កោះ​អ៊ូ​លឹង​ដូ​​ អន្លង់​ស្មេហ៍​ខ្ញុំ​​ 울릉동

កោះ​អ៊ូលឹង​ដូ​ / 울릉도 / Ulleung-do ជា​កោះ​ទី​៧ដែល​ធំ​ជាង​គេ​នៅកូរ៉េ​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​មនុស្ស​ជា​ច្រើន​រស់​នៅ​កុះ​ករ​លើ​កោះ​នេះ​ ដោយ​សារ​កោះ​នេះ​សម្បូរ​មឹក​ ហើយ​ពេល​នោះ​មឹក​លក់​បាន​ថ្លៃ​, ដូច​នេះ​ក៏​មាន​គេ​ផ្អើល​មក​រស់​នៅ​ច្រើន​ ហើយ​ក៏​កើត​កូន​កើត​ចៅ​ច្រើន​ទៅ​ៗ​។​ តែ​ក្រោយ​មក​ក៏​មាន​ចំនាក​ស្រុក​កាន់​តែ​ច្រើន​ទៅ​ៗ​ ព្រោះ​មិន​សូវ​កាក់​កប​ដូច​លើក​មុន​ ណា​មួយ​កូន​ៗ​ដែលធំ​ដល់​វ័យ​ចូល​រៀន​មហា​វិទ្យា​ល័យ​ ត្រូវ​ទៅ​បន្ត​ការ​សិក្សា​នៅ​ខេត្ត​ ឬ​ក្រុង​ផ្សេង​ ព្រោះ​នៅ​លើ​កោះ​នេះ​ពុំ​មាន​មហា​វិទ្យាល័យ​ទេ​ តែ​មាន​ពី​ថ្នាក់​បឋម​ រហូត​ដល់​ថ្នាក់​វិទ្យាល័យ​។ ប៉ុណ្ណឹង​ចាត់​ទុក​ថា​រីក​ចំរើន​ហើយ​ ព្រោះ​កោះ​ធម្មតា​ៗ​ពុំមាន​​សាលា​រៀន​ដល់​ថ្នាក់​វិទ្យាល័យ​ចឹង​ទេ​។ សូម​បញ្ជាក់​ដែល​ថា​កោះ​នេះ​ព័ទ្ធ​ដោយ​សមុទ្រ​ ហើយ​ប្រភព​ទឹក​សាប​ដែល​អាច​ឲ្យ​ប្រជា​ជន​នៅ​លើ​កោះ​នេះ​ប្រើ​ប្រាស់​បាន​យ៉ាង​បបូរ​នោះ​មាន​តែ​មួយ​គត់​គឺ​ ទឹក​ជ្រោះ​បូ​លែ​/ 봉래폭포 ។

ព្រឹក​ឡើង​ យើង​ check out (ក្នុង​សណ្ឋាគារ​) ពី​ព្រលឹម​ហើយ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​ដើម្បី​ជិះ​កា​ណូត​បន្ត​ដំនើរ​ទៅ​កោះ​ អ៊ូ​លូង​ដូង​ / 울릉도 / Ulleung-do ។​ រូប​នេះ​ស្ថិត​នៅ​ខាង​មុខ​ស្ថានីយ៍កំពង់​ផែ​, កំ​ពុង​ឈរ​រង់​ចាំ​ជិះ​កាណូត​។ មុន​នឹង​ឡើង​ជិះ​កាណូត​ ម្នាក់​ៗ​សុទ្ធ​តែ​បាន​លេប​ថ្នាំ​រួច​ជា​ស្រេច​ ព្រោះ​ខ្លាច​ចាក់​បញ្ឆេវ​ក្នុង​កាណូត​🙂

ខ្ញុំ​នឹក​គិត​ថា​ ប្រាកដ​ជា​បាន​ចាក់​បញ្ឆេវ​លាន់​ក្នុង​កាណូត​ហើយ​ ព្រោះ​មិន​ដែល​ជិះ​កាណូត​ឆ្លង​សមុទ្រ​ចឹង​ទេ​ ៚ តែ​ក្រោយ​ពី​ការ​ព្យាយាម​សំងំ​គេង​ លទ្ធផល​ឃើញ​ថា​អត់​អី​ទេ​ចា៎,​ អាច​ទៅ​ដល់​កោះ​អ៊ូលឹង​ដូ​ ដោយ​សុវត្ថិភាព​ ពុំ​មាន​ពុល​អី​ទេ​។ កោះ​នេះ​មិន​ជិត​ប៉ុន្មាន​ទេ​ ចំនាយ​ពេល​ ៣ម៉ោង​ពេញ​ ៚

ពេល​ឈាន​ជើង​ចុះ​ពី​លើ​កាណូត​មាន​អារម្មណ៍​ថា​ដូច​ចុះ​ពី​លើ​យន្ត​ហោះ​ ៚ មាន​មនុស្ស​អ៊ូអរ​កំ​ពុង​ឈរ​រង់​ចាំ​ទទួល​ស្វាគមន៍​ពួក​យើង​ ៚ តើ​ហេតុ​អី​បាន​គេ​មក​ចាំ​ឈរ​មើល​ពួក​យើង​? ព្រោះ​ចង់​ឃើញ​ថា​តើ​មាន​មាន់​ថ្មី​ណា​ខ្លះ​ មក​ទស្សនា​កោះ​របស់​ពួក​គេ​ ហេហេ…. និយាយ​លេង​ទេ​…. គឺ​អ្នក​ខ្លះ​ជា​អ្នក​តំនាង​ ផ្ទះ​សំណាក់​ សណ្ឋាគារ​ ភោជនីយ​ដ្ឋាន​ ។ល។ ពួក​គេ​មក​ចាំ​ទទួល​ភ្ញៀវ​ដែល​បាន​កក់​ភោជនីយ​ដ្ឋាន​ ឫ ផ្ទះ​សំណាក់​របស់​ពួក​គេ​។

គ្រាន់​តែ​ចុះពី​លើ​កាណូត​ភ្លាម​ ពួក​យើង​ក៏​ដើរ​តំរង់​ទៅ​ហាង​បាយ​ភ្លាម​ៗ​ ព្រោះ​ឃ្លាន​ខ្លាំង​ណាស់​ ម៉ោង​១ថ្ងៃ​ត្រង់​ហើយ​ ណា​មួយ​ចង់​សាក​ម្ហូប​អ្នក​កោះ​អ៊ូ​លឹង​ដូ​ ថា​តើ​ឆ្ងាញ់​ប៉ុណ្ណា​​៚ ហើយ​នៅ​លើ​កោះ​នេះ​ល្បី​ថា​ម្ហូប​ និង​របស់​របរ​រាង​ថ្លៃ​បន្តិច​ ព្រោះ​ធម្មតា​ទេ​កោះ​ដាច់​ស្រយាល​ចឹង​ មធ្យោបាយ​ដឹក​ជញ្ជូន​ត្រូវ​ចំនាយ​ច្រើន​។ បាយ​ឆា​មួយ​ចាន​នេះ​ថ្លៃ​ ១០,០០០​ វ៉ុន​។

ទឹក​ជ្រោះ​ បូ​លែ​ / 봉래폭포

បើ​ចង់​ទៅ​លេង​ទឹក​ជ្រោះ​ បូ​លែ​នេះ​​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង​ចំងាយ​ប្រមាណ​ ២ ទៅ​ ៣ គីឡូ​ម៉ែត្រ​។ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​រូង​ថ្ម​មួយ​ដែល​គេ​ដាក់​ថា​ «ម៉ាស៊ីន​ត្រជាក់​ធម្មជាតិ​»

នេះ​ជា​រូប​នៅ​ខាង​ក្នុង​រូង​ថ្ម​នោះ​, គ្រាន់​តែ​បើក​ទ្វារ​ឈាន​ជើង​ភ្លាម​ ចំហាយ​ត្រជាក់​ជះ​មក​ភ្លាម​ៗ​។ នៅ​ខាង​ក្នុង​នេះ​ពិត​ជា​ត្រជាក់​ខ្លាំង​ណាស់​សឹង​ទ្រាំ​មិន​បាន​ នៅ​រដូវ​ក្តៅ​សីតុណ្ហភាព​ថេរ​ ៤ អង្សាសេ​ ហេហេ…. មិន​ណយ​ទេ

ផ្លូវ​ដើរ​ទៅ​កាន់​ទឹក​ជ្រោះ​នេះ​ គេ​យក​សម្បក​កង់​ឡាន​ដែល​ប្រើ​លែង​បាន​យក​មក​ក្រង​ប្រទាក់​គ្នា​បាន​ជា​កម្រាល​ មក​ក្រាល​ពី​លើ​ផ្លូវ​លំ​។ នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​ព្រោះដើរ​លើ​កម្រាល​សម្បក​កង់​ឡាន​នេះ​ មិន​ធ្វើ​ឲ្យ​ផ្លូវ​រអិល​ពេល​មាន​ភ្លៀង​, មិន​មាន​ការ​ជំពប់​ជើង​ដួល​នឹង​ដុំ​ថ្ម​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ផ្លូវ​ទៅ​កាន់​រមណីយ​ដ្ឋាន​ ទឹក​ជ្រោះ​ ចំ​បក់​ របស់​ខ្មែរ​យើង​ វា​មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្លូវ​ទៅ​កាន់​ទឹក​ជ្រោះ​ បូលែ​នេះ​ដែរ​ ។ ដូចនេះ​បើ​យក​កម្រាល​សម្បក​កង់​ឡាន​នេះ​ទៅ​ក្រាល​នៅ​ផ្លូវ​ទៅ​ចំបក់​ប្រហែល​ល្អ​។

ដើរ​ឡើង​សឹង​ធ្លាក់​អណ្តាត​ ទី​បំផុត​បាន​មក​ដល់​ហើយ​!!! សប្បាយ​ចិត្ត​ណាស់​!!😀

នេះ​ហើយ​គឺ​ទឹក​ជ្រោះ​ បូ​លែ​!! តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ គឺ​ថា​អ្នក​ស្រុក​កូរ៉េ​នេះ​មិន​និយម​លេង​ ឬ​មុជ​ទឹក​ជ្រោះ​ដូច​អ្នក​ស្រុក​យើង​ទេ​។ គេ​ខំ​ធ្វើ​ដំនើរ​ពី​ចម្ងាយ​ណា​ណី​ គឺ​គ្រាន់​តែ​មក​ចង់​ថត​ និង​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រលប់​ទៅ​វិញ​។

ថត​មួយ​ប៉ុស្តិ​ជុំ​គ្នា

មួយ​ប៉ុស្តិ​នេះ​…. យ៉ាប់​ៗ​អា​​ម៉េច​មិន​ដឹង​ទេ

បាន​ស្នាក់​នៅ​រី​សត​ថ្លៃ​ជាង​គេ​លើ​កោះ​អ៊ូ​លឹង​ដូ​🙂

បើ​តាម​ខ្ញុំ​ឮ​ពី​គេ​ដែរ​ គឺ​ថា​រីសត​ដែល​យើង​ស្នាក់​នៅ​នេះ​ជា​រី​សត​ដែល​ថ្លៃ​និង​ល្អ​ជាង​គេ​លើ​កោះ​នេះ​ហើយ​ ហេតុ​នេះ​ទើប​បណ្តាល​ឲ្យ​ពួក​យើង​បាន​មាន​ឱកាស​ជួប​ជា​មួយ​តារា​ចំរៀង​ល្បី​នៅ​កូរ៉េ​៚ ដើម​ហេតុ​យ៉ាង​ណា​ ចាំ​ខ្ញុំ​ជំរាប​នៅ​ប្រកាស​ក្រោយ​។ អូ​ រី​សត​នេះ​ឈ្មោះ​ថា​ DAE-A RESORT ។

ចូល​ទៅ​ខាង​ក្នុង​ឃើញ​សមុទ្រ​នៅ​នឹង​មុខ​តែ​ម្តង​ ៚ ឡូយ​ណាស់​!!

ផ្លូវ​ដើរ​ទៅ​កាន់​បន្ទប់​គេង

នៀក​!! មក​ដល់​ហើយ​តើ​! ហេហេ…

បន្ទប់​មួយ​គេង​គ្នា​៤នាក់​ ៚ នេះ​ជា​រូប​ភាព​មើល​ពី​បន្ទប់​ខ្ញុំ​ទៅ​… អាច​ឃើញ​សមុទ្រ​យ៉ាង​ច្បាស់

មាន​អារម្មណ៍​ថា​ស្រស់​ថ្លា​ណាស់​… បើ​​មាន​ផ្ទះ​មួយ​សង់​ក្បែរ​សមុទ្រ​ហើយ​អាច​មើល​ឃើញ​ទេស​ភាព​ចឹង​ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ

នេះជា​មិត្ត​រួម​បន្ទប់​, នាង​ជា​ជន​ជាតិ​ឥណ្ឌា​ ហើយ​២នាក់​ទៀត​ជា​ជន​ជាតិ​កូរ៉េ​ (ពួក​គាត់​ជា​អ្នក​មក​ពី​ខាង​ក្រសួង​ទេសចរណ៍​)

ហើយ​នេះ​ជា​រូប​ខ្ញុំ​ចា៎ ^^ កោះ​អ៊ូ​លឹង​ដូ​នៅ​មាន​ទី​រមណីយ​ដ្ឋាន​ និង​ទេស​ភាព​ស្អាត​ៗ​ជា​ច្រើន​ទៀត​ តែ​សូម​រង់​ចាំមើល​នៅប្រកាស​ក្រោយ​… សូម​អរគុណ​😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s