អាហារូបករណ៍​មក​កូរ៉េ​ របស់​ខ្ញុំ​ (Korean Government Scholarship Program / NIIED)

សួស្តី​, ដោយ​សង្កេត​ឃើញ​ថា​ កន្លង​មក​មាន​មិត្ត​ភក្តិ​ជា​ច្រើន​ ក៏​ដូច​ជា​សិស្ស​ប្អូន​ទាំង​ឡាយ​ ទាំង​អ្នក​ធ្លាប់​និង​អ្នក​មិន​ធ្លាប់​ស្គាល់​ បាន​សួរ​អំពី​អាហារូបករណ៍​របស់​ខ្ញុំ​ជា​ហូរហែ​មក​ ដូច​នេះ​​ នាង​ខ្ញុំ​ថ្ងៃ​នេះ​សម្រេច​ចិត្ត​សរសេរ​ប្រកាស​មួយ​នេះ​ឡើង​ ទុក​គ្រាន់​​ពេល​បង​ប្អូន​ណា​គាត់​ឆ្ងល់​ គាត់​ចង់​ដឹង​អី​ អាច​មក​មើល​នៅ​ទី​នេះ​បាន​😀

ជា​ទូទៅ​ សំនួរ​របស់​ពួក​គាត់​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ ពេល​នេះ​ខ្ញុំ​នឹង​សង្ខេប​សំនួរ​របស់​ពួក​គាត់​ឡើង​វិញ​ ហើយ​ ឆ្លើយ​ម្តង​មួយ​ៗ​ឲ្យ​ស្តាប់​។

  1. តើ​ខ្ញុំ​ជាប់​តាម​អាហារូបករណ៍​អ្វី​?
  2. តើ​ខ្ញុំ​រៀន​អ្វី​ពេល​នៅខ្មែរ​? នៅ​ឯណា​?
  3. តើ​ខ្ញុំ​ស្គាល់​អាហារូបករណ៍​នោះ​តាម​ណា​?
  4. តើ​ខ្ញុំ​ទៅ​យក​ពាក្យ​ និង​ដាក់​ពាក្យ​អាហារូបករណ៍​នៅ​ឯណា​? តាម​របៀប​ណា​?
  5. ដើម្បី​ដាក់​ពាក្យ​អាហារូបករណ៍​នោះ​បាន​ តើ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​អ្វី​ខ្លះ? -ល-

…………………………………………………………………………………………………

តាម​ពិត​នាង​ខ្ញុំ​ក៏​មិន​ចង់​បង្ហាញ​សាវតា​ខ្លួន​​ឯង​ដោយ​លំអិត​និង​ជា​សាធារណៈ​ពេក​ដែរ​ តែ​ពេល​គេ​សួរ​ បើ​យើង​មិន​ឆ្លើយ​តាម​ត្រង់​ គេ​ថា​យើង​ឆ្មើង​អីណឹង​ណា​😀

អូខេ​, នាង​ខ្ញុំ​មុន​មកកូរ៉េ​ រៀន​​នៅ​ IFL ដេប៉ាតេ​ម៉ង់​ ភាសា​កូរ៉េ​។ តែ​ក្រៅ​ពី​ IFL នាង​ខ្ញុំ​ក៏​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ (CMU) មុខ​ជំនាញ​…? ដោយ​ហេតុ​ថា​ចុច​ៗ ព្រោះ​មិន​ដឹង​ថា​ប្រាប់​មួយ​ណា​ ^^ ព្រោះ​កាល​ចូល​រៀន​ដំបូង​ឆមាស​ទី​មួយ​ ខ្ញុំ​រៀន​គណនេយ្យ​, តែ​ចូល​ដល់​​ឆមាស​ទី​២ ក៏​ប្រែ​ចិត្ត​ទៅ​រៀន​ អាយ​ធី​ វិញ​។ ហើយ​នៅ​ពេល​យប់​ ខ្ញុំ​រៀន​ជំនាញ​ អង់​គ្លេស​នៅ​ CMU ដែរ​ (រៀន​សរុប​៣ជំនាញក្នុង​ពេល​តែ​មួយ​​)។ ហើយ​ទាំង​៣ជំនាញ​នេះ​ ខ្ញុំ​រៀន​ដោយ​សារ​ខ្ញុំ​ជាប់​អាហារូបករណ៍​១០០%​ ទាំង​បី​ទេ​ ទើប​ខ្ញុំ​រៀន​ កុំ​ច្រលំ​ថា​ខ្ញុំ​មក​ពី​ត្រកូល​អី​ណា​នោះ​អី​😉

រៀន​បាន​មួយ​ឆ្នាំ​ ពេល​ចូល​ដល់​ឆ្នាំ​ទី​ពីរ​ ឆមាស​ទី​មួយ​ រៀន​បាន​ពីរ​ ទៅ​បី​ខែ​ក៏​ជាប់​អាហារូបករណ៍​មក​កូរ៉េ​ហើយ​ក៏​បោះ​បង់​ចោល​សិក្សា​ទាំង​អស់​នៅ​ខ្មែរ​ វ៉ិច​បង្វិច​មក​កូរ៉េ​ត្រុក​ៗ​មក​។

  • នរណា​អាច​ដាក់​ពាក្យ​អាហារូបករណ៍​នេះ​បាន​?

ចំពោះ​សំណួរ​នេះ​នាង​ខ្ញុំ​សុំ​ឆ្លើយ​តែ​ចំពោះ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាប័ត្រ​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ដឺម៉ង់​ គេ​បញ្ជាក់​ថា​ បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ​គួរ​តែ​មាន​ពិន្ទុ​ល្អ​នៅ​ពេល​រៀន​នៅ​វិទ្យាល័យ​ ជា​ពិសេស​គឺ​និន្ទេស​ពេល​ប្រលង​បាក់ឌុប​ គឺ​ត្រូវ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​២០%​នៃ​និន្ទេស​សរុប​ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​ គឺ​ទទួល​យក​តែនិន្ទេស​ A និង​ B តែ​ប៉ុណ្ណោះ​។ អ្នក​បាន​និន្ទេស​ក្រោម​នេះ​ ប្រហែល​ជា​អាច​ដាក់​បាន​ តែ​ភាគរយ​សង្ឃឹម​ជាប់​ប្រហែល​តិច​ហើយ​។

ហើយ​លោក​អ្នក​ត្រូវ​ចេះ​ភាសា​អង់​គ្លេស​ឬ​កូរ៉េ​។ បើ​លោក​អ្នក​មិន​ចេះ​កូរ៉េ​សោះ​ គឺ​ត្រូវ​ពូកែ​អង់​គ្លេស​(មិន​តម្រូវ​ឲ្យ​មាន​ TOEFLអី​ទេ​), បើ​លោក​អ្នក​ចេះ​កូរ៉េ​គ្រាន់​បើ​ គួប​ផ្សំ​នឹង​ភាសា​អង់​គ្លេស​ទៀត​ នោះ​រឹត​តែ​ល្អ​។ ការ​ដាក់​ពាក្យ​ប្រលង​ អាច​សរសេរ​ជា​ភាសា​អង់គ្លេស​ក៏​បាន​ កូរ៉េ​ក៏​បាន​ (បើ​អង់​គ្លេស​ អង់​គ្លេស​ទាំង​អស់​, កូរ៉េ​ កូរ៉េ​ទាំង​អស់​)។

  • តើ​ត្រូវ​រៀប​ចំ​ឯកសារ​អ្វី​ខ្លះ​?

រាល់​ឯកសារ​ដែល​គេ​តម្រូវ​ឲ្យ​ដាក់​មាន​ដូច​ជា​ សំបុត្រ​កំណើត​ ព្រឹត្តបត្តិ​ពិន្ទុ​ សញ្ញាប័ត្រ​ទុតិយភូមិ​ លិខិត​ឆ្លង​ដែន​ វិញ្ញាបនប័ត្រ​ផ្សេង​ៗ -ល- ត្រូវ​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​ ដែល​មាន​បោះ​ត្រា​ត្រឹម​ត្រូវ​។ (ទាំង​អស់​នេះ​មាន​បញ្ជាក់​ក្នុង​ដឺម៉ង់​ច្បាស់​ហើយ​)

នៅ​ក្នុង​ដឺម៉ង់​គេ​តម្រូវ​ឲ្យ​អ្នក​សរសេរ​អត្ថបទ​២ ដែល​មួយ​សរសេរ​ពី​ ការ​ណែនាំ​ពី​ខ្លួន​អ្នក​ និង​មួយ​ទៀត​គឺ​ Study Plan អត្ថបទ​ទាំង​ពីរ​នេះ​ជា​អត្ថបទ​សំខាន់​ដែល​​គេ​នឹង​អាន​ហើយ​សម្រេច​ជ្រើស​រើស​អ្នក​ ដូច​នេះ​គួរ​សរសេរ​ដោយ​ផ្ចិត​ផ្ចង់​ និង​ឲ្យ​គេ​ចាប់​អារម្មណ៍​ពី​អ្នក​។ មាន​២ភាសា​សម្រាប់​ជ្រើស​រើស​ក្នុង​ការ​សរសេរ​៖ អង់​គ្លេស​ ឬ​ កូរ៉េ​។

ការ​ដាក់​ពាក្យ​ប្រលង​

អាហារូបករណ៍របស់​ខ្ញុំ​ មាន​ឈ្មោះ​ថា​ NIIED (National Institute for International Education) ឬ​ខ្លះ​ហៅ​ KGSP (Korean Government Scholarship Program) ដែល​ជា​អាហារូបករណ៍​របស់​រដ្ឋាភិបាល​កូរ៉េ​ផ្តល់​ឲ្យ​បណ្តាល​ប្រទេស​លើ​ពិភពលោក​រៀង​រាល់​ឆ្នាំ​ ឲ្យ​មក​សិក្សា​នៅ​កូរ៉េ​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ​។ កាល​ជំនាន់​ខ្ញុំ​ គេ​ជ្រើស​រើស​សិស្ស​ ១៥០​នាក់​ ទូទាំង​ពិភព​លោក​ ក្នុងនោះ​​និស្សិត​កម្ពុជា​ ៤ នាក់​។ តែ​ឆ្នាំ​ក្រោយ​ៗ​មក​ ឮថា​កាត់​បន្ថយ​ត្រឹម​ ១០០ (ខ្មែរ​៣នាក់​)។

  • បើ​អ្នក​ចង់​ដាក់​ពាក្យ​ សូម​ចូល​ទៅ​កាន់​ http://www.niied.go.kr/
  • ចុច​ប៊ូតុង​ English ហើយ​ជ្រើស​រើស​ Korean Government Scholarship Students

អ្នក​នឹង​ឃើញ​បញ្ជី​ប្រកាស​ ហើយ​សូម​ពិនិត្យ​មើល​កាល​បរិច្ឆេទ​នៃ​ប្រកាស​នី​មួយ​ៗ ថា​តើ​គេ​ប្រកាស​តាំង​ពី​ថ្ងៃ​ណា​ ឆ្នាំ​ណា​មក​។

ជា​ធម្មតា​ អាហារូបករណ៍​​សម្រាប់​បរិញ្ញាប័ត្រ​មាន​ប្រកាស​ចាប់​ពី​ខែ​ វិច្ឆិកា​ ឬ​ធ្នូ​ ហើយ​ផុត​កំណត់​ត្រឹម​ខែ​មករា​ ចេញ​លទ្ធផល​ខែ​កុម្ភះ​ ចូលរៀន​ខែ​មេសា​។

រីឯ​ថ្នាក់ឧត្តម​សិក្សា​វិញ​ ជា​ធម្មតា​ចាប់​ប្រកាស​រើស​ខែ​មិនា​ ចូល​រៀន​ខែ​សីហា​។

តែ​គេ​អាច​ដូរ​បាន​គ្រប់​ពេល​វេ​លា​ ដូច​នេះ​អ្នក​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​វិប​សាយ​ដែល​ប្រាប់​ខាង​លើ​ដោយ​ខ្លួន​ឯង​។ (បញ្ជាក់​៖ អាច​មាន​វិបសាយ​ផ្សេង​ទៀត​ តែ​សម្រាប់​ខ្ញុំ​គឺ​ប្រើ​វិបសាយ​នេះ​ ដូច​នេះ​បើ​លោក​អ្នក​ស្គាល់​ឬ​ប្រើ​ប្រាស់​វិបសាយ​ផ្សេង​ គឺ​ស្រេច​តាម​ចំនូល​ចិត្ត​)

  • បើ​ឃើញ​គេ​រើស​ប្រកាស​ជ្រើស​រើស​សិស្ស​អាហារូបករណ៍​នៅ​ក្នុង​បញ្ជី​នោះ​ហើយ​ សូម​ចុច​ទៅ​លើ​ការ​ប្រកាស​នោះ​ទៅ​ ដើម្បី​ធ្វើ​ការ​ដោន​ឡូដ​ពាក្យ​អាហារូបករណ៍
  • ពាក្យ​អាហារូបករណ៍​នោះ​គឺ​មាន​ច្រើន​ទំព័រ​ ព្រោះ​មិន​មែន​មាន​តែ​សន្លឹក​បំពេញ​ពាក្យ​ប៉ុណ្ណោះ​ទេ​ គឺ​មាន​ការ​ពន្យល់​ពី​អាហារូបករណ៍​គ្រប់​ចំនុច​ទាំង​អស់​ ទាំង​ចំនួន​សិស្ស​ត្រូវ​រើស​ ត្រូវ​ការ​អ្វី​ខ្លះ​ ទាម​ទារ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ ឲ្យ​ប្រាក់​ខែ​ប៉ុន្មាន​ ក្លូ​ដឺម៉ង់​ថ្ងៃ​ណា​ ចេញ​លទ្ធផល​ថ្ងៃ​ណា​ ចូលរៀន​ថ្ងៃ​ណា​ ។ល។ គឺ​មាន​ទាំង​អស់​
  • កាល​ខ្ញុំ​ គឺ​ពុំ​មាន​ស្គាល់​អ្នក​ណា​ទេ​ គឺ​ខ្ញុំ​មើល​តែ​ដឺម៉ង់​នោះ​ ហើយ​រត់​ការ​ខ្លួន​​ឯង​ទាំង​អស់​។ ដូច​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ ប្អូន​ៗ​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​ គួរ​ណា​ចំណាយ​ពេល​អាន​ពាក្យ​នោះ​ច្រើន​សារ​និង​ស្វែង​យល់​បន្តិច​ នោះ​នឹង​យល់​និង​អាច​ធ្វើ​បាន​មិន​ខាន​។

ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​​

ការ​ដាក់​ពាក្យ​ មាន​​ ២ ជម្រើស​ គឺ ការ​ដាក់​ពាក្យ​តាម​រយៈ​ ស្ថាន​ទូត​ (ស្ថាន​ទូត​កូរ៉េ​នៅ​ខ្មែរ​) និង​តាម​រយៈ​សាកល​វិទ្យាល័យ​នៅ​កូរ៉េ​។

តាម​រយៈ​ស្ថានទូត​​

បើ​លោក​អ្នក​ចង់​ដាក់​ពាក្យ​​តាម​ស្ថាន​ទូត​ លោក​អ្នក​គ្រាន់​តែ​រៀប​ចំ​ឯកសារ​ទៅ​តាម​តម្រូវ​ការ​ដែល​បាន​បញ្ជាក់​ក្នុង​ដឺម៉ង់​ ហើយ​យក​ទៅ​ដាក់​នៅ​ស្ថាន​ទូត​ជា​ការ​ស្រេច​។ បន្ទាប់​ពី​ដាក់​ពាក្យ​នៅ​ស្ថានទូត​រួច​ លោក​អ្នក​រង់​ចាំ​តែ​ថ្ងៃ​ចេញ​លទ្ធផល​តែ​ប៉ុណ្ណោះ​ ដែល​លទ្ធផល​មាន​ផ្សាយ​នៅ​ក្នុង​វិបសាយ​ខាង​លើ​។

ការ​ដាក់​ពាក្យ​តាម​ស្ថាន​ទូត​នេះ​ដែរ​ លោក​អ្នក​មាន​សិទ្ធិ​ជ្រើស​រើស​មហាវិទ្យាល័យ​ចំនួន​៥នៅ​កូរ៉េ​ ។ បន្ទាប់​មក​ មហា​វិទ្យាល័យ​ទាំង​នោះ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ព្រម​ឲ្យ​អ្នក​រៀន​នៅ​សាលា​គេ​ដែរ​ឬ​ទេ​ ដោយ​ពិនិត្យ​ទៅ​លើ​ជីវប្រវត្តិ​នៃ​ការ​សិក្សា​របស់​អ្នក​។

ប៉ុន្តែ​ថ្មី​ៗ​នេះ​ ឮថា​ខាង​ស្ថាន​ទូត​លែង​ទទួល​ខុស​ត្រូវ​លើ​ការ​ទទួល​ពាក្យ​ទៀត​ហើយ​ ដូច​នេះ​ប្រហែល​​ការ​ដាក់​ពាក្យ​តាម​ស្ថានទូត​នេះ​ពុំ​មាន​នៅ​កម្ពុជា​ទៀត​ទេ​ (តាម​ខ្ញុំ​យល់​ឃើញ​)។

តាម​រយៈ​សាកល​វិទ្យាល័យ​ផ្ទាល់​នៅ​កូរ៉េ​

នៅ​ពេល​គេ​ប្រកាស​ជ្រើស​រើស​ លោក​អ្នក​ត្រូវ​រិះ​រក​សាកល​វិទ្យាល័យ​ដែល​លោក​អ្នក​ចង់​រៀន​នៅ​កូរ៉េ​តែ​មួយ​គត់​ បន្ទាប់​មក​ចូល​ទៅ​កាន់​វិបសាយ​សាលា​នោះ​ស្វែង​រក​ដឺម៉ង់​អាហារូបករណ៍​NIIED ឬ​ក៏​លោក​អ្នក​អាច​ផ្ញើរ​អ៊ីមែល​ទៅ​កាន់​សាលា​នោះ​ ប្រាប់​ថា​លោក​អ្នក​ចង់​ដាក់​ពាក្យ​អាហារូបករណ៍​នៅ​សាលា​នោះ​តាម​រយៈ​NIIED scholarship។

  • រួច​ពេល​គេ​ឆ្លើយ​តប​អ៊ីមែល​អ្នក​ គេ​មុខ​នឹង​ប្រាប់​ពី​របៀប​ដាក់​ពាក្យ​ និង​ផ្ញើរ​ដឺម៉ង់​ឲ្យ​អ្នក​មិន​ខាន​។
  • បន្ទាប់​ពី​បំពេញ​ដឺម៉ង់​និង​រត់​ការ​ឯកសារ​ដែល​គេ​ត្រូវ​ការ​ហើយ​ លោក​អ្នក​ត្រូវ​ផ្ញើរ​ឯកសារ​ដឺម៉ង់​និង​ឯកសារ​ទាំង​នោះ​ទៅ​កាន់​សាលា​នោះ​ដោយ​ផ្ទាល់​(ជា​ Hard copy) តាម​រយៈ​ប្រេសនីយ៍​ ឬ​ EMS តាម​ការ​គួរ​(ធ្វើ​ម៉េច​ឲ្យ​ទៅ​ដល់​សាលា​នោះ​មុន​ថ្ងៃ​កំណត់​)
  • ពេល​ផ្ញើរ​ឯកសារ​ហើយ​ គេ​នឹង​ពិនិត្យ​ និង​ផ្តល់​ចម្លើយ​ទៅ​អ្នក​ថា​គេ​ព្រម​ទទួល​អ្នក​ដែរ​ឬ​ទេ​(តាម​អ៊ីមែល​)។ បើ​គេ​ព្រម​ នោះ​មាន​ន័យ​ថា​លោក​អ្នក​ជាប់​តង់​ទី​១សិន​។
  • បន្ទាប់​ជាប់​តង់​ទី​១ គេ​នឹង​ផ្ញើរ​ឯកសារ​អ្នក​ទៅ​ NIIED ហើយ​ឲ្យ​NIIED ធ្វើ​ការ​សម្រេច​ចិត្ត​ ថា​តើ​ព្រម​ប្រគល់​ឬ​​ផ្តល់​អាហារូបករណ៍​ដល់​អ្នក​ដែរ​ឬ​ទេ​។
  • បើ​NIIED សម្រេច​ជ្រើស​រើស​អ្នក​ដែរ​ នោះ​ទើប​មាន​ន័យ​ថា​ អ្នក​បាន​ជាប់​អាហារូបករណ៍​NIIEDហើយ​ ដែល​លទ្ធផល​ចុង​ក្រោយ​នេះ​ ត្រូវ​រង់​ចាំ​មើល​នៅ​ក្នុង​វិបសាយ​ NIIED ដូច​ដែល​បាន​ប្រាប់​ខាង​លើ​។

ក្រោយ​ជាប់​ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​?

ក្រោយ​ពី​ប្រកាស​លទ្ធផល​ហើយ​ លោក​អ្នក​សល់​ពេល​មិន​ច្រើន​ទេ​ ប្រហែល​មួយ​ខែ​អី​ប៉ុណ្ណោះ​។ ដែល​រយៈ​ពេល​មួយ​ខែ​ លោក​អ្នក​ត្រូវ​រត់​ការ​សុំ​វីសារ​ ទិញ​សំបុត្រ​យន្ត​ហោះ​(សំបុត្រ​យន្ត​ហោះ​គេ​ចេញ​លុយ​ឲ្យ​ តែ​អ្នក​ត្រូវ​ទិញ​និង​ចេញ​លុយ​ខ្លួន​ឯង​សិន​, គេ​នឹង​ឲ្យ​ពេល​ទៅ​ដល់​កូរ៉េ​)។

បញ្ជាក់​៖

  • អាហារូបករណ៍​NIIED​នេះ គេ​តម្រូវ​ឲ្យ​អ្នក​រៀន​ភាសា​កូរ៉េ​មួយ​ឆ្នាំ​សិន​ ទើប​ចូល​រៀន​មហាវិទ្យាល័យ​ ដូច​នេះ​សរុប​គឺ​៥ឆ្នាំ​ (១ឆ្នាំ​រៀន​ភាសា​កូរ៉េ​ ៤ឆ្នាំ​រៀន​មុខ​ជំនាញ​)
  • ករណី​លោក​អ្នក​ចេះ​កូរ៉េ​ស្រាប់​ ដែល​មាន​កំរិត​​តាម​អ្វី​ដែល​គេ​តម្រូវ​ នោះ​លោក​អ្នក​អាច​ចូល​រៀន​មហាវិទ្យាល័យ​តែ​ម្តង​នៅ​ខែ​កញ្ញា​ (បន្ទាប់​ពី​មក​កូរ៉េ​បាន​ ៦ខែ​)។
  • លោក​អ្នក​មិន​អាច​ជ្រើស​រើស​មុខ​ជំនាញ​ណា​ដែល​តម្រូវ​ឲ្យ​រៀន​លើស​ពី​៤ឆ្នាំ​នោះ​ទេ​ (ឧ. ពេទ្យ​ វិស្វករ​..)

សម្គាល់​៖​  នាង​ខ្ញុំ​កាល​ដាក់​ពាក្យ​គឺ​ដាក់​តាម​ស្ថាន​ទូត​ ដូច​នេះ​ចំពោះ​ការ​ដាក់​ពាក្យ​តាម​មហាវិទ្យា​ល័យ​ ក៏​ខ្ញុំ​ដឹង​មិន​សូវ​ច្បាស់​ដែរ​។ អ្វី​ដែល​ខ្ញុំ​ដឹង​ គឺ​មាន​សរសេរ​នៅ​ទីនេះ​អស់​ហើយ​ បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​លំអិត​ផ្សេង​ៗ​ទៀត​ លោក​អ្នក​អាច​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​អ៊ីន​ធ័រណេត​ ឬ​​សួរ​សំណួរ​ទៅ​កាន់​NIIED តាម​រយៈ​វិបសាយ​ខាង​លើ​ (http://www.niied.go.kr/)

អរគុណ​..

24 thoughts on “អាហារូបករណ៍​មក​កូរ៉េ​ របស់​ខ្ញុំ​ (Korean Government Scholarship Program / NIIED)

  1. អរគុណ​បង​ស្រី!! ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ណាស់ អរគុណ…ពេល​នេះ រវល់​បន្តិច ខ្ញុំ​នឹង​អាន​បន្ថែមទៀត..

  2. បងឡាវ័ន!ខ្ងុំដូចជាអត់យល់ត្រង់យក២០%នៃនិទេ្ទសសរុបយ៉ាងម៉េចទេ! គេថា ឪកាសខ្ពស់ គឺនិទេ្ទស A និង B។ ចុះបើឥឡូវ​ ទាំងពីរនិទ្េទសនឹងច្រើនសឹងអីហើយ។ តើ ពិតមែនរឺដែល ទូតឈប់ទទួលនោះ?

    • បើ​ទោះ​ជា​និទ្ទេស​Aឆ្នាំ​នេះ​ច្រើន​ជាង​រាល់​ដង​ក៏​ដោយ​ ក៏​វា​មិន​ដល់​ថ្នាក់​លើស​២០%​នៃ​សិស្ស​​ទាំង​អស់​ដែរ​មែន​ទេ​? ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ថា​និទ្ទេស​អា​និង​បេ​គឺ​ជា​និទ្ទេស​ដែល​គេ​ទទួល​យក​។ ប្រព័ន្ធ​អប់​រំ​នៅ​លើ​ពិភពលោក​ខុស​ៗ​គ្នា​ ហេតុ​នេះហើយ​ទើប​គេ​កំណត់​ជា​ភាគ​រយ​ជំនួស​ឲ្យ​និទ្ទេស​វិញ​ តើ​យល់​ទេ​? ហើយ​បើ​យើង​គណនា​ទៅ​ឃើញ​ថា​ ២០%​នោះ​ស្ថិត​ក្នុង​និទ្ទេស​អា​និង​បេ​តែ​ប៉ុណ្ណោះ​។
      ចំពោះ​ទូត​នោះ​ ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ គ្រាន់​តែ​ខ្ញុំ​ឮមក​គឺ​ដូច​នេះ​ឯង​។ បើ​យើង​ចង់​ច្បាស់​ អាច​ទៅ​សួរ​បញ្ជាក់​ដោយ​ខ្លួន​ឯង​បាន​ ហើយ​ប្រាប់​ខ្ញុំផង​ ថា​វា​ដូច​អ្វី​ដែល​ខ្ញុំ​ប៉ាន់​ស្មាន​ដែរ​ឬ​ទេ​?

  3. ក្នុងការណែនាំរបស់គេហ្នឹង ឃើញមានសំបុត្របញ្ជាក់សុខភាពដែលត្រូវដាក់យកទៅដែរ ប៉ុន្តែត្រូវជាប់តង់ទី២សិន។ អាហ្នឹងម៉េចវិញហូវបង?
    មានមួយទៀត ឃើញមានសាកលវិទ្យាល័យរបស់គេខ្លះឲ្យផ្ញើឲ្យគេនូវឯកសារមួយចំនួនដែល NIIEDគេអត់មាន។ អាហ្នឹងគិតម៉េចវិញបង?

    • ចំពោះ​សំណួរ​ទី​មួយ​ ខ្ញុំ​យល់​ថា​ ពុំ​មាន​ម៉េច​ទេ​😛 គឺ​បើ​យើង​ជាប់​តង់​ទី​មួយ​ហើយ​ ទៅ​បញ្ជាក់​សំបុត្រ​សុខភាព​ទៅ​ ហើយ​ផ្ញើរ​ឲ្យ​គេ​ទៅ​ជា​ការ​ស្រេច​ហើយ​។
      សំណួរ​ទី​ពីរ​ គឺ​ផ្ញើរ​ទៅ​តាម​អ្វី​ដែល​គេ​ទាម​ទារ​ទៅ​ ទោះ​បី niied ពុំ​មាន​ទាម​ទារ​ក៏​ដោយ​ ព្រោះ​តម្រូវ​ការ​របស់​សាលា​នីមួយ​ៗ​ខុស​ៗ​គ្នា​។​

      • មានន័យថា តង់ទី១ជាតង់ខ្មែរ ហើយតង់ទី២ជាតង់កូរ៉េ។ ចឹងមានន័យថា យើងអាចផ្ញើឯកសារទៅតាមក្រោយទៀតមែន បង? ឬក៏គេប្រាប់ឲ្យយើងផ្ញើទៅ?

      • អ៊ឺម​? បង​ដូច​ជា​មិន​យល់​សំណួរ​អូន​ទេ​។ តែ​ចំពោះ​បង​វិញ​ គឺ​បង​ផ្ញើរ​ទាំង​អស់​តែ​ម្តង​ ដើម្បី​កុំ​ឲ្យ​គេ​ទារ​តាម​ក្រោយ​ទៀត​ ទាំង​សំបុត្រ​ពេទ្យ​ លិខិត​ឆ្លង​ដែន​ សញ្ញាប័ត្រ​ទុតិយ​ភូមិ​ សំបុត្រ​កំណើត​ សំណេរ​ណែ​នាំ​ខ្លួន​ និង​ study plan…

    • ចំពោះ​កន្លែង​បញ្ជាក់​សុខភាព​ ខ្ញុំ​សូម​ណែ​នាំ​កន្លែង​មួយ​ដែល​មាន​តម្លៃ​សមរម្យ​ ហើយ​គេ​ទទួល​ស្គាល់​ទៀត​ព្រោះ​មាន​ត្រា​ត្រឹម​ត្រូវ​។ គឺ​ក្រសួង​ការងារ​ដែល​នៅ​ជាប់​វិទ្យាស្ថាន​ភាសា​បរទេស​ IFL។ ទីនោះ​​គេ​ទទួល​ពិនិត្យ​សុខភាព​ឲ្យ​ពលករ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​បរទេស​ដូច​ជា​កូរ៉េ​ជា​ដើម​ ដូច​នេះ​គេ​មាន​បទ​ពិសោធ​ និង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​។ យើង​គ្រាន់​តែ​ប្រាប់​គេ​តាម​ដំណើរ​រឿង​ទៅ​ថា​ ចង់​បញ្ជាក់​សំបុត្រ​សុខភាព​ដាក់​ពាក្យ​អាហារូបករណ៍​ទៅ​បរទេស​​ នោះ​គេ​ដឹង​ហើយ​។

      • អារឿងហ្នឹង អត់មានបញ្ហាទេបង។ ចង់ទៅពិនិត្យអាចទៅគ្លីនិករបស់លោកប៉ាខ្ញុំពេលណាក៏ បានដែរ។ ប៉ុន្តែចង់សួរបងថា យើងត្រូវផ្ញើសំបុត្រហ្នឹងទៅឲ្យហើយ ឬក៏មិនបាច់ទេ?

      • អូ​ សុំ​ទោស​ព្រោះ​អត់​ដឹង​ថា​ប៉ា​អូន​បើក​គ្លីនីក​^^ តែ​ចំពោះ​ការ​ផ្ញើរ​ឯកសារ​ គឺ​បង​យល់​ថា​ ការ​ផ្ញើរ​ទៅ​គឺ​ប្រសើរ​ជាង​ការ​មិន​ផ្ញើរ​។ ឲ្យ​តែ​ប្អូន​មាន​សមត្ថភាព​(ចំណាយ​ថវិការ​) គួរ​រៀប​ឯកសារ​ទាំង​អស់​ហើយ​ផ្ញើរ​ឯកសារ​តែ​ម្តង​ទៅ​ ផ្ញើរ​ឯកសារ​លើស​វា​ល្អ​ជាង​ការ​ផ្ញើរ​ខ្វះ​ណា​។ ហើយ​ឯកសារ​ដែល​ផ្ញើរ​ គឺ​ត្រូវ​ទៅ​បញ្ជាក់​នៅ​សាលា​ក្រុង​ (ឯកសារ​ចម្លង​) កុំ​ផ្ញើរ​អា​ស្រ៊ីន​ អ៊‍ីចឹង​ទើប​មិន​ខាត​ ហើយ​អាច​ប្រើ​បាន​ជា​រៀង​រហូត​

      • តាមពិតមានរឿងច្រើនទៀតចង់សួរបងណា៎! អាចទៅ facebook បានហេ? មានរឿងសំងាត់ខ្លះ ចង់ប្រាប់។ នៅហ្នុងញ៉ុម msg ទៅបង រួចហើយ!🙂

      • did u add me in fb? but i din see u or any msg. តែ​បើ​មាន​ចម្ងល់​អ្វី​ទាក់​ទង​នឹង​អាហារូបករណ៍​នេះ អាច​សួរ​នៅ​ទីនេះ​បាន​ ព្រោះ​ដើម្បី​ឲ្យ​គេ​បាន​អាន​ផង​ ^^

      • ប្រហែលជា Facebook មានបញ្ហាទៀតហើយ។ ចុះអារឿង Recommendation Letter ហ្នឹង យើងត្រូវដាក់វាក្នុងស្រោមសំបុត្រតែឯងមិនឲ្យឡូកឡំជាមួយ ពាក្យសុំហ្នឹងត្រូវហេបង?

      • ដាក់​ទៅ​ជា​មួយ​គ្នា​នឹង​ ប៉ុន្តែ​ត្រូវ​​មាន​ស្រោម​សំបុត្រ​តែ​ឯង​ហើយ​បិទ​ត្រឹម​ត្រូវ​ (គួរ​ឲ្យ​គ្រូ​ស៊ីញេឬ​បោះ​ត្រា​​​លើ​ស្រោម​សំបុត្រ​ត្រង់​កន្លែង​បិទ​ ដើម្បី​បញ្ជាក់​ថា​សំបុត្រ​នោះ​មិន​ទាន់​មាន​អ្នក​ណា​បើក​អាន​នៅ​ឡើយ​ទេ​)

      • នៅតែអត់យល់។ ក្រែង Form ហ្នឹងត្រូវរំលែកជា៤មែនហេបង? ចឹងអាសំបុត្រហ្នឹង មិនដាក់ចូលដុំណាទាំងអស់មែន?

      • អូន​ដាក់​ទៅ​តាម​ការ​យល់​ឃើញ​របស់​អូន​ក៏​មិន​ជា​ថ្វី​ដែរ​ ព្រោះ​ទស្សនៈ​មនុស្ស​ខុស​គ្នា​។ ចំពោះ​បញ្ហា​នេះ​​អូន​អាច​កែ​​ច្នៃ​និង​ធ្វើ​ទៅ​តាម​ដែល​អូន​យល់​ឃើញ​ ជួន​កាល​ទស្សនៈ​របស់​អូន​វា​អាច​ល្អ​ជាង​បង​ផង​ ដូច​នេះ​​បង​សុំ​មិន​បញ្ចេញ​យោ​បល់​😉

      • បង​ដាក់​តាម​ស្ថានទូត​ទេ​ ប្រហែល​ជា​ខុស​នឹង​ការ​ដាក់​តាម​មហាវិទ្យាល័យ​ខ្លះ​ៗ​។ បង​សរសេរ​ទៅ​តាម​អ្វី​ដែល​បង​ដឹង​ហើយ​ លើស​ពី​នេះ​ មិន​ច្បាស់​ដែរ​ព្រោះ​គ្មាន​បទ​ពិសោធ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s