បាន​គុណ​កន្សែង​តូច​ពេល​គ្រុន​ក្តៅ​


តាំង​ពី​មក​កូរ៉េ​ ខ្ញុំ​មិន​ដែល​គ្រុន​ក្តៅ​ ឬ​ផ្តាសាយ​ធំ​ម្តង​ណា​ទេ​ (ធ្លាប់​តែ​ឈឺ​កន្លែង​ផ្សេង​ដូច​ជា​ ឈឺ​ក្រពះ​ ឈាម​​ច្រមុះ​ ។ល។) តែ​អ្នក​ដឹង​ទេ​ ប្រហែល​ពីរ​បី​សប្តាហ៍​មុន​ ខ្ញុំ​នៅ​សុខ​ៗ​ស្រាប់​តែ​ឡើង​កម្តៅ​​ស្ទីង​ ព្រឺ​រងាៗ​។ ពី​ដំបូង​ ខ្ញុំ​គិត​ថា​គ្រាន់​តែ​ក្តៅ​ខ្លួន​ធម្មតា​ៗ​ទេ​ តែ​ពីរ​បី​ម៉ោង​ក្រោយ​ (ប្រហែល​ម៉ោង​៩​យប់​) ខ្លួន​ខ្ញុំ​ក្តៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ពិបាក​ក្នុង​ខ្លួន​ជា​ខ្លាំង​។
ជា​ធម្មតា​ ខ្ញុំ​មិន​ទម្លាប់​លេប​ថ្នាំ​ពេល​ឈឺ​ទេ​ ហើយ​ក៏​មិន​ទម្លាប់​ស្ទុះ​ស្ទារ​ព្យាបាល​ជំងឺ​ខ្លួន​​ឯង​ដែរ​ ព្រោះ​គិត​ថា​ពីរ​បី​ថ្ងៃ​ក្រោយ​ វា​គង់​នឹង​ជា​ឯង​។ ពិសេស​​ពេល​ឈឺ​រាល់​ដង​ មាន​ម៉ាក់​ជា​អ្នក​មើល​ថែ​ឲ្យ​… តែ​ថ្ងៃនោះ​ ខ្លួន​ខ្ញុំ​ពិត​ជា​ក្តៅ​ខ្លាំង​ណាស់​​ តែ​មាន​អារម្មណ៍​ថា​រងា​​ ខ្ញុំ​បាន​រក​អាវ​ក្រាស់​ៗ​ពាក់​ពីរ​បីជាន់​ហើយ​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​រងា​ តែ​ខ្លួន​ខ្ញុំ​ក្តៅ​ស្ទីង​។
ខំ​ចូល​គេង​ពី​ព្រលប់​ដែរ​ តែ​គេង​មិន​លក់​ រំពេច​នោះ​ ខ្ញុំ​នឹក​ឃើញ​ពេល​ខ្ញុំ​ក្តៅ​ខ្លួន​រាល់​ដង​ ម៉ាក់​ខ្ញុំ​តែង​ទិញ​ទឹក​កក​មក​ស្អំ​ឲ្យ​ខ្ញុំ​ និង​យក​កន្សែង​ជ្រលក់​ទឹក​មក​ជូត​ខ្លួន​ឲ្យ​ខ្ញុំ​ ពេល​ខ្ញុំ​មុន​ចូល​គេង​។ តែ​នឹក​មិន​ឃើញ​សោះ​ថា​ គួរ​យក​កន្សែង​ជ្រលក់​​ទឹក​ក្តៅ​ ឬ​ទឹក​ត្រជាក់​ ព្រោះ​ខ្លួន​ខ្ញុំ​ក្តៅ​ស្ទីង​ តែ​ព្រឺ​រងា​ៗ​។ រក​នឹក​មិន​ឃើញ​ ក៏​សម្រេច​​ចិត្ត​តេ​ទៅ​សួរ​ម៉ាក់​ខ្ញុំ​ផ្ទាល់​។
ខ្ញុំ​ដឹង​ ថា​ពេល​ឈឺ​ មិន​គួរ​តេ​ទៅ​ប្រាប់​អ្នក​ផ្ទះ​ទេ​ ព្រោះ​នាំ​តែ​ឲ្យ​គាត់​​បារម្ភ​ ណា​មួយ​ប្រាប់​ទៅ​ ក៏​ជួយ​អ្វី​មិន​បាន​ដែរ​ តែ​ដោយ​មិន​ដឹង​ទៅ​សួរ​អ្នក​ណា​ ក៏​តេ​ទៅ​សួរ​គាត់​តាម​ត្រង់​ទៅ​។ គាត់​ប្រាប់​ថា​ ឲ្យ​យក​កន្សែង​ជ្រលក់​​​ទឹក​ត្រជាក់​ស្អំ​ក្បាល​ និង​ពោះ​ ហើយ​ឲ្យ​រក​ថ្នាំ​លេប​។ ដំបូង​គិត​ថា​ ចាំ​ព្រឹក​ឡើង​​ ចាំ​ទៅ​រក​ទិញ​ថ្នាំ​ផឹក​ តែ​បើក​ថត​តុ​ទៅ​​ ក៏​ឃើញ​មាន​ថ្នាំ​ Decolgen ដែល​ម៉ាក់​បាន​ខ្ចប់​ឲ្យ​ខ្ញុំ​ពេល​មក​កូរ៉េ​។

ក្រោយ​ពី​លេប​ថ្នាំ​ហើយ​ ត្រូវ​រក​កន្សែង​មក​ជ្រលក់​ទឹក​ត្រជាក់​ដើម្បី​ចូល​គេង​ តែ​ខ្ញុំ​មានតែ​​កន្សែង​ធំ​ៗ​ (កន្សែង​ជូត​មុខ​)។ រក​មួយ​សន្ទុះ​ ក៏​នឹក​ឃើញ​កូន​កន្សែង​មួយ​នេះ​😀
កន្សែង​តូច​មួយ​នេះ​ ជា​កាដូ​ពី​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ឈ្មោះ​ ធីតា​ ដែល​គេ​បាន​ឲ្យ​ខ្ញុំ​មុន​ពេល​ខ្ញុំ​មក​កូរ៉េ​។ ដោយ​កន្សែង​នេះ​តូច​ពេក​ ខ្ញុំ​មិន​បាន​ប្រើ​ទេ​ គ្រាន់​តែ​​ទុក​ជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។ ទើប​តែ​ថ្ងៃ​នោះ​ ថ្ងៃ​ដែល​ខ្ញុំ​ឈឺ​ វា​ពិត​ជា​មាន​ប្រយោជន៍​​ខ្លាំង​ណាស់​ ព្រោះ​តូច​ល្មម​សម្រាប់​ឲ្យ​ខ្ញុំ​ស្អំ​ក្បាល​បាន​យ៉ាង​ស្រួល​។
មិន​បង្អង់​ ក៏​យក​កន្សែង​តូច​មួយ​នេះ​ និង​កន្សែង​ជូត​មុខ​មួយ​ទៀត​ដែល​ធំ​ល្មម​ ជ្រលក់​ទឹក​ត្រជាក់​ ពូត​ទឹក​លំ​ៗ​ ហើយ​ដាក់​ស្អំ​ក្បាល​ និង​ពោះ។

ហើយ​ថ្ងៃ​នេះ​ ខ្ញុំ​រើ​ទូ​ខោ​អាវ​ ឃើញ​កន្សែង​តូច​នេះ​។ គ្រាន់​តែ​ឃើញ​កូន​កន្សែង​តូច​នេះ​ភ្លាម​ ខ្ញុំ​នឹក​ឃើញ​ដល់​ថ្ងៃ​ដែល​ខ្ញុំ​គ្រុន​ក្តៅ​នោះ​ភ្លាម​ និង​នឹក​ឃើញ​ស្នាម​ញញឹម​របស់​ម្ចាស់​ កាដូ​ ^^

អ្នក​ដឹង​ទេ​ ពេល​ឈឺ​ម្តង​ៗ​ តើ​អ្នក​ណា​ដែល​យើង​នឹក​ឃើញ​ទី​មួយ​?​ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ mummy ជា​ទី​ស្រលាញ់​ទេ​😀 ហ៊ី​ៗ…
អា​..​ កាន់​តែ​និយាយ​ កាន់​តែ​នឹក​ផ្ទះ​ហើយ​។ បាន​ហើយ​! សុំ​ចប់​ត្រឹម​នេះ​ចុះ​ ខ្លាច​ក្រែង​​ទប់​ទឹក​ភ្នែក​មិន​ជាប់​:mrgreen:

One thought on “បាន​គុណ​កន្សែង​តូច​ពេល​គ្រុន​ក្តៅ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s