ខ្មៅ​ដៃឈើ​​ចាស់​មួយ​ដើម​

“ស្រី​ពៅ! នៀក​ខ្មៅ​ដៃ”
“អត់​ទេ​ ខ្ញុំ​អត់​សរសេរ​ទេ​ខ្មៅ​ដៃ​នឹង”
វា​មិន​មែន​ជា​រឿង​ទើប​តែ​នឹង​កើត​ទេ​ តែ​ជា​រឿង​កើត​ជា​យូរ​មក​ហើយ​ ប្រហែល​ ១៤ ឬ​ ១៥ ឆ្នាំ​មុន​? តែ​ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ទិដ្ឋភាព​នៅ​ថ្ងៃ​នោះ​ តែង​ដិត​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ជានិច្ច​ មក​ដល់​ពេល​នេះ​។ ខ្ញុំ​តែង​នឹក​ឃើញ​រូប​ភាព​ម៉ាក់​ខ្ញុំ​ឈរ​នៅ​មុខ​ផ្ទះ​ ហើយ​លើក​បង្ហាញ​ខ្មៅ​ដៃ​ឈើ​ចាស់​មួយ​ដើម…
ថ្ងៃ​នោះ​ប្រហែល​ពេល​ដែល​ខ្ញុំ​កំពុង​រៀន​ថ្នាក់​ទី​១ ឬ​ទី​២ ដែល​មុន​ដល់​ម៉ោង​ទៅ​រៀន​ ខ្ញុំ​រក​ខ្មៅ​ដៃ​ចុច​ខ្ញុំ​មិន​ឃើញ​ ហើយ​ក៏​បាន​សួរ​ទៅ​ម៉ាក់​ខ្ញុំ​ ដើម្បី​ឲ្យ​ជួយ​រក​។ ខ្ញុំ​ចាំ​បាន​ថា​ ថ្ងៃ​​នោះ​ជា​ថ្ងៃ​ខ្ញុំ​រៀន​វេណ​ថ្ងៃ​ ដូច​នេះ​ម៉ោង​ជិត​១ រក​ខ្មៅ​ដៃ​ចុច​ខ្ញុំ​មិន​ឃើញ​ ខ្ញុំ​ក៏​សម្រេច​ដើរ​ចេញ​ទៅ​រៀន​ ទាំង​ពុំ​មាន​ខ្មៅ​ដៃ​ ហើយ​បំណង​នឹង​ទិញ​ខ្មៅ​ដៃ​ថ្មី​មួយ​ទៀត​ពេល​ទៅ​ដល់​សាលា​។
ដើរ​ចេញ​ពី​ផ្ទះ​បាន​ប៉ុន្មាន​ជំហាន​ ក៏​ឮ​សម្លេង​ម៉ាក់​ខ្ញុំ​ស្រែក​ហៅ​។ ក្រឡេក​ទៅ​ឃើញ​គាត់​កំពុង​កាន់​ខ្មៅ​ដៃ​ឈើ​ចាស់​មួយ​ដើម​ ខ្លី​ប្រហែល​នាង​ដៃ​ តាម​មើល​ត្រូវ​គេ​សរសេរ​ជិត​អស់​ហើយ​។ គាត់​រត់​ចេញ​មក​ពី​ក្នុង​ផ្ទះ​ ឈរ​​នៅ​មាត់​ទ្វារ​ ហើយ​​លើក​ខ្មៅ​ដៃ​ចាស់​នោះ​បង្ហាញ​មក​ខ្ញុំ​ ដោយ​ស្រែក​ប្រាប់​ថា​ “ស្រីពៅ នៀក​ខ្មៅ​ដៃ”។ តែ​ខ្ញុំ​ងៀក​ទៅ​ ឃើញ​ខ្មៅ​ដៃ​ឈើ​ចាស់​នោះ​ហើយ​ ព្រម​ជា​មួយ​ទឹក​មុខ​មិន​ពេញ​ចិត្ត​ ហើយ​ស្រែក​ប្រាប់​គាត់​វិញ​ថា​ “អត់​ទេ​ ខ្ញុំ​អត់​សរសេរ​ទេ​ខ្មៅ​ដៃ​នឹង” ហើយ​ងៀក​មុខ​ចេញ​ ហើយ​ដើរ​តម្រង់​ទៅ​សាលា​បាត់​ទៅ​។
រឿង​គឺ​មាន​តែ​ប៉ុណ្ណឹង​ ឈុត​ឆាក​ដែល​ខ្ញុំ​ចំណាំ​នឹក​ឃើញ​អំ​ពី​ថ្ងៃ​នោះ​ គឺ​មាន​តែ​ប៉ុណ្ណឹង​ឯង​ តែ​ឆ្ងល់​ថា​ហេតុ​អ្វី​ ខ្ញុំ​តែង​តែ​នឹក​ឃើញ​វា​ ហើយ​ចាំ​មក​ដល់​ឥលូវ​។ ពេល​នុង​ខ្ញុំ​មិន​សូវ​មាន​អារម្មណ៍​ថា​ខុស​ទេ​ តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​អាយុ​ខ្ញុំ​កាន់​តែ​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស​កាន់​តែ​ខ្លាំង​ឡើង​ៗ​ និង​ស្តាយ​ក្រោយ​។ ពេល​នេះ​ សម្លឹង​ថយ​ក្រោយ​ ទើប​យល់​ថា​ ខ្លួន​ឯង​ពេល​នោះ​ ពិត​ជា​ធ្វើ​ខុស​ពិត​មែន​ ប្រហែល​មក​ពី​បែប​នេះ​ហើយ​ ទើប​គេ​ឲ្យ​ខ្ញុំ​ចង​ចាំ​ថ្ងៃ​នោះ​មិន​ភ្លេច​សោះ​។
—————————————-

ខ្ញុំ​សារភាព​ថា​ពី​តូច​មក​ ខ្ញុំ​ចូល​ចិត្ត​ភាព​ឡូយ​ឆាយ​ តែ​ក៏​មិន​មែន​ឡូយ​ឆាយ​ហួស​កម្រិត​ដែរ​ គឺ​ទៅ​តាម​កម្រិត​និង​សមត្ថភាព​។ ដូច​នេះ​ភាព​ឡូយ​ឆាយ​របស់​ខ្ញុំ​កាល​រៀន​ថ្នាក់​ទី​មួយ​ ទី​ពីរ​នឹង​ គឹ​ការ​ប្រើ​ខ្មៅ​ដៃ​ចុច​ ជ័រ​លុប​ថ្មី​ បន្ទាត់​ថ្មី​ (មិន​មែន​បាក់)។ ខ្មៅ​ដៃ​ចុច​គឺ​សំខាន់​ជាង​គេ​ ខ្ញុំ​តែង​ប្រើ​ខ្មៅ​ដៃ​ចុច​ជានិច្ច​ពី​តូច​មក​។ ខ្មៅ​ដៃ​ឈើ​ ក៏​ខ្ញុំ​ធ្លាប់​ប្រើ​ម្តង​ម្កាល​ដែរ​ កាល​នៅ​តូច​ តែ​ជា​ខ្មៅ​ដៃ​ទិញ​ថ្មី​ មិន​មែន​ជា​ខ្មៅ​ដៃ​ឈើ​ចាស់​រើស​បាន​តាម​ផ្លូវ​។ កាល​នោះ​ខ្មៅ​ដៃ​ចុច​ប៉ារ៉ា​ មួយ​ប្រហែល​៥០០រៀល​ ឯ​ខ្មៅ​ដៃ​ឈើ​មួយ​១០០រៀល​ ដូច​នេះ​ពេល​នោះ​ខ្ញុំ​យល់​ថា​ ប្រើ​ខ្មៅ​ដៃ​ចុច​វា​ឡូយ​ ពិសេស​សរសេរ​ទៅ​វា​ស្អាត​ជា​ងខ្មៅ​ដៃ​ឈើ​ឆ្ងាយ​ណាស់​។

ខ្ញុំ​មិន​ចូល​ចិត្ត​ខ្លួន​ខ្ញុំ​ ដែល​ស្រឡាញ់​ភាព​ឡូយ​ឆាយ​ ឬ​ភាព​ហ៊ឺហារ​មិន​ប្រមាណ​ខ្លួន​ ហេតុ​នេះ​ ពេល​ដែល​ខ្ញុំ​ធំ​បន្តិច​រាល់​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ថ្ងៃ​នោះ​ ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ខុស​ចំពោះ​ខ្លួន​​ឯង​ និង​ម៉ាក់​។ តែ​ចំណុច​មួយ​ ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្លួន​ឯង​ គឺ​ថ្វី​ត្បិត​តែ​ខ្ញុំ​ស្រឡាញ់​ភាព​ឡូយ​ឆាយ​ តែ​ខ្ញុំ​មិន​មែន​ដើម្បី​ភាព​ឡូយ​ឆាយ​ទាំង​នោះ​ សុំ​លុយ​ម៉ាក់​ទៅ​ទិញ​ ឬ​ចាយ​លុយ​ខ្ជះ​ខ្ជាយ​ដូច​ក្មេង​ខ្លះ​ទេ​។ ខ្ញុំ​ចូល​ចិត្ត​សន្សំ​លុយ​ដើម្បី​ទិញ​របស់​ដែល​ខ្ញុំ​ចង់​ទិញ​ដោយ​ខ្លួន​ឯង​ ជា​ជាង​សុំ​លុយ​ម៉ាក់​ទិញ​ទាល់​ដុល​។​ មួយ​វិញ​ទៀត​ ខ្ញុំ​ប្រើ​របស់​ថែ​😀 ខ្ញុំ​យល់​ថា​ មួល​ហេតុ​ដែល​ខ្ញុំ​ប្រើ​របស់​ថែ​ គឺ​ដោយ​សារ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​វា​មក​ដោយ​លំបាក​ ព្រោះ​ត្រូវ​សន្សំ​លុយ​ទិញ​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ បើ​របស់​ដែល​ម៉ាក់​ទិញ​ឲ្យ​តែ​ម្តង​ដូច​ជា​ អាវ​ថ្មី​ កាតាប​ថ្មី​ សៀវភៅ​ថ្មី​ ។ល។ ក៏​ខ្ញុំ​តែង​ប្រើ​វា​ថែ​ជានិច្ច​ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​ប្រើ​របស់​ចាស់​។ ខ្ញុំ​ដឹង​ថា​ បើ​ខ្ញុំ​ប្រើ​វា​ឲ្យ​ចាស់​ ម៉ាក់​មិន​ងាយ​នឹង​ទិញ​អា​ថ្មី​ឲ្យ​ទៀត​ទេ​ ដូច​នេះ​ខ្ញុំ​ត្រូវ​ប្រើ​របស់​ឲ្យ​ចេះ​ថែ​ ដើម្បី​ឲ្យ​វា​ថ្មី​រហូត​ ត្បិត​អី​ខ្ញុំ​គ្មាន​សមត្ថភាព​ទិញ​របស់​ថ្មី​រហូត​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពី​កុមារភាព​របស់​ខ្ញុំ​:mrgreen:

ចូល​ដល់​ប្រធាន​បទ​ ខ្មៅ​ដៃ​ឈើ​ចាស់​វិញ​ ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​នូ​វការ​ចង​ចាំ​មួយ​នេះ​ ហើយ​យល់​ថា​ កាល​នោះ​មិន​គួរ​ណា​រើស​អើង​ ប្រើ​តែ​របស់​ល្អ​។ ពេល​គិត​ទៅ​ដល់​ទឹក​ចិត្ត​ម៉ាក់​ដែល​ខំ​រក​ខ្មៅ​ដៃ​ឲ្យ​ ដោយ​រើ​កកាយ​ពេញ​ផ្ទះ​ ទី​បំផុត​រក​ឃើញ​ហើយ​ តែ​កូន​បែរ​ជា​ប្រកែក​មិន​ប្រើ​ ហើយ​ដើរ​ទៅ​រៀន​ធ្វើ​​ព្រងើយ​ T__T
នឹក​ឃើញ​ដល់​ត្រង់​នេះ​ម្តង​ៗ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស​ គឺ​ខុស ខុស​ខ្លាំង​មែន​ទែន! តើ​អ្នក​យល់​ថា​ខ្ញុំ​គួរ​ឲ្យ​វ៉ៃ​ទេ​? ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​ចាំ​ថ្ងៃ​នោះ​មិន​ភ្លេច.. តែ​ខ្ញុំ​មិន​ដែល​និយាយ​ ឬ​ប្រាប់​រឿង​នេះ​ដល់​នរណា​​ទេ​ គ្រាន់​តែ​នឹក​ឃើញ​តែ​ម្នាក់​ឯង​ រហូត​មក​ដល់​ថ្ងៃ​នេះ​ ក៏​សម្រេចសរសេរ​នូវ​ការ​ចង​ចាំ​មួយ​នេះ​ឡើង​ ទុក​សម្រាប់​ដាស់​តឿន​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ​ ហើយ​ក៏​ចង់​ចែក​រំលែក​ដល់​អ្នក​ជំនាន់​ក្រោយ​ សង្ឃឹម​ថា​ អត្ថបទ​មួយ​នេះ​ អាច​ដាស់​តឿន​មនុស្ស​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​ឬ​កំពុង​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​នេះ…😉

13 thoughts on “ខ្មៅ​ដៃឈើ​​ចាស់​មួយ​ដើម​

  1. សរសេរបានល្អ! អានហើយចង់យំតិចៗ នឹងឃើញកាលពីនៅក្មេង ខ្ញុំជាក្មេងទម្រើសចូលចិត្តធ្វើបាបម៉ាក់។ របស់ទិញថ្មីទើបបានប្រើ របស់សល់ពីបងៗមិនប្រើទេ ហើយមានរឿងដែរស្តាប់ហើយគួរឲ្យចង់ធាក់ច្រើនទៀត😥

  2. ចាំបានថា គ្រាន់តែកំរាលពូក(តូច)របស់ខ្លួនជ្រួញ ក៍ក្រោកជំទាលទាំងកណ្តាលអាទ្រាតដាស់ប៉ាម៉ាក់ដែរ នឹកឃើញហើយ គួរអោយចាប់មួលកទៅក្រោយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s