វិធី​និទាន​ប្លែក​ៗ​ដែល​អ្នក​និពន្ធ​ប្រើ​

អ្នក​និពន្ធ​តែង​មាន​វិធី​និទាន​​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​ការ​ច្នៃ​ប្រឌិត​និង​វិធីសាស្រ្ត​របស់​គាត់​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​អាន។ យ៉ាង​ណា​មិញ​វិធី​និទាន​ដែល​យើង​ចំណាំ​ឃើញ​អ្នក​និពន្ធ​និយម​ប្រើ​ក្នុង​ការ​សរសេរ​ជា​ពិសេស​នៅ​ក្នុង​រឿង​ប្រលោមលោក​នោះ​ គឺ​ការ​ប្រើ​បុរស​ទី​មួយ​ ឬ​ទី​បី។ ជា​ទូទៅ​ ការ​ប្រើ​បុរស​ទីមួយ​ដើម្បី​និទាន​គឺ​គេ​ប្រើ​ពាក្យ​​”ខ្ញុំ” ដែល​ខ្ញុំ​នេះ​ជួន​កាល​ដើរ​តួ​ជា​អ្នក​និពន្ធ​ផ្ទាល់​ ឬ​ជួន​កាល​ជា​នរណា​ម្នាក់​ក្នុង​សាច់​រឿង​ហើយ​តួអង្គ​ម្នាក់​នេះ​នឹង​ប្រាប់​រឿង​រ៉ាវ​និង​ការ​គិត​របស់​គេ​ទាំង​អស់​ដល់​អ្នក​អាន។ ការ​ប្រើ​បុរស​ទី​បី​ ជា​ទូទៅ​គឺ​ការ​ប្រើ​ឈ្មោះ​នរណា​ម្នាក់​នៃ​តួ​អង្គ​ក្នុង​រឿង ហើយ​អ្នក​និពន្ធ​ជា​អ្នក​ក្តោប​ក្តាប់​សាច់​រឿង​ និង​និទាន​ឲ្យ​យើង​ស្តាប់។

ក៏​ប៉ុន្តែ​មាន​សៀវភៅ​បី​ក្បាល​ដែល​ខ្ញុំ​ចង់​លើក​មក​បង្ហាញ​ជូន​លោក​អ្នក​នៅ​ថ្ងៃ​នេះ​ ព្រោះ​ខ្ញុំ​សង្កេត​នូវ​វិធី​និទាន​និង​របៀប​សរសេរ​ក្នុង​សៀវភៅ​នេះ​ប្លែក​ខុស​ពី​ការ​និពន្ធ​ទូទៅ។ ចំពោះ​ខ្ញុំ​ មាន​អារម្មណ៍​ថា​ប្លែក​និង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​និង​ប្រទះ​ជា​លើក​ដំបូង ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ដែល​ធ្លាប់​អាន​ប៉ះ​នូវ​របៀប​និទាន​នេះ​ហើយ​ ប្រហែល​មិន​សូវ​ប្លែក​ឬ​អស្ចារ្យ​ប៉ុន្មាន​ទេ​មើល​ទៅ!

1. Please Look After Mom by Kyung Sook-Shin

please look after mom IMG_1080

ជា​រឿង​និយាយ​អំពី​ម្តាយ​ចាស់​ជរា​វង្វេង​បាត់​ក្នុង​ស្ថានីយ៍​រថភ្លើង។ រឿង​នេះ​និពន្ធ​ជា​ឯកវាទ​និទាន​ ដោយ​ប្រើ​បុរស​ទីមួយ​។ តែ​អ្វី​ដែល​ប្លែក​នោះ​ គឺ​រឿង​នេះ​ចែក​ចេញ​ជា​បួន​វគ្គ​ ហើយ​បុរស​ទី​មួយ​ដែល​អ្នក​និពន្ធ​នៅ​ក្នុង​វគ្គ​នីមួយ​ៗ​សំដៅ​លើ​តួអង្គ​ខុស​គ្នា​ៗ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​អាន​ត្រូវ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ ថា​តើ​អ្នក​និពន្ធ​​ប្រើ​បុរស​ទីមួយ​ចង់​សំដៅ​ទៅ​លើ​តួអង្គ​មួយ​ណា។ ដូច​នេះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ ពាក្យ​”ខ្ញុំ​”អាច​ជា​តួ​កូន​ពៅ​ឬ​កូន​បង​ឬ​កូន​ប្រសារ​ ឬ​នរណា​ម្នាក់​ក្នុង​ចំណោម​តួអង្គ​នៃ​សាច់​រឿង។

2. Never Fall Down by Patricia McCormick

never-fall-down IMG_1078
រឿង​នេះ​និយាយ​អំពី​ជីវិត​ពិត​ក្មេង​ប្រុស​ម្នាក់​ដែល​តស៊ូ​ក្នុង​សម័យ​ប៉ុលពត​ហើយ​ទី​បំផុត​បាន​ភៀស​​ខ្លួន​មក​នៅ​អាមេរិច។ មុន​ពេល​អាន​រឿង​នេះ​ ខ្ញុំ​ឆ្ងល់​ថា​តើ​រឿង​នេះ​ជា​រឿង​ប្រឌិត​ឬ​ពិត ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​ជា​ជនជាតិ​បរទេស ព្រោះ​សៀវភៅ​ផ្សេង​ដែល​និយាយ​ពី​ជីវិត​ពិត​នៅ​សម័យ​ប៉ុល​ពត​ភាគ​ច្រើន​ អ្នក​និពន្ធ​ជា​ជនជាតិ​ខ្មែរ។ អស់​ពី​មាន​ចម្ងល់​ត្រង់​ចំណុច​នេះ ខ្ញុំ​រឹត​តែ​ឆ្ងល់​ថែម​ទៀតនៅ​ពេល​ដែល​ខ្ញុំ​អាន​រឿង​នេះ​ពី​មួយ​សន្លឹក​ទៅ​មួយ​សន្លឹក​ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​មាន​កំហុស​វេយ្យាករណ៍​និង​ឃ្លា​ជា​ច្រើន​ហូរហែ​តាំង​ពី​ដើម​ដល់​ចប់។ ខ្ញុំ​ឆ្ងល់​ថា​ ហេតុអ្វី​អ្នក​និពន្ធ​បរទេស​សរសេរ​អង់គ្លេស​ខុស​ច្រើន​ដល់​ម្ល៉ឹង? តើ​គាត់​សរសេរ​ដោយ​ចេតនា ឬ​ដោយ​ការ​គ្មាន​យក​ចិត្ត​ទុក​ដាក់?
ចម្លើយ​រក​ឃើញ​នៅ​វគ្គ​ចុង​ក្រោយ​ គឺ​រឿង​នេះ​អ្នក​និពន្ធ​ប្រើ​បុរស​ទីមួយ​ជា​ឯកវាទ​និទាន​ដូច​គ្នាដែល​សំដៅ​លើ​ក្មេង​ប្រុស​ខ្មែរ​នោះ​ឯង។ តែ​អ្វី​ដែល​សំខាន់ មូលហេតុ​ដែល​សរសេរ​ខុស​ច្រើន​ គឺ​ចង់​បញ្ជាក់​ឲ្យ​ឃើញ​ថា​​ អ្វី​ដែល​យើង​បាន​អាន​ពី​ដើម​ដល់​ចប់​ក្នុង​រឿង​នេះ គឺ​ជា​ការ​រៀបរាប់​និង​សមត្ថភាព​អង់គ្លេស​របស់​ក្មេង​ប្រុស​ខ្មែរ​នោះ​ផ្ទាល់​​នៅ​ពេល​បច្ចុប្បន្ន​។ ថ្វី​ត្បិត​តែ​រឿង​នេះ​មិន​មែន​ក្មេង​ប្រុស​នោះ​ជា​អ្នក​សរសេរ​ តែ​អ្នក​និពន្ធ​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អ្វី​ដែល​យើង​កំពុង​អាន​ គឺ​ជា​ការ​និទាន​របស់​ក្មេង​ប្រុស​ខ្មែរ​នោះ​ប្រាប់​មក​កាន់​អ្នក​ជា​ភាសា​អង់គ្លេស។ បញ្ជាក់៖​ នេះ​ជា​ការ​យល់​ឃើញ​និង​ស្វែង​យល់​របស់​ខ្ញុំ​ចំពោះ​រឿង​មួយ​នេះ។

3. The Good Girl by Mary Kubica

18812405 IMG_1079
រឿង​នេះ​ជា​រឿង​បែប​ស៊ើប​អង្កេត​និង​អាថ៌កំបាំង​ និយាយ​ពី​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត។ រឿង​នេះ​ប្រើ​ឯកវាទ​និទាន​ដូច​គ្នា​ ហើយ​ផ្លាស់​ប្តូរ​តួអង្គ​នៃ​បុរស​ទីមួយ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ស្រដៀង​ទៅ​នឹង​រឿង​ខាង​លើ Please Look After Mom ដែរ ប៉ុន្តែ​លើស​ពី​នេះ​ អ្នក​និពន្ធ​បាន​ជ្រើស​រើស​ការ​និទាន​ដោយ​មិន​ប្រើ​លំដាប់​កាល។ ឧទាហរណ៍ វគ្គ​ទី​មួយ​និយាយ​ពី​មុន​ថ្ងៃ​កើត​ហេតុ វគ្គ​ទីពីរ​និយាយ​ពី​ក្រោយ​ថ្ងៃ​កើត​ហេតុ​ ហើយ​វគ្គ​ទី​បី​ត្រលប់​ទៅ​និយាយ​មុន​ថ្ងៃ​កើត​ហេតុ​វិញ ដោយ​ត្រលប់​ត្រលិន​ចុះ​ឡើងៗ ធ្វើ​ឲ្យ​អ្នក​អាន​វង្វេង​​ផង និង​ឆ្ងល់​ផង ហើយ​ចង់​តាម​ដាន។​ មួយ​វិញ​ទៀត រឿង​នេះ​អ្នក​និពន្ធ​បញ្ជាក់​ប្រាប់​ថា​បុរស​ទី​មួយ​ក្នុង​វគ្គ​នេះ​សំដៅ​លើ​អ្នក​ណា​តាម​រយៈចំណង​ជើង​វគ្គ។ ឧទាហរណ៍ វគ្គទី​​មួយ​មាន​ចំណង​ជើង​ថា​ Eve Before មាន​ន័យ​ថា​ ពាក្យ​”ខ្ញុំ”ក្នុង​វគ្គ​នេះ​សំដៅ​លើ​តួអង្គ​​ Eve ហើយ​ Before មាន​ន័យ​ថា​ មុន​ថ្ងៃ​កើត​ហេតុ, ឯវគ្គ​ទី​ពីរ​និង​ទី​បី​គឺ Gabe​ Before និង​ Eve After មាន​ន័យ​ថា​ “ខ្ញុំ”​នឹង​សំដៅ​លើ​តួ​ Gabe និង​ Eve ហើយ​ After មាន​ន័យ​ថា​ ក្រោយ​ថ្ងៃ​កើត​ហេតុ។ អ្នក​អាន​អាច​វង្វេង​នៅ​ពេល​អាន​ដំបូង​ តែ​បន្ទាប់​ពី​អាន​មួយ​សន្ទុះ​និង​ព្យា​យាម​ស្វែង​យល់ អ្នក​នឹង​យល់​នូវ​អ្វី​ដែល​អ្នក​និពន្ធ​ចង់​បង្ហាញ​ដោយ​ខ្លួន​ឯង។

សរុប​ទៅ​ រឿង​វិធី​និទាន​ទាំង​បី​នេះ​ ខ្ញុំ​យល់​ថា​ខុស​ៗ​គ្នា​ ប្លែក និង​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន។ ប្រសិន​បើ​អ្នក​ស្គាល់​និង​ឃើញ​វិធី​និទាន​ប្លែក​ជាង​នេះ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ កុំ​ភ្លេច​​ចែក​រំលែក​ខ្ញុំ​ផង។ ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s