សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​(ខាង​ត្បូង​)

អង្គុយ​រក​នឹក​ចំនង​ជើង​ប្រកាស​មួយ​សន្ទុះ​ធំ​ហើយ​ តែ​នៅ​តែ​រក​មិន​ឃើញ​! ព្រោះ​ថា​ដំនើរ​នេះ​ស្ថិត​ក្នុង​សមុទ្រ​ខាង​កើត​ប្រទេស​កូរ៉េ​នឹង​វា​ត្រឹម​ត្រូវ​ហើយ​ តែ​ទាស់​ត្រង់​ថា​រូប​ក្នុង​ប្រកាស​នេះ​អត់​មាន​រូប​សមុទ្រ​អី​តិច​ទេ​ ព្រោះ​គោល​ដៅ​យើង​មិន​មែន​ទៅ​លេង​ទឹក​សមុទ្រ​ឬ​ ឆ្នេរ​សមុទ្រ​អី​ទេ​។ យើង​ទៅ​សមុទ្រ​ខាង​កើត​ដើម្បី​បន្ត​ដំនើរ​ទៅ​លេង​ «កោះ​អ៊ូ​លូង​ដូ​​/ Ulleung-Do island/ 울릉도 » ។ ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​ពី​ប្រកាស​មុន​ ក្រោយ​ពី​ស្ងោរ​ពោត​អី​រួច​រាល់​ហើយ​ យើង​ទៅ​កន្លែង​មួយ​ទៀត​ដើម្បី​ធ្វើ​ផើង​កូន​ឈើ​ដោយ​ដៃ​យើង​ផ្ទាល់​🙂

ហត្ថ​កម្ម​​ផើង​កូន​ឈើ​រាង​អណ្តើក​

ពេល​ទៅ​ដល់​ទី​នោះ​ភ្លាម​ ភ្ញាក់​ឲ្យ​ព្រើត​!! ឃើញ​កូន​ទន្សាយ​នេះ​ដេក​ផ្ងារ​ពោះ​ក្នុង​ទ្រុង​មិន​ដឹង​ថា​ ងាប់​ឬ​រស់​ទេ​។ តែ​វា​មិន​ដែល​មាន​អ្នក​ណា​យក​សត្វ​ងាប់​មក​ដាក់​ក្នុង​ទ្រុង​ទេ​ ដូច​នេះ​អាច​ឲ្យ​ដឹង​ថា​ទន្សាយ​មួយ​ក្បាល​នេះ​វា​កំពុង​ដេក​ទេ​តើ​! ចំ​លែក​អី​តែ​មិត្ត​ជន​ជាតិ​ឥណ្ឌា​ម្នាក់​បាន​កេះ​សួរ​មិត្ត​ឯ​ទៀត​ថា​ «ហេ​! មើល​អ្នក​ភូមិ​នេះ​​យក​ទន្សាយ​ងាប់​មក​តាំង​ក្នុង​ទ្រុង​!!» ខ្ញុំ​ឮ​ភ្លាម​អស់​សំណើច​ជា​ខ្លាំង​ ហើយ​ក៏​ប្រាប់​ទៅ​មិត្ត​នោះ​ថា​ «មិន​មែន​ទេ​​! វា​កំពុង​ដេក​សោះ​នឹង​!» ។ តែ​កូន​ទន្សាយ​មួយ​នេះ​ទោះ​បី​ជា​មាន​មនុស្ស​មាត់​អ៊ូ​អរ​យ៉ាង​ណា​ក៏​អត់​ភ្ញាក់​ដែរ​, ពិត​ជា​ដេក​ទំ​មក់​មែន​!!

ឯ​កូន​ឆ្កែ​នេះ​វិញ​ ឲ្យ​រលេញ​!! ឃើញ​ពី​ណា​រត់​តាម​ពី​នឹង​ ធ្វើ​ដូច​ស្គាល់​គ្នា​ពី​អង្កាល់​ណា​ចឹង​! មិន​ណយ​ទេ​, ពេល​ដែល​ខ្ញុំ​កំពុង​ថត​មួយ​ប៉ុស្តិ​នេះ​មិត្ត​ភក្តិ​ឯ​ទៀត​ក៏​កំពុង​ទាញ​យក​កាមេរ៉ា​ថត​វា​ដែរ​។ មើល​ទៅ​ដូច​អ្នក​កាសែត​កំពុង​ថត​តារា​ល្បី​អញ្ចឹង​, មិន​ថែម​ប៉ុណ្ណោះ​លោក​បង​សុនខ​នេះ​គាត់​ឡើង​អង្គុយ​លើ​សា​ឡុង​បណ្តោយ​ខ្លួន​ឲ្យ​យើង​ថត​តាម​ចិត្ត​ទៀត​ណ៎!

នេះ​, ចូល​ដល់​សាច់​រឿង​ហើយ​! នេះ​ហើយ​ជា​ផើង​កូន​ឈើ​គំរូ​ដែល​យើង​នឹង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នា​ពេល​បន្តិច​ទៀត​នេះ​។ មាន​រូប​អណ្តើក​ និង​មួយ​ទៀត​នោះ​មិន​ដឹង​ថា​រូប​អី​ឲ្យ​ប្រាកដ​ទេ​… អាច​ថា​ «ផើង​បេះ​ដូង​ក្បាល​ឆ្កែ​»? ហាហា…

មីង​ម្នាក់​នេះ​ គាត់​កំពុង​ពន្យល់​ពី​របៀប​ធ្វើ​ផើងកូន​ឈើ​។ គាត់​សួរ​ថា​តើ​ចង់​ធ្វើ​មួយ​ណា, មួយ​ៗ​ឆ្លើយ​ថា​ចង់​ធ្វើ​ផើង​អណ្តើក​ ដូច​នេះ​គាត់​ក៏​បង្ហាញ​ពី​ការ​ធ្វើ​ផើង​អណ្តើក​​

នេះ​ជា​ប្រដាប់​ប្រដា​សំរាប់​ធ្វើ​ផើង​៚ មាន​កន្ត្រៃ​, ដែក​លួស​, ខ្សែ​លី​ឡុង​, កូន​ឈើ​ និង​ចុង​ក្រោយ​របស់​សំខាន់​ តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ហៅ​ថា​ម៉េច​ទេ​។ ដូច​ដែល​ឃើញ​ក្នុង​រូប​នឹង​ហើយ​ ស្លឹក​រុក្ខ​ជាតិ​ពណ៌​លឿង​ដែល​នៅ​ក្បែរ​ផើង​កូន​ឈើ​នឹង​ណា៎!​ ស្លឹក​ដើម​ឈើ​នឹង​ វា​មាន​រាង​ខុស​ពី​ស្លឹក​​ដទៃ​, រាង​ជា​ព្រុយ​ៗ​វែង​(ដូច​ក្នុង​រូប​)

ដំបូង​ ត្រូវ​ដក​កូន​ឈើ​ចេញ​ពី​ផើង​ជ័រ​នោះថ្នម​ៗ​​ ហើយ​រលាស់​ដី​ចេញ​ខ្លះ​ឲ្យ​នៅ​តែ​ពាក់​កណ្តាល​បាន​ហើយ​

នៀក​! រលាស់​ដី​កុំ​ឲ្យ​អស់​ពេក​ ហើយ​ក៏​កុំ​ឲ្យ​នៅ​ច្រើន​ពេក​។ ទុក​ល្មម​កូន​ឈើ​អាច​រស់​បាន​​

បន្ទាប់​មក​ យក​ស្លឹក​រុក្ខជាតិ​នោះ​មក​រុំ​ពី​ក្រៅ​ជំ​នួស​ផើង​ជ័រ​ដែល​ដក​ចេញ​នោះ។ ដាក់​ស្លឹក​នោះ​ឲ្យ​ច្រើន​ជុំ​វិញ​ ច្របាច់​ឲ្យ​ណែន​ទើប​វា​មិន​ជ្រុះ​ចេញ​

ក្រោយ​ពី​រុំ​ស្លឹក​នោះ​រួច​រាល់​ហើយ​ យក​ខ្សែ​លី​ឡុង​មក​រុំ​ស្លឹក​នោះ​ពី​ក្រៅ​(ដូច​រូប​)។ ហើយ​ក្បាល​និង​ជើង​អណ្តើក​ គ្រាន់​តែ​យក​ដែក​លួស​ចាក់​ចូល​ក្នុង​ខ្លួន​អណ្តើក​ទៅ​ បន្ទាប់​មក​រុំ​ស្លឹក​នោះ​ពី​ក្រៅ​ដែក​លួស​ជា​ការ​ស្រេច​។ សូម​បញ្ជាក់​ថា​ អណ្តើក​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ជា​ស្នា​ដៃ​របស់​ខ្ញុំ​, តែ​មិន​ទាន់​រួច​រាល់​ទេ​ មិន​ទាន់​ដោត​ជើង​ផង​​

នេះ​នែ​!! រួច​បណ្តោយ​!! ស្អាត​ទេ​ៗ?🙂

នេះ​ជា​ស្នា​ដៃ​ទាំង​ទ្វេរ​របស់​ កញ្ញា​ វី​ ឡា​វ័ន​ ហេ​ហេ​… :))

ផើង​អណ្តើក​ខ្ញុំ​ថត​ពី​ចំហៀង​

ធ្វើ​ផើង​អណ្តើក​ចប់​ គេ​នាំ​ទៅ​ឲ្យ​ចំ​ណី​សេះ​ ៚ គឺ​សំបក​ពោត​ដែល​យើង​បក​ពេល​ទៅ​ចំការ​ពោត​នឹង​ គេ​អត់​បោះ​ចោល​ទេ​។

បាន​ឆ្ងាញ់​មាត់​ហើយ​ លោក​បង​សេះ​!!🙂

នៅ​ក្រៅ​ក្រោល​សេះ​ ឃើញ​មាន​សត្វ​ពពែ​

មិន​ងាយ​មាន​ឱកាស​បាន​ឃើញ​ពពែ​ផ្ទាល់​ភ្នែក​ចឹង​ទេ​ ក៏​ថត​មួយ​ប៉ុស្តិ​មក​!!​

ឆ្កែ​នេះ​បែប​កាច​ណាស់​ហើយ​ ទើប​មាន​ច្រវ៉ាក់​អី​មាំ​ណាស់​!!​

រៀប​នឹង​ចេញ​ទៅ​ ក៏​ថត​មួយ​ប៉ុស្តិ​ជុំ​គ្នា​

ញ៉ាំ​អាហារ​ល្ងាច​នៅ​ភោជនីដ្ឋាន «ហ្គូល​ទុក​ឆូន​ 굴뚝촌»​

បើ​តាម​ខ្ញុំ​វាយ​តំលៃ​ អាហារ​ដែល​ញ៉ាំ​ទាំង​៤ថ្ងៃ​៣យប់​នេះ​ អាហារ​ដែល​ញ៉ាំ​នៅ​ភោជនីយដ្ឋាន​នេះ​ឆ្ងាញ់​ជាង​គេ​ ហើយ​ទេស​ភាព​និង​ការ​តុប​តែង​របស់​គេ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ ៚

គេ​រៀប​ចំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​ខ្លោង​ទ្វារ​ រហូត​ដល់​ខាង​ក្នុង​ហាង​ ៚ ម្នាក់​ៗ​កំពុង​តែ​រីក​រាយ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ និង​ផ្កា​ដ៏​ស្រស់​ផូផង់​

ចាប់​អារម្មណ៍​ឃើញ​ផ្កា​នេះ​មាន​២ ប្រភេទ​៖ ទី​១ស្លឹក​ពណ៌​លឿង​សុទ្ធ​(ដូច​ក្នុង​រូប​នេះ​)

ទី​២ ស្លឹក​មាន​ពណ៌​ខ្មៅ​រាង​ត្នោត​នៅ​កណ្តាល​។ បើ​មើល​ពី​ចំងាយ​ផ្កា​ទី​២​ស្អាត​ជាង​អា​ទី​១។ តែ​ដល់​មើល​ឲ្យ​ច្បាស់​ទៅ ​ផ្កា​ទី​២ជា​ផ្កា​ស្អុយ​រៀប​នឹង​ងាប់​សោះ!! ហាហា.. អស់​សំណើច​នឹង​ខ្លួន​ឯង​ណាស់​ខ្ញុំ​!

រៀប​ចូល​ញ៉ាំ​ថត​មួយ​សិន​!!🙂 មួយ​ប៉ុស្តិ​នេះ​ដូច​ញញឹម​បន្តិច​ ក្រម៉ូវ​បន្តិច​…

នេះ​ហើយ​ជា​អាហារ​ពេល​ល្អាច​នៅ​ភោ​ជនីយដ្ឋាន​នេះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បំ​ភ្លេច​មិន​បាន​

ថ្ងៃ​នោះ​មួយ​ឆ្នាំង​ញ៉ាំ​គ្នា​៤នាក់​ ដោយ​ឆ្ងាញ់​ពេក​ញ៉ាំ​អស់​មួយ​ឆ្នាំង​ចង់​តែ​ហៅ​គេ​ថែម​មួយ​ឆ្នាំង​ទៀត​ទេ​, តែ​ខ្លាច​ខ្មាស​គេ​… អត់​បាន​ថែម​ទេ​

ខ្ញុំ​បាន​បំពេញ​កាតព្វ​កិច្ច​ជា​ពលរដ្ឋ​ល្អ​រួច​ហើយ​!! ហេ​ហេ​🙂 គឺ​ថា​ដោយ​ឃើញ​មាន​វិចារ​ជា​ច្រើន​ត្រូវ​បាន​គេ​ចារ​លើ​បំពង់​ឫស្សី​នេះ​ ខ្ញុំ​ក៏​សុំ​គេ​ចារ​អក្ខរា​ជា​ភាសា​ខ្មែរ​លើ​បំពង់​ឫស្សី​ក្នុង​ហាង​នេះ​ដែរ​ ដោយ​សរសេរ​ជា​ភាសា​ខ្មែរ​​និង​កូរ៉េ​ថា​ «សួស្តី​ប្រិយ​មិត្ត​កម្ពុជា​ 캄보디아 사람 어서 오세요 ^^ » ។ តើ​មើល​ឃើញ​អក្សរ​ខ្មែរ​ដែល​ខ្ញុំ​សរសេរ​ក្នុង​រូប​នេះ​ទេ​?

ក្រោយ​ពី​ញ៉ាំ​ហើយ​​​ ក៏​ចេញ​ទៅ​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​ ថត​ពីរ​បី​ប៉ុស្តិ​លេង​..

ស្ទ៉ាយ​ស្រី​ស្អាត​កំពុង​ហិត​ក្លិន​ផ្កា​😀

អ៊ើយ​ ១នេះ​ពិបាក​បរិយាយ​ណាស់​! ខ្លាច​អ្នក​អាន​ញ៉ាំ​បាយ​លេង​ចូល​ ^^

មាន​ទោង​ជិះ​លេង​ទៀត​នែ​!!

រូប​នេះ​កុំ​អី​អត់​ថត​ទេ​ តែ​ដោយ​ស្រលាញ់​កន្ទុំ​រុយ​ទើប​ថត​មក​នឹង​ណា​, ក្នុង​រូប​នេះ​មាន​កន្ទុំ​រុយ​ចំនួន​៤ក្បាល​ណា តើ​អាច​រក​ឃើញ​ទេ​នឹង​??🙂 ៚ ចេញ​ពី​ភោជ​នីយ​ដ្ឋាន​នោះ​យើង​ក៏ទៅ​សណ្ឋាគារ​ រង់​ចាំ​ព្រឹក​ស្អែក​ចេញ​ដំនើរ​ទៅ​កោះ​អ៊ូ​លូង​ដូ​ យេ​យេ​…

5 thoughts on “សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​(ខាង​ត្បូង​)

  1. ញ៉ុមចូលចិត្តរូបទី២៦ជាងគេ!ពេលបានមើលហើយមានមោទនភាពចំពោះជាតិរបស់ខ្ញុំដែលមាន
    បងជាអ្នកស្រលាញ់ជាតិ!ហេហេហេ!🙂 មិនងាយទេណា!ហេតុតែចង់មើល ខំចាំឡើងចង់១០នាទី នៅឆ្លៀតពេលទៅញុំាបាយទៀតទើបបានមើលរូបបងអស់ ព្រោះនៅ
    ខ្មែរភ្លៀងធំណាស់! បានជាអ៊ីនធើនេតដើរយឺត!🙂

    • អូ​ ចាំ​យូរ​ដល់​ថ្នាក់​ហ្នឹង​ផង​?? បង​អត់​ដឹង​សោះថា​ប្លុក​បង​ពិបាក​បើក​ចឹង​! យ៉ាង​ណា​អរគុណណា​អូន​ ហេ​ហេ​… បង​ក៏មាន​មោ​ទន​ភាព​ចំពោះ​កម្ពុ​ជា​យើង​ដែរ​🙂

  2. មិនមែនមកពីប្លក់បងឯងនោះទេ!គឺមកពីល្បឿនអ៊ីនធើណេតវាយឺតពេក!
    ហើយចុះគេធ្វើផើងនុងហើយយកទៅណាដែរទៅបង?
    បើសិនជាមិនយកមកផ្ទះវិញ ខាតស្លាប់ហើយលោកអើយ!​🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s