់​ស្រយាល​ ដំបូង​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា​រោង​ចក្រ​ផលិត​ទឹក​សុទ្ធ​ប្រហែល​គ្រាន់​តែ​ជា​រោង​ចក្រ​ទឹក​សុទ្ធ​តូច​តាច​ធម្មតា​ៗ​ដែល​សម្រាប់​តែ​បម្រើ​តំ​រូវ​ការ​លើ​កោះ​អ៊ូ​លឹង​ដូ​នេះ​តែ​ប៉ុណ្ណោះ​។ តែ​ក្រោយ​ពី​បាន​ចូល​ទៅ​ទស្សកិច្ច​នៅ​ក្នុង​រោង​ចក្រ​នោះ និង​ស្តាប់​ការ​ណែ​នាំ​របស់​បុគ្គលិក​នៅ​ទី​នោះ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លឺ​ភ្នែក​ថា​ រោង​ចក្រ​មួយ​នេះ​មិន​មែន​ជា​រោង​ចក្រ​ធម្មតា​ទេ​ គុណ​ភាព​ចង់​ល្អ​ដាច់​គេ​នៅ​អា​ស៊ី​នេះ​ទៀត​ផង​!!​​ មិន​និយាយ​បំ​ផ្លើស​ទេ​, ការ​ដែល​ហ៊ាន​និយាយ​បែប​នេះ​ ដោយ​ខ្ញុំ​សំ​អាង​ទៅ​លើ​ការ​បរិយាយ​របស់​បុគ្គលិក​គេ​នោះ​។​

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា​ កោះ​អ៊ូ​លឹង​ដូ​នេះ​ស្ថិត​នៅ​កណ្តាល​សមុទ្រ​។ ហេតុ​ដូច​នេះ​ រោង​ចក្រ​នេះ​បាន​ប្រភព​ទឹក​មក​ពី​ណា​យក​មក​ផលិត​ជា​ទឹក​បរិសុទ្ធ​ទៅ​? ប្រភព​ទឹក​គឺ​ទឹក​សមុទ្រ​នេះឯង​។ តាម​ដែល​ខ្ញុំ​នៅ​ចាំ​បាន​ គេ​ប្រើ​បច្ចេក​វិទ្យា​ដ៏​ទំ​នើប​ក្នុង​ផលិត​ទឹក​បរិ​សុទ្ធ​នេះ​។ ធម្មតា​ទឹក​សមុទ្រ​វា​ប្រៃ​ តែ​គេ​មិន​មែន​បូម​យក​ទឹក​សមុទ្រ​​ធម្មតា​មក​ធ្វើ​ជា​ទឹក​បរិសុទ្ធ​ទេ​ គឺ​គេ​ទាញ​យក​ប្រភព​ទឹក​ដែល​ស្ថិត​នៅ​ក្រោម​ទឹក​សមុទ្រ​ដ៏​ជ្រៅ​នៃ​ផ្ទៃ​ទឹក​សមុទ្រ​ដែល​គេ​ហៅ​ថា​ Deep Sea Water ។ គេ​បូម​យក​ទឹក​ដែល​ស្ថិត​នៅ​ជម្រៅ​ ២០០ម៉ែត្រ​នៃ​ផ្ទៃ​សមុទ្រ​ ហើយ​មាន​ចម្ងាយ​ ១៥០០ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​។ ទឹក​សមុទ្រ​ដែល​ស្ថិត​នៅ​តំ​បន់ Deep Sea Water នេះ​មាន​លក្ខណៈ​ថ្លា​បរិសុទ្ធ​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​គុណ​ភាព​ល្អ​ជាង​ទឹក​សុទ្ធ​ដទៃ​ៗ​ទៀត​

ម៉ាក​ SURE

សកម្មភាព​ក្នុង​រោង​ចក្រ​កំ​ពុង​ផលិត​

ស្តង់​ដារ​អន្តរ​ជាតិ​ ~

ទម្លាយ​អាថ៌​កំ​បាំង​កោះ​អ៊ូ​លឹង​​ដូ​

ម្តង​នេះ​យើង​នឹង​ទៅ​កន្លែង​មួយ​ដែល​អាច​ឲ្យ​ទម្លាយ​អាថ៌​កំ​បាំង​កោះ​អ៊ូ​លឹង​ដូ​។ ដើម្បី​ទៅ​កាន់​ទី​នោះ​បាន​ត្រូវ​ជិះ​រថ​ភ្លើង​ឡើង​ទៅ​លើ​កំ​ពូល​​ភ្នំ​កាត់​ព្រៃ​ព្រឹក្សា​​ប្រៀប​ដូច​ជា​ការ​ផ្សង​ព្រេង​ក្នុង​ហ្គេម​ដែល​ខ្ញុំ​ធ្លាប់​បាន​លេង​ដែរ ^^

ផ្លូវ​រថ​ភ្លើង​ជិះ​ឡើង​ទៅ​លើ​កំ​ពូល​ភ្នំ​ ៚

រថ​ភ្លើង​នេះ​មិន​វែង​ទេ​, មាន​តែ​២​ឃ្លប់​ទេ​ ដាក់​មនុស្ស​បាន​មិន​ច្រើន​ប៉ុន្មាន​ទេ​ ប្រ​ហែល​២០​នាក់​

ពេល​ជិះ​ខាង​ក្នុង​នេះ​មាន​អា​រម្ម​ណ៍​ដូច​កំ​ពុង​ស្ថិត​ក្នុង​ហ្គេម​​ ៚ ជិះ​រថ​ភ្លើង​ឡើង​លើ​កំ​ពូល​ភ្នំ​ ពុះ​ជ្រែក​ចូល​ក្នុង​ព្រៃ​​ជ្រៅ​ ៚

ងាក​ទៅ​ក្រោយ​ឃើញ​សមុទ្រ​ ងាក​ទៅ​មុខ​ឃើញ​ព្រៃស្តុក​ ៚

ពិត​ជា​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំង​ណាស់​!!

មើល​នែ​!! ពិត​ជា​ឡូយ​ខ្លាំង​ណាស់​! ពិត​ជា​ដូច​ពាក្យ​ថា​បាន​លឺ​​មួយ​ពាន់​ដង​មិន​ស្មើ​នឹង​បាន​ឃើញ​នឹង​ផ្ទាល់​ភ្នែក​ម្តង​មែន​ ៚

ពេល​ឡើង​មក​ដល់​កំ​ពូល​ភ្នំ​ យើង​ក៏​ចុះ​ហើយ​បន្ត​ដើរ​ប្រមាណ​ពីរ​ទៅ​បី​រយ​ម៉ែត្រ​ដើម្បី​ឆ្ពោះ​ទៅ​កន្លែង​មួយ​ដែល​ពិសេស​!! តាម​ផ្លូវ​ឃើញ​ទេសភាព​ស្អាត​ក៏​ថត​លេង​ទៅ 🙂

នេះ​លេង​ស្ទ៉ាយ​៧៩​មួយ​….

ដូច​គំ​នូរ​….

រូប​នេះ​មើល​ទៅ​ដូច​ឈឺ​ក្បាល​បន្តិច​ព្រោះ​ដើម​ឈើ​ដុះ​ត្រង់​ចំនោទ​ភ្នំ​

នៀក​មក​ដល់​ហើយ​!! គេ​ដាក់​ថា​ Welcome to mystery in island Ulleung-do ៚ ចាំ​មើល​មើល​ ថា​តើ​អាថ៌​កំ​បាំង​ស្អី​គេ​ទៅ​!!

ផ្លូវ​ស្ពាន​ឆ្ពោះ​ទៅ​កាន់​ទី​នោះ​….

ឃើញ​ប៉ឹម​ៗ​…..

នេះ​នែ​!!! នេះ​ហើយ​ជា​អាថ៌​កំ​បាំង​ដែល​គេ​និយាយ​នោះ​!!!! ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ៗៗៗៗៗ​ណាស់​!!!!!!!!! ខ្ញុំ​មិន​ដែល​ឃើញ​ទេ​តាំង​ពី​កើត​ពោះ​ម៉ែ​មក​!

ម្នាក់​ៗ​កំ​ពុង​ម​មា​ញឹក​នឹង​ការ​ថត​រូប​..

ងាក​ទៅ​ខាង​ស្តាំ​ក៏​ស្អាត​ ងាក​មក​ខាង​ឆ្វេង​ឯ​ណេះ​ក៏​ស្អាត​បស់​គេ​ដែរ​!! ឆ្ងល់​ថា​ពណ៌​ទឹក​សមុទ្រ​គេ​នេះ​ អី​ក៏​ស្អាត​ម៉្លេះ​!

ទឹក​សមុទ្រ​មើល​ធ្លុះ​ដល់​បាត​

ខ្ញុំ​ស្រលាញ់​ពណ៌​នៃ​ទឹក​សមុទ្រ​នេះ​មែន​ទែន​….

ឃើញ​គេ​ដូច​ដណ្តើម​គ្នា​ថត​ពេក​ ខ្ញុំ​ក៏​ដាក់​ម៉ា​ប៉ុស្តិ​ដែរ​ ^^

ទឹក​សមុទ្រ​និង​ផ្ទៃ​មេឃ​ត្រ​បាញ់​ចូល​គ្នា​ ៚

ត្រង់​ណា​ជា​ព្រំ​ដែន​ទឹក​សមុទ្រ​និង​ជើង​មេឃ​ អាច​ប្រាប់​បានទេ​?

ខ្ញុំ​ឈរ​នៅ​ក្នុង​ខ្ចុះ​ កំ​ពុង​អង្គុយ​សម្រាក​ស្រូប​យក​ខ្យល់​អា​កាស​បរិសុទ្ធ​

ទែង​!! អង្គុយ​មិន​ទាន់​បាន​ម៉ាន​ផង​ គេ​ហៅ​ឲ្យ​ទៅ​វិញ​ហើយ​….

នេះ​ជា​ខ្ចុះ​ដែល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​មិញ​ ៚

ឃើញ​មាន​សំ​ណង់​មួយ​គេ​កំ​ពុង​សាង​សង់​ ៚

គម្រោង​សំ​ណង់​នោះ​

ចេញ​ពី​នោះ​​ ដើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ទៀត​

ក្បាច់​ស្ទាំង​ហោះ​ ^^

អ៊ួយ​ អា​នេះ​មិន​ដឹង​ហៅ​ថា​ក្បាច់​អី​ទេ​ 🙂

ថ្ងៃ​ក្តៅ​ពេក​បើក​អត់​រួច​ទេ​ខ្ញុំ​

មាន​ស្ពាន​អាច​ដើរ​ទស្សនា​ទឹក​សមុទ្រ​បាន​ច្បាស់​

យ៉ូ​!! ហេ​ហេ​….

អាត​ទេ​? :D​

មិន​ដឹង​ថា​ត្រូវ​រៀប​រាប់​អី​ទេ​ អញ្ចឹង​ដាក់​រូប​ទទេ​ៗ​មើល​លេង​ទៅ​

ផ្ទាំង​ថ្ម​ទាំង​ឡាយ​នេះ​មាន​រាង​រៅ​ដូច​លលក​សមុទ្រ​…

នេះ​គេ​ហៅ​ថា​ចំ​ណត​​រថយន្ត​ធម្មជាតិ​

ទេស​ភាព​ដ៏​ស្រស់​ប្រិម​ប្រិយ​…

ចេញ​​​ទៅ​មើល​ទឹក​សមុទ្រ​ និង​ថ្ម​ផ្សិត​

សុំ​ទោស​ដែល​មួយ​រយៈ​មិន​បាន​ប្រកាស​អី​មួយ​សោះ​ ព្រោះអែ​ឡែ​ជាប់​ប្រលង​។ តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅបាន​ឈប់​សំ​រាក​ចំ​នួន​៣​សប្តាហ៍​ អញ្ចឹង​បង​ប្អូន​មិន​បាច់​ភ័យ​ទេ​ ចាំ​តែពី​អាន​ទៅ​បាន​ហើយ​ 😀 និង​ដាក់​ប្រកាស​ឲ្យ​ណា​ណី​តែ​ម្តង​! ^^
និយាយ​ការ​ធ្វើ​ដំ​នើរ​ទៅ​កោះ​អន្លង់​ដូង​នោះ​ ដោយ​សារ​ទី​នោះ​មាន​កន្លែង​ស្រស់​ស្អាត​ច្រើន​ រូប​ក៏ថត​បាន​ច្រើន​ ដូច​នេះ​ហើយ​ទើប​មក​ដល់​ថ្ងៃ​នេះ​ហើយ​នៅ​មិន​ទាន់​បង្ហាញ​រូប​អស់​ទៀត​ តែ​ប្រហែល​ជា​ត្រូវ​ចប់​ក្នុង​សប្តាហ៍នេះ​ហើយ​ នឹង​អាល​ដាក់​ពត៌​មាន​ថ្មី​ៗផ្សេង​ឲ្យ​មើល​វិញ​ម្តង​។

មើល​ទឹក​សមុទ្រ​មាន​ពីរ​ពណ៌​!! ឡូយ​ណាស់​! ស្រស់​ស្អាត​!

ផ្ទាំង​សិលា​ធម្មជាតិ​

ផ្លូវ​រូង​ភ្នំ​ ៚ គេ​មាន​ជំនឿ​មួយ​ថា​ ពេល​បាន​​បើក​ឡាន​ក្នុង​ផ្លូវ​រូង​ភ្នំ​ បើ​យើង​កុំ​ដក​ដង្ហើម​ក្នុង​ពេល​ឡាន​កំ​ពុង​ឆ្លង​ក្នុង​ផ្លូវ​រូង​ភ្នំ​នោះ​ហើយ​ធ្វើ​ការ​ប៉ង​ប្រា​ថ្នា​អ្វី​មួយ​ នោះ​ប្រា​ថ្នា​នោះ​នឹង​បាន​សម្រេច​ ៚ តែ​ត្រូវ​ប្រ​យ័ត្ន​ណា​! មើល​ផង​ថា​ផ្លូវ​រូង​ភ្នំ​នោះ​វែង​ខ្លាំង​អត់​ បើ​វែង​ខ្លាំង​ពេក​ ប្រយ័ត្ន​ផុត​ដង្ហើម​ :))

ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​សោ​ភា​, តែ​អត់​មាន​ខ្សាច់​ទេ​

សូមស្វា​គមន៍​ !!! :>

នេះ​ជា​ថ្ម​ផ្សិត / 버섯 바위 / Mushroom Rock​​ ៚ ថ្ម​មាន​រាង​ដូច​ផ្សិត​

ឃើញ​នៅ​ថា​ធំ​ប៉ុណ្ណា​?

ផ្ទាំង​សិលា​ដែល​នៅ​ក្បែរ​ថ្ម​ផ្សិត​ទាំង​នោះ​ គេ​ប្រាប់​មិន​ឲ្យ​យក​ដៃ​ទៅ​ពាល់​ទេ​ ព្រោះ​ថា​ផ្ទាំង​សិលា​ទាំង​នោះ​បើ​យក​ដៃ​ទៅ​ប៉ះ​នោះ​នឹង​មាន​ក្លិន​មិន​ល្អ​ភាយ​ចេញ​មក​មិន​ខាន​ តែ​បើ​អត់​ប៉ះ​នោះ​អត់​មាន​ក្លិន​ចេញ​មក​ទេ​

ផ្កា​នេះ​ឃើញ​ថា​ស្រស់​ស្អាត​ ហើយ​ក៏​សម្បូរ​នៅ​ទីនោះ​ដែរ​

មួយ​ប៉ុស្តិ​ចុង​ក្រោយ​នេះ​កាច់​ស្ទីល​តាម​ម៉ូ​ដែល​ ហ៊ី​ៗៗ…. 😀