បទ​ពិសោធន៍​បំភ្លេច​មិន​បាន ​នៅ​សាំងហ្កាពួរ​

Singapore

ភ្លេច​ប្រាប់​ទៅ​ថា​កាល​ពី​ខែ​មករា​ថ្មី​ៗ​នេះ​ខ្ញុំ​បាន​ទៅ​ប្រទេស​ម៉ាលេស៊ី​តាម​រយៈ​កម្មវិធី​សិក្សា​វគ្គ​ខ្លី​របស់​សាលា​រយៈ​ពេល​៣សប្តាហ៍​។​ បើ​បាន​ទៅ​ម៉ាលេ​ហើយ​ អ្នក​ណា​ៗ​ក៏តែង​ចង់​បង្ហួស​ទៅ​ដល់​សាំងហ្កាពួរ​ដែរ😉 មិន​ខុស​ពី​គេ​ទេ​ ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​”អ្នកណាៗ​”នោះ​ដែរ =))

សុំ​ទោស​ផង​ ខ្ញុំ​នឹង​មិន​រៀបរាប់​ប្រាប់​ពី​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​អស្ចារ្យ​នៅ​សាំង​ហ្កាពួរ​ទេ ;P តែ​ចង់​រៀបរាប់​ពី​ហេតុការណ៍​​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ខ្ញុំ​ចាក​ចេញ​ពី​សាំង​ហ្កាពួរ​ទៅ​ម៉ាលេ​វិញ ដែល​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ ម្នាក់​ៗ​ឡើង​ស​ភ្នែក ហើយ​ជា​បទ​ពិសោធន៍​លើក​ទី​មួយ​បំភ្លេច​មិន​បាន​។ តែ​មុន​រៀបរាប់​ចេញ ​ត្រូវ​ប្រាប់​ពត៌មាន​ត្រួស​ៗ​សិន​ទើប​អាច​ប្រាប់​បាន ដូចនេះ​ទ្រាំ​អាន​បន្តិច​ទៅ ^^;

អូខេ, កម្មវិធី​សិក្សា​រយៈ​ពេល​៣សប្តាហ៍​នៅ​ម៉ាលេស៊ី​ តែ​ខ្ញុំ​និង​មិត្តភក្តិ​ឆ្លៀត​ឱកាស​យក​ថ្ងៃ​ចុង​សប្តាហ៍​និង​ថ្ងៃ​បុណ្យ​ជាតិ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​សាំងហ្កាពួរ​រយៈ​២យប់​២ថ្ងៃ​។ ខ្ញុំ​ទៅ​ជាមួយ​មិត្ត​ភក្តិ​បរទេស​២នាក់​ ម្នាក់​ជា​ជនជាតិ​ម៉ុងហ្គោល ឈ្មោះ ការម៉ា (Garma) និង​ម្នាក់​ទៀត​ជា​ជនជាតិ​ថៃ​ ឈ្មោះ​ គង់ (Kung) (នារី​ភេទ​ទាំង​២ ;P) ដោយ​បាន​មិត្ត​ភក្តិ​ខ្មែរ​របស់​ខ្ញុំ​ដែល​កំពុង​សិក្សា​នៅ​សាំងហ្កាពួរ​ស្រាប់​ ជា​អ្នក​ជូន​ដើរ​លេង​ ឈ្មោះ​ សីហា​។ ២ថ្ងៃ​កន្លង​ទៅ​ ដើរ​លេង​សឹង​គ្រប់​អស់​ច្រក​ល្ហក​ដែល​ល្បី​ៗ​នៅ​សាំង​ហ្កាពួរ។ បើ​ទោះ​ជា​ជើង​ទាំង​ពីរ​ឈឺ​លើក​ជើង​ដើរ​សឹង​មិន​រួច​ ខ្ញុំ​ក៏​ដូច​មិត្ត​ភក្តិ​ទាំង​ពីរ​ក៏​នៅ​តែ​ប្រឹង​ដើរ​ទៅ​មុខ​ទាំង​ត្រដោក​ត្រដាក ព្រោះ​តាំង​ចិត្ត​ហើយ​ថា​ ត្រូវ​តែ​ដើរ​ឲ្យ​គ្រប់​កន្លែង​ ព្រោះ​ដូច​ជា​មិន​ងាយ​នឹង​មាន​ឱកាស​បាន​មក​លេង​ម្តងទៀត​​ទេ​។

យប់​ថ្ងៃ​កើត​ហេតុ​

ពេល​វេលា​ពិត​ជា​ខ្លី​មែន! ទី​បំផុត​ដល់​ម៉ោង​ត្រូវ​ត្រលប់​ទៅ​ម៉ាលេ​វិញ​ហើយ​😦 ខ្ញុំ​បាន​ទិញ​សំបុត្រ​រថភ្លើង​ទៅ​មក​ (round-trip ticket) តាំង​ពី​នៅ​កូឡា​ឡាំពួរ (ម៉ាលេស៊ី) ដែល​រថភ្លើង​ចេញ​ដំណើរ​នៅ​ម៉ោង​ ១១កន្លះ​យប់​។ ដូច​នេះ​ដើរ​លេង​ត្រឹម​ម៉ោង​៨យប់​ យើង​ក៏​ត្រលប់​ទៅ​កន្លែង​ស្នាក់​នៅ​យក​ឥវ៉ាន់​នឹង​រៀបចំ​​ទៅ​ស្ថានីយ៍​រថភ្លើង​ Woodlands ដែល​នៅ​ព្រំដែន​ ម៉ាលេ-សាំងហ្កាពួរ​។ មក​ដល់​ស្ថានីយ៍​រថភ្លើង​ម៉ោង​ប្រលែល​១០យប់​ មិត្តភក្តិ​ខ្មែរ​ខ្ញុំ​សីហា​ជូន​ដល់ចំណត​MRTចុង​ក្រោយ​​ ក៏​ត្រលប់​ទៅ​វិញ។ ខ្ញុំ​និង​មិត្តភក្តិ​ទាំង​ពីរ​មិន​សូវ​ជា​ស្គាល់​ច្បាស់​ពី​ស្ថានីយ៍​រថភ្លើង​នោះ​ទេ​ គ្រាន់​តែថា​ពេល​មក​ ចុះ​នៅ​ទី​នោះ​ ដូច​នេះ​ពេល​ទៅ​វិញ​ប្រាកដ​ជា​ជិះ​នៅ​ទី​នោះ​ហើយ​។​ ពេល​ចូល​ក្នុង​ស្ថានីយ៍​ អ្វី​ដែលឃើញ​មុន​គេ​គឺ​កន្លែង​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន។ មិន​បង្អង់​ ក៏​ឈរ​តម្រង់​ជួរ​នឹង​គេ​ដែរ​។ ពេល​កំពុង​ឈរ​ចាំ​ យើង​កត់​សម្គាល់​ឃើញ​មាន​បរទេស​មួយ​ក្រុម​ត្រូវ​បាន​គេ​ឲ្យ​ឈរ​មួយ​ដុំ តែ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ទេ​។

គេ​ពិនិត្យ​លិខិត​ឆ្លងដែន​និង​បោះ​ត្រា​រួច​ យើង​ក៏​ដើរ​ចូល​ទៅ​ខាង​ក្នុង​ តែ​អត់​មាន​ឃើញ​រថភ្លើង​ទេ​ ឃើញ​តែ​ឡាន​ក្រុង​ និង​ដើរ​ចុះ​ដើរ​ឡើង​ទៅ​ដល់​កន្លែង​ដែល​យើង​ជិះ​ឡាន​ក្រុង​​ពេល​យើង​មក​ដល់​សាំង​ហ្កាពួរ​ដំបូង​។ ដើរ​រក​អស់​ចិត្ត​ ក៏​សម្រេច​ចិត្ត​សួរ​អ្នក​ដំណើរ​ដូច​គ្នា​ តែ​និយាយ​ស្តាប់​គ្នា​មិន​បាន​ (គាត់​ដូច​ជា​មិន​សូវ​ពូកែ​អង់​គ្លេស) ចុង​ក្រោយ​យើង​ក៏​សម្រេច​ចូល​ទៅ​សួរ​បុគ្គលិក​នៅ​ក្នុង​សា្ថនីយ៍​វិញ​។ ក្រោយ​ពី​ប្រាប់​ថា​ យើង​កំពុង​ស្វែង​រក​រថភ្លើង​ត្រលប់​ទៅ​កូឡាឡាំពួរ​វិញ ម្នាក់​ៗ​ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល តែ​គេ​មិន​ប្រាប់​ថា​ហេតុ​អ្វី​ទេ។ ដំបូង​យើង​គិត​ថា​ គេ​បោះត្រា​ច្រឡំ​ស្មាន​តែ​យើង​ទៅ​វិញ​ដោយ​ឡាន​ក្រុង​។

គេ​ឲ្យ​យើង​ឈរ​ចាំ​នៅ​ក្រៅ​បន្តិច​សិន តែ​បន្តិច​ក្រោយ​មក​ ប៉ូលីស​ស្រី​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​នៅ​នឹង​ចង្កេះ​មក​សួរ​នាំ​យើង​ ហើយ​ប្រាប់​ឲ្យ​យើង​ទៅ​ឈរ​ចាំ​នៅ​ខាង​ក្នុង​វិញ។ យើង​មិន​សូវ​យល់​ថា​តើ​កំពុង​មាន​រឿង​អី​ទេ​ ចេះ​តែ​ទៅ​តាម​អ្វី​ដែល​គេ​ប្រាប់​។ ពេល​ចូល​ដល់​ក្នុង​ ម្តង​គេឲ្យ​​ឈរ​ ម្តង​គេ​ឲ្យ​អង្គុយក្នុង​កុង​ត្រូល​របស់​គេ​​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ឈរ​រង់​ចាំ​ចោល​ភ្នែក​សម្លឹង​មក​យើង​ទាំង​ទឹក​មុខ​ងឿង​ឆ្ងល់​ ដូច​ដែល​អ្វី​យើង​បាន​ឃើញ​បរទេស​មួយ​ក្រុម​ដំបូង​នោះ​ដែរ​។ ពិត​ជា​មាន​អារម្មណ៍​ថា​ខ្មាស​គេ​ខ្លាំង​ណាស់! >.< មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​អ្នក​ទោស​រត់​ពន្ធ​អី​ចឹង។ ចាំ​ប្រហែល​១៥នាទី​ ប៉ូលីស​ស្រី​អំបាញ់​មិញ​នោះ​បាន​មក​នាំ​យើង​នាំ​ចូល​ទៅ​ក្នុង​ការិយាល័យ​ ដើរ​កាត់​ហ្វូង​មនុស្ស​កុះករ​។ ដើរ​បណ្តើរ​ខ្ញុំ​និង​មិត្ត​ភក្តិ​រអ៊ូរ​ដាក់​គ្នា​ថា​ “អីគេ​ហ្នឹង! ខ្មាស​គេ​ណាស់​ៗៗ!”។ តែ​ចូល​ដល់​ខាង​ក្នុង​ហើយ​ គេ​ឲ្យ​អង្គុយ​ចាំ​មួយ​ស្របក់​ទៀត​ រួច​ទើប​មន្ត្រី​នៅ​ទី​នោះ​ ពន្យល់​ប្រាប់​យើង។ លោក​ពូ​នោះ​ដូច​ជា​មិន​សូវ​ជា​ពូកែ​អង់​គ្លេស​ទេ​ គាត់​និយាយ​មួយ​ពាក្យ​ៗ ផ្គុំ​ជា​ឃ្លា​ ដោយ​ព្យាយាម​ពន្យល់​ប្រាប់​យើង​ថា​មាន​បញ្ហា​អ្វី។ គាត់​ប្រាប់​ថា​ “ថ្ងៃ​នេះ​ពុំ​មាន​រថភ្លើង​ទេ គ្រប់​រថភ្លើង​ទាំង​អស់​ត្រូវ​ Cancel អស់​ហើយ​ ព្រោះ​ពី​រសៀល​រថភ្លើង​ធ្លាក់​ចុះ​ពី​ផ្លូវ..”។ ឮ​ហើយ​ខ្ញុំ​ស្លុត​ជា​ខ្លាំង​ ព្រោះ​នឹក​ស្មាន​មិន​ដល់។ គាត់​បាន​ណែនាំ​ឲ្យ​យើង​ យក​សំបុត្រ​រថភ្លើង​ទៅ​ដូរ​យក​លុយ​វិញ ហើយ​រក​ឡាន​ក្រុង​ត្រលប់​ទៅ​កូឡាឡាំពួរ​វិញ​។ តែ​គាត់​មិន​បាន​ដឹង​ច្បាស់​ថា​ យើង​ត្រូវ​ទៅ​ដូរ​សំបុត្រ​នៅ​ឯណា​ ហើយ​ទៅ​ទិញ​សំបុត្រ​ឡាន​ក្រុង​នៅ​ឯណា​ទេ​។ តែ​គាត់​បាន​ណែនាំ​ពី​ឈ្មោះ​ស្ថានីយ៍​ដែល​យើង​អាច​រក​ទិញ​សំបុត្រ​ឡាន​ក្រុង​បាន​ គឺ​ JB Sentral។ ការម៉ាមិត្ត​ម៉ុងហ្គោល​​ជា​អ្នក​នាំ​ផ្លូវ ដោយ​ជិះ​ឡាន​ក្រុង​ចេញ​ពី​ Woodlands ទៅ​ចំណត​ឡាន​ក្រុង​នោះ។ ជិះ​បាន​មួយ​ចំណត​ ក៏​ឃើញ​គេ​ចុះ​គ្រប់​គ្នា​ ហើយ​គេ​ប្រាប់​ឲ្យ​ចុះ​ដោយ​ប្រាប់​ថា​ជា​ចំណត​ចុង​ក្រោយ​ហើយ។ យើង​គិត​ថា​យើង​មក​ដល់​ JB Sentral ហើយ​។ ចូល​ទៅ​ក្នុង​ចង់​រក​មើល​សំបុត្រ​ឡាន​ក្រុង តែ​អ្វី​ដែល​យើង​ឃើញ​គឺ​កុង​ត្រូល​ពិនិត្យ​លិខិត​ឆ្លងដែន​ជា​ថ្មី ដែល​មាន​ដាក់​ផ្លាក​ថា​ “Malaysian Immigration”។ យើង​មិនយល់​ថា​ ហេតុ​អ្វី​បាន​ជា​ត្រូវ​មាន​កុងត្រូល​ពិនិត្យ​លិខិត​ឆ្លងដែន​ម្តង​ទៀត​ទេ​ ព្រោះ​ទើប​តែ​បោះត្រា​និង​cancelអំបាញ់​មិញ​សោះ។ ខ្ញុំ​និង​គង់​មិត្ត​ថៃ​សួរ​ការម៉ា​ថា​ “តើ​យើង​កំពុង​ទៅ​ណា?” ការម៉ា​ឆ្លើយ​ថា “អត់​ដឹង​ដែរ” ហាហា..

បន្ទាប់​មក​ការម៉ា​ក៏​ចូល​ទៅ​ឲ្យ​គេ​ពិនិត្យ​លិខិត​ឆ្លងដែន​ម្តង​ទៀត​ទាំង​មិន​យល់​ថា​ហេតុ​អ្វី​ត្រូវ​បោះត្រា​ម្តង​ទៀត។ ក្រោយ​មក​ទើប​ខ្ញុំ​សម្រេច​ឲ្យ​ការម៉ា​ប្រាប់​ពី​រឿង​ដែល​យើង​ទើប​តែ​ពិនិត្យ​លិខិតឆ្លងដែន​។ តែ​ការម៉ា​លេង​រៀបរាប់​ដំណើរ​ដើម​ទង​កាល​ពី​ព្រេងនាយ​ចប់​សព្វ​គ្រប់​ដល់​បុគ្គលិក​ម្នាក់​នោះ​។ ពូ​នោះ​ស្តាប់​ការម៉ា​ឡើង​ចំហរ​មាត់​ មិន​ដឹង​ថា​គាត់​យល់​ពី​អ្វី​ដែល​ចង់​ប្រាប់​ឬ​អត់​ទេ​ ក្រោយ​មក​គាត់​ក៏​នាំ​យើង​ទៅ​ជួប​បុគ្គលិក​២នាក់​ទៀត។ ៣នាក់​គាត់​ពិភាក្សា​គ្នា​មិន​ដឹង​អី​ខ្លះ​ទេ​ ឃើញ​តែ​លើក​យក​លិខិតឆ្លង​ដែន​យើង​ចុះ​ឡើង។ ខ្ញុំ​ក៏​សួរ​ការម៉ា​ថា​ “ហេតុ​អី​បាន​ជា​ប្រាប់​គាត់​វែង​ឆ្ងាយ​ម្ល៉េះ? តើ​ពួក​គាត់​យល់​​ថា​យើង​ចង់​បាន​អ្វី​ទេ?” ការម៉ា​ឆ្លើយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ “យល់” អ៊ូ…ការម៉ា ច្បាស់​ណាស់​នែស xD

ពូ​២នាក់​នោះ​ក៏​ងាក​មក​ឆ្ងល់​ពី​ visa របស់​យើង​វិញ បន្ទាប់​មក​ ការម៉ា​ក៏​ចាប់​ផ្តើម​ពន្យល់​សារដើម​ម្តង​ទៀត និង​ពន្យល់​ពី​visaរបស់​ពួក​យើង។ ក្រោយ​និយាយ​គ្នា​ដឹង​សាច់​រឿង​រួច​មក គាត់​ក៏​បោះ​ visa ឲ្យ​យើង​។ ពេល​ដែល​បោះ​ត្រា​ visa ហើយ​ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​ ពេល​នេះ​យើង​ចូល​ដែន​ដី​ម៉ាលេស៊ី​ហើយ​ តែ​ការម៉ា​និង​គង់​នៅ​គិត​ថា​ខ្លួន​កំពុង​នៅ​ក្នុង​ទឹក​ដី​សាំងហ្កាពួរ​នៅ​ឡើយ។ បោះ​ត្រា​រួច​ ពេល​ចេញ​មក​ក្រៅ​យើង​ឃើញ​កន្លែង​លក់​សំបុត្រ​រថភ្លើង​ ក៏​ចូល​ទៅ​សួរ​នាំ​ដើម្បី​ដូរ​យក​លុយ​វិញ។ សួរ​នាំ​រួច​ហើយ​ យើង​ក៏​ទទូល​បាន​លុយ​វិញ​គ្រប់​ចំនួន​ ហើយ​គេ​ប្រាប់​ថា​ នៅ​មាន​ឡាន​ក្រុង​ទៅ​កូឡាឡាំពួរ​នៅ​ឡើយ តែ​ត្រូវ​រហ័ស​បន្តិច ព្រោះ​អស់​ត្រឹម​ម៉ោង​ ១កន្លះ​យប់​។

បញ្ហា​ថ្មី​បាន​ចូល​មក​ដល់​គឺ​ការ​ជិះ​តាក់​ស៊ី! គេ​ប្រាប់​ថា​ចំណត​រថយន្ត​ក្រុង​គឺ​នៅ​ Larkin Bus Station តែ​គេ​ថា​នៅ​ឆ្ងាយ​ដែរ។ អត់​ដឹង​ថា​នៅ​ទី​ណា​ ហើយ​ពេល​យប់​កណ្តាល​អាធ្រាត្រ​ទៀត។ យើង​នៅ​ឈរ​រេរាៗ ថា​តើ​ត្រូវ​ជិះ​តាក់​ស៊ី​ ឬ​នៅ​ចាំ​ដល់​ភ្លឺ (ពេល​នោះ​ម៉ោង​ប្រហែល​១២)។ ចុង​ក្រោយ​យើង​សម្រេច​ថា​ជិះ​តាក់​ស៊ី ចាប់​បាន​តាក់​ស៊ី​ហើយ​ ដោយ​ឃើញ​តម្លៃ​វាស់​ម៉ែត្រ​ចាប់​ផ្តើម​ពី​ ៣ដុល្លា​ ដូច​នៅ​ម៉ាលេដែរ​ គង់​លាន់​មាត់​ថា​ “យី! នៅ​សាំងហ្កាពួរ​តាក់​ស៊ី​ចាប់​ផ្តើម​ពី​៣ដុល្លា​ដែរ​ណ៎ តែ​ខុស​គ្នា​ខ្លាំង​ណាស់”, ខ្ញុំ​ប្រកែក​ភ្លាម​ថា​ “អត់​ទេ! សាំងហ្កាពួរ​អី យើង​កំពុង​នៅ​ម៉ាលេ​ហើយ​តើ! មើល​អក្សរ​នៅ​តាម​ផ្លូវ​ទៅ​ សុទ្ធ​តែ​ភាសា​ម៉ាលេ ហើយ​នៅ​លើ​តាក់​ស៊ី​មិញ​ ក៏​សរសេរ​ថា​​ TEKSI ដែរ​ មិន​មែន​ TAXI ទេ”។ ការម៉ា​និង​គង់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​ប្រទេស​ម៉ាលេស៊ី​ដោយ​មិន​ដឹង​ខ្លួន : ))

នៅ​តាម​ផ្លូវ​ស្ងាត់​ឲ្យ​ជ្រៀប ហើយ​មិន​ដឹង​ថា​បង​តៃកុង​គាត់​នាំ​យើង​ទៅ​ផ្លូវ​ត្រូវ​ឬ​ខុស​ទេ​ ដំបូង​មិន​សូវ​ភ័យ​ទេ​ តែ​២នាទី​ក្រោយ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​បុក​ពោះ​ភ័យ​រៀង​ៗ​ខ្លួន។ ក្រោយ​មក​យើង​ក៏​នឹក​ឃើញ​គំនិត​យក​ទូរស័ព្ទ​ទៅ​ប្រាប់​មិត្តភក្តិ​ដែល​កំពុង​គេង​លក់​ស្កប់​ស្កល់​ក្នុង​ Hotel នៅ​កូឡាឡាំពួរ ព្រោះ​បើ​ចូល​ដល់​ដែន​ដី​ម៉ាលេ​ច្បាស់​ជា​មាន​សេវ៉ា​វិញ​មិន​ខាន​។ ខ្ញុំ​ទូរស័ព្ទ​ទៅ​ប្រាប់​ សេរ៉ា ជនជាតិ​ Bhutanese ថា​យើង​កំពុង​នៅ​ក្នុង​តាក់ស៊ី ស្វែង​រក​ឡានក្រុង​ត្រលប់​ទៅ​កូឡាឡាំពួរ​វិញ។ សេរ៉ា​និយាយ​ទូរស័ព្ទ​ទាំង​មីង​មាំង​ៗ​ហើយ​ក៏​បិទ​ទូរស័ព្ទវិញ​ទៅ។ អរគុណ​ព្រះ​ជា​ម្ចាស់ ពូ​តៃកុង​​ជូន​យើង​ដល់​ចំណត​ឡានក្រុង​ដោយ​សុវត្ថិភាព។ តែ​ពេល​ចុះ​ពី​តាក់ស៊ី​ បញ្ហា​ថ្មី​កើង​មាន​ម្តង​ទៀត គឺ​ការ​ជ្រើស​រើស​ឡាន​ក្រុង។ ពេល​ចុះ​ពី​តាក់​ស៊ី​ភ្លាម​ មាន​ព្រូឡាន​មក​ចាំ​ហៅ​យើង​ឡើង​ឡានក្រុង​ស្រដៀង​នៅ​ខ្មែរ​ដែរ។ ខ្ញុំ​ប្រាប់​ឲ្យ​គេ​ទាំង​២​កុំ​ឲ្យ​ឥវ៉ាន់​ទៅ​អ្នក​ណា​ទាំង​អស់​ ហើយ​ធ្វើ​ធម្មតា។ ព្រូ​ឡាន​ទាំង​២​ដើរ​តាម​យើង​រហូត​ គេ​ចង់​នាំ​យើង​ទៅ​រក​ឡាន​ក្រុង​គេ​។ យើង​មិន​ទាន់​ឆ្លើយ​អ៊ឺ​អា​ជា​មួយ​គេ​ទេ​ តែ​គ្រាន់​តែ​ដើរ​ទៅ​ធម្មតា​ដើម្បី​ទៅ​មើល​ឡានក្រុង​គេ​សិន​ បើ​មើល​ទៅ​គួរ​ឲ្យ​ទុក​ចិត្ត​ទើប​គិត​តាម​ក្រោយ​។ ពេល​ទៅ​ដល់​ឡាន​ក្រុង​ពុំ​ឃើញ​មាន​អ្នក​ដំណើរ​ផ្សេង​ទេ​ តែ​គេ​ប្រាប់​ថា​ដល់​ម៉ោង​១កន្លះ​ភ្ញៀវ​នឹង​មក​ហើយ​ រួច​គេ​ប្រាប់​ឲ្យ​យើង​ទិញ​សំបុត្រ​ឲ្យ​ហើយ​ ក្នុង​តម្លៃ​ 39RM (មិន​ថ្លៃ​ទេ​ តម្លៃ​ធម្មតា)។ តែ​យើង​បដិសេធ​មិន​ព្រម​បង់​លុយ​ជាមុន​ ព្រោះ​មិន​អាច​ទុក​ចិត្ត​ព្រូ​នោះ​បាន​​ មិន​ដឹង​ថា​សំបុត្រ​នោះ​ពិត​ឬ​អត់​។ រួច​ព្រូ​នោះ​ក៏​នាំ​យើង​ទៅ​ជួប​មេ​របស់​គេ​ មេ​របស់​គេ​អះអាង​ថា​អាច​ទុក​ចិត្ត​បាន​ តែ​យើង​នៅ​តែ​មិន​ទុក​ចិត្ត​ ហើយ​ប្រាប់​ថា​ នឹង​បង់​លុយ​ពេល​ដែល​ឡាន​ក្រុង​ចេញ​ដំណើរ។ ណា​មួយ​យើង​ចង់​ពិនិត្យ​មើល​អ្នក​ដំណើរ​ក្នុង​ឡានក្រុង​ផង បើ​​មាន​គេ​មាន​ឯង​ មាន​ប្រុស​មាន​ស្រី​ទើប​ទៅ​ បើ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ក៏​មិន​ទៅ​ដែរ។ ព្រូ​ឡាន​នោះ​ដូច​ចង់​ខឹង​នឹង​យើង​ដែរ​ ដែល​មិន​ព្រម​ទិញ​សំបុត្រ​ភ្លាម​ៗ។ ដំបូង​ខ្ញុំ​ចង់​ចិត្ត​ទន់​បង់​លុយ​មុន​ដែរ​ ព្រោះ​រាង​អាណិត​ព្រូ​ឡាន​នោះ​ តែ​ការម៉ា​ប្រកែក​អហង្ការ​ថា​មិន​បង់​លុយ​មុន​ដាច់​ខាត​ ​ហើយ​​យើង​ក៏​រួសរាន់​ចូល​ញ៉ាំ​អី​ក្នុង​ហាង​ KFC ដែល​នៅ​ក្បែរ​នោះ។ ឃ្លាន​ក៏​ឃ្លាន​ ភ័យ​ក៏​ភ័យ​ ខ្លាច​តែ​ព្រូ​ទាំង​នោះ​គុំ​ឬ​ខឹង​ ចប់​ប៉ា​ដោយ​ ដូច​នេះ​ហើយ​ទើប​យើង​ចូល​មក​ញ៉ាំ​ក្នុង​ហាង​ដើម្បី​សុវត្ថិភាព​ផង​ និង​បាន​ញ៉ាំ​អី​ផង។ យើង​ចាំ​ដល់​ម៉ោង​ ១:២០ នាទី មាន​អ្នក​ដំណើរ​ឡើង​ជិះ​ច្រើន​ ខ្ញុំ​ដើរ​ទៅ​ឆ្វែល​ឃើញ​មាន​អ្នក​ដំណើរ​ស្រី​ម្នាក់ សប្បាយ​ចិត្ត​ណាស់​ ក៏​សម្រេច​ចិត្ត​បង់​លុយ​ភ្លាម​ ហើយ​និយាយ​សុំទោស​ព្រូ​ឡាន​នោះ​ដែរ​ ឲ្យ​គាត់​យល់​ ព្រោះ​ថា​យើង​ខ្វល់​ខ្វាយ​ពី​សុវត្ថិភាព​និង​មិន​អាច​ទុក​ចិត្ត​អ្នកណា​ផ្តេស​ផ្តាស​បាន​ទេ។

នៅ​ក្នុង​ឡាន​ក្រុង​ ក៏​មិន​សូវ​ជា​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ដែរ​ ព្រួយ​ខ្លាច​គេ​បន្លំ​យក​ឥវ៉ាន់​ពេល​កំពុង​គេង។ ដូច​នេះ​ខ្ញុំ​បាន​យក​ឥវ៉ាន់​គួច​​នឹង​ជើង​និង​គេង​ពី​លើ​កាបូប​ ហ៊ីៗៗៗ…. គេង​លក់​ភ្ញាក់​២ដង​ ស្រាប់​តែ​ដល់​កូឡាឡាំពួរ​ស្រាច់!! លឿន​មែន យើង​ក៏​រួសរាន់​ជិះ​តាក់​ស៊ី​ត្រលប់​ទៅ​ Hotel វិញ។ ឃើញ​ Hotel ដូច​ឃើញ​ទឹក​ដី​កំណើត​ខ្លួន​ឯង​ចឹង​លោកអើយ​!!!! សប្បាយ​ចិត្ត​ណាស់​ ហើយ​យើង​ក៏​ប្រញាប់​ប្រញាល់​ត្រលប់​ទៅ​បន្ទប់​រៀង​ៗ​ខ្លួន… មិន​បាច់​ឆ្ងល់​ទេ​ ម្នាក់​ៗ​គេង​ស្ប៉ាប​ៗ​ដល់​ថ្ងៃ​ត្រង់​ទើប​ក្រោក​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ ព្រោះ​២ថ្ងៃ​ហើយ​ដើរ​រហូត​ ហើយ​ពី​យប់​ក៏​គេង​មិន​បាន​ស្កប់​ស្កល់​ល្អ^_^

ចប់​ហើយ​ ; PPPP

ការម៉ា​ប្រាប់​ថា​យប់​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​នាង​ភ័យ​ជាង​គេ​បំផុត។ ដំបូង​មិន​សូវ​ជា​ភ័យ​អី​ទេ​ ព្រោះ​យើង​មិន​បាន​ធ្វើ​អី​ខុស​ តែ​យូរ​ទៅ​ចេះ​តែ​យូរ​ទៅ មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ នៅ​ទី​ណា​ ហើយ​ត្រូវ​ទៅ​ទីណា​ យប់​កណ្ដាល​អាធ្រាត្រ​ទៀត។ ជា​នារី​ភេទ​ទាំង​៣នាក់​ បើក​ភ្នែក​ម៉ង់​ៗមើល​មុខ​គ្នា​ ចង់​សើច​ផង​ចង់​យំ​ផង តែ​ជា​សំណាង​ល្អ​ណាស់​ដែល​គ្មាន​រឿង​អ្វី​កើត​ឡើង ^_^ មិន​ដឹង​ថា​គួរ​អរគុណ​ដល់​ព្រះ ឬ​អរគុណ​ដល់​ប្រជាជន​ម៉ាលេ​នៅ​ទី​នោះ​ ឬ​អរគុណ​ដែល​សំណាង​បាន​ជួប​តែ​មនុស្ស​ល្អ។ យ៉ាង​ណា​ក៏​ចង់​ចែក​រំលែក​បទពិសោធន៍​មួយ​នេះ ហើយ​ចង់​ទុក​វា​ជា​អនុស្សាវរីយ៍​និង​ការ​ចងចាំ​មួយ​ ជា​ពិសេស​ ចង់​ផ្ដល់​ដំបូន្មាន​ថា​ មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ទេ​ ត្រូវ​ម៉ឺង​ម៉ាត់​ឡើង មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ពី​ភាព​ភ័យ​ខ្លាច​របស់​យើង​ទេ​ ត្រូវ​ធ្វើ​ឲ្យ​រឹង​ប៉ឹង​ កុំ​ឲ្យ​ខ្មាំង​ដឹង​ពី​ភាព​ទន់​ខ្សោយ​ខាង​ក្នុង​របស់​យើង​ឲ្យ​សោះ😉

3 thoughts on “បទ​ពិសោធន៍​បំភ្លេច​មិន​បាន ​នៅ​សាំងហ្កាពួរ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s