ទៅ​ខ្មែរ​ឃើញ​អ្វីប្លែក​?​ #1: ​ខ្មែរ​មួយ​ចំនួន​មិន​ចេះ​និយាយ​ទន់​ភ្លន់?​ ឬ​មក​ពី​ប្រកាន់​វណ្ណៈ​?

សួស្តី​! បន្ទាប់​ពី​លា​បង​ប្អូន​មួយ​រយៈ​ពី​ពិភព​វត​ប្រេស​ដើម្បី​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​រយៈ​ពេល​មួយ​ខែ​នោះ​ នាង​ខ្ញុំ​បាន​ថត​រូប​និង​ជួប​មនុស្ស​ជាច្រើន​។ ក្នុង​នោះ​ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ចំនុច​ជា​ច្រើន​ដើម្បី​យក​មក​បរិយាយ​និង​វិភាគ​ទាំង​អស់​គ្នា​ តែ​ដល់​ពេល​មក​កូរ៉េ​វិញ​ភ្លេច​អស់​អា​លីង​!! ដោយ​មិន​បាន​កត់​ទុក​ ដូច​នេះ​ភ្លេច​អស់​ហើយ​ តែ​នៅ​ចាំ​ខ្លះ​ៗ​ អញ្ចឹង​ខ្ញុំ​នឹង​លើក​យក​មក​និយាយ​ម្តង​មួយ​ៗ​ថ្ងៃ​ណា​ខ្ញុំ​នឹក​ឃើញ​វិញ ^^
តែ​ចំនុច​មួយ​ដែល​ខ្ញុំ​​ចាំ​មិន​ភ្លេច​នោះ​គឺ​កាយ​វិការ​និង​ការ​និយាយ​របស់​ប្រជា​ជន​ខ្មែរ​យើង​។
ជា​ដំបូង​ នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ចំនុច​ប្លែក​នៅ​ស្រុក​ខ្មែរ​ដែល​ខ្ញុំ​លើក​ឡើង​នេះ​ ចំនុច​ខ្លះ​អាច​ជា​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ទៅ​នៅ​កន្លែង​ផ្សេង​អស់​ពេល​មួយ​ឆ្នាំ​ ឯ​ចំនុច​ខ្លះ​​ចាប់​អារម្មណ៍​និង​ចង់​សរសេរ​មក​ជា​យូរ​ហើយ​។ វា​ប្រៀប​បាន​នឹង​កង្កែប​ក្នុង​អណ្តូង​មួយ​ដែល​ធ្លាប់​តែ​ស្រែក​យំ​និង​សម្លឹង​ឃើញ​មេឃ​ដ៏​តូច​ បន្ទាប់​ពី​វា​មាន​ឱកាស​បាន​លោត​ចេញ​ពី​អណ្តូង​នោះ​ហើយ​ ទើប​វា​ដឹង​ថា​អណ្តូង​ដែល​វា​ធ្លាប់​រស់​នៅ​នោះ​វា​តូច​ឬ​ធំ​ប៉ុណ្ណា​ ហើយ​អណ្តូង​នោះ​ខុស​ប្លែក​ពី​ពិភព​ខាង​ក្រៅ​ប៉ុណ្ណា​។

ចា៎, ឥលូវ​ចូល​ដល់​សាច់​រឿង​ម្តង​។ នៅ​ថ្ងៃ​ដែល​​ខ្ញុំ​ទៅ​ខ្មែរ​វិញ​នេះ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំជើប​រំជួល​ និង​បុណ្យ​ឲ្យ​តែ​ដល់​ឆាប់​ៗ​ទេ​ ព្រោះ​ខាន​ទៅ​មួយ​ឆ្នាំ​បី​ខែ​។ ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ដែរ​ ដែល​ខ្ញុំ​ត្រលប់​ទៅ​លេង​មាតុ​ភូមិ​បន្ទាប់​ពី​ចាក​ចេញ​នា​ឆ្នាំ​២០១០​នោះ។ រយៈ​ពេល​មួយ​ឆ្នាំ​ជាង​នេះ​ វា​ល្មម​នឹង​អាច​ឲ្យ​ខ្ញុំ​ស៊ាំ​នឹង​ស្រុក​គេ​ ជ្រួត​ជ្រាប​វប្បធម៌​គេ​ខ្លះ​ៗ​ក៏​អាច​ថា​បាន​។ ប្រហែល​មក​ពី​ហេតុ​នេះ​ទេ​ដឹង​ទើប​បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​ជា​មួយ​បុគ្គលិក​ធ្វើ​ការ​នៅក្នុង​ព្រលាន​យន្តហោះ​ពោធិ៍​ចិន​តុង​ភ្លាម​ៗ​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​លើ​ទឹក​ដី​ខ្មែរ​។ ​
ខ្ញុំ​ចាំ​បាន​ថា​ ពេល​ខ្ញុំ​ចុះ​ពីយន្ត​ហោះ​ភ្លាម​ខ្ញុំ​ឃើញ​ជន​បរទេស​គេ​នាំ​គ្នា​តម្រង់​ជួរ​ចាំ​​បង់​ពន្ធ​ឬ​សុំ​វីសារ​អីហើយ​មើល​ទៅ​ ដោយ​ជា​លើក​ទី​មួយ​ហើយ​មិន​ដឹង​ថា​ធ្វើ​អ្វី​ខ្លះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សួរ​ទៅ​លោក​ពូ​ម្នាក់​ក្នុង​សំលៀក​បំពាក់​ឯកសណ្ជាន​និង​មាន​ទឹក​មុខ​ស្រស់​បស់​។ តែ​ព្រះ​អើយ​ ខ្ញុំ​សួរ​គាត់​ដោយ​សម្តី​ទន់​ភ្លន់​ថា​៖
«ពូ​, តើ​ខ្ញុំ​មាន​ត្រូវ​ទៅ​ឈរ​តម្រង់​ជួរ​ដូច​គេ​ទេ​?»
គាត់​ក៏​គំហក​មក​ខ្ញុំ​វិញ​ដោយ​ស្រែក​ឆ្ការ​ដៃ​ឆ្ការ​ជើង​ថា​ ៖ «ក្រែង​អ្ហែង​ជា​ខ្មែរ​តា​ហ្ហី​? អត់​មាន​ត្រូវ​បង់​អី​ទេ​! ទៅ​! ទៅ​ខាងណ៎​! ទៅ​! ទៅ​!!»
គាត់​ស្រែក​ខ្លាំង​ៗ​បណ្តើរ​ចង្អុល​បែប​ដេញ​បណ្តើរ​ ធ្វើ​ឲ្យ​ខ្ញុំ​ហួស​ចិត្ត​ជា​ខ្លាំង​​។ ដេញ​ឯង​ដូច​សត្វ​ធាតុ​! តែ​ខ្ញុំ​អត់​មាន​តប​អី​ជា​មួយ​គាត់​ទេ​ គ្រាន់​តែ​ញញឹមដាក់​គាត់​​ដោយ​ហួស​ចិត្ត​​ហើយ​គ្រវី​ក្បាល​ដើរ​ចេញ​មក​។ យី​អើ​, បើ​បរទេស​វិញ​គាត់​ឆ្លើយ​ដោយ​សុភាព​រាប​សារ​ ខ្ញុំ​ដូច​ជា​មិន​យល់​សោះ​។ ចេញ​មក​ដល់​ខ្លោង​ទ្វារ​ក៏​ត្រូវ​បុគ្គលិក​ម្នាក់​ទៀត​និយាយ​មិន​ពិរោះ​ពិសារ​ដាក់​ខ្ញុំ​ដែរ​ ហើយ​អ៊ំ​ស្រី​ធ្វើ​ដំណើរ​មក​ជា​មួយ​គ្នា​ក៏​គាត់​គ្រវី​ក្បាល​ហួស​ចិត្ត​នឹង​បុគ្គលិក​នៅ​ទៅ​នោះ​ដែរ​។

មិន​មែន​តែ​នៅ​ព្រលាន​យន្ត​ហោះ​ទេ​ សូម្បី​នៅ​តាម​ផ្សារ​ តាម​ហាង​នា​នា​ សម្តី​អ្នក​លក់​ បុគ្គលិក​ខ្លះ​ ស្តាប់​ទៅ​ដូច​ជា​មិន​ចូល​ត្រ​ចៀក​សោះ​ មិន​ដឹង​ថា​មក​ពី​គាត់​រៀន​មិន​បាន​ខ្ពស់​ ឬ​មក​ពី​គាត់​ប្រកាន់​វណ្ណៈ​ ឬ​ក៏​មក​ពី​ទម្លាប់​នោះ​ទេ​។ តែ​ឆ្ងល់​ត្រង់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​នោះ​អាច​និង​តែង​និយាយ​ទន់​ភ្លន់​ទៅ​កាន់​ជន​បរទេស​ឬ​ភ្ញៀវ​ដែល​មើល​ទៅ​ពាក់​អាវ​ស្អាត​បាត​មាន​ឡាន​ជិះ​?

បើ​និយាយ​ពី​នៅ​ទីនេះ​ ប្រទេស​កូរ៉េ​វិញ​ រាល់​អ្នក​លក់​និង​បុគ្គលិក​ទាំង​អស់​តែង​និយាយ​សម្តី​ទន់​ភ្លន់​ និង​យក​ចិត្ត​ភ្ញៀវ​ មិន​ថា​ជន​បរទេស​ឬ​ប្រជា​ជន​គេ​ទេ​។
មូលហេតុ​ខ្ញុំ​យល់​ថា​៖
ទី​មួយ​ មាន​គូ​ប្រជែង​ច្រើន​ បើ​សម្តី​ទៅ​កាន់​ភ្ញៀវ​ដូច​ជះ​ទាំង​កន្ថោរ​មក​យ៉ាង​នោះ​ច្បាស់​ជា​គ្មាន​ភ្ញៀវ​ចូល​ទេ​។
ទី​ពីរ​ គេ​តម្រូវ​និង​បញ្ជារឲ្យ​បុគ្គលិក​គេ​និយាយ​ផ្អែម​ទៅ​កាន់​ភ្ញៀវ​។​ ភាគ​ច្រើន​មាន​កាមេរ៉ា​ CCTV ដូច​នេះ​បុគ្គលិក​ទាំង​នោះ​តែង​ប្រយ័ត្ន​ប្រយែង​រាល់​សកម្មភាព​ខ្លួន​ខ្លាច​ត្រូវ​មេ​ដេញ​ក្បាល​ចោល​។
ទី​បី​ បណ្តាញ​ផ្សព្វ​ផ្សាយ​គេ​លឿន​និង​ទំនើប​ ជា​ពិសេស​គឺ​អ៊ីន​ធើ​ណេត​! បើ​ហាង​ណា​ ឬ​កន្លែង​ណា​គេ​មិន​ពេញ​ចិត្ត​ គេ​អាច​យក​មក​ផ្សព្វ​ផ្សាយ​ក្នុង​អ៊ីន​ធើ​ណេត​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​បាន​ ដូច​នេះ​ម្នាក់​ៗ​តែង​ប្រយ័ត្ន​ខ្លួន​រៀង​ៗ​ខ្លួន​។

នេះ​គ្រាន់​តែ​អ្វី​ដែល​បាន​សង្កេត​និង​ពិចារណា​ពី​ចំនុច​ខុស​គ្នា​ខ្លះ​ៗ​រវាង​កូរ៉េ​និង​ខ្មែរ​។​ ហេតុ​ដែល​ប្រៀប​ធៀប​នេះ​គ្រាន់​តែ​ចង់​ចែក​រំលែក​បទ​ពិសោធ​ខ្លះ​ៗ​និង​យក​មក​ពិចារណា​ទាំង​អស់​គ្នា​ ហើយ​សង្ឃឹម​ថា​ប្រជា​ជន​ខ្មែរមួយ​ចំនួន​នោះ​​នឹង​រៀន​ចេះ​និយាយ​ពិរោះ​ពិសារ​ដាក់​គ្នា​មិន​ថា​អ្នក​មាន​អ្នក​ក្រ​។ ជា​ពិសេស​សង្ឃឹម​ថា​រាល់​អ្នក​ចាត់​ការ​ក្រុម​ហ៊ុន​នឹង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​ខ្លួន​ មិន​គួរ​បណ្តោយ​ឲ្យ​បុគ្គលិក​ខ្លួន​ធ្វើ​ការ​តាម​តែ​អារម្មណ៍​អញ្ចឹង​ទេ​។ ដូច​ពាក្យ​គេ​ថា​ “ភ្ញៀវ​ជា​ស្តេច​” តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​ខ្លះ​មិន​មែន​ជា​ស្តេច​ទេ​ គឺ​អ្នក​សុំទាន​ទៅ​វិញ​!!

22 thoughts on “ទៅ​ខ្មែរ​ឃើញ​អ្វីប្លែក​?​ #1: ​ខ្មែរ​មួយ​ចំនួន​មិន​ចេះ​និយាយ​ទន់​ភ្លន់?​ ឬ​មក​ពី​ប្រកាន់​វណ្ណៈ​?

  1. ធ្វើម៉េចទេកញ្ញាអើយ! បើសង្គមតេជោទៅហើយ.. ទាស់គ្នាតិចតួចវ៉ៃគ្នាប៉្រាវ, ឥឡូវសូម្បីតែក្មេងក៏វាយតបគ្នាសាហាវដែរ ខ្ញុំឲ្យតែថ្ងៃឈប់ សឹងតែមិនបានចេញពីផ្ទះ…សីលធម៌សង្គមស្រុកខ្មែរកំពុងធ្វើ ដែលទន្ទឹមគ្នានេះដែល មានតែការច្រៀងរាំ និងពុករលួយច្រើនជាង….
    ខ្ញុំយល់ថា.. ម្នាក់ៗគិតលើតំលៃសេវា.. បើនរណាឲ្យសេវាច្រើន គឺបំរើអ្នកនោះ….
    ខ្ញុំសង្ឃឹមថាសីលធម៌សង្គមរបស់ប្រទេសយើង និងកែប្រែដូចជាប្រទេសសឹង្ហបូរី រឺកម្ពុជាដែលធ្លាប់តែល្បីខាងទន់ភ្លន់ សុភាពរាបសា នោះឡើងវិញ!
    ខ្ញុំសូមចូលរួមយោបល់តែប៉ុណ្ណឹងចុះ…. ជូនពរសំណាងល្អ ^_^

  2. នេះ​សង្ស័យ​រាប់​ទាំង​ខ្ញុំ​ដែរ ព្រោះ​ពេល​ឡាវ័ន​ជួប​ខ្ញុំ ខ្ញុំ​មិន​បាន​ជម្រាបសួរ​ដល់​ច្រមុះ ហើយ​អត់​បាន​និយាយ​លេង រវល់​តែ​រត់​ចុះ​ឡើង​វាស់​កំពស់​នឹង​ឡាវ័ន​ហ្នឹង​ឯង ។ សុំ​ទោស​ផង, ម៉ោ​លើក​ក្រោយ​នឹង​រៀប​ឬក​រៀប​ពារ​​អោយ​បាន​ស្រួល​ជាង​ហ្នឹងណាបាទ ។

  3. ហើយ​ចុះ​ឡាវ័ន​ឯង​ហ្នុង​ម៉េច​ដែរ! លើក​មុន​គ្រាន់​តែ​មក​ដល់​ភ្លាម​ មិន​បាន​និយាយ​អី​សោះ ឡើង​ទូក​ភ្លាម សុំ​ថត​រូប​មួយ​ប៉ុស ហើយ​រត់​ទៅ​បាត់! ម្បាន​អី​គួរ​តែ​លើក​ដៃ​ជម្រាប​សួរ​ខ្ញុំ សំពះ និយាយ​ផ្អែម​ដាក់​ខ្ញុំ​សិន​ក៏​បាន​ដែរ។ ហ្នស់ ក្រែង​ស្រែ​ហ្នស់​?

    • មតិ​សាម៉ា​ឌី​នៅ​តែ​រត់​ចូល​ក្នុង​ស្ប៉ាម​ដដែរ​!! ហឹ​ៗៗ…
      ថ្ងៃនោះ​ខ្ញុំ​បាន​និយាយ​សុំ​ទោស​ជា​ច្រើនដង​ហើយ​ចា៎​! ខ្ញុំ​ក៏​មិន​ចង់​ដែរ​ ព្រោះ​តែ​អត់​អី​ជិះ​ហើយ​លួច​មក​ទៀត​ ពឹង​មិត្ត​ភក្តិ​ឲ្យ​ឌុប​មក​ម៉ា​ភ្លែត​នឹង​ណា​! តែ​ទោះ​បី​១០នាទី​ក្តី​ វា​ពិត​ជា​មាន​ន័យ​សម្រាប់​ខ្ញុំ​^^

  4. បែកជាងម់ាឆ្នាំ ពិននឹង ចុះទំរាំខ្ញុំជិតបួនឆ្នាំ គិតម៉េច បែបទាញកាំភ្លើងបាញ់ខ្ញុំហើយ (និយាយអីចឹងម៉េចមិនមើលផ្លាកឈ្មោះ អាឆ្កែរមួយដែលស្រែកនឹងផង ប្រហែលខ្ញុំអាចផ្ញើរ Email ទៅមេវាបាន)

      • អា… យល់​ហើយ​ គឺ​ច​ង់​សំដៅ​លើ​លោក​ពូ​ក្នុង​ព្រលាន​នោះ​? ឃឹ​ៗៗ.. ពុំ​មាន​ឱកាស​នឹង​មើល​ទេ​ ព្រោះ​គ្រាន់​តែ​ឃើញ​អាកប្បកិរិយា​គាត់​ភ្លាម​ខ្ញុំ​គ្រាន់​តែ​ញញឹម​ដាក់​គាត់​ហើយ​ដើ់រ​ចេញ​ មិន​ចង់​នៅ​ឲ្យ​ខ្មាស​គេ​ជា​មួយ​គាត់​ទេ​។ មនុស្ស​ប្រភេទ​នោះ​សូវ​មិន​និយាយ​ជា​មួយ​ជា​ការ​ល្អ​ សូម្បី​អ្នក​លក់​ណា​ដែល​សំដី​ចេញ​មក​ថ្លុស​ៗ​ក៏​ខ្ញុំ​ដើរ​ចេញ​ដែរ​​ ទោះ​បី​មាន​អាវ​ស្អាត​ថោក​យ៉ាង​ណា​ក៏​ដោយ​។

  5. Welcome back, Lavorn! One month it seem to be too long for me! Thanks for telling us about your Cambodian hometown! I think people are kind of infected with chemical in their system. They just could not control their minds any more. They are needed to change their system structures and components in order to be a normal guy again. Don’t you think so?

  6. ឡាវ៍នហ្អែងប្រហែលជាស៊ាំនឹងរបៀបរស់នៅប្រទេសជៀនលៀនដូចជាកូរ៉េពេកហើយ។ យើងមិនអាចប្រៀបធៀប​ឥរិយាបថ (សុជីវធម៌)​ របស់​ប្រជាជនយើងអោយដូចប្រទេសជឿនលឿនទេ។
    ខ្ញុំមិននិយាយកាន់ជើងអ្នកធ្វើការ​នៅពោធ័៍ចិនតុងទេ តែខ្ញុំសូមលើកពីពាក្យដែលខ្ញុំយកមក​លួងចិត្តខ្លួនឯង​ពេលឃើញស្ថានភាពបែបនេះ។ ខ្ញុំគិតថា ថ្វីបើប្រជាជនខ្មែរយើងដែលធ្លាប់ទៅបរទេស ក៏មានអ្នកខ្លះមិនសូវចេះអក្សរ​ឬរៀនសូត្រមិនបានខ្ពស់ និងមិនសូវស្គាល់របៀប​របបនៅព្រលាន។ ហេតុនេះទើបគាត់​ស្រែកខ្លាំងៗ មិនសំរាប់តែយើងម្នាក់ តែដើម្បីអោយលឺដល់អ្នកនៅក្បែរៗទៀត។ បើស្រុកគេប្រជាជនគេចេះ​អានអក្សរ គេដើរប្រុយៗមិនចាំបាច់សួរអ្នកណាទេ។ តែខ្មែរយើងអ្កក​មិនសូវដឹងរបៀបរបប​នៅមានច្រើន ហេតុនេះ​បើទុកអោយម្នាក់ៗ​សួររហូត​នោះ មាត់១០០​ក៏ឆ្លើយមិនអស់ដែរ។ ហេតុនេះមានតែស្រែកខ្លាំងៗ​អោយលឺទៅទាំងអស់គ្នា មិនចាំបាច់និយាយច្រើន។

    • នៅ​ពេល​ប្រឈម​រឿង​បែប​នេះ​ យើង​ចូល​ចិត្ត​យក​លេស​ថា​ មក​ពី​ប្រទេស​យើង​មិន​ទាន់​ជឿន​លឿន​។ តើ​គ្រាន់​តែ​ការ​និយាយ​ស្តី​ វា​ចាំ​បាច់​ត្រូវ​អាស្រ័យ​លើ​ប្រទេស​​ជឿន​លឿន​ឬមិន​ជឿន​លឿន​ដែរ​ឬ? ខ្ញុំ​យល់​ថា​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​គ្រប់​គ្រង​ (មិន​សំដៅ​លើ​អី​ទេ​ អ្នក​ទទួល​បន្ទុក​គ្រប់​គ្រង​បុគ្គលិក​ទាំង​នោះ​) ការ​មិន​ចេះ​គោរព​គ្នា​ ការ​មាក់​ងាយ​គ្នា​។ ពិសេស​បណ្តា​បង​ប្អូន​ពលករ​ដែល​រស់​នៅ​កូរ៉េ​នេះ​ក៏​ទទួល​នូវ​ការ​មាក់​ងាយ​ពី​ខ្មែរ​ដូច​គ្នា​ជា​ញឹក​ញយ​ដែរ​ ជន​ជាតិ​គេ​ផ្សេង​គេ​មិន​រើស​អើង​អី​នឹង​ការ​ងារ​​នេះ​ទេ​ ចំលែក​អី​តែ​ខ្មែរ​គ្នា​ឯង​បែរ​ជា​រើស​អើង​មិន​ចង់​និយាយ​រក​ខ្មែរ​គ្នា​ឯង​ពេល​​ប្រាប់​ថា​មក​ធ្វើ​ការ​ ឬឃើញ​អាវ​មិន​អាវ​ខោ​មិន​ខោ​។
      បើ​ខ្ញុំ​​ប្រាប់​គេ​ថា​ ខ្ញុំ​មក​កូរ៉​ដើម្បី​ធ្វើការ​ គេ​មិន​ចង់​និយាយ​រក​ទេ​ តែ​បើ​ប្រាប់​ថា​​មក​រៀន​អី​ចឹង​ ទើប​គេ​ងាក​មក​រាក់​ទាក់​យើង​។ ចំនុច​ទាំង​នេះ​ខ្ញុំ​ជួប​ឡើង​ស៊ាំ​ហើយ​ក៏​ធ្លាប់​ឮពី​មិត្ត​ភក្តិ​ជា​ច្រើន​ វា​ជា​ការ​ខក​ចិត្ត​និង​ឈឺ​ចាប់​ផង​ដែរ​។

  7. ចុម​កាដុម​ឆែប​អង់​កែប​ឆា​ស្វា​ចេះ​ច្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​ហើយ​នៀស! ..ចុចៗ….. ខ្ញុំ​​ក៏​​សម្រេច​​ចិត្ត​​សួរ​​ទៅ​​លោក​ពូ​​ម្នាក់​​ក្នុង​​សំលៀក​​បំពាក់​​ឯកសណ្ជាន​​និង​​មាន​​ទឹក​មុខ​​ស្រស់​​បស់​។ តែ​​ព្រះ​អើយ…..ចុចៗ..។​ ចេញ​​មក​​ដល់​​ខ្លោង​​ទ្វារ​​ក៏​​ត្រូវ​​បុគ្គលិក​​ម្នាក់​​ទៀត…ចុចៗ…..។ មិន​​​មែន​​​តែ​​​នៅ​​​ព្រលាន​​យន្ត​​ហោះ​​ទេ​ សូម្បី​​នៅ​​តាម​ផ្សារ​ តាម​​ហាង​​នា​នា​ សម្តី​​អ្នក​​លក់​ បុគ្គលិក​​ខ្លះ​ ស្តាប់​​ទៅ​​ដូច…ចុចៗ…។ តោះ​យើង​រៀន​​គណិត​វិទ្យា​បែបក្រេហ្ស៊ី​ទាំង​អស់​គ្នា ចូរ​ធ្វើ​ប្រមាណ​វិធី​បូក៖ …ពូម្នាក់.​..បូក…​..បុគ្គលិក​ម្នាក់​ទៀត..​…បូក..​…អ្នក​លក់ និង​បុគ្គលិក​ខ្លះ.​..ស្មើ​នឹង ជនជាតិ​ខ្មែរ​ទាំង​អស់ រួមទាំង​ ក្រេហ្ស៊ី ក្មេងស្រែ លោកពូ Lovepeehs05 ហើយ​បើ monyrinataro ជា​ខ្មែរ​ដែរ​នោះ គឺ​បូក​រួម​ទាំង​គាត់​ផង លើក​លែង​តែ ឡាវ័ន ចេញ ព្រោះ​ប្រហែល​ជា​មិន​មែន​ខ្មែរ​ទេ​មើល​ទៅ។ មិន​ដឹង​ថា​អ្នក​ណា​ក្រេហ្ស៊ី​ទេ! ខ្ញុំ ឬ​អ្នក? សម្រាប់​ក្រេហ្ស៊ី អា​ប្រមាណ​វិធី​បូក​ខាង​លើ​ណឹង បើ​ឲ​ច្រើន​អស់​ស្មើ​នឹង​ប្រហែល​ពីរ​សែន​នាក់​ទៅ​ចុះ គឺ​មិន​អាច​ស្មើ​នឹង​ពាក្យ​ជន​ជាតិ​ខ្មែរ​ដាច់​ខាត​។ កុំ​ភ្លេច​ថា ពាក្យ​ជន​ជាតិ​ខ្មែរ​នេះ​បូក​រួម​ទាំង​ព្រះ​សង្ឃ​ក្នុង​វត្ត ក្រៅ​វត្ត​ យាយជី តាជី និងឳពុកម្តាយខ្លួនឯងផង (សូម​ទោស​រាង​ធ្ងន់​បន្តិច​ហើយ) ឬ​មួយ​ថា​ពួក​គាត់​ក៏​អី​ចឹង​ណែ? បើ​មិន​យល់​ទាស់​ទេ គួរ​តែ​កែ​ចំណង​ជើង​ណឹង​បន្តិច​ទៅ​កញ្ញា​អ៊ើយ (មិន​ដឹង​ថា​កញ្ញា​ហ្អី​ក៏​អ្នក​នាង​ទេ​នៀស)។ ខ្ញុំ​វា​ឈឺ​ចាប់​ណាស់! អត់​ណឹង​អី​សោះ​ ម្ង៉ៃៗរវល់តែដើរ​រើសអេតចាយ ដល់​តាដើរៗ​ដល់​​ភូមិ​វើដប្រែសស៍ ស្រាប់​តែ​ឃើញ​គេ​វាយ​ប្រហារ ​ម៉ៃ​យក​​ទាំង​​ឯង​​ដែរ ម៉េច​ឃើញ​ដើរ​រើស​អេត​ចាយ​ណឹង ចង់អីៗ​ផង​ហ្អី។ ឡូយ​ណាស់! ទៅ​រៀន​ដល់​កូរ៉េ​ផង មិន​ដឹង​ថ្ងៃ​ណា​ខ្ញុំ​មាន​សំណាង​ដូច​គេ​ទេ បើ​ម្ង៉ៃ​ៗ​រវល់​តែ​រើស​អេត​ចាយ​អី​ចឹង! អ៊ូស​ខឹង​មុខ​ឡើង​ក្រហម​ហើយ​នោះ! អី​ចឹង​បាន​ឡូយ! ហេសហេស……! For me, generalization is the biggest mistake! Do not generalize, I think there is also a rude Korean, at least one, and there is a nice Cambodian at least one, she is you. ហេសហេស….!! ចេះ​តិចៗ ចង់​ចាក់​ជាមួយ​និស្សិត​បន្ត​ការ​សិក្សា​នៅ​កូរ៉េ​ផង ទៅ​រើស​អេត​ចាយ​វិញ​ទៅ​អា​វ៉ា​អ៊ើយ! ចឹង​បាន​ថឹម​ថូវ! See You!
    ដោយ​ក្តី​ស្រឡាញ់ (ហ៊ីស​ចាក់​សុទ្ធ​តា​ដោយ​ក្ដី​ស្រឡាញ់​ផង! ខ្មាស់​គេ​ណាស់! រើស​អេត​ចាយ​សោះ​ណឹង​អាស់! ហាស់ហាស់!)
    ពីខ្ញុំ ក្រេហ្ស៊ី (នែ! ដូច​ក្រេហ្ស៊ី​នេះ​បាន​ថា​ឈ្លើយ​គួរ​ឲ​ចូល​ចិត្ត។ ម៉ា​តាបរស្វាខាងលើណឹង​មាន​អី​អស្ចារ្យ!)

    • អរគុណ​សម្រាប់​មតិ​មួយ​នេះ​ ខ្ញុំ​មិន​ខឹង​ឬ​ចង្អៀត​ចង្អល់​នឹង​ទទួល​យក​មតិ​មួយ​នេះ​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ជា​មុន​ថា​នឹង​មាន​វត្តមាន​មតិ​នេះ​ខណៈ​ដែល​ខ្ញុំ​សរសេរ​ចំណង​នេះ​ឡើង​។ តែ​ដូច​គេថា​ បើ​គ្រាន់​អាន​តែ​ចំណង​ជើង​ហើយ​អាច​កាត់​ន័យ​អត្ថបទ​ទាំង​មូល​ នោះ​គេ​ក៏​មិន​ចាំ​បាច់​សរសេរ​អត្ថបទ​ឡើង​ដែរ​ ដូច​ជា​ចំណង​ជើង​រឿង​ ឬ​ក្នុង​កាសែត​ជា​ដើម​ មែន​ទេ​? សម្រាប់​ពាក្យ​ថា​ “ជន​ជាតិ​ខ្មែរ​” នេះ​ក៏​មិន​មែន​មាន​ន័យ​ថា​ ប្រជា​ជន​ខ្មែរ​ទាំង​អស់​សុធ​តែ​អញ្ចឹង​ដែរ​។ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​ប្រៀប​ធៀប​សង្គម​ខ្មែរ​និង​កូរ៉េ​ បើ​មិន​សរសេរ​ថា​ជន​ជាតិ​ខ្មែរ​ តើ​សរសេរ​ថា​យ៉ាង​ណា​វិញ​ទៅ​ សូម​ឲ្យ​យោ​បល់​។ ម្យ៉ាង​បង​ឮពាក្យ​នេះ​ពី​ខ្ញុំ​ពី​ខ្មែរ​ដូច​គ្នា​ បង​មា​ន​អារម្មណ៍​បែប​នេះ​ ចុះ​ពេល​ដែល​បង​ឮ​ពី​ជន​បរទេស​វិញ​ តើ​បង​មាន​អារម្មណ៍​យ៉ាង​ណា​? មិនមែន​ប៉ុណ្ណឹង​ទេ​ដែល​ខ្ញុំ​ធ្លាប់​ឮ “ខ្មែរ​ពូកែ​ចម្លង​”, “ខ្មែរ​គ្មាន​សុជីវធម៌” “ខ្មែរ​ពូកែ​បោក​ប្រាស់​” “ជន​ជាតិ​ខ្មែរ​ក្រ​រហេម​រហាម​”​ គេ​និយាយ​ពាក្យ​នោះ​ ក៏​មិន​បាន​ន័យ​ថា​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ដែរ​​ គ្រាន់​តែ​ក្នុង​ទស្សនៈ​ ឬការ​យល់​ឃើញ​គេ​ចំពោះ​ខ្មែរ​គឺ​បែប​នោះ​។ ពេល​យើង​ឮពាក្យ​ទាំង​នោះ​ភ្លាម​យើង​ច្បាស់​ជា​ខឹង​ឬ​ឈឺ​ចាប់​ តែ​បើ​យើង​ចិត្ត​ឲ្យ​ទូលាយ​យើង​មិន​គួរ​ខឹង​គេ​ទេ​ ទទួល​យក​ការ​រិះ​គន់​របស់​គេ​ហើយ​វិភាគ​ថា​ពិត​ដែរ​ឬ​ទេ​ តើ​មាន​ដំនោះ​ស្រាយ​ទេ​។
      ហើយ​បើ​បង​ចង់​និយាយ​ពិ​គណិត​វិទ្យា​ ខ្ញុំ​យល់​ថា​ខ្ញុំ​ក៏​មិន​ខុស​ដែរ​ទាំង​ស្រុង​ដែរ​។ ឧទាហរណ៍​ សមីការ​មួយ​មាន​ឫស​បី​ទៅ​ចុះ​គឺ​ ១, ២ និង​៣ បើ​ខ្ញុំ​និយាយ​ថា​ ឬស​សមីការ​នេះ​ស្មើ​នឹង​២។ តើ​មាន​នរណា​ហ៊ាន​ថា​ខ្ញុំ​ខុស​ទេ? មិន​ខុស​ទេ​គឺ​ត្រឹម​ត្រូវ​​ តែ​គ្រាន់​តែ​នៅ​មាន​ឫស​សមីការ​ពីរ​ទៀត​ដែល​ខ្ញុំ​រក​មិន​ទាន់​ឃើញ​ ឬមិន​ចង់​សរសេរ​ក្នុង​ប្រអប់​ចម្លើយ​។
      សង្ឃឹម​ថា​បង​យល់​ពី​អ្វី​ដែល​ខ្ញុំ​សរសេរ​… អរគុណ​សម្រាប់​ការ​ជួយ​ការពារ​និង​ស្រលាញ់​ខ្មែរ​ដូច​គ្នា​😉

  8. ខ្មែរ​យើង​នៅ​ក្នុង​ក្រសែ​ភ្នែក​បរទេស​គឺ​អាក្រក់​ណាស់​ ពិសេស​លើ​ផ្នែក​សុជីវធម៌​តែ​ម្តង​។ បុគ្គលិក​តាម​ឡាន​ក្រុង​នានា​ និយាយ​ស្តី​មិន​ចូលត្រចៀក​សោះ គំរោះគំរើយ ត្រគោះ​បោះបោក​ ដូច​យើង​ជិះ​ឡាន​មិន​ឲ្យ​លុយ​អ៊ីចឹង។ ខ្ញុំ​ធ្លាប់​ភ្លក្ស​រស​ជាតិ​បែប​ហ្នឹង​ប៉ុន្មាន​ដឹង​ហើយ​!

  9. អរគុណ​កញ្ញា ឡាវ័ន ដែល​ទទួល​យក​មតិ​របស់​ក្រេហ្ស៊ី និង​ផ្ដល់​នូវ​ការ​បកស្រាយ​យ៉ាង​សម​ហេតុ​ផល។ តាម​ពិត​ទៅ​ក្រេហ្ស៊ី​គ្រាន់​តែ​និយាយ​លេង​ទេ (តែ​បើ​មិន​ជឿ​ក៏​មិន​ជឿ​ទៅ) តែ​រាង​ដូច​ជា​ធ្ងន់​បន្តិច​មែន​ហើយ។ ឲ​ក្រេហ្ស៊ី​សុំទោស​ផង ក្រេហ្ស៊ី​គ្រាន់​តែ​ចង់​បាន​បំណក​ស្រាយ​បែប​ខាង​លើ​នេះ​ពី​ម្ចាស់​​ប្លក​​តែ​ប៉ុណ្ណោះ ដើម្បី​​កុំ​ឲ​បរទេស​ដែល​ចេះ​ខ្មែរ ចៃដន្យ​បាន​អាន​ប្រកាស​នេះ​ហើយ គិត​ថា មើល​ចុះ​ពូជ​ខ្មែរពិត​​ជា​​ថោក​ដូច​គេ​ថា​មែន សូម្បី​ខ្មែរ​គ្នា​វា​ក៏​ដៀល​គ្នា​វា​ដែរ ត្បិត​អី ឡាវ័ន មិន​បាន​បញ្ជាក់​នៅ​ក្នុង​ប្រកាស​ថា មិន​សំដៅ​លើ​ខ្មែរ​ទាំង​អស់​ទេ។ ចំពោះ​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​ពិត​ដូច​ឡាវ័ន​និយាយ​មិន​ខុស​ទេ ហើយ​ប្រហែល​ជា​ឡាវ័ន​ជួប​តិច​ជាង​ខ្ញុំ ក្រេហ្ស៊ី ដែល​ជា​មនុស្ស​តូច​ទាប​នេះ​ផង សរុប​ទៅ​គឺ​ស្ទើរ​នៅ​គ្រប់​ទី​កន្លែង​ទៅ​ហើយ នៅ​តាម​មន្ទីរ​ពេទ្យ នៅ​តាម​ផ្សារ នៅ​តាម​សាលារៀន នៅ​តាម​ហាង​ទំនិញ សូម្បី​ខ្មែរ​ខ្លះ​ដែល​ខ្លួន​ក្រ​ដូច​គ្នា​សោះ ក៏​មើល​ងាយ​គ្នា​ដែរ ដូចជា អ្នក​រត់​ម៉ូតូឌុប អ្នក​រត់ទុកៗ អី​ជាដើម។ ប៉ុន្តែ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ប្រជាជន​ខ្មែរ ក៏​មាន​អ្នក​ល្អ និង​អ្នក​ចេះ​ដឹង​ច្រើន​ណាស់​ដែរ។ មតិ​របស់​ខ្ញុំ​ដែល​លើក​ឡើង​ពី​មុន​មក​នោះ គឺ​ដើម្បី​ការពារ​ឡវ័ន​តែ​ប៉ុណ្ណោះ ព្រោះ​ខ្លាច​មាន​អ្នក​យល់​ច្រឡំ​ថា អ្នក​សរសេរ​នេះ​សរសេរ​ដៀល​ខ្លួន​ឯង​ទេ​តើ។
    សូម​អរគុណ​ឡវ័ន​ខ្លាំង​ណាស់ ហើយ​ក៏​រីករាយ​ដែរ ដែល​ឃើញ​ខ្មែរ​យើង​​មាន​​ចិត្ត​​ទូលាយ អាច​​​ទទួល​​យក​ការ​រិះគន់​ពី​អ្នក​ដទៃ​ដោយ​រីករាយ ដូច​មាន​ឡវ័ន​ជា​ភស្តុតាង​ស្រាប់​បែបនេះ។ ម្យ៉ាង​វិញ​ទៀត សម្រាប់​ចំណង​ជើង​វិញ បើ​មិន​យល់​ទាស់​ទេ ខ្ញុំ​គិត​ថា គួរ​ដាក់​ថា “បង​ប្អូន​ខ្មែរ​មួយ​ចំនួន​តូច ឬ​បង​ប្អូន​ខ្មែរ​មួយ​ចំនួន​ធំ ឬ​បង​ប្អូន​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន….វិញ យ៉ាង​ម៉េច​ដែរ តែ​បើ​មិន​អាច​ទេ​ក៏​មិន​អីដែរ ព្រោះ​មាន​បំណក​ស្រាយ​​ពី​ខាង​លើ​របស់​ឡវ័ន​បញ្ជាក់​ច្បាស់​ហើយ​ថា​មិនមែន​ខ្មែរ​ទាំង​អស់​ទេ។
    សូម​អរគុណ​ឡវ័ន​ជាថ្មី​ម្តង​ទៀត! ពិត​ជា​កុលធីតា​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់​មែន!
    សូម​ជម្រាបលា!

    ពីខ្ញុំ ក្រេហ្ស៊ី (អ្នករើសអេតចាយ)

    និយាយ​អី​ចឹង ប្រសិន​បើ​មាន​ត្រង់​ណា​មិន​គួរ​គប្បី សូម​អភ័យ​ទោស​ផង កុំ​ប្រកាន់​ថ្វី ត្បិតអី ខ្ញុំ​នេះ​ពិត​ជា​ដូច​ឈ្មោះ​មែន!!! ហើយ​ក៏​រីករាយ​ណាស់​ដែល​បាន​ស្គាល់! (អាហ៊ីស! មិន​ដឹង​គេ​ចង់​រាប់​អាន​ឯង​ដែរ​អត់​ផង​ណឹង​អាស បើ​ថា​ឲ​គេ​ម៉ឹងៗ! ហេសហេស…!!!) លាហើយ! លាម្តងទៀត! អរគុណច្រើន! អរគុណម្តងទៀត! ពិតជា…………!!! ហេសហេស……..!!! អត់មានអីទេស លាហើយ!!! ក្រេហ្ស៊ីម៉ងខ្ញុំនៀស!!

  10. ចុម! ភ្លេច​ជូនពរ! ជូន​ពរ​ឡវ័ន​ទទួល​បាន​ជោគជ័យ​គ្រប់​កិច្ចការ ជា​ពិសេស​រៀន​កាន់តែ​បាន​ពូកែ បាន​ពិន្ទុ​ល្អ ដោយមិនបាច់លួចចម្លងពីគេ (ហេស!! និយាយលេងទេ!) សុខភាព​ល្អ អនាគត​បវរ​រុងរឿង!
    ជម្រាប​លា​ម្តង​ទៀត!

  11. ខ្ញុំស្តាប់បានអ្នកទាំងអស់គ្នាហើយ គ្មានអ្វីជាកំហុសធំដុំដែរទេ ឡាវ័ននិយាយតាមការមើលឃើញ តាមពិតប្រហែលជាអញ្ចឹងមែន ពីព្រោះពេលខ្លះអ្នកធ្វើការ នៅព្រលានយន្តហោះហ្នឹង គាត់អត់មានបានកម្រៃ អីសោះ ២-៣ ម៉ោងហ្នឹង ធម្មតាគាត់ធ្លាប់បាន ដល់តែអត់ចឹងមួរម៉ៅ ហើយឃើញពួកជនបររទេសមក គេមិនដែលចេះអោយលុយផ្តេសផ្តាស ក្រៅពីបង់ថ្លៃតាមតម្រូវការ ហើយឡាវ័នទៀតក៏ជាកូនសិស្សខ្មែរ ទៀត ចឹងក៏អត់មានលុយច្រើនដើរចែកពួកគាត់ ដូចតែគ្នា ។ បើខ្ញុំវិញរិតតែអត់អោយទៅទៀត ពីព្រោះសំដីគំរោះគំរើយចឹង មិនត្រឹមតែមិនអោយហើយ សួររកមេកោយទៀត ស្រួលមិនស្រួលភ័យដោយសារ ខ្ញុំតែអញ្ចឹង និយាយស្រួលមិបាច់សុំទេ អោយភ្លាមដោយអាណិត ។ ធ្លាប់មានបញ្ហាច្រើនណាស់ដែរ ជាមួយពួកគាត់ហ្នឹង គាត់ច្រើនគំរាមកំហែង ឬក៏រកលេសអ្វីមួយ ដើម្បីអោយយើងអោយលុយគាត់ច្រើន តែល្បិចរបស់ពួកគាត់ មិនដែលបានលុយពីខ្ញុំដោយធ្វើរបៀបហ្នឹងទេ ។ តែខ្ញុំមិនឈ្លោះមិនជជែកក្រៅពីច្បាប់ទេ និយាយចុះនិយាយឡើង អោយលុយមិនហ៊ានយកពីខ្ញុំតាចឹង ខ្ញុំពីបាកជាមួយអ្នកអង្វរសុំហ្នឹង ទៅវិញទេ ចិត្តមិនដាច់ ច្រើនតែអស់ទៅលើពួគាត់ ។ ប៉ុន្តែអ្នកខ្លះសំដីទន់មែនទែន ជួយរុញការបូបអោយ អាហ្នឹងប្រយ័ត្នអោយមែនទែន ខ្លាចរុញកាបូបទៅ ទៅបាត់ ។ ហើយអ្នកលក់វិញ សុទ្ធតែត្អួញហើយ មិនដែលលក់កោរពូនេះបានទេ ជាពិសេសស្រីៗ ពោលរអូរតាចឹង ថាពូនេះពូកែរតថ្លៃណាស់ តាមពិតនិយាយលេងផងមែនផង មានអ្នកលក់ស្អាតៗ យើងតថ្លៃយូរតិចទៅ មើលតែរូបហ្នឹងមួកហ្នឹងដឹងហើយ ផ្សារថ្មី ផ្សារចាស់ ឬអូរឡាំពិច តែចូលទៅច្រើនតាគេស្គាល់ ពូនេះខុសគេ ភ្នែកមុតណាស់ ហើយនិយាយពេលណា មិនដែលថាមិនញញឹមទេ ចឹងស្មើនឹងក្រឡេកញញឹមក៏ថាបាន រឿងរាក់ទាក់ឬទទួលភ្ញៀវ វិញមិនចាញ់គេទេ មានតែគេច្រណែន ប៉ុន្តែនៅភូមិវើតប្រែសនេះវិញ ដូចអត់ចេះនិយាយ និងអត់ចេះញញឹមដូចគេទេ មិនដឹងម៉េចចឹង ឆ្ងល់ដែរ ចឹងបានជាមិនសូវមានភ្ញៀវនឹងគេ និយាយវែងតិចហើយ។ល។

  12. ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និ​យាយ​ពី​អី​នោះ​ទេ​ តែ​នេះ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ស្រាប់​ខ្ញុំ​ជួប​ប្រ​ទេស​ឡើង​សុះ​សាច់​ត្រ​ចៀក​ទៅ​ហើ​យណា​បង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s