ចូល​រួម​ក្នុង​ការ​បោះ​ជំ​រុំ​ជា​មួយ​ក្រុម​ WSK ឆ្ពោះ​ទៅ ​កោះ​ដូក​ដូ​ / Dokdo island/ 독도

ចូល​ក្នុង​ក្រុម​ WSK (World Students in Korea) ពិត​ជា​ហេង​ និង​មាន​ប្រយោជ​ន៍ណាស់​! ខ្ញុំ​ចូល​ចិត្ត​កម្ម​វិធី​នេះណាស់​ ព្រោះ​នៅ​ពេល​មាន​កម្ម​វិធី​ដើរ​លេង​ម្តង​ៗ​គេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ពី​យើង​ណាស់​ ៚ ឲ្យ​តែ​យើង​មាន​បញ្ហា​ គ្រាន់​តែ​ប្រាប់​ ឫ​ស្នើ​ទៅ​គេ​ គេ​តែង​ស្ទុះ​ស្ទារ​រក​ដំណោះ​ស្រាយ​ និង​ជួយ​យើង​ដោយ​អស់​ពី​សមត្ថ​ភាព​ ខ្ញុំ​ពិត​ជា​រំភើប​នឹង​ទឹក​ចិត្ត​ និង​ការ​យក​ចិត្ត​ដាក់​របស់​ពួក​គាត់​ជា​ខ្លាំង​។ តួ​យ៉ាង​ ដូច​ក្នុង​ការ​បោះ​ជំ​រុំ​ឆ្ពោះ​ទៅ​កោះ​ ដូក​ដូ​/ Dokdo island/ 독도 នេះ​ ដោយ​សារ​ជា​ដំនើរ​ផ្លូវ​ឆ្ងាយ​ ពិត​ជា​កើត​មាន​នូវ​បញ្ហា​ជា​ច្រើន តែ​ពួក​គាត់​ខំ​ប្រឹង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង​យ៉ាង​អស់​ពី​សមត្ថភាព​​ ៚ សូម្បី​តែ​អាហារ​ គេ​តែង​តែ​ប្រាប់​ពី​មុខ​ម្ហូប​ត្រូវ​ញ៉ាំ​ ប្រសិន​បើ​យើង​មិន​អាច​ញ៉ាំ​(ឧ. អ្នក​កាន់​សាសនា​ឥស្លាម​អត់​ញ៉ាំ​សាច់​ជ្រូក​) គេ​នឹង​រៀប​ចំ​អាហារ​ពិសេស​សំរាប់​អ្នក​ទាំង​នោះ​។ ហើយ​មួយ​ទៀត​ពេល​ជិះ​កា​ណូត​​ យើង​ប្រាប់​គេ​ថា​មាន​អ្នក​ខ្លះ​ពុល​កាណូត​ គេ​ក៏​ស្ទុះ​ស្ទារ​ទៅ​ទិញ​ថ្នាំ​ពុល​កាណូតមួយ​ប្រអប់​​មក​ឲ្យ​ផឹក​ពេញ​មួយ​ឡាន​(ថ្នាំ​ពុល​កាណូត​មិន​ជា​ថោក​ទេ​ ព្រោះទិញ​មួយ​ប្រអប់​ធំ​)។ ហើយ​អ្នក​ខ្លះ​មាន​បញ្ហា​នោះ​ អ្នក​ខ្លះ​មាន​បញ្ហា​នេះ​ បង​ៗ​ខាង​ WSK ទាំង​នោះ​ហត់​មិន​ស្ទើរ​ទេ​ក្នុង​ការ​ជួយ​ពួក​យើង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ការ​បោះ​ជំ​រុំ​លើក​នេះ​មាន​ការ​សហការ​ជា​មួយ​ក្រសួង​ទេសចរណ៍​(កូរ៉េ​) បើ​តាម​ខ្ញុំ​គិត​ការ​ចាយ​វាយ​ទាំង​អស់​ប្រហែល​ជា​បន្ទុក​របស់​ក្រសួង​ទេស​ចរណ៍​ហើយ​។ ការ​បោះ​ជំ​រុំ​លើក​នេះ​មាន​រយៈពេល​៤ថ្ងៃ​ ៣យប់​ ៚ សិស្ស​ទាំង​អស់​ដែល​បាន​ចូល​រួម​មាន​ចំនួន​ ២៣​នាក់​។

ដោយ​សារ​៤ថ្ងៃ​៣យប់​នេះ​ មាន​កន្លែង​ស្អាត​ៗ និង​មាន​រូប​ថត​ច្រើន​ពេក​ដែល​ត្រូវ​បង្ហាញ​ អញ្ចឹង​មិន​អាច​ប្រកាស​ម្តង​ទាំង​៤ថ្ងៃទេ​ ៚ ប្រកាស​ម្តង​មួយ​ថ្ងៃ​ៗ​ឲ្យ​មើល​ណា៎!

គេ​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​កីឡា​វប្បធម៌​ និង​ទេស​ចរណ៍​​ (Ministry of Culture Sports and Tourism) ដែល​ស្ថិត​នៅ​ក្បែរ​ស្ថានីយ៍​(រថ​ភ្លើង​ក្រោម​ដី​)ក្វាង​ហ្វា​មូន​ (광화문역) ម៉ោង​៩កន្លះ​ព្រឹក​។ ខ្ញុំ​ចេញ​ដំនើរ​ពី​សាលា​ខ្ញុំ​ទៅ​ម៉ោង​៨ព្រឹក​ នឹក​ស្មាន​ថា​ក្រែង​ពិបាក​រក​កន្លែង​ណាត់​ជួប​មិន​ឃើញ​ ដូច​នេះ​ទៅ​មុន​ពី​ព្រឹក​បន្តិច​, មាន​អី​ មាន​ឯណា!! ក្រសួង​ទេសចរណ៍​នោះ​ស្រួល​រក​សឹង​អី​, ទៅ​ដល់​ទី​នោះ​ម៉ោង​៨កន្លះ​ព្រឹក​ ស្ងាត់​ជ្រៀប​កុំ​ឲ្យ​តែឃើញ​នរណា​ម្នាក់​!! សូម្បី​តែ​ឡាន​ក៏​មិន​ទាន់​មក​ផង​ ដូច​នេះ​មាន​អី​ក្រៅ​ពី​អង្គុយ​ចាំ​ជិត​១ម៉ោង​ទេ​😦

ក្រោយ​ពី​អង្គុយ​ចាំ​គេ​ឡើង​ស្ពឹក​មុខ​ ដល់​ម៉ោង​ចេញ​ដំនើរ​គេចេញ​ទៅ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កើត​៚​ជិះ​បាន​ប្រហែល​១ម៉ោង​កន្លះ​គេ​ឈប់​សំរាក​១៥នាទី​។ ចៃ​ដន្យ​អី​ ឃើញ​មាន​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​ថត​មក​ ភ្លេង​ដែល​គេ​កំពុង​ប្រគំ​នេះ​ពិត​ជា​ពិរោះ​ខ្លាំង​ណាស់​។

តែ​អ្វី​ដែល​ខ្ញុំ​អស់​សំណើច​ និង​ចង់​បង្ហាញ​នោះ​គឺ​ថា​គេ​ប្រគំ​នៅ​នឹង​មុខ​បន្ទប់​ទឹក​សាធារណៈ​នារី​😀 ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​តិច​ៗ​ដែរ​ ..

បន្ត​ដំនើរ​ប្រហែល​១ម៉ោង​ជាង​ទៀត​ក៏​ទៅ​ដល់​សមុទ្រ​ខាង​កើត​។ សមុទ្រ​ខាង​កើត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សេ​អ៊ូល​ទេ​ ជិះ​ឡាន​ចំនាយ​ពេល​ប្រហែល​៣ម៉ោង​ដល់​ហើយ​។ ទៅ​ដល់​ម៉ោង​មួយ​រសៀល​ល្មម​ យើង​ក៏​ចូល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ក្នុង​ភោជនីយ​ដ្ឋាន​។ ហើយ​រាល់​ភោជនីយ​ដ្ឋាន​ សណ្ឋាគារ​ និង​រមណីយ​ដ្ឋាន​ដែល​យើង​ទៅ​សុទ្ធ​តែ​ត្រូវ​បាន​កក់​ទុក​រួច​ហើយ​ ដូច​នេះ​ពេល​ចូល​ទៅ​ដល់​មាន​អាហារ​ដាក់​លើ​តុ​ស្រាប់​ៗ​កំពុង​រង់​ចាំ​ពួក​យើង​ចេញ​ប្រតិបត្ត​​ការ​សំអាត​ម្ហូប​ទាំង​ឡាយ​ក្នុង​ចាន​😀 ការ​រៀប​ចំ​ទុក​ជា​មុន​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ប្រៀប​ដូច​ភ្ញៀវ​ពិសេស​ អា​ម៉េច​មិន​ដឹង​ទេ​។​ ហើយ​រូប​សាច់​ក្នុង​ចាន​នេះ ពេល​ញ៉ាំទៅ​ដូច​សាច់​ផាក់​ឡូវ​យើង​ចឹង​​

សាច់​ក្នុង​ចាន​នេះ​ក៏​ជា​ផាក់​ឡូវ​ដែរ​ តែ​មាន​ដាក់​ស្ពៃ​ក្តោប​និង​ប៉េង​ប៉ោះ​ ពិសេស​មាន​ស្រោច​ទឹក​អី​គេ​ទេ​ពណ៌​លឿង​ៗ ៚ ដោយ​សារ​ទឹក​ពណ៌​លឿង​នឹង​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ម្ហូប​មួយ​នេះ​អត់​ឆ្ងាញ់​ ព្រោះ​ទឹក​លឿង​នឹង​ធុំ​​អាក្រក់​ណាស់​

ហើយ​នេះ​គេ​ហៅ​ថា​មី​ត្រជាក់​ យើង​ប្រហែល​ជា​ប្លែក​ជា​មួយ​មី​នេះ​ព្រោះមី​ធម្មតា​គេ​ស្រូប​ដាក់​ទឹក​ក្តៅ​តែ​មី​នេះ​គេ​ស្រូប​ដាក់​ទឹក​កក​

នេះ​ហើយ​ជា​ចាន​ទឹក​កក​សម្រាប់​ស្រូប​ញ៉ាំ​ជាមួយ​មី​មិញ​

គេ​ប្រាប់​ថា​នាំ​ទៅ​ចំការ​ពោត​ ខ្ញុំ​នឹក​ស្មាន​ថា​ចំការ​ពោត​ធំ​ណាស់​ ព្រោះ​នៅ​ស្រុក​យើង​ លឺតែចំ​ការ​ពោត​ តូច​ណាស់​ក៏​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក​, តែ​ពេល​ទៅ​ដល់​ចំការ​ពោត​គេ​នោះ​ខ្ញុំ​អស់​សំណើច​ជា​ខ្លាំង​ ព្រោះ​រក​ចំការ​គេ​អត់​ឃើញ​។ តាម​ពិត​កំពុង​ឈរ​នៅ​មុខ​ចំការ​ពោត​គេ​ហើយ​ តែ​ខ្ញុំ​មិន​ស្មាន​ថា​ចំការ​ពោត​ដែល​គេ​ប្រុង​នាំ​ទៅ​នោះ​ជា​ ធ្លា​ដី​ដាំ​ពោត​តូច​មួយ​ដែល​នៅ​នឹង​មុខ​ខ្ញុំ​ទេ​! ចំការ​ពោត​ដែល​គេ​ថា​នោះ​បណ្តោយ​ប្រហែល​៥០ម៉ែត​ ទទឹង​២០ម៉ែត​ (នឹង​ពន្លើស​ៗ​ផង​ ^^) ។ មិត្ត​ភក្តិ​ខ្ញុំ​ជន​ជាតិ​ឥណ្ឌា​ក៏​លាន់​មាត់​អញ្ចឹង​ដែរ​ នាង​ប្រាប់​ថា​ងាប់​ហើយ​ ចំការ​ពោត​ជីតា​នាង​នៅ​ស្រុក​ឥណ្ឌា​មិន​មែន​តូច​មួយ​ចឹង​ទេ​ បី​បួន​ហិចតា​ណ៎!!

ពេល​ទៅ​ដល់​គេ​ប្រាប់​ពីផល​ពី​ប្រយោជន៍របស់​ពោត​។​ តើ​ដឹង​ទេ​ថា​ពោត​មិន​ត្រឹម​តែជា​អាហារ​ដ៏​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ តែដើម​និង​ផ្លែ​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់​ដែរ​។ ពោត​អាច​យក​ធ្វើ​ផ្អែម​ ក៏​អាច​ចូល​ជា​ក្រុម​បន្លែ​បាន​ដែរ​ពេល​យើង​យក​វា​ធ្វើ​សម្ល​ ឬ​ជា​គ្រឿន​អន្លក់​ផ្សេង​ៗ។ ក្រៅ​ពីនេះ​ សំបក​ពោត​យើង​មិន​ត្រូវ​បោះ​ចោល​ទេ​ ព្រោះ​បើ​យើង​យក​វា​ហាល​ឲ្យ​ស្ងួត​ អាច​យក​ទៅ​ក្រង​ធ្វើ​ជា​មួក​អីបាន​ ៚ ១ទៀត​សក់​ពោត​ក៏​មិន​ត្រូវ​បោះ​ចោល​ដែរ​ សក់​ពោត​អាច​យក​ទៅ​ធ្វើ​តែ​ផឹក​បាន​ទៀត​ផង​។ ផឹក​តែ​ពោត​នេះ​ក៏​ជា​ឱសថ​សម្រាប់​សម្រួល​ដល់​ជំ​ងឺ​ទល់​លាមក​ផង​ដែរ​។​ ហើយ​ក្នុង​រូប​នេះ​ជា​សកម្មភាព​កំពុង​បេះ​(កាច់​)ផ្លែ​​ពោត​ពី​ចំការ​ពោត​🙂

នៀក​ខ្ញុំ​ហា!!😀 តែ​មួយ​ប៉ុស្តិ​នេះ​អត់​ចង់​មើល​ខ្លួន​ឯង​ទេ​ ព្រោះ​មើល​យូរ​ទៅ​ដូច​យាយ​ចាស់​អា​ម៉េច​មិន​ដឹង​ទេ​ lolz ~ ㅠㅠ យ៉ាង​ណា​ចង់​ប្រាប់​ថា​ ពោត​ទាំង​៣នេះ​ខ្ញុំ​កាច់​ដោយ​ផ្ទាល់​ដៃ​ ៚ ហើយ​ការ​កាច់​ពោត​ពី​ដើម​ក្នុង​ចំការ​ពោត​បែប​នឹង​ ជា​លើក​ទី​១របស់​ខ្ញុំ​ហើយ​!!

ក្រោយ​ពី​បេះ​ផ្លែ​ពោត​ហើយ​ គេ​បង្រៀន​ពី​វិធី​បក​សំបក​ពោត​​

នេះ​ជា​ពោត​ដែល​ត្រូវ​បាន​បក​សំបក​ចោល​ដោយ​ស្នា​ដៃ​ពួក​យើង​🙂 ហើយ​ពោត​នេះ​ដែរ​ កំ​ពុង​រង់​ចាំ​ពួក​យើង​យក​វា​ទៅ​ស្ងោរ​ក្នុង​ខ្ទះ​ ហេ​ហេ​…😀

ពោត​ខ្លះ​បក​ទៅ​មាន​ដង្កូវ​ក្នុង​នោះ​ នារី​ៗ​​ខ្លះ​បក​ប៉ះ​ចំ​ដង្កូវ​ស្រែក​បោះ​ពោត​ចោល​ ៚ ខ្ញុំ​ក៏​ខ្លាច​ដង្កូវ​ដែរ​ តែ​សំណាង​ហើយ​ដែល​ពោត​ខ្ញុំ​បក​អត់​មាន​ដង្កូវ​ កុំ​អី​ស្រែក​ខ្មាស​គេ​!!

នេះ​ហើយ​ជា​បន្ទប់​ស្ងោរ​ពោត​ ៚ ជិត​បាន​ឆ្ងាញ់​មាត់​ហើយ​ ^^ ង៉ាញ់ៗៗ …

នៅ​ជិត​ចំការ​ពោត​នោះ​ មាន​ដើម​ឈើ​បុរាណ​ដែល​មាន​អាយុ​កាល​ 400ឆ្នាំ​មក​ហើយ​ ៚ ពិត​ជា​អស្ចារ្យ​មែន​!!

កូរ៉េ​ក៏​មាន​អបិយ​ជំនឿ​ដែរ​តើ​!! ផ្ទះ​​ឈើ​តូច​មួយ​នេះ​ជា​ទី​សក្ការៈ​សំរាប់​ប្រជាជន​នៅ​តំបន់​នេះ​ដែល​គេ​មាន​ជំ​នឿ​ គេ​មក​បុណ្យ​នៅ​ទីនេះ​

ឃើញ​ថា​នៅ​ខាង​ក្នុង​អត់​មាន​រូប​សំណាក​អី​ទេ​ គឺ​ទទេ​ស្អាត​! តែ​មិន​ដឹង​ថា​តើ​ហេតុ​អ្វីបាន​គេ​ជឿ​ទេ​ ៚

អា​កូន​ឆ្កែ​មួយ​នេះ​បែប​វា​ចង់​ល្បី​ហើយ​ វា​គិត​តែ​ពីព្រុស​រហូត​តាំង​ចុះ​ពី​លើ​ឡាន​ លឺ​សូរ​តែ​វា​ព្រុស​។ ដោយ​ស្គិញ​នឹង​កូន​ឆ្កែ​នេះ​ពេក ពេល​រៀប​ចេញ​ទៅ​ក៏​ថត​មួយ​ប៉ុស្តិ​យក​មក​ដាក់​ក្នុង​អ៊ីន​ធ័រ​ណេត​ឲ្យ​ល្បី​តាម​បំនង​វា​ចុះ​!!

6 thoughts on “ចូល​រួម​ក្នុង​ការ​បោះ​ជំ​រុំ​ជា​មួយ​ក្រុម​ WSK ឆ្ពោះ​ទៅ ​កោះ​ដូក​ដូ​ / Dokdo island/ 독도

    • ទៅ​រៀន​តើ​!!🙂 តែ​មិន​ត្រូវ​រៀន​តែ​មួយ​មុខ​ទេ​ ៚ រៀន​ផង​ ដើរ​លេង​ផង​ដើម្បី​ឲ្យ​ឆាប់​ចេះ​ណា៎🙂 ដើរ​ឲ្យ​ស្គាល់​ស្រុក​ទេស​គេ​ និងឲ្យ​ស្គាល់​វប្បធម៌​គេ​ឲ្យ​កាន់​តែ​ច្បាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s