ទៅ​ទស្សនកិច្ច​នៅ​ ចន់​ជូ​/ 전주 ជាមួយ​ក្រុម​ WSK (World Students in Korea)

បើ​អ្នក​ដែល​ធ្លាប់​តាម​ដាន​ប្លុក​ខ្ញុំ​ប្រហែល​ដឹង​ហើយ​ថា​ WSK គឺ​ជា​អ្វី​។ បើ​ចង់​ដឹង​សូម​ចុច​លើ​អក្សរ​​ WSK នេះ​ទៅ​នឹង​ដឹង​ហើយ​។

កាល​ពី​ថ្ងៃ​សុក្រ​ ទី​០២​ ខែ​កក្កដា​នេះ​ ខ្ញុំ​បាន​ទៅ​ធ្វើ​ដំនើរ​ទស្សកិច្ច​នៅ​ ចន់​ជូ​ ដែល​ជា​ខេត្ត​មួយ​នៃ​កូរ៉េ​ខាង​ត្បូង​ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​សេអ៊ូល​ ចំនាយ​ពេល​ប្រម៉ាណ​ ៣ម៉ោង​(ដោយ​ជិះ​ឡាន​ក្រុង​)។ ឲ្យ​តែ​ននិយាយ​ពី​ ចន់​ជូ​ នរណា​ក៏​គេ​ណែ​នាំ​ថា​ បើ​បាន​ទៅ​ចន់​ជូ​កុំ​ភ្លេច​ញ៉ាំ​ ប៊ី​ប៊ីម​ប៉ាប់​/ 비빔밥 ដែរ​។ ព្រោះ​អី​? ព្រោះ​នៅ​ចន់​ជូ​នេះ​ល្បី​ថា​ ប៊ីប៊ីម​ប៉ាប់​ឆ្ងាញ់​លើស​គេ​ មាន​រូបមន្ត​ពិសេស​ខុស​ពី​ប៊ី​ប៊ីម​ប៉ាប់​នៅ​សេអ៊ូល​ឬ​ខេត្ត​ដទៃ​។ បើ​ចង់​ដឹង​ថា​ប៊ី​ប៊ីម​ប៉ាប់​ជាអ្វី​ សូម​ទស្សនា​រូបថត​ និង​អត្ថបទ​នៅ​ខាង​ក្រោម​។

ចន់​ជូ​នេះ​ដែរ​ មាន​៤ចំនុច​ដែល​ល្បី​ខ្ទរ​ខ្ទារ​ពេញ​ពិភព​លោក​ ៖
១. ក្រដាស​បុរាណ​កូរ៉េ​
២. ផ្លិត​
៣. ផាន់​សូរី​/ 판소리 (ចំរៀងកូរ៉េ​​ច្រៀង​បែប​បុរាណ​)
៤. ប៊ី​ប៊ីម​ប៉ាប់​
ខាង​ក្រោម​នេះ​ជា​រូប​ថត​និង​ការ​រៀប​រាប់​ត្រួស​ៗ​ ពី​ដំនើរ​ទស្ស​នកិច្ច​នេះ​

គេ​ណាត់​ជួប​ជុំ​គ្នា​ម៉ោង​៧កន្លះ​ព្រឹក​ ដោយ​ព្រឹក​ពេក​ ហើយ​សាលា​នៅ​រៀង​ឆ្ងាយ​ពី​កន្លែង​ណាត់​ជួប​នោះ​ផង​ ខ្ញុំ​រត់​ផង​អី​ផង​នៅ​តែ​យឺត​ប្រហែល​២០នាទី​ តែ​មិន​អី​ទេ​ ព្រោះ​មាន​អ្នក​យឺត​ជាង​ខ្ញុំ​ច្រើន​នាក់​ដែរ​នឹង​ណា​។ ហើយ​នេះ​ជា​​ឡាន​ក្រុង​ដែល​យើង​ជិះ​ធ្វើ​ដំនើរ​ទៅ​ចន់​ជូ​ សិស្ស​ចូល​រួម​ក្នុង​ទស្សនកិច្ច​នេះ​មាន​តែ​ ២៣​នាក់​ទេ​ (សរុប​មាន​ ៥៣នាក់​ តែ​៣០នាក់​ទៀត​មិន​បាន​ចូលរួម​ព្រោះ​រវល់​)

ដោយ​នៅ​ថ្ងៃ​នោះ​ គេ​ព្យាករណ៍​ថា​នឹង​ភ្លៀង​រហូត​ពេញ​១ថ្ងៃ​ ដូចនេះ​គេ​ក៏​ចែក​អាវ​​ក្រៅ​បែប​អាវ​ភ្លៀង​នេះ​ តែ​អ្វី​ដែលខ្ញុំ​ភ្ញាក់​ផ្ញើល​នឹង​ចង់​បង្ហាញ​នោះ​គឺ​តំលៃ​ដែល​មាន​បិទ​នៅ​នឹង​តែម​អាវ​នេះ​។ អាវ​នេះ​បើ​តាម​មើល​មិន​ជា​ប៉ុន្មាន​ទេ​ តែ​ដល់​មើល​តំលៃ​ អូយ​! អត់​ស្ទះ​!! គឺ​ 140 000 Won ប្រហែល​ ១២០ដុល្ហា​អាមេរិច​។ តែ​ដល់​ពិនិត្យ​អាវ​ឲ្យ​មែន​ទែន​ទៅ​ឃើញ​ថា​ពិត​ជា​របស់​ថ្លៃ​របស់​គេ​មែន​ ៚ ស្រលាញ់​អាវ​នេះ​ណាស់​ ព្រោះ​ថា​ជា​អាវ​ដែល​ថ្លៃ​ជាង​គេ​ដែល​ខ្ញុំ​ធ្លាប់​មាន​ហើយ​។

នេះ​ជា​អាវ​ដែល​យឺត​ដែល​គេ​តំរូវ​ឲ្យ​ពាក់​ទាំង​អស់​គ្នា​ ដើម្បី​សំគាល់​ថា​ជា​សិស្ស​ WSK

នេះ​ជា​ហ្កាយ​របស់​យើង​ ដោយ​សារ​សិស្ស​ខ្លះ​មិន​ទាន់​ចេះ​កូរ៉េ​ស្ទាត់​(បូក​រួម​ទាំង​ខ្ញុំ​ដែរ​🙂 ) ដូចនេះ​គាត់​និយាយ​ជា​ភាសា​អង់គ្លេស​រហូត​។

នៅ​តាម​ផ្លូវ​ហ្កាយ​​របស់​យើង​និយាយ​ពី​ប្រវត្តិ​កូរ៉េ​ខ្លះ​ៗ​ឲ្យ​ស្តាប់​ជា​ហូរហែ​ តែ​ដោយសារ​ហត់​ផង ងុយ​គេង​ផង​ សិស្ស​ខ្លះ​ក៏​គេង​ទៅ​។ អ្នក​ស្តាប់​ក៏​ចេះ​តែ​ស្តាប់​ទៅ​ អ្នក​គេង​ក៏​គេង​ទៅ​ ចំនែក​ខ្ញុំ​វិញ​ ខ្ញុំ​ក៏​ចង់​គេង​នឹង​គេ​ដែរ​ តែ​ចៃដន្យ​អី​ខ្ញុំ​មាន​តំនម​មួយ​ គឺខ្ញុំ​អត់​ចេះ​គេង​ថ្ងៃ​ទេ​ ដូចនេះ​បើ​គេង​ក្នុង​ឡាន​ ក្រោក​ឡើង​ច្បាស់​ជា​ឈឺក្បាល​វិល​មុខ​មិន​ខាន​។ ដូចនេះ​ចង់​មិន​ចង់ ត្រូវ​តែ​ចំហរ​ភ្នែក​៣ម៉ោង​ពេញ​ តែ​ក៏ចំនេញ​​បាន​ដឹង​ពី​ប្រវត្តិ​កូរ៉េ​ខ្លះ​ៗ​ដែរ​។ ឃើញ​ថា​ទម្លាប់​មិន​គេង​ថ្ងៃ​របស់​ខ្ញុំ​មិន​អត់​ប្រយោជន៍​ទេ​😀

កន្លែង​ទី​១ដែល​យើង​ទៅ​ទស្សនា​គឺ​ រោងចក្រ​ ហ្យ៉​ន់​ឌែ​/ HYUNDAI/ 현대។ ហ្យ៉ន់​ឌែ​ជា​ក្រុម​ហ៊ុន​មួយ​ដ៏​ធំ​នៅ​កូរ៉េ​ តែរោង​ចក្រ​ហ្យ៉ន់​ឌែ​ដែល​ខ្ញុំ​ទៅ​នេះ​ ជា​រោង​ចក្រ​ផលិត​នាវា​ខ្នាត​ធំ​ (នឹង​មាន​លំអិត​នៅ​ប្រកាស​ក្រោយ​ទៀត​)

ក្រោយ​ពី​ចេញ​ពី​ហ្យ៉ន់​ឌែ​ យើង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្នុង​ហាង​ជុំ​គ្នា​។

ចន់​ជូ​ ហាណូក​ម៉ា​អ៊ឺល​/ 전주 한옥마을/ JeonJu Hanok Village ៚ ពាក្យ​ថា​ម៉ាអ៊ឺល​ មាន​ន័យ​ថា​ភូមិ​ ឯ​ហាណូក​ ជា​ឈ្មោះ​ប្រភេទ​ផ្ទះ​បុរាណ​កូរ៉េ​ មិន​ខុស​អី​ពី​ផ្ទះ​បុរាណ​ខ្មែរ​យើង​ មាន​ឈ្មោះ​ ផ្ទះ​កាតាំង​ អី​អញ្ចឹង​ណា។ នៅ​ចន់ជូ​ ហាណូក​ម៉ាអ៊ឺល​ ឬ​ ភូមិ​ផ្ទះ​ហាណូក​ចន់​ជូ​នេះ​ ស្រដៀង​នឹង​ភូមិ​វប្បធម៌​របស់​យើង​នៅ​ខេត្ត​សៀម​រាប​ដែរ​ គឺ​បង្ហាញ​ពី​ជីវភាព​របស់​ប្រជាជន​សម័យ​ដើម​ ថា​រស់​នៅ​របៀប​ណា​ ផ្ទះ​មាន​រាង​និង​រចនា​សម្ព័ន្ធ​បែប​ណា​។

តើ​លោក​អ្នក​ស្គាល់​ «ម៉ាកូលី​»​ទេ​? ម៉ា​កូលី​ជា​ឈ្មោះ​ប្រភេទ​ស្រា​បុរាណ​កូរ៉េ​ដែល​ធ្វើ​ពី​អង្ករ​។ គេ​បង្ហាញ​និង​ណែ​នាំ​ពី​វិធី​បង្កើត​ម៉ាកូលី​ (នឹង​មាន​លំអិត​នៅ​ប្រកាស​ក្រោយ​)។ នៅ​ទីនេះ​គេ​អនុញ្ញាត​ឲ្យ​ផឹក​ម៉ាកូលី​ដោយ​សេរី​ ចៃ​ដន្យ​អី​ខ្ញុំ​អត់​សូវ​ចេះ​ផឹក​ស្រា​ផង​ ដូចនេះ​អត់​បាន​ភ្លក់​ទេ​ថា​មាន​រស​ជាតិ​យ៉ាង​ម៉េច​នោះ​ លឺ​តែ​ប្រុស​ៗ​ផឹក​ហើយ​លាន់​មាត់​ថា​ឆ្ងាញ់​ណាស់​ៗ​

ចេញ​ពី​នោះ​មេឃ​ទ្រង់​ងងឹត​ល្មម​ យើង​ក៏​ទៅ​ផ្ទះ​សំណាក់​។ ប្រភេទ​ផ្ទះ​សំណាក់​ដែល​យើង​ស្នាក់​នៅ​នេះ​មាន​ឈ្មោះ​ថា​ មីន​ប៉ាក​/ 민박។ ជា​ធម្មតា​ មីន​ប៉ាក​មាន​សណ្ឋាន​ដូច​ក្នុង​រូប​នេះ​ ហើយ​មាន​បំរើ​អាហារ​ពេល​ព្រឹក​។ ខ្ញុំ​ចង់​ឃើញ​និង​គេង​នៅ​ក្នុង​មីន​ប៉ាក​នេះ​យូរ​ហើយ​ ធ្លាប់​តែឃើញ​ក្នុង​រឿង​ភាគ​កូរ៉េ​ តែ​ដល់​ឃើញ​ផ្ទាល់​ភ្នែក​ ពិត​ជា​រំភើប​និង​រីករាយ​ខ្លាំង​ណាស់​😀

ខ្ញុំ​ស្រលាញ់​ផ្ទះ​ប្រភេទ​នេះ​ណាស់​ ហើយ​ក៏​មាន​គំនិត​ថា​ នឹង​សង់​ផ្ទះ​តាម​លំនាំ​នេះ​នៅ​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ណា​មួយ​។ ផ្ទះ​ប្រភេទ​នេះ​ បើ​សង់​នៅ​ក្នុង​ក្រុង​មិន​សូវ​ស៊ី​គ្នា​ទេ​ ដូច​នេះ​ខ្ញុំ​មាន​គំរោង​នឹង​សង់​ផ្ទះ​នេះ​នៅ​ខេត្ត​មណ្ឌល​គិរី​។ សូម​បញ្ជាក់​ថា​ ខ្ញុំ​ធ្លាប់​បាន​ទៅ​លេង​មណ្ឌល​គិរី​បាន​ម្តង​គត់​ ហើយ​ក៏​ដក់​ចិត្ត​ស្រលាញ់​ទី​នោះ​ មាន​បំណង​ចង់​ទៅ​ទី​នោះ​ម្តង​ទៀត​ និង​សង់​ផ្ទះ​នៅ​ទី​នោះ​ ទុក​ពេល​ខ្ញុំ​ទៅ​លំហែ​កាយ​នៅ​ទី​នោះ​ ^^។ ខ្ញុំ​ពិត​ជា​ស្រលាញ់​ទេសភាព​បែប​ខេត្ត​មណ្ឌល​គិរី​ណាស់​។ អូ​!​ រី​ឯ​រូប​ស្រ្តី​នៅ​ក្នុង​រូប​នេះ​ជា​ម្ចាស់​មីន​ប៉ាក​នេះ​ហើយ​។

មួយ​បន្ទប់​គេង​៣នាក់​ ឈ្មោះ​អ្នក​ណា​ត្រូវ​គេង​ជាមួយ​អ្នក​ណា​ គេ​ដាក់​នៅ​លើ​មាត់​ទ្វារ​បន្ទប់​។ ២នាក់​ទៀត​ដែល​គេង​ជាមួយ​ខ្ញុំ​ជា​ជន​ជាតិ​ចិន​។

អត់​មាន​គ្រែ​ទេ​ គឺ​ក្រាល​ពូក​ គេង​ផ្ទាល់នឹង​រនាប​ផ្ទះ​តែ​ម្តង​។ ខ្ញុំ​ចូល​ចិត្ត​ស្ទ៉ាយ​បែប​នេះ​ណាស់​ ^^​

ក្រោយ​មក​ក៏​មាន​ការ​ប្រជុំ​ ណែ​នាំ​ពី​ WSK ខ្លះ​ៗ​ នៅ​ក្នុង​មជ្ឈ​មណ្ឌល​វប្បធម៌​ចន់​ជូ​ដែល​នៅ​ក្បែរ​មីន​ប៉ាក​

ចប់​ប្រជុំ​ ដល់​ពេល​អាហារ​ពេល​ល្ងាច​

នេះ​ហើយ​ជា​ប៊ី​ប៊ីម​ប៉ាប់​នោះ​ តែ​មិន​មែន​ជា​ប៊ី​ប៊ីម​ប៉ាប់​ដែល​ល្បី​នៅ​ចន់​ជូ​ទេ​។ ទោះ​មិន​មែន​ក៏​ដោយ​ក៏​នៅ​តែ​ឆ្ងាញ់​ដដែរ​ ចុះ​ទម្រាំ​តែ​ប៊ី​ប៊ីម​ប៉ាប់​ដែល​ល្បី​នុង​ទៀត​មិន​ដឹង​ឆ្ងាញ់​ប៉ុណ្ណា​ទេ​។ លឺ​ថា​ថ្ងៃ​ស្អែក​គេ​នាំ​ទៅ​ញ៉ាំ​ ៚

មុន​ញ៉ាំ​ប៊ី​ប៊ីម​ប៉ាប់​ ត្រូវ​ជ្រួញ​ឲ្យ​សព្វ​បែប​នេះ​ទើប​ញ៉ាំ​ទៅ​ឆ្ងាញ់​🙂

ក្រោយ​អាហារ​ពេល​ល្ងាច​ក៏​មាន​ការ​លេង​ហ្គេម​សប្បាយ​ៗ​ រហូត​ដល់​ម៉ោង​៩យប់​

ថត​រូប​ជុំ​គ្នា​ ៚ រក​រូប​ខ្ញុំ​ឃើញ​ទេ​នឹង​??

រួច​ក៏​ត្រលប់​ទៅ​មីន​ប៉ាក​វិញ​ ៚ ក្រោយ​មុជ​ទឹក​អី​ហើយ​ រៀប​ចូល​គេង​ក៏​ឆ្លៀត​ថត​មួយ​ប៉ុស្តិ​ទុក​អនុស្សាវរីយ៍​😀

លុះ​ព្រឹក​ឡើង​ រៀប​នឹង​ចេញ​ក៏​ឆ្លៀត​ថត​មួយ​ប៉ុស្តិ​ទៀត​ ៚

ដោយ​ម្សិល​មិញ​ ទៅ​ដល់​ភូមិ​ផ្ទះ​ហាណូក​ ល្ងាច​ពេក​ ព្រឹក​ឡើង​ក៏​ទៅ​ម្តង​ទៀត​។ គេ​ជួល​ហ្កាយ​មួយ​ទៀត​ និយាយ​ពី​ប្រវ​ត្តិ​នៅ​ភូមិ​ផ្ទះ​ហាណូក​នេះ​ឲ្យ​ស្តាប់​

បាយ​ថ្ងៃ​ត្រង់​រួច​ក៏​ត្រលប់​ទៅ​សេអ៊ូល​វិញ​

នេះ​ហើយ​ជា​ប៊ី​ប៊ីម​ប៉ាប់​ល្បី​នៅ​ចន់​ជូ​នោះ​ ង៉ាញ់​ៗៗ ^^

11 thoughts on “ទៅ​ទស្សនកិច្ច​នៅ​ ចន់​ជូ​/ 전주 ជាមួយ​ក្រុម​ WSK (World Students in Korea)

    • អត់​ទេ​ ញ៉ាំ​ឡើង​ឆ្អែត​ប៉ោង​ពោះ​ណ៎!!! ចាន​តូច​ៗ​ដែល​ឃើញ​នឹង​គ្រាន់​តែ​ជា​គ្រឿង​ក្លែម​ទេ​ ញ៉ាំ​អស់​ថែម​បាន​ទៀត​ហ្រ្វ៊ី​ៗណា៎ ឯ​ម្ហូប​ឯទៀត​ញ៉ាំ​អស់​គេ​លើក​អា​ថ្មី​មក​ទៀត​ តែ​បង​អត់​បាន​ថត​មក​គ្រប់​ម្ហូប​ទេ​ ^^

  1. hoy! មិនប៉ាច់ទិញអោយក៏បានដែរ! សង្ស័យតែក្រដាស់ជូតមាត់មួយដុំតំលៃ៣០$ទេសឹង! បើគ្រាន់អាវភ្លៀងនៅខ្មែរ១តែ១០០០៛ជាង!ពាក់ឆ្កួត ដ៏នៅនោះម៉ែ! ស្មើនឹងប្រាក់ខែខ្ញុំដល់ទៅ៣ខែណា! ខ្លាចហើយស្រុកក៉ារ៉េនោះ!#^$&^%&^%$@

    • មិន​មែន​ចឹង​ទេ​, បើ​គ្រាន់​តែ​អាវ​ភ្លៀង​ធម្មតា​ នោះ​ក៏​មិន​ថ្លៃ​ដល់​ថ្នាក់​នេះ​ដែរ​ តែ​នេះ​ជា​អាវ​ពាក់​ធម្មតា​បែប​អាវ​ភ្លៀង​ ព្រោះ​ធ្វើ​ពី​ថង់​, តែ​ថង់​គេ​ជា​ថង់​បែប​ថ្លៃ​ហើយ​មើល​ទៅ🙂

  2. សូមពឹង ឡាវ័នតិចបានអត់ៈ តើមានសៀវភៅវេយ្យាករណ៍ភាសាកូរ៉េណាដែលងាយយល់អត់អាចចែក
    អោយខ្ញុំពីបីក្បាលមើលផងបានទេ ???
    អាចប្រាប់វែបសាយក៏បានដែរ😀

    • ចែក​ឲ្យ​មើល​អា​ម៉េច​ទៅ​ បើ​មាន​តែ​សៀវ​ភៅ​បែប​ ​Hardware នឹង​! តែបើ​ជា​វិបសាយ​បង្រៀន​កូរ៉េ​ បែប​ងាយ​ៗ​ខ្លី​ៗ​ អា​នឹង​មាន​, ចាំ​ខ្ញុំ​រក​មើល​ឲ្យ​ ^^

  3. យកទៅស្គែនចូលក្នុងកុំព្យួរទ័រទៅ បើថាមិនកើតទេអាចថតក៏បាន។ នៅខាងខ្ញុំបើចង់ចែកវិញ្ញសារ
    គ្នារៀនគេចូលចិត្តថតជារូបថតយកមកផុសអោយគ្នាតាមវែបសាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s