មើល​រឿង​យ៉ាង​ម៉េច​ឲ្យ​ល្អ​មើលនិង​ជក់​ចិត្ត​?

movies

អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ ប្រាកដ​ជា​មើល​រឿង​មិន​ចេះ​ធុញ​ តែ​អ្នក​ដែល​មិន​សូវ​ចូល​ចិត្ត​ ច្បាស់​ជា​ឆ្ងល់​ថា​ ហេតុអ្វី​អ្នក​ខ្លះ​មើល​រឿង​ Movie រហូត​មិន​ចេះ​ធុញ​? តើ​ពួក​គេ​ទាំង​នោះ​ទំនេរ​អត់​ការងារ​ធ្វើ​ឬ​យ៉ាង​ណា?

លើក​មុន​ខ្ញុំ​ធ្លាប់​សរសេរ​អំពី​ការ​មើល​រឿង​ប្រៀប​ដូច​ការ​អាន​សៀវភៅ​មួយ​ក្បាល​ តែ​ថ្ងៃ​នេះ​ចង់​ចែក​រំលែក​អំពី​ភាព​ខុស​គ្នា​រវាង​អ្នក​ចូល​ចិត្ត​និង​អ្នក​មិន​សូវ​ចូល​ចិត្ត​មើល​រឿង​។ អ្នក​នឹង​ស្វែង​យល់​ថា​ តើ​ចំណុច​ណា​ខ្លះ​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍។

ដំបូង​អ្នក​ត្រូវ​ដឹង​ថា​ រឿង​នីមួយ​ៗ​មុន​នឹង​ចេញ​ជា​វីដេអូ​​ឲ្យ​លោក​អ្នក​អង្គុយ​មើល​ វា​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​ ហើយ​វា​ជា​សមិទ្ធផល​របស់​មនុស្ស​ច្រើន​នាក់​បូក​បញ្ចូល​គ្នា​។ ទោះ​បី​រឿង​មួយ​ វា​មិន​អាច​ល្អ​ពី​១ដល់​១០ តែ​នៅ​ពេល​មើល​ យើង​ជា​អ្នក​មើល​អាច​កត់​សម្គាល់​ថា​តើ​រឿង​នេះ​ធ្វើ​បាន​ល្អ​នៅ​ចំណុច​ល្អ​ត្រង់​ណា​ខ្លះ​ ដែល​នេះ​នឹង​ទាម​ទារ​ឲ្យ​​អ្នក​ចាប់​អារម្មណ៍​គ្រប់​ចំណុច​ពី​ដើម​ដល់​ចប់​និង​មិន​ចេះ​ធុញ។ បើ​រៀប​រាប់​អោយ​ខ្លី​ៗ​ពី​ចំណុច​ដែល​ខ្ញុំ​តែង​ចាប់​អារម្មណ៍​នៅ​ពេល​មើល​រឿងម្តង​ៗ​មាន​ដូច​តទៅ៖

ត្រូវ​ចាំ​ថា​ រឿង​នីមួយ​ៗ​ចាប់​ផ្តើម​ឡើង​ដោយ​ការ​និពន្ធ​របស់​អ្នក​និពន្ធ​បែប​ជា​សៀវភៅ​អាន​ បន្ទាប់​មក​ប្រសិន​បើ​គេ​ចង់​យក​សាច់​រឿង​នោះ​ទៅ​ធ្វើ​ជា​ភាពយន្ត​ គេ​ត្រូវ​ដក​ស្រង់​និង​ជ្រើសរើស​ខ្លឹម​សារ​​ ឈុត​ឆាក​ និង​បន្ថែម​បន្ថយ​សេណារីយ៉ូ(ប៉ារ៉ូល​និយាយ​)របៀប​ជា​Movie ព្រោះ​ការ​បង្ហាញ​ដោយ​ការ​សរសេរ​និង​រូបភាព​ មាន​ពេល​កំណត់​និង​តិចនិកខុស​គ្នា។ បន្ទាប់​មក​ប្រាកដ​ជា​នឹង​ត្រូវ​ជ្រើសរើស​ប្លង់​និង​កន្លែង​ថត​ឲ្យ​សម​ស្រប​នឹង​សាច់​រឿង​និង​ជាទី​ចាប់​អារម្មណ៍​។ ដំណាក់​កាល​បន្ទាប់​ គឺ​ការ​ជ្រើសរើស​តួ​អង្គ​សម្តែង​ ការ​ជ្រើសរើស​តួ​សម្តែង​ឲ្យ​ត្រូវ​នឹង​សាច់​រឿង​ ក៏​ជា​ទេព​កោសល្យ​មួយ​ដែរ​ ទោះ​បី​តួ​សម្តែង​បាន​ល្អ​យ៉ាង​ណាក្តី​​ តែ​បើ​រូប​រាង​គាត់​មិន​ស៊ី​គ្នា​នឹង​សាច់​រឿង នោះ​​ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ​។ ចប់​ពី​នេះ​ គឺ​ចូល​ដល់​ដំណើរ​ការ​ថត ដែល​ជា​ទឹក​ស្នាដៃ​ចេញ​ពី​អ្នក​ដឹក​នាំ​រឿង(Director), ឧបករណ៍ថត​, ការ​រៀប​ចំ​ប្លង់​និង​ចាប់​ប្លង់​ថត​, និង​ការ​សម្តែង​របស់​តួអង្គ​។ ត្រង់​ចំណុច​នេះ​ ខ្ញុំ​យល់​ថា​ឧបករណ៍​ថត​និង​ការ​រៀប​ប្លង់​ថត​គឺ​សំខាន់​ខ្លាំង​ ព្រោះ​គេ​អាច​មើល​និង​វិភាគ​ចំណុច​នេះ​ដោយ​គ្រាន់​តែ​មើល​ឈុត​ខ្លី​ៗ​ក្នុង​ Trailer រឿង​នីមួយ​ៗ​ នោះ​គេ​អាច​ដឹង​បាន​ ហេតុ​នេះ​ប្រសិន​បើ​ចំណុច​នេះ​ខ្សោយ​ នោះ​អ្នក​មើល​ក៏​អាច​សម្រេច​ចិត្ត​មិន​មើល​បាន​ដែរ​។ ចំណុច​បន្ទាប់​គឺ​ការ​កាត់​ត​វីដេអូ បញ្ចូល​បច្ចេកទេស​សម្លេង និង​ប្រើ​ក្រាហ្វិក​កុំព្យូទ័រ​ ដែល​ជា​កិច្ច​បង្ហើយ​បុណ្យ​នៃ​ការ​បង្កើត​​Movie។ ១ចំណុច​ចុង​ក្រោយ​ដែល​ជា​ចំណុច​សំខាន់​មួយ​ដែរ ដើម្បី​ទាក់ទាញ​ឲ្យ​អ្នក​មើល​សម្រេច​ចិត្ត​មើល​រឿងណាមួយ​​ គឺ​ការ​ជ្រើសរើស​ឈុត​​និង​បច្ចេក​ទេស​​ឲ្យ​ចេញ​ជា​Trailerមួយ​គួរ​ឲ្យ​ទាក់​ទាញ​និង​ចង់​មើល​។

ដំណាក់​កាល​ដែល​បាន​រៀប​រាប់​នេះ​ គឺ​មិន​មែន​កើត​ចេញ​ពី​មនុស្ស​តែ​ម្នាក់​នោះ​ទេ​។ ដូច​នេះ​រឿង​មួយ​ល្អ​ឬ​មិន​ល្អ​មិន​មែន​ផ្អែក​លើ​មនុស្ស​ណា​ម្នាក់​ ហើយ​នៅ​ពេល​យើង​មើល​រឿង​ក៏មិន​មែន​មើល​តែ​រឿង​តែ​មួយ​មុខ​នោះ​ឡើយ។ រឿង​ខ្លះ​មើល​ចប់​ខ្ញុំ​សរសើរ​ការ​ជ្រើសប្លង់​ រឿង​ខ្លះ​មើល​ចប់​ខ្ញុំ​សរសើរ​តួ​សម្តែង​ ។ល។ នេះ​គ្រាន់​តែ​ជា​ការ​សង្ខេប​តែ​ប៉ុណ្ណោះ​ តែ​តាម​រយៈ​ការ​សង្ខេប​នេះ​ តើ​លោក​អ្នក​មាន​កត់​សម្គាល់​ថា​ តើ​ចំណុច​មួយ​ណា​ដែល​អ្នក​មិន​ដែល​បាន​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ? គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ គឺ​ពួក​គាត់​ប្រហែល​ដូច​ជា​ខ្ញុំ​ដែរ គឺ​តែង​ចាប់​អារម្មណ៍​ចំណុច​ទាំង​អស់​ដែល​បាន​រៀប​រាប់​ ដូច​នេះ​ពេល​មើល​រឿង​បណ្តើរ​ខ្ញុំ​តែង​ស្ញប់​សរសើរ​ត្រង់​ចំណុច​ដែល​ធ្វើ​បាន​ល្អ​ ពិសេស​គំនិត​ថ្មី​ៗ​ទាំង​សាច់​រឿង​ បច្ចេក​ទេស​ថត​ ការ​សម្តែង​។ល។ ហេតុ​នេះ​ទើប​អ្នក​ខ្លះ​មើល​រឿង​ជក់​ចិត្ត​ពី​ដើម​ដល់​ចប់​ អ្នក​ខ្លះ​គេង​លក់​កំពុង​មើល​ក៏​មាន​។

1. សាច់​រឿង​

មាន​ភាពយន្ត​ខ្លះ​កើត​ចេញដោយ​ផ្អែក​លើ​សៀវភៅ​ដែល​ភាគ​ច្រើន​ជា​Bestseller Books។ ប្រសិន​បើ​ខ្ញុំ​មិន​ដែល​បាន​អាន​សៀវភៅ​នោះ​ពីមុន​ នោះ​ខ្ញុំ​ប្រាកដ​ជា​ស្ញប់​សរសើរ​ត្រង់​ចំណុច​ណាមួយ​ដែល​ប្លែក​និង​អស្ចារ្យ​ចំពោះ​សាច់​រឿង​ដែល​បាន​សរសេរ​។ ទោះ​បី​រឿង​ពិត​ក្តី​ ប្រឌិត​ក្តី​ តែ​គំនិត​និងការ​​ប្រទាក់​សាច់​រឿងឲ្យ​ល្អ​​ មិន​មែន​នរណា​ចេះ​តែ​នឹក​ឃើញ​បាន​ទេ។

2. ការ​ជ្រើស​ឈុត​និង​បន្ថែម​សេណារីយ៉ូ

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​បាន​អាន​សៀវភៅ​រឿង​ដែល​បម្រុង​នឹង​មើល​ហើយ​ក្តី​ តែ​ប្រាកដ​ណាស់​ឈុត​ក្នុង​ភាព​យន្ត​នឹង​មិន​អាច​ក្បោះ​ក្បាយ​ដូច​ក្នុង​សៀវភៅ​នោះ​ទេ​។ ជួន​កាល​ឈុត​ក្នុង​រឿង​ អាច​នឹង​មិន​ទៅតាម​លំដាប់​លំដោយ​ដូច​ក្នុង​សៀវភៅ​ ជា​ពិសេស​ការ​បង្កើត​ប៉ារ៉ូល​និយាយ​ឲ្យ​តួសម្តែង​ដើម្បី​ឲ្យ​លោក​អ្នក​សើច​ឬ​កំសត់​ ក៏​មិន​មែន​ចេះ​តែ​កើត​ចេញ​មក​ស្រាប់​ៗ​នោះ​ដែរ​។ ប្រសិន​បើ​លោក​អ្នក​ចេះ​មើល​និង​កត់​សម្គាល់​នូវ​ថ្វី​អ្នក​រៀបចំ​ ដោយ​មិន​មែន​ចេះ​តែ​មើល​ចោល​ៗ នោះ​អ្នក​នឹង​ថាមើល​រឿង​ដោយ​ជក់​ចិត្ត​មួយ​កម្រិត​ថែម​ទៀត។

3. ប្លង់​និង​ទី​កន្លែង​ថត​

ការ​ជ្រើស​ទី​កន្លែង​ថត​ និង​រៀប​ប្លង់​ថត​ឲ្យ​ត្រូវ​នឹង​សាច់​រឿង​និង​កាលៈទេសៈ​ពិត​ជា​សំខាន់​។ ការ​ចេះ​ចាប់​ប្លង់​ឲ្យ​ប្រទាក់​ក្រឡា​គ្នា​ អាច​ជួយ​ឲ្យ​រឿង​កាន់​តែ​ល្អ​មើល​បន្ថែម​ទៀត។ ឈុត​ខ្លះ​ត្រូវ​ថត​ពី​លើ ឬ​ឈុត​ខ្លះ​ត្រូវ​ថត​យក​ប្លង់​ឆ្ងាយ​ឬ​ជិត​ សុទ្ធ​តែ​រួម​ចំណែក​ឲ្យ​គុណភាព​រឿង​ល្អ​មិន​គួរ​ឲ្យ​ធុញ​។ រឿង​ខ្លះ​សាច់​រឿង​ល្អ​មើល​ តែ​អ្នក​ថត​អន់​ដោយ​មិន​ចេះ​ប្តូរ​ប្លង់​កាមេរ៉ា​ចុះ​ឡើង​អាច​ធ្វើ​ឲ្យ​ភាពយន្ត​ទៅ​ជា​សាំ​និង​មិន​ជក់​ចិត្ត​។​ ពិសេស​ឈុត​វាយ​គ្នា​ប្រភេទ​Action បើ​អ្នក​ថត​មិន​ចេះ​ថត​ ប្រាកដ​ជា​មើល​ទៅ​ភ្លាវ​ៗ​មិន​ដូច​មែន​ទែន​។ បើ​រឿង​ដែល​ថត​បាន​ល្អ នោះ​តួ​សម្តែង​ពុំ​ចាំ​បាច់​វាយ​មែន​ទែន​ ឬ​ដួល​មែន​ទែន​ក៏​បាន​ វា​ស៊ីសង​ទៅ​លើ​ការ​ចាប់​ប្លង់​ឲ្យ​មើល​ទៅ​លឿន​ដូច​មែន​ទែន​។ ត្រង់​ចំណុច​នេះ​ គឺ​បន្ទោស​ទៅ​លើ​អ្នក​ដឹក​នាំ​Director មិន​មែន​តួ​សម្តែង​នោះ​ទេ។

4. តួសម្តែង

តួ​សម្តែង​ចែក​ចេញ​ជា​ការ​ជ្រើស​តួ​ និង​ទេពកោសល្យ​សម្តែង​។ មាន​ភាព​យន្ត​ច្រើន​ក្រែល​ ដែល​ទទួល​បរាជ័យ​ដោយ​សារ​ការ​ជ្រើសតួ​មិន​សម​នឹង​សាច់​រឿង ដូច​ជា​តួ​ត្រូវ​ភ្នែក​ធំ​ បែរ​យក​តួ​ភ្នែក​តឹង ឬ​តួ​ត្រូវ​ស្បែក​ខ្មៅ​ បែរ​យក​តួ​ស្បែក​ស​ ឬ​សូម្បី​តែ​ពណ៌សក់ កំពស់ កាយ​សម្បទា និង​តុង​និយាយ​។ ឧទាហរណ៍​ ភាសា​អង់គ្លេស​ដូច​គ្នា​​ តែ​បើ​តួ​កើត​នៅ​អង់គ្លេស​ នោះ​គាត់​ត្រូវ​និយាយ​តុង​អង់គ្លេស មិន​អាច​ប្រើ​តុង​អាមេរិច​បាន​ទេ។ ជួន​កាល​សាច់​រឿង​ល្អ​មើល​ តែ​តួ​មិន​សូវ​ស្អាត​ឬ​មិន​សម​ នោះ​អ្នក​មើល​ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដែរ។ រី​ឯ​ទេព​កោសល្យ​សម្តែង​ ខ្ញុំ​តែង​សម្គាល់​មើល​ត្រង់​ទឹក​មុខ​របស់​តួ​អង្គ​ មិន​មែន​កាយវិការ​ដើរ​ឈរ​អង្គុយ​របស់​គាត់​ទេ។ ជា​ទូទៅ​ បើ​ទឹក​មុខ​គាត់​ធ្វើ​ចេញ​មក​ដូច​ពិត​ៗ​ ហើយ​ប្រើ​សម្លេង​និយាយ​បាន​ល្អ​មិន​ដូច​ទន្ទេញ​នោះ​ នោះ​ខ្ញុំ​សរសើរ​ការ​សម្តែង​គាត់​បាន​ល្អ​។ ហើយ​ជា​ទូទៅ​ ប្រសិន​បើ​ខ្ញុំ​ចាប់​អារម្មណ៍​តួ​ណា​សម្តែង​បាន​ល្អ ខ្ញុំ​តែង​ឆែក​មើល​ពី​រឿង​ផ្សេង​ៗ​របស់​គាត់​ជា​បន្ត​ទៀត។

5. អ្នក​ដឹក​នាំ​រឿង​

អ្នក​ដឹក​នាំ​រឿង​ជា​ជន​សំខាន់​ជាង​គេ​ដែល​គេ​គ្រប់​គ្នា​តែង​ឲ្យ​តម្លៃ​ចំពោះ​រឿង​នីមួយ​ៗ​ តែ​អ្វី​ដែល​អ្នក​មើល​ត្រូវ​ចាប់​អារម្មណ៍​មិន​មែន​បុគ្គល​ដឹកនាំ​រឿង​ទេ​ តែ​ជា​សមិទ្ធផល​របស់​គាត់​ទៅ​វិញ ព្រោះ​ដូច​ដែល​បាន​រៀប​រាប់​ ប្លង់​ថត ប្លង់​កាមេរ៉ា​ និងការ​បញ្ជា​របស់​គាត់​ទៅ​លើ​តួ​សម្តែង​ ជា​អ្វី​ដែល​យើង​នឹង​មើល​​ឃើញ​នៅ​ក្នុង​ភាពយន្ត​ ហេតុនេះ​ប្រសិន​បើ​អ្នក​ដឹក​នាំ​ពូកែ​តែ​ការ​បញ្ជា​និង​ពន្យល់​តួ​សម្តែង​ តែ​មិន​បាន​ស៊ី​ជម្រៅ​ពី​ប្លង់​ថត​និង​ការ​ចាប់​ប្លង់​កាមេរ៉ា​ ឬ​ដែល​ហៅ​ថា​ទេពកោសល្យ​ស្រម័យ​របស់​គាត់​មិន​សូវ​សម្បូរ​បែប នោះ​រឿង​ចេញ​មក​ក៏​មិន​សូវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​។​

6. ឧបករណ៍​ថត​ និង​ក្រាហ្វិក​កុំព្យូទ័រ​

បន្ទាប់​ពី​ចេះ​មើល​រឿង​ច្រើន​មក​ ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​ Budget Movie ប៉ុន្មាន​ទេ​។ ហេតុនេះ​មុន​ពេល​មើល​រឿង​ណា​មួយ​ ខ្ញុំ​តែង​ឆែក​មើល​Trailerសិន​ ដើម្បីពិនិត្យ​មើល​ប្លង់​ថត​ គុណភាព​វីដេអូ និង​ក្រាហ្វិក​កុំព្យូទ័រ​ថា​តើ​ល្អ​ដែរ​ឬ​ទេ។ រឿង​ទាំង​នោះ​ គឺ​ថត​ឲ្យ​តែ​បាន​ៗ​ មិន​សូវ​ជា​ដោយ​សំរិតសំរាំង​នោះ​ទេ។ ឧទាហរណ៍​ ប្លង់​ថត​ចេញ​មក​ទាំង​ដុល​ៗមិន​បាន​ Focus ទៅលើ​អី​មួយ​ឲ្យ​ប្រាកដ, ក្រាហ្វិក​កុំព្យូទ័រ​ទៀត​សោត​បែប​អន់​ៗ ដូច​ជា​ឈុត​ផ្ទុុះ ភ្លើង គ្រាប់​កាំភ្លើង ឬ​ឈាម​ ។ល។ មើល​ទៅ​មិន​ដូច​ពិត​អី​បន្តិច​សោះ​។ រឿង​ទាំង​នោះ​ច្រើន​ចេញ​ពី​ផលិតកម្ម​តូច​ៗដែល​ខ្វះ​ធនធាន​។

7. Trailer

Trailerជា​វីដេអូ​សង្ខេប​ខ្លី​ឲ្យ​យើង​ដឹង​ពី​សាច់​រឿង​ត្រួស​ៗ​ និង​ជា​ឱកាស​បញ្ចុះ​បញ្ចូល​ទស្សនិកជន​ឲ្យ​សម្រេច​ចិត្ត​មើល​រឿង​ណា​មួយ​។ រឿង​ខ្លះ Trailer ជក់​ចិត្ត​ខ្លាំង​ តែ​ដល់​រឿង​មែន​ទែន​ មើល​ទៅ​សាំ​ច្រើន​ខុស​ពី​អ្វី​ដែល​រំពឹង​ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មើល​ខក​ចិត្ត​, តែ​រឿង​ដែល​ល្អ​មើល​សោះ​ តែ​Trailerវិញ​អន់មិន​គួរ​ឲ្យ​ចង់​មើល​ តើ​នរណា​នឹង​មើល​ទៅ? ហេតុនេះ​ចំណុច​នីមួយ​ៗ​សុទ្ធ​តែ​សំខាន់​។

 

សរុប​ទៅ នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​របស់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ មិន​ថា​រឿង​ប្រភេទ​អ្វី (សូម​ដក​រឿង​បែប​រន្ធត់​ខ្មោច​ Horror ចេញ​ ព្រោះ​ខ្លាច​ខ្មោច) គឺ​ខ្ញុំ​តែង​រក​មើល​ជា​និច្ច​។ មួយ​ថ្ងៃ​ខ្ញុំ​រឿង​យ៉ាង​ហោច​ណាស់​ក៏​មួយ ថ្ងៃ​ទំនេរ​មើល​រឿង​ចប់​បាន​3ទៅ​4រឿង​ក៏​មាន​។ មិត្ត​ភក្តិ​តែង​ឆ្ងល់​ថា​ ហេតុអ្វី​ខ្ញុំ​ចូល​ចិត្ត​មើល​រឿង​ម្ល៉េះ​? មើល​រហូត​ចឹង​ មិន​ចេះ​ធុញ​ទេ​អី​? តែ​ខ្ញុំ​ចង់​ប្រាប់​វិញ​ថា​ ការ​មើល​រឿង​ វា​គ្រាន់​តែ​ជា​ការ​រំសាយ​អារម្មណ៍​ត្រឹម​2ទៅ​3ម៉ោង​ក្នង​មួយ​ថ្ងៃ​ឲ្យ​ស្ងប់​ចិត្ត​ ផ្តោត​ទៅ​លើ​សាច់​រឿង។ ហើយ​រឿង​នីមួយ​ៗ​ទៀត​សោត វា​សុទ្ធ​តែ​មាន​តម្លៃ​អប់​រំ អត្ថន័យ​ មេរៀន​ជីវិត ចំណេះដឹង​ថ្មី​ៗ បទពិសោធន៍​ ពិសេស​វា​បង្កើន​ផ្នែក​ភាសា​បរទេស​ផង​ដែរ​។ ខ្ញុំ​មើល​ឃើញ​ផល​ប្រយោជន៍​ជា​ច្រើន​ពីការ​មើល​រឿង​នីមួយ​ៗ ហើយ​វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ពេល​វេលា​អត់​ប្រយោជន៍​នោះ​ទេ 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s