
អ្នកដែលចូលចិត្តមើលរឿង ប្រាកដជាមើលរឿងមិនចេះធុញ តែអ្នកដែលមិនសូវចូលចិត្ត ច្បាស់ជាឆ្ងល់ថា ហេតុអ្វីអ្នកខ្លះមើលរឿង Movie រហូតមិនចេះធុញ? តើពួកគេទាំងនោះទំនេរអត់ការងារធ្វើឬយ៉ាងណា?
លើកមុនខ្ញុំធ្លាប់សរសេរអំពីការមើលរឿងប្រៀបដូចការអានសៀវភៅមួយក្បាល តែថ្ងៃនេះចង់ចែករំលែកអំពីភាពខុសគ្នារវាងអ្នកចូលចិត្តនិងអ្នកមិនសូវចូលចិត្តមើលរឿង។ អ្នកនឹងស្វែងយល់ថា តើចំណុចណាខ្លះដែលអ្នកមិនដែលចាប់អារម្មណ៍។
ដំបូងអ្នកត្រូវដឹងថា រឿងនីមួយៗមុននឹងចេញជាវីដេអូឲ្យលោកអ្នកអង្គុយមើល វាត្រូវឆ្លងកាត់ច្រើនដំណាក់កាល ហើយវាជាសមិទ្ធផលរបស់មនុស្សច្រើននាក់បូកបញ្ចូលគ្នា។ ទោះបីរឿងមួយ វាមិនអាចល្អពី១ដល់១០ តែនៅពេលមើល យើងជាអ្នកមើលអាចកត់សម្គាល់ថាតើរឿងនេះធ្វើបានល្អនៅចំណុចល្អត្រង់ណាខ្លះ ដែលនេះនឹងទាមទារឲ្យអ្នកចាប់អារម្មណ៍គ្រប់ចំណុចពីដើមដល់ចប់និងមិនចេះធុញ។ បើរៀបរាប់អោយខ្លីៗពីចំណុចដែលខ្ញុំតែងចាប់អារម្មណ៍នៅពេលមើលរឿងម្តងៗមានដូចតទៅ៖
ត្រូវចាំថា រឿងនីមួយៗចាប់ផ្តើមឡើងដោយការនិពន្ធរបស់អ្នកនិពន្ធបែបជាសៀវភៅអាន បន្ទាប់មកប្រសិនបើគេចង់យកសាច់រឿងនោះទៅធ្វើជាភាពយន្ត គេត្រូវដកស្រង់និងជ្រើសរើសខ្លឹមសារ ឈុតឆាក និងបន្ថែមបន្ថយសេណារីយ៉ូ(ប៉ារ៉ូលនិយាយ)របៀបជាMovie ព្រោះការបង្ហាញដោយការសរសេរនិងរូបភាព មានពេលកំណត់និងតិចនិកខុសគ្នា។ បន្ទាប់មកប្រាកដជានឹងត្រូវជ្រើសរើសប្លង់និងកន្លែងថតឲ្យសមស្របនឹងសាច់រឿងនិងជាទីចាប់អារម្មណ៍។ ដំណាក់កាលបន្ទាប់ គឺការជ្រើសរើសតួអង្គសម្តែង ការជ្រើសរើសតួសម្តែងឲ្យត្រូវនឹងសាច់រឿង ក៏ជាទេពកោសល្យមួយដែរ ទោះបីតួសម្តែងបានល្អយ៉ាងណាក្តី តែបើរូបរាងគាត់មិនស៊ីគ្នានឹងសាច់រឿង នោះក៏មិនទទួលបានជោគជ័យដែរ។ ចប់ពីនេះ គឺចូលដល់ដំណើរការថត ដែលជាទឹកស្នាដៃចេញពីអ្នកដឹកនាំរឿង(Director), ឧបករណ៍ថត, ការរៀបចំប្លង់និងចាប់ប្លង់ថត, និងការសម្តែងរបស់តួអង្គ។ ត្រង់ចំណុចនេះ ខ្ញុំយល់ថាឧបករណ៍ថតនិងការរៀបប្លង់ថតគឺសំខាន់ខ្លាំង ព្រោះគេអាចមើលនិងវិភាគចំណុចនេះដោយគ្រាន់តែមើលឈុតខ្លីៗក្នុង Trailer រឿងនីមួយៗ នោះគេអាចដឹងបាន ហេតុនេះប្រសិនបើចំណុចនេះខ្សោយ នោះអ្នកមើលក៏អាចសម្រេចចិត្តមិនមើលបានដែរ។ ចំណុចបន្ទាប់គឺការកាត់តវីដេអូ បញ្ចូលបច្ចេកទេសសម្លេង និងប្រើក្រាហ្វិកកុំព្យូទ័រ ដែលជាកិច្ចបង្ហើយបុណ្យនៃការបង្កើតMovie។ ១ចំណុចចុងក្រោយដែលជាចំណុចសំខាន់មួយដែរ ដើម្បីទាក់ទាញឲ្យអ្នកមើលសម្រេចចិត្តមើលរឿងណាមួយ គឺការជ្រើសរើសឈុតនិងបច្ចេកទេសឲ្យចេញជាTrailerមួយគួរឲ្យទាក់ទាញនិងចង់មើល។
ដំណាក់កាលដែលបានរៀបរាប់នេះ គឺមិនមែនកើតចេញពីមនុស្សតែម្នាក់នោះទេ។ ដូចនេះរឿងមួយល្អឬមិនល្អមិនមែនផ្អែកលើមនុស្សណាម្នាក់ ហើយនៅពេលយើងមើលរឿងក៏មិនមែនមើលតែរឿងតែមួយមុខនោះឡើយ។ រឿងខ្លះមើលចប់ខ្ញុំសរសើរការជ្រើសប្លង់ រឿងខ្លះមើលចប់ខ្ញុំសរសើរតួសម្តែង ។ល។ នេះគ្រាន់តែជាការសង្ខេបតែប៉ុណ្ណោះ តែតាមរយៈការសង្ខេបនេះ តើលោកអ្នកមានកត់សម្គាល់ថា តើចំណុចមួយណាដែលអ្នកមិនដែលបានចាប់អារម្មណ៍ដែរឬទេ? គឺខ្ញុំចង់ប្រាប់ថា អ្នកដែលចូលចិត្តមើលរឿង គឺពួកគាត់ប្រហែលដូចជាខ្ញុំដែរ គឺតែងចាប់អារម្មណ៍ចំណុចទាំងអស់ដែលបានរៀបរាប់ ដូចនេះពេលមើលរឿងបណ្តើរខ្ញុំតែងស្ញប់សរសើរត្រង់ចំណុចដែលធ្វើបានល្អ ពិសេសគំនិតថ្មីៗទាំងសាច់រឿង បច្ចេកទេសថត ការសម្តែង។ល។ ហេតុនេះទើបអ្នកខ្លះមើលរឿងជក់ចិត្តពីដើមដល់ចប់ អ្នកខ្លះគេងលក់កំពុងមើលក៏មាន។
1. សាច់រឿង
មានភាពយន្តខ្លះកើតចេញដោយផ្អែកលើសៀវភៅដែលភាគច្រើនជាBestseller Books។ ប្រសិនបើខ្ញុំមិនដែលបានអានសៀវភៅនោះពីមុន នោះខ្ញុំប្រាកដជាស្ញប់សរសើរត្រង់ចំណុចណាមួយដែលប្លែកនិងអស្ចារ្យចំពោះសាច់រឿងដែលបានសរសេរ។ ទោះបីរឿងពិតក្តី ប្រឌិតក្តី តែគំនិតនិងការប្រទាក់សាច់រឿងឲ្យល្អ មិនមែននរណាចេះតែនឹកឃើញបានទេ។
2. ការជ្រើសឈុតនិងបន្ថែមសេណារីយ៉ូ
ប្រសិនបើលោកអ្នកធ្លាប់បានអានសៀវភៅរឿងដែលបម្រុងនឹងមើលហើយក្តី តែប្រាកដណាស់ឈុតក្នុងភាពយន្តនឹងមិនអាចក្បោះក្បាយដូចក្នុងសៀវភៅនោះទេ។ ជួនកាលឈុតក្នុងរឿង អាចនឹងមិនទៅតាមលំដាប់លំដោយដូចក្នុងសៀវភៅ ជាពិសេសការបង្កើតប៉ារ៉ូលនិយាយឲ្យតួសម្តែងដើម្បីឲ្យលោកអ្នកសើចឬកំសត់ ក៏មិនមែនចេះតែកើតចេញមកស្រាប់ៗនោះដែរ។ ប្រសិនបើលោកអ្នកចេះមើលនិងកត់សម្គាល់នូវថ្វីអ្នករៀបចំ ដោយមិនមែនចេះតែមើលចោលៗ នោះអ្នកនឹងថាមើលរឿងដោយជក់ចិត្តមួយកម្រិតថែមទៀត។
3. ប្លង់និងទីកន្លែងថត
ការជ្រើសទីកន្លែងថត និងរៀបប្លង់ថតឲ្យត្រូវនឹងសាច់រឿងនិងកាលៈទេសៈពិតជាសំខាន់។ ការចេះចាប់ប្លង់ឲ្យប្រទាក់ក្រឡាគ្នា អាចជួយឲ្យរឿងកាន់តែល្អមើលបន្ថែមទៀត។ ឈុតខ្លះត្រូវថតពីលើ ឬឈុតខ្លះត្រូវថតយកប្លង់ឆ្ងាយឬជិត សុទ្ធតែរួមចំណែកឲ្យគុណភាពរឿងល្អមិនគួរឲ្យធុញ។ រឿងខ្លះសាច់រឿងល្អមើល តែអ្នកថតអន់ដោយមិនចេះប្តូរប្លង់កាមេរ៉ាចុះឡើងអាចធ្វើឲ្យភាពយន្តទៅជាសាំនិងមិនជក់ចិត្ត។ ពិសេសឈុតវាយគ្នាប្រភេទAction បើអ្នកថតមិនចេះថត ប្រាកដជាមើលទៅភ្លាវៗមិនដូចមែនទែន។ បើរឿងដែលថតបានល្អ នោះតួសម្តែងពុំចាំបាច់វាយមែនទែន ឬដួលមែនទែនក៏បាន វាស៊ីសងទៅលើការចាប់ប្លង់ឲ្យមើលទៅលឿនដូចមែនទែន។ ត្រង់ចំណុចនេះ គឺបន្ទោសទៅលើអ្នកដឹកនាំDirector មិនមែនតួសម្តែងនោះទេ។
4. តួសម្តែង
តួសម្តែងចែកចេញជាការជ្រើសតួ និងទេពកោសល្យសម្តែង។ មានភាពយន្តច្រើនក្រែល ដែលទទួលបរាជ័យដោយសារការជ្រើសតួមិនសមនឹងសាច់រឿង ដូចជាតួត្រូវភ្នែកធំ បែរយកតួភ្នែកតឹង ឬតួត្រូវស្បែកខ្មៅ បែរយកតួស្បែកស ឬសូម្បីតែពណ៌សក់ កំពស់ កាយសម្បទា និងតុងនិយាយ។ ឧទាហរណ៍ ភាសាអង់គ្លេសដូចគ្នា តែបើតួកើតនៅអង់គ្លេស នោះគាត់ត្រូវនិយាយតុងអង់គ្លេស មិនអាចប្រើតុងអាមេរិចបានទេ។ ជួនកាលសាច់រឿងល្អមើល តែតួមិនសូវស្អាតឬមិនសម នោះអ្នកមើលក៏មិនសូវសប្បាយចិត្តដែរ។ រីឯទេពកោសល្យសម្តែង ខ្ញុំតែងសម្គាល់មើលត្រង់ទឹកមុខរបស់តួអង្គ មិនមែនកាយវិការដើរឈរអង្គុយរបស់គាត់ទេ។ ជាទូទៅ បើទឹកមុខគាត់ធ្វើចេញមកដូចពិតៗ ហើយប្រើសម្លេងនិយាយបានល្អមិនដូចទន្ទេញនោះ នោះខ្ញុំសរសើរការសម្តែងគាត់បានល្អ។ ហើយជាទូទៅ ប្រសិនបើខ្ញុំចាប់អារម្មណ៍តួណាសម្តែងបានល្អ ខ្ញុំតែងឆែកមើលពីរឿងផ្សេងៗរបស់គាត់ជាបន្តទៀត។
5. អ្នកដឹកនាំរឿង
អ្នកដឹកនាំរឿងជាជនសំខាន់ជាងគេដែលគេគ្រប់គ្នាតែងឲ្យតម្លៃចំពោះរឿងនីមួយៗ តែអ្វីដែលអ្នកមើលត្រូវចាប់អារម្មណ៍មិនមែនបុគ្គលដឹកនាំរឿងទេ តែជាសមិទ្ធផលរបស់គាត់ទៅវិញ ព្រោះដូចដែលបានរៀបរាប់ ប្លង់ថត ប្លង់កាមេរ៉ា និងការបញ្ជារបស់គាត់ទៅលើតួសម្តែង ជាអ្វីដែលយើងនឹងមើលឃើញនៅក្នុងភាពយន្ត ហេតុនេះប្រសិនបើអ្នកដឹកនាំពូកែតែការបញ្ជានិងពន្យល់តួសម្តែង តែមិនបានស៊ីជម្រៅពីប្លង់ថតនិងការចាប់ប្លង់កាមេរ៉ា ឬដែលហៅថាទេពកោសល្យស្រម័យរបស់គាត់មិនសូវសម្បូរបែប នោះរឿងចេញមកក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។
6. ឧបករណ៍ថត និងក្រាហ្វិកកុំព្យូទ័រ
បន្ទាប់ពីចេះមើលរឿងច្រើនមក ខ្ញុំមិនសូវចូលចិត្តមើលរឿងប្រភេទ Budget Movie ប៉ុន្មានទេ។ ហេតុនេះមុនពេលមើលរឿងណាមួយ ខ្ញុំតែងឆែកមើលTrailerសិន ដើម្បីពិនិត្យមើលប្លង់ថត គុណភាពវីដេអូ និងក្រាហ្វិកកុំព្យូទ័រថាតើល្អដែរឬទេ។ រឿងទាំងនោះ គឺថតឲ្យតែបានៗ មិនសូវជាដោយសំរិតសំរាំងនោះទេ។ ឧទាហរណ៍ ប្លង់ថតចេញមកទាំងដុលៗមិនបាន Focus ទៅលើអីមួយឲ្យប្រាកដ, ក្រាហ្វិកកុំព្យូទ័រទៀតសោតបែបអន់ៗ ដូចជាឈុតផ្ទុុះ ភ្លើង គ្រាប់កាំភ្លើង ឬឈាម ។ល។ មើលទៅមិនដូចពិតអីបន្តិចសោះ។ រឿងទាំងនោះច្រើនចេញពីផលិតកម្មតូចៗដែលខ្វះធនធាន។
7. Trailer
Trailerជាវីដេអូសង្ខេបខ្លីឲ្យយើងដឹងពីសាច់រឿងត្រួសៗ និងជាឱកាសបញ្ចុះបញ្ចូលទស្សនិកជនឲ្យសម្រេចចិត្តមើលរឿងណាមួយ។ រឿងខ្លះ Trailer ជក់ចិត្តខ្លាំង តែដល់រឿងមែនទែន មើលទៅសាំច្រើនខុសពីអ្វីដែលរំពឹង វាក៏ធ្វើឲ្យអ្នកមើលខកចិត្ត, តែរឿងដែលល្អមើលសោះ តែTrailerវិញអន់មិនគួរឲ្យចង់មើល តើនរណានឹងមើលទៅ? ហេតុនេះចំណុចនីមួយៗសុទ្ធតែសំខាន់។
សរុបទៅ នេះគ្រាន់តែជាការចែករំលែកនូវបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាអ្នកដែលចូលចិត្តមើលរឿង មិនថារឿងប្រភេទអ្វី (សូមដករឿងបែបរន្ធត់ខ្មោច Horror ចេញ ព្រោះខ្លាចខ្មោច) គឺខ្ញុំតែងរកមើលជានិច្ច។ មួយថ្ងៃខ្ញុំរឿងយ៉ាងហោចណាស់ក៏មួយ ថ្ងៃទំនេរមើលរឿងចប់បាន3ទៅ4រឿងក៏មាន។ មិត្តភក្តិតែងឆ្ងល់ថា ហេតុអ្វីខ្ញុំចូលចិត្តមើលរឿងម្ល៉េះ? មើលរហូតចឹង មិនចេះធុញទេអី? តែខ្ញុំចង់ប្រាប់វិញថា ការមើលរឿង វាគ្រាន់តែជាការរំសាយអារម្មណ៍ត្រឹម2ទៅ3ម៉ោងក្នងមួយថ្ងៃឲ្យស្ងប់ចិត្ត ផ្តោតទៅលើសាច់រឿង។ ហើយរឿងនីមួយៗទៀតសោត វាសុទ្ធតែមានតម្លៃអប់រំ អត្ថន័យ មេរៀនជីវិត ចំណេះដឹងថ្មីៗ បទពិសោធន៍ ពិសេសវាបង្កើនផ្នែកភាសាបរទេសផងដែរ។ ខ្ញុំមើលឃើញផលប្រយោជន៍ជាច្រើនពីការមើលរឿងនីមួយៗ ហើយវាមិនបានធ្វើឲ្យខ្ញុំខាតពេលវេលាអត់ប្រយោជន៍នោះទេ 😉