7 ចំណុច​ត្រូវ​យល់​ដឹង​ សម្រាប់​អ្នក​ចង់​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង

7things about traveling abroad
Post មួយ​នេះ​អាច​មិន​សូវ​មាន​ន័យ​សម្រាប់​លោក​អ្នក​ដែល​​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្លាប់​ទៅ​កម្សាន្ត​ក្រៅ​ប្រទេស​ដោយ​មិន​ខ្លួន​ឯង​ មិន​មែន​តាម​ក្រុមហ៊ុន​Tour។ តែ​ផុស​មួយ​នេះ​សម្រាប់​ជា​ការ​ចែក​រំលែក​សម្រាប់​លោក​អ្នក​ដែល​ចង់​មាន​គំនិត​ចង់​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង​ តែ​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ពី​ចំណុច​ណា! វា​មិន​ជា​ពិបាក​ទេ ហើយ​វា​ប្រហែល​ជា​សប្បាយ​និង​ជក់​ចិត្ត​ជាង​អ្វី​ដែល​លោក​អ្នក​គិត។ នេះ​ជា​ការ​សង្ខេប​ត្រួស​ៗ​ពី​អ្វី​ដែល​លោក​អ្នក​គួរ​យល់​ដឹង​ មាន​ដូច​ត​ទៅ​៖

1. Visa/Master Card

ទីមួយ​អ្នក​ត្រូវ​មាន​កាត​ធនាគារ​ប្រភេទ​ Visa ឬ​ Master ឬ​ប្រភេទ​កាត​ផ្សេង​ទៀត ដែល​អនុញ្ញាត​អោយ​អ្នកអាច​ឆូត​ ឬ​ដក​ប្រាក់​នៅ​ក្រៅ​ប្រទេស និង​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​តាម​អ៊ីនធ័រ​ណេត​បាន​។ កាត​ដែល​ប្រើ​សម្រាប់​ទូទាត់​ផ្សេង​ៗ​នេះ គួរ​តែ​ជា​កាត​ទី​២ ក្រៅ​ពី​កាត​របស់​កុង​សន្សំ​ប្រាក់​របស់​លោក​អ្នកផ្សេង​ទៀត ព្រោះ​អ្នក​មិន​ចង់​ប្រថុយ​នឹង​ការ​ Hack ដែល​កើត​ឡើង​ពី​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ទេ​។ គួរ​មាន​កុង​ធនាគារ​លើស​ពី​២ ដែល​មួយ​សម្រាប់​ដាក់​ប្រាក់​សន្សំ​ និង​មួយ​ទៀត​​សម្រាប់​ប្រើ​ទូទៅ​ ហើយ​អ្នក​នឹង​មិន​ត្រូវ​គេង​ភ័យ​ខ្លាច​ប្រាក់​ទាំង​អស់​ត្រូវ​បាត់​នៅ​ថ្ងៃ​ណា​មួយ​។ ចំពោះ​ការ​ធ្វើ​កាត​ សូម​សាក​សួរ​ទៅ​កាន់​បញ្ជរ​ធនាគារ​ដែល​លោក​អ្នក​កំពុង​ប្រើប្រាស់​។

2. កក់​សំបុត្រ​យន្តហោះ

កក់​សំបុត្រ​យន្ត​ហោះ​ពិត​ជា​សំខាន់​សម្រាប់​ការ​រៀប​ចំ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង​។ វា​មាន​ច្រើន​ជម្រើសក្នុង​ការ​​កក់​សំបុត្រ​យន្តហោះ។ អ្នក​ខ្លះ​សម្រេច​ចិត្ត​ថា​ទៅ​ប្រទេស​ណា​មួយ​ តាម​រយៈ​តម្លៃ​សំបុត្រ​យន្តហោះ​នេះ​ឯង​។ ក្នុង​ការ​បញ្ជា​កក់​ឬ​ទិញ​សំបុត្រ​មាន​​៣ជម្រើស​ ទី​១ ទិញ​តាម​វិបសាយ​លក់​សំបុត្រ​យន្ត​ហោះ​ផ្សេង​ៗ​ទៅ​តាម​ការ​និយម​លោក​អ្នក​, ទី​២ ទិញ​តាម​វិបសាយ​របស់​Airlineផ្ទាល់​តែ​ម្តង​, ទី​៣ ទិញ​តាម​ភ្នាក់​ងារ​លក់​សំបុត្រ​យន្តហោះ​ក្នុង​ស្រុក​។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​នូវ​ជម្រើស​ទាំង​៣នេះ​ ដំបូង​ត្រូវ​ឆែក​មើល​តម្លៃ​សំបុត្រ​យន្តហោះ​តាម​វិបសាយ​ភ្នាក់​ងារ​កណ្តាល​ដូច​ជា​ tripadvisor.com ឬ kayak.com ឬ​ផ្សេង​ៗ។ នៅ​ក្នុង​វិបសាយ​ភ្នាក់​ងារ​កណ្តាល​នោះ នឹង​មាន​linkចូល​ទៅ​កាន់​វិបសាយ​លក់​សំបុត្រ​យន្ត​ហោះ​នីមួយ​ៗ​ទៅ​តាម​ការ​ជ្រើសរើស​របស់​អ្នក​ ដែល​នេះ​ជា​ជម្រើស​ទី​១ដែល​ខ្ញុំ​បាន​និយាយ​ខាង​លើ។ ជម្រើស​ទី​២ លោក​អ្នក​អាច​នឹង​ជ្រើសរើស​ប្រសិន​បើ​តម្លៃ​ធូរ​ថ្លៃ​ជាង​ ឬ​ហេតុផល​ផ្សេង​ៗ។ រី​ឯ​ជម្រើស​ទី​៣ លោក​អ្នក​អាច​នឹង​ជ្រើសរើស​ប្រសិន​បើ​លោក​អ្នក​មិន​ចង់​បញ្ជា​ទិញ​តាម​អ៊ីន​ធ័រ​ណេត​ ដោយ​គ្រាន់​តែប្រគល់​សាច់​ប្រាក់​ ទៅ​ភ្នាក់​ងារ​ក្នុង​ស្រុក​ តែ​ត្រូវ​អោយ​ច្បាស់​ថា​ ភ្នាក់​ងារ​នោះ​ជា​ភ្នាក់​ងារ​ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​បាន​។

P.S ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​សំបុត្រ​យន្ត​ហោះ​ អ្វី​ដែល​លោក​អ្នក​ត្រូវ​គិត​ពិចារណា​ គឺ​តម្លៃ រយៈពេល​ហោះ​ហើរ​ ក្រុមហ៊ុន​អាកាសចរណ៍​(សេវាកម្ម​) និង​លក្ខខណ្ឌ​ពេល​ប្តូរ​ថ្ងៃ​ហោះ​ ឬ​​លុប​ជើង​ហោះ​ហើរ​ (គោលការណ៍ និង​សំណង​ខុស​ៗ​គ្នា​)។

3. ការ​ស្នើ​ទិដ្ឋការ (Visa)

ទិដ្ឋការ​ ឬ​វីស្សា​ ក៏​អាច​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជ្រើសរើស​ប្រទេស​ណា​មួយ​ថា​គួរ​ត្រូវ​ទៅ​ដែរ​។ លោក​អ្នក​អាច​ចាប់​ផ្តើម​ពី​ប្រទេស​ដែល​ពុំ​ចាំ​បាច់​ត្រូវ​រត់ការ​ទិដ្ឋការ​ សម្រាប់​ប្រទេស​កម្ពុជា​យើង។ បើ​ជា​ប្រទេស​ដែល​មិន​ត្រូវ​ការ​ទិដ្ឋការ​ពី​កម្ពុជា​ នោះ​ចំណុច​នេះ​ជា​ចំណុច​ស្រួល​ជាង​គេ​ ឬ​អាច​រំលង​បាន​។ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​ដឹង​ថា​ ប្រទេស​ណា​ត្រូវ​ការ​ទិដ្ឋការ​ ប្រទេស​ណា​មិន​ត្រូវ​ការ? នេះ​ជា​អ្វី​ដែល​ត្រូវ​និយាយ​! ងាយ​ស្រួល​ទេ​ តែ​លោក​អ្នក​ត្រូវ​ចំណាយ​ពេល​Search ក្នុង​ Google ​បន្តិច​។ អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ ចំណាយ​ពេល​អាន​ពី​គោលការណ៍​អំពី​ការ​ស្នើ​ទិដ្ឋការ​ទៅ​កាន់​ប្រទេស​ដែល​លោក​អ្នក​ចង់​ទៅ​។ ឧទាហរណ៍​ អ្នក​ចង់​ទៅ​ឌូបៃ នោះ​គ្រាន់​តែ​Google ថា​ “Visa to Dubai” នោះ​នឹង​មាន​linkជា​ច្រើន​ភ្ជាប់​ទៅ​កាន់​ព័ត៌មាន​ផ្សេង​ៗ​អំពី​ទិដ្ឋការ​ទៅ​ឌូបៃ។ នៅ​ក្នុង​ព័ត៌មាន​ដែល​ប្រាប់​ គេ​នឹង​ប្រាប់​ពី​បញ្ជី​ប្រទេស​ដែល​លើក​លែង​ទិដ្ឋការ​ទៅ​ឌូបៃ(Free visa), ឬ​ប្រទេស​ដែល​អាច​ស្នើ​ទិដ្ឋការ​ពេល​ទៅ​ដល់​ក្នុង​ព្រលាន​យន្តហោះ​(Visa on Arrival), ឬ​ប្រទេស​ដែល​អាច​សុំ​ទិដ្ឋការ​តាម​អ៊ីនធ័រណេត​បាន​ (e-Visa), ឬ​ក៏​ប្រទេស​ដែល​ត្រូវ​ស្នើ​ទិដ្ឋការ​នៅ​​ស្ថានទូត​ផ្ទាល់​។ ជម្រើស​ចុង​ក្រោយ​ដែល​ត្រូវ​ទៅ​ស្ថានទូត​ផ្ទាល់​នេះ​ អាច​ស្មុគស្មាញ​បន្តិច​ តែ​បើ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​ វា​មិន​ស្មុគស្មាញ​ប៉ុន្មាន​ទេ។ ប្រទេស​ដែល​មាន​ស្ថានទូត​នៅ​កម្ពុជា​ មិន​ជា​បញ្ហា​ទេ តែ​ប្រទេស​ខ្លះ​ពុំមាន​ស្ថានទូត​នៅ​កម្ពុជា​ តម្រូវ​អោយ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ ដូច​ជា​ថៃ​ ឬ​វៀតណាម​ ដើម្បី​ស្នើ​សុំ​ទិដ្ឋការ​។​ ហើយ​ការ​ស្នើ​ទិដ្ឋការ​ទៀត​សោត​ សូម​ចំណាយ​ពេល​អាន​ព័ត៌មាន​បន្តិច​ទៅ ​អំពី​ឯកសារ​ដែល​ត្រូវ​ត្រៀម ដើម្បី​កុំ​អោយ​ខាត​ពេល​វេលា​ទៅ​មក​ម្តង​ជា​ពីរ​ដង។

4. ​ស្វែង​រក​កន្លែង​ចង់​ទៅ (Tour Places)

បន្ទាប់​ពី​កក់​សំបុត្រ​យន្តហោះបាន​ រឿង​ទិដ្ឋការ​ក៏​រត់​ការ​ចប់​ នោះ​សឹម​យើង​ចាប់​ផ្តើម​រុក​រក​កន្លែង​ដែល​យើង​គួរ​ទៅ​លេង​នៅ​ប្រទេស​នោះ​។ ខ្ញុំ​សូម​ណែ​នាំ​អោយ​អ្នក​ចាប់​ផ្តើម​ស្វែង​រក​និង​ស្វែង​យល់​ដោយ​ខ្លួន​​ឯង​សិន​ ជា​ជាង​សុំ​យោបល់​អ្នក​ដទៃ ឬ​សួរ​អ្នក​ធ្លាប់​ទៅ​តែ​ម្តង​។ វា​ងាយ​ស្រួល​ និង​សប្បាយ​ជក់​ចិត្ត​ ជាង​អ្វី​ៗ​ដែល​បាន​មក​ស្រាប់​ៗ! ទី​១ ត្រូវ​ដឹង​ថា​អ្នក​ទៅ​ប៉ុន្មាន​ថ្ងៃ ហើយ​នឹង​ស្ថិត​នៅ​តំបន់​ឬ​ទីក្រុង​មួយ​ណា? ដូច​នេះ​យើង​ជ្រើសរើស​កន្លែង​ដើរ​ អាស្រ័យ​ចំនួន​ថ្ងៃ​ដែល​លោក​អ្នក​ត្រូវ​ដើរ។ គ្រាន់​តែ​វាយ​ ឈ្មោះ​ប្រទេស​/ទីក្រុង​ ហើយ​សរសេរ​ថា​ “Top places to visit” ក្នុង​Google នោះ​អ្នក​នឹង​ឃើញ​ឈ្មោះ​នឹង​រូប​ថត​ជា​ច្រើន​​។ ជ្រើសរើស​កន្លែង​ណា​ដែល​មើល​ទៅ​ គួរ​អោយ​ទាក់​ទាញ​ប្រហែល​​៥ ទៅ​១០ ហើយ​ចំណាយ​ពេល​អាន​ព័ត៌មាន​អំពី​កន្លែង​នីមួយ​ៗ​បន្តិច​។ ពិនិត្យ​មើល​ទីតាំង​ តម្លៃ​សំបុត្រ​ចូល​ទស្សនា និង​ឆែក​មើល​រូប​ថត​អ្នក​ធ្លាប់​ទៅ​ ថា​តើ​គួរ​អោយ​ទាក់​ទាញ​ដែរ​ឬ​ទេ។ តែ​ប៉ុណ្ណឹង​រួច​ជា​ស្រេច​!

5. កក់​កន្លែង​ស្នាក់​នៅ​ (Hotels)

កក់​កន្លែង​ស្នាក់​នៅ​ ឬ​ Hotel មិន​ពិបាក​ទេ តែ​មិន​គួរ​ធ្វេស​ប្រហែស​ដែរ​ ប្រយ័ត្ន​ស្តាយ​ក្រោយ។ អ្វី​ដែល​ជា​សុបិន​អាក្រក់​នោះ​គឺ​កខ្វក់ ហើយ​មិន​សូវ​សុវត្ថិភាព​ ដូច​ជា​ទីតាំង​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន​ខ្លាំង ផ្លូវ​ដើរ​ចូល​ទៅ​ស្ងាត់​ខ្លាំង ឬ​ទី​ប្រជុំ​ជន​ពេក​ដែល​នាំ​អោយ​ថ្លង់​គេង​មិន​បាន​ ។ល។ ទី​១ បន្ទាប់​ពី​ជ្រើស​កន្លែង​ដើរ​កម្សាន្ត​ហើយ​ យើង​អាច​ដឹង​ថា​តំបន់​ណា​គួរ​ស្នាក់​នៅ។ កន្លែង​ដែល​ស្នាក់​នៅ​ គួរ​នៅ​ជិត​ឬ​ងាយ​ស្រួល​ស្វែង​រក​ពី​ចំណត​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដូច​ជា​ Bus, Subway, Train ។ល។ បន្ទាប់​ពី​ត្រូវ​ចិត្ត​អំពី​តម្លៃ​ និង​ទី​តាំង​របស់​កន្លែង​ដែល​ចង់​ស្នាក់​នៅ​ហើយ​ ដាច់​ខាត​ត្រូវ​អាន​ Review របស់​អ្នក​ធ្លាប់​ទៅ​គេង​នៅ​ទីនោះ​ ថា​ល្អ​អ្វី​ មិន​ល្អ​អ្វី​។ កន្លែង​មិន​សូវ​ថ្លៃ វា​មិន​ល្អ​គ្រប់​ដប់​នោះ​ទេ តែ​ត្រូវ​អោយ​ដឹង​ថា​ លោក​អ្នក​យល់​ដឹង​អំពី​វា​និង​អាច​ទទួល​យក​បាន​។ ការ​កក់​និង​អាន​Reviewរបស់​អតិថិជន​ អាច​ចូល​ទៅ​​វិបសាយ​ Agoda.com, Tripadvisor.com, Booking.com។

6. ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​ (Transportation)

បន្ទាប់​ពី​ជ្រើសរើស​កន្លែង​ដើរ​ និង​កន្លែង​គេង លោក​អ្នក​ត្រូវ​សម្រេច​ចិត្ត​អំពី​មធ្យោបាយ​ធ្វើ​ដំណើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​មិន​ត្រូវ​គិត​ថា​ ចាំ​ទៅ​ដល់​ចាំ​គិត​នោះ​ទេ។ ឡាន​ក្រុង​ និង​រថភ្លើង​ ជា​មធ្យោបាយ​ទី​១ ដែល​លោក​អ្នក​ត្រូវ​គិត, តែ​មិន​មែន​គ្រប់​ប្រទេស​ ឬ​គ្រប់​​តំបន់​ក្នុង​ប្រទេស​ មាន​គ្រប់​ចំណត​ឡាន​ក្រុង​/រថភ្លើង​ទេ។ ត្រូវ​ស្វែង​យល់​ពី​តម្លៃ​មធ្យោបាយ​នីមួយ​ៗ និង​រយៈពេល​ធ្វើ​ដំណើរ​ផង​ដែរ​ ពិសេស​ចំពោះ​ផ្លូវ​ឆ្ងាយ​ ឆ្លង​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។ ថោក​តែ​ប្រើ​ពេល​យូរ​ ថ្លៃ​តែ​ចំណាយ​ពេល​តិច សុទ្ធ​តែ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​គិត​ជា​មុន​។ ប្រសិន​បើ​សម្រេច​ចិត្ត​ជិះ​ឡាន​ក្រុង​ ឬ​រថភ្លើង ត្រូវ​អោយ​ដឹង​ថា​ទៅ​ទិញ​សំបុត្រ​នៅ​ឯណា​ ច្រក​ណា​។ ត្រូវ​ចាំ​ថា​ នៅ​ពេល​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ គឺ​យើង​ដើរ​ទៅ​តាម​អ្វី​ដែល​យើង​បាន​រៀប​គម្រោង​រួច​រាល់​ជា​ស្រេច​ នោះ​ទើប​មិន​ខាត​ពេល​វេលា​និង​ថវិការ​ ហើយ​មិន​ស្លន់​ស្លោរ​ទៀត​ផង។ ទី​២ គឺ​តាក់​ស៊ី​ ឬ​តុក​ៗ ទៅ​តាម​ការ​និយម​របស់​ប្រទេស​នីមួយ​ៗ តែ​ការ​ជិះ​សេវាកម្ម​ទាំង​នេះ ដើម្បី​ជៀសវា​ងត្រូវ​គេ​កោរឬ​ពន្លើស​តម្លៃ លោក​អ្នក​ក៏​គួរ​ត្រូវ​ស៊ើប​ៗ​ពី​តម្លៃ​ដែល​នឹង​ត្រូវ​ចំណាយ​មុន​ដែរ​។

P.S ចំណាយ​ពេល​អាន​បន្តិច​ពី​ Blog ឬ​ វិបសាយ​របស់​អ្នក​ផ្សេង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ​អំពី​មធ្យោបាយ​ដែល​គាត់​បាន​ជ្រើសរើស​ និង​បទ​ពិសោធន៍​របស់​គាត់​។ ហើយ​ត្រូវ​អោយ​ច្បាស់​អំពី​ទីតាំង​នីមួយ​ៗ និង​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​ក​ន្លែង​មួយ​។

7. Back up Plan

Back up Plan ឬ​ដែល​ខ្ញុំ​ហៅ​ថា​ការ​រៀប​ចំ​ជា​មុន​សម្រាប់​គ្រា​អាសន្ន​។ គ្រា​អាសន្ន​? មិន​ចាំ​បាច់​រឿង​អាក្រក់​កើត​ឡើង​ ទើប​ហៅ​ថា​គ្រា​អាសន្ន​ទេ​ តែ​ជា​ការ​អោយ​មាន​ទំនុក​ចិត្ត​ និង​ជា​អ្វី​ដែល​ខ្ញុំ​យល់​ថា​សំខាន់​ តែ​អ្នក​ខ្លះ​គាត់​មិន​សូវ​​ចាប់​អារម្មណ៍​ទេ។ អ្វី​ទៅ​ជា​ Back up Plan ដែល​ខ្ញុំ​ចង់​និយាយ​? ដូច​អ្វីដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​ វា​នឹង​បន្សល់​ទុក​អោយ​លោក​អ្នក​នូវ​Notesនិង​ឯកសារ​ជា​ច្រើន​ ដូច​ជា​សំបុត្រ​យន្តហោះ​ E-ticket, វិក្ក័យបត្រ​កក់​សណ្ឋាគារ​, ទី​តាំង​សណ្ឋាគារ​, បញ្ជី​កន្លែង​ត្រូវ​ទៅ​, បញ្ជី​មធ្យោបាយ​ត្រូវ​ជិះ, និង​ការ​កត់​ចំណាំ​ផ្សេង​ៗ។ ទាំង​អស់​នេះ ប្រហែល​លោក​អ្នក​នឹង​រក្សាទុក​ក្នុង​ទូរស័ព្ទ​ដៃ​លោក​អ្នក​ពេល​ដើរ​លេង​។ តែ​ករណី​ដែល​ទូរស័ព្ទ​អស់​ថ្ម ឬ​បាត់​ទូរស័ព្ទ នឹង​ធ្វើ​យ៉ាង​ម៉េច​វិញ? គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ​ សូម​កត់​នូវ​Notesទាំង​អស់​ដែល​លោក​អ្នក​គិត​ថា​នឹង​ចាំ​បាច់​ត្រូវ​ដឹង(ដូច​បាន​រៀបរាប់)​ដាក់​លើ​ក្រដាស​មួយ​សន្លឹក​ ហើយ​ទុក​វា​ក្នុង​វ៉ាលី​នៅ​កន្លែង​ដែល​មិន​ដក​ប្រើ​ចុះ​ឡើង​ៗ (ជៀសវា​ងដាក់​ក្នុង​កាបូប​លុយ​)។ ទី​២​ថត​រូប​ក្រដាស​Noteនោះ​ និង​ទុក​Files ផ្សេង​ទៀត​ដែល​ចាំ​បាច់​ដូច​ជា​​ឯកសា​រដែល​បាន​រៀប​រាប់​ បូក​រួម​រូប​ថត​លិខិត​ឆ្លង​ដែន​ អត្តសញ្ញាណ​ប័ណ្ណ​ ។ល។ ទុក​ក្នុង​ Cloud Drive ណា​មួយ​សម្រាប់​បើក​មើល​បាន​ ពេល​លោក​អ្នក​ត្រូវ​ការ​។ Back up Plan ឬ​ Plan B នេះ​ អាច​ជា​ទំនុក​ចិត្ត​មួយ​មិន​អោយ​លោក​អ្នក​ស្លន់​ស្លោរ​ពេល​លោក​អ្នក​​​ជួប​រឿង​អ្វីមួយ​ដែល​មិន​បាន​គ្រោង​ទុក​ជា​មុន​។

<<សំណាង​ល្អ!>>

Advertisements

2 thoughts on “7 ចំណុច​ត្រូវ​យល់​ដឹង​ សម្រាប់​អ្នក​ចង់​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង

  1. សូមអរគុណច្រើនចំពោះការចែករំលែក!​ ខ្ញុំមានក្តីស្រម៉ៃចង់ទៅដើរលេងនៅបរទេសខ្លាំងមែនទែនដើម្បីស្គាល់ពីពិភពលោកខាងក្រៅ​ ប៉ុន្តែដោយលទ្ធភាពមានកម្រិតទើបធ្វើឲ្យខ្ញុំមិនអាចទាន់ទៅណាឆ្ងាយព្រះរាជាណាចក្រអច្ឆរិយ;បាននៅឡើយទេ​ ប៉ុន្តែខ្ញុំនៅតែចិញ្ចឹមចិត្តដើរលេងក្រៅប្រទេសឲ្យទាល់តែបាន​ ហើយខ្ញុំតែងតែរៀនស្វែងយល់ពីការធ្វើដំណើរទៅបរទេសពីអីនធឺណេត​ និងអ្នកធ្លាប់មានបទពិសោធន៍ជារឿយៗ​ ហើយអត្ថបទមួយនេះពិតជាពន្លឺដ៏សំខាន់មែនទែនសម្រាប់ខ្ញុំ​ ហើយម្យ៉ាងវិញទៀតវាក៏ជាអ្នកជំរុញក្តីស្រម៉ៃទៅលេងនៅបរទេសរបស់ខ្ញុំឲ្យនៅបន្តមានជីវិតបន្តទៅទៀតផងដែរ។​
    ជាថ្មីម្តងទៀត​ អរគុណចំពោះការចែករំលែក!

    • អរគុណ​និង​សប្បាយ​ចិត្ត​ដែល​ផុស​មួយ​នេះ​មាន​ប្រយោជន៍​សម្រាប់​បង​ប្រុស​។ សង្ឃឹម​ថា​ក្តី​ស្រម៉ៃ​របស់​បង​ប្រុស​ក្លាយ​ជា​ការ​ពិត​ឆាប់​ៗ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s