កុំ​មាក់​ងាយ​ឬ​មើល​ស្រាល​ការ​កម្សាន្ត​របស់​អ្នក​ដទៃ

hobby

មនុស្ស១០០នាក់ មានចិត្តនិងការគិតខុសគ្នាទាំង១០០នាក់។ តែជារឿយៗ ខ្ញុំតែងសង្កេតឃើញមនុស្សជាច្រើនភ្លេចគិតដល់ចំណុចមួយនេះ ទោះបីតាមពិតទៅ ពួកគាត់ដឹងពីរឿងមនុស្សមានចិត្តខុសគ្នាក៏ដោយក្តី។ ឬសូម្បីអ្នកកំពុងអានអត្ថបទនេះ ក៏ពេលខ្លះភ្លេចខ្លួន មាក់ងាយនឹងទង្វើដែលខ្ញុំឲ្យឈ្មោះថាកម្សាន្តនេះផងដែរ។ បើចង់ដឹងថាពិតឬមិនពិត សូមអានដោយយកចិត្តទុកដាក់ និងសាកប្រមើលគិតមើលម្តងទៀត 🙂

 

ដំបូង ពាក្យ”ការកម្សាន្ត”នេះ ខ្ញុំចង់សំដៅលើសកម្មភាព ឬចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែលកើតមក មានទំនោរឬធ្វើវាឡើងដោយចេតនាទៅតាមចិត្តចង់ (Hobby, Entertainment, 취미)។ ខ្ញុំមិនដឹងថា លោកអ្នកកំពុងអាន មានការកម្សាន្តមួយនេះឬអត់ ឬវាមានន័យនិងសារៈសំខាន់ប៉ុណ្ណាសម្រាប់អ្នកនោះទេ, ប៉ុន្តែសម្រាប់មនុស្សជាច្រើនឬគ្រប់គ្នា តែងមានឬអនុវត្តការកម្សាន្តមួយនេះដើម្បីកំដរជីវិតពួកគេ ហើយវាមានអត្ថន័យសម្រាប់បុគ្គលផងដែរ។ ការកម្សាន្តសាមញ្ញដែលយើងតែងឃើញ មានដូចជា ការអាន និពន្ធ/សរសេរ ដេរប៉ាក់ គូរគំនូរ ច្រៀង សិប្បកម្ម ស្រាវជ្រាវ ។ល។ ការកម្សាន្តមួយចំនួនកើតចេញពីទេពកោសល្យ និងនិស្ស័យរបស់មនុស្សម្នាក់, ការកម្សាន្តមួយនេះគេអាចធ្វើវាដោយប្រសព្វជាងមនុស្សធម្មតាដទៃទៀត ដូចជាការគូរគំនូរ ឬច្រៀងជាដើម។ ការកម្សាន្តខ្លះ មនុស្សមួយចំនួនជ្រើសរើសវាដោយចេតនា ដោយហេតុផលផ្សេងៗ ដូចជា ដើម្បីបំបាត់ភាពអផ្សុក ចំណាប់អារម្មណ៍ ភាពសប្បាយ សុភមង្គលផ្ទាល់ខ្លួន បំភ្លេចអតីតកាលឬបន្លប់ការគិត ។ល។ ការកម្សាន្តនេះមានដូចជា ការតុបតែងខ្លួន ការទិញទំនិញ សាក់លើខ្លួន លេងហ្គេម ចំអិនអាហារ ។ល។

 

ខ្ញុំមិនអាចរៀបរាប់អស់នូវសកម្មភាពកម្សាន្ត និងហេតុផលដែលមនុស្សម្នាក់ៗសម្រេចធ្វើវាអស់បាននោះទេ ព្រោះមនុស្សម្នាក់ៗគេសុទ្ធតែមានហេតុផលផ្ទាល់ខ្លួន និងស្ថានភាពខុសគ្នា។ សូម្បីតែអ្នកដែលចូលចិត្តរឿងតែមួយ ក៏អាចមានរឿងរ៉ាវ(story)ឬហេតុផលខុសគ្នា។ អ្វីដែលអ្នកត្រូវចាំ ហើយរំលឹកខ្លួនឯងគ្រប់ពេលវេលានោះគឺ មនុស្សគ្រប់រូប មានចំណង់ចំណូលនិងរសនិយមខុសៗគ្នា។ ត្រឹមហេតុផលដែលគេធ្វើអ្វីមួយមិនដូចអ្នក ឬប្លែកពីគេ ក៏មិនមែនមានន័យថា គេល្ងង់ឬឆ្កួតនោះដែរ។ សំខាន់ត្រង់ថា តើសុភមង្គលរបស់បុគ្គលនោះស្ថិតនៅលើអ្វី? បើអ្នកកំពុងធ្វើនូវអ្វីដែលធ្វើឲ្យអ្នកកំពុងមានសេចក្តីសុខ សូមបន្តធ្វើទៀតចុះ តែសូមកុំពេបជ្រាយឬមើលស្រាលសេចក្តីសុខអ្នកដទៃ។

 

ខ្ញុំលើកឧទាហរណ៍ អ្នកខ្លះដែលគាត់មិនចូលចិត្តការសាក់លើខ្លួន ដើរផ្សងព្រេង/ទេសចរណ៍ ការគាំទ្រឬងប់ងល់នឹងតារាល្បី ។ល។ ជំនួសអោយការព្យាយាមស្វែងយល់មូលហេតុ ឬអត្ថន័យរបស់វាសម្រាប់អ្នកផ្សេង  ពួកគាត់តែងមិនអោយតម្លៃទៅលើអ្នកដែលធ្វើវា ខ្លះគិតថា គេមិនល្អ ឥតប្រយោជន៍ ទំនេរជ្រុល ឥតការងារធ្វើ បែកឆ្វេង ល្ងង់ឬមិនឆ្លាតដូចខ្លួន។ វាមិនខុសអ្វី ដែលប្រទេសនីមួយៗមានប្រវត្តិ វប្បធម៌ និងសាវតារខុសៗគ្នា តែយើងមិនព្យាយាមស្វែងយល់ពីគេ តែបែរជាមើលស្រាយ មិនអោយតម្លៃ ហើយលើតម្កើងរបស់ខ្លួនថាល្អផូរផង់ ត្រឹមត្រូវ និងមានតម្លៃ។ ជួនកាល ការស្វែងយល់ពីអ្នកដទៃដែលខុសពីយើង បើកចិត្តអោយទូលាយនិងធំជាងនេះ វាធ្វើអោយជីវិតនិងការគិតរបស់អ្នកមានន័យជាងមុន ក៏ថាបាន។ ឃើញអ្នកខ្លះ ដល់ថ្នាក់ឈ្លោះគ្នា ឬជេរគ្នា ដោយសារតែពួកគាត់មានការគិត និងទំនោរខុសគ្នា ហើយព្យាយាមបង្ហាញថារបស់ខ្លួនត្រូវ ឯរបស់អ្នកផ្សេងខុសតែរៀងៗខ្លួន ដោយមិនព្យាយាមដោយគ្រាន់តែស្តាប់និងទទួលការយល់ឃើញរបស់អ្នកដទៃ សម្រាប់ជាចំណេះដឹងនិងបទពិសោធន៍ថា “អូ៎! មានមនុស្សច្រើនសិបនាក់ទៀត ដែលគិតដូចនេះ ដូចនោះ”។ ដូចជា យើងដឹងថា សត្វសេះសប្បាយចិត្តពេលឃើញស្មៅ តែកុំព្យាយាមបង្ខំសេះអោយសប្បាយចិត្តពេលឃើញមាន់ដុតដូចជាមនុស្សអី ហើយវាក៏គ្មានប្រយោជន៍អ្វីនឹងការខំឈ្លោះនិងព្យាយាមអោយសេះចូលចិត្តមាន់់ដុតដូចយើងដែរ។ 
សង្ឃឹមថាអ្នកអានហើយ សម្លឹងអ្នកដទៃក្នុងក្រសែភ្នែកមួយផ្សេងទៀត 🙂

Advertisements